សកម្មជន​គណបក្សប្រឆាំង​​ម្នាក់​​នៅ​​ភ្នំពេញ ត្រូវ​​ជន​​មិន​​ស្គាល់​​មុខ​​វាយ​​ធ្វើ​បាប

ដោយ ថន ថារ៉ូ
2019-08-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ ​លោក ម៉ន ផល្លា។ RFA
ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ ​លោក ម៉ន ផល្លា។ RFA
Photo: RFA

សកម្មជន​គណបក្ស​ប្រឆាំង​ម្នាក់​រស់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​ធ្វើបាប បណ្ដាល​ឱ្យ​រង​របួស​បែក​ក្បាល​នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា​នេះ​។ សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង ស្នើ​ទៅ​សមត្ថកិច្ច​ស្រាវជ្រាវ​ករណី​នេះ ដោយ​កុំ​ប្រកាន់​និន្នាការ​នយោបាយ។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ លោក ស្រី ច័ន្ទតារា ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​ធ្វើបាប​នោះ ឱ្យ​អាស៊ីសេរី​ដឹង​ថា ជនសង្ស័យ​ជា​បុរស​មាន​គ្នា​ពីរ​នាក់​ដេញ​វាយ​ធ្វើបាប​លោក​ពេល កំពុង​ធ្វើ​ដំណើរ​។ លោក​បន្ត​ថា ពេល​នេះ​លោក​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​រួចហើយ នៅ​សង្កាត់​ទឹកថ្លា ហើយ​សមត្ថកិច្ច​ក៏បាន​នាំ​លោក​ទៅ​កន្លែង​កើត ដើម្បី​រៀបរាប់​ប្រាប់​ពី​ហេតុការណ៍​នោះ​ដែរ៖ «ពេល​គេ​វ៉ៃ​ទៅ​ខ្ញុំ​ឈប់​ម៉ូតូ​ហើយ​រត់ឡើង​ម៉ូតូ​គេ​វា​តាម​រក​វ៉ៃ​ខ្ញុំ​ទៀត ប៉ុន្តែ​ខ្ញុំ​រត់​ចេញ​ពី​ម៉ូតូ​បាន​ប្រហែល​ប្រាំ​ម៉ែត្រ​ហើយ​ខ្ញុំ​ស្រែក​ថា​ចោៗ​ទៅ​បាន​ពួកវា​ត្រឡប់​ទៅវិញ»

លោក ស្រី ច័ន្ទតារា គឺជា​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ រាជធានី​ភ្នំពេញ​។ លោក​សង្ស័យ​ថា ករណី​ហិង្សា​នេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន ប្រាប់​អាស៊ីសេរី​ថា សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​លើ​ករណី​នេះ​ហើយ​។ លោក​អះអាង សមត្ថកិច្ច​នឹង​នាំ​ជន​ប្រព្រឹត្ត​យក​មក​ផ្ដន្ទាទោស ប៉ុន្តែ​លោក​ថា សមត្ថកិច្ច​ត្រូវការ​ពេលវេលា​ស៊ើបអង្កេត​សិន​៖ «ករណី​នេះ​កើតឡើង​សមត្ថកិច្ច​កើតឡើង​កំពុង​ស្រាវជ្រាវ​រក​ជនល្មើស​។ គេ​ចាប់​បាន​មនុស្ស​ដាក់គុក​រាប់​ម៉ឺន​នាក់​តែ​មាន​បន្តិចបន្តួច​ដែល​រក​មិន​ឃើញ»

ទោះ​មានការ​អះអាង​បែបនេះ​ពី​មេ​ប៉ូលិស​ជាន់ខ្ពស់​ក្តី ក៏​កន្លងមក នៅ​ពេល​មាន​ករណី​ហិង្សា​លើ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​សមត្ថកិច្ច​មិន​ដែល​ចាប់​បាន​ជន​ប្រព្រឹត្ត​យក​មក​ផ្ដន្ទាទោស​នោះ​ទេ​។

ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា ចាត់​ទុក​ករណី​ហិង្សា​នេះ ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​លើ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ស្រុក​ក្នុង​បំណង​រារាំង​​មិន​ឱ្យ​ពួកគេ​ហ៊ាន​ចេញមុខ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​។ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ស្រាវជ្រាវ និង​ស៊ើបអង្កេត​ករណី​នេះ​ដោយ​យក​​ចិត្ត​ទុកដាក់ និង​កុំ​ប្រកាន់​និន្នាការ​នយោបាយ៖ «អ៊ីចឹង​ហើយ​ខ្ញុំ​គ្រាន់តែ​ចង់​ឱ្យ​អាជ្ញាធរ​ក្រុងភ្នំពេញ​ចាត់វិធានការ​វែកមុខ​ជន​ដៃដល់​មក​ផ្ដន្ទាទោស​មុខ​ចំពោះ​ផ្លូវច្បាប់​កុំ​ឱ្យ​ជនល្មើស​ប្រព្រឹត្ត​អំពើ​ហិង្សា​រំលោភ​សិទ្ធិ​ជាពិសេស​រំលោភ​សិទ្ធិ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​តទៅទៀត»

អ្នកនាំពាក្យ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់ថា ប្រសិនបើ​ករណី​ហិង្សា​នេះ​ជាប់​ព័ន្ធ​រឿង​នយោបាយ នោះ​គឺជា​រឿង​អាក្រក់​បំផុត​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ ជំរុញ​ឱ្យ សមត្ថកិច្ច​ស្រាវជ្រាវ និង​ចាប់ខ្លួន​ជន​ប្រព្រឹត្ត​យក​មក​ផ្ដន្ទាទោស ដើម្បី​ជៀសវាង​ការចោទប្រកាន់ និង​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ៖ «ករណី​នេះ​បើសិនជា​សមត្ថកិច្ច​លោក​មិន​ចាត់វិធានការ​ឱ្យ​បាន​ត្រឹមត្រូវ​ទេវា​កាន់តែ​ធ្វើ​ឱ្យ​សាធារណៈ​មតិ​ទាំង​ជាតិ​និង​អន្តរជាតិ​គេ​ធ្វើការ​រិះគន់​យ៉ាង​ខ្លាំង»

កាល​ពី​ពេល​កន្លងទៅ មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ធ្លាប់​ព្រមាន​តាម​កម្ទេច​គណបក្ស​ប្រឆាំង​​បន្ថែម​​ទៀត​​ដោយ​មិន​ទុក​ឱ្យ​មានជីវិត​ឡើយ ប្រសិនបើ​អន្តរជាតិ​ដាក់​គំនាប​សេដ្ឋកិច្ច​លើ​​កម្ពុជា​​មែន​​នោះ​។ យុទ្ធនាការ​កម្ទេច​បក្ស​ប្រឆាំង​របស់​លោក ហ៊ុន សែន នេះ បាន​ធ្វើ​ឱ្យ​មន្ត្រី​​គណបក្ស​ប្រឆាំង​​រាប់​​រយ​​នាក់​​ត្រូវ​​រត់​​ភៀស​ខ្លួន និង​គេចខ្លួន​ទៅ​ប្រទេស​ទី​បី ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។

លោក ម៉ន ផល្លា ឱ្យ​ដឹង​ថា នៅ​រយៈពេល​ចុងក្រោយ​នេះ សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ជាច្រើន​រូប​នៅ​រាជធានី​ភ្នំពេញ បាន​រង​អំពើ​ហិង្សា និង​ការ​តាម​ធ្វើបាប​ជា​ហូរហែ។ ករណី​ទាំងនោះ មាន​ជា​អាទិ ចៅសង្កាត់​បាក់​ខែង លោក មាស ម៉ារី មាន​អ្នក​ជិះ​រថយន្ត​ដេញ វាយ​ឱ្យ​រង​របួស​ជា​ដំណំ ប្រធាន​ស្ដីទី​គណបក្ស​​សង្គ្រោះ​​ជាតិ​​នៅ​​ខណ្ឌ​​ចំការមន លោក ឡាំ សឿន និង​ចៅសង្កាត់​បឹងទំពុន លោក ជា ម៉ន ត្រូវ​គេ​គំរាម​វាយ និង​ករណី​វាយដំ​ប្រធាន​ចលនា​ស្ត្រី​រាជធានី​ភ្នំពេញ អ្នកស្រី សរ ចាន់ឌី កាល​ពី ៤ ខែ​មុន​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល