អាស៊ាន​គ្រោង​ធ្វើ​សមុទ្ធ​យោធា​លើក​ដំបូង​ជាមួយ​សហរដ្ឋ​អាមេរិក​នៅ​ដើម​ខែ​កញ្ញា​ខាង​មុខ

ដោយ សេក បណ្ឌិត
2019-08-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
US-ASEAN logo
US-ASEAN logo
ASEAN Information Center

សមាគមប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅកាត់​ថា អាស៊ាន (ASEAN) គ្រោង​ធ្វើ​សមយុទ្ធ​យោធា​លើក​ដំបូង​​ជាមួយ​កង​ទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក នៅ​ដើម​ខែ​កញ្ញា ខាង​មុខ​នេះ។ សមយុទ្ធ​យោធា​នេះ ​មាន​នាវា​ចំនួន ៨គ្រឿង និង​យន្តហោះ​ចម្បាំង ២គ្រឿង ចាប់​ផ្តើមប្រតិបត្តិ​ការ​​នៅ​ថ្ងៃ​ទី២ និង​បញ្ចប់​នៅ​ថ្ងៃ​ទី៦ កញ្ញា​ខាង​មុខ។ សមយុទ្ធ​នេះ​នឹង​ត្រូវ​ធ្វើនៅ​ក្នុង​តំបន់​ឈូង​សមុទ្រថៃ តំបន់​ច្រក​សមុទ្រ​ម៉ាឡាកា (Malacca Strait) ក្បែរ​ប្រទេស​ម៉ាឡេស៊ី និង​តំបន់​សមុទ្រ​ក្បែរ​ប្រទេស​វៀតណាម។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការពារ​ជាតិ​ថៃ កាល​ពីថ្ងៃ​ទី២៣ សីហា​កន្លង​ទៅ។

សមុទ្ធ​យោធា​រួម​គ្នា​លើក​ទីមួយ​​រវាង​ប្រទេស​សមាជិក​អាស៊ាន​ទាំង១០ និង​អាមេរិក​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​បង្កើត​កិច្ច​សហប្រតិបត្តិការ​ទៅ​វិញ​ទៅ​មក​លើ​ការ​កសាង​សន្តិសុខ​លំហ​សមុទ្រ និង​ផ្តោត​ជា​សំខាន់​លើ​ការ​បង្ការ និង​បង្រ្កាប​សកម្មភាព​ល្មើស​ច្បាប់​​ផ្សេងៗ នៅ​លើផ្ទៃ​​សមុទ្រ។ សមាជិក​ដែល​ចូល​រួម​ក្នុង​សមយុទ្ធ​យោធា​នេះ នឹង​ចែក​រំលែក​ព័ត៌មាន បង្កើន​ការ​ស្វែង​យល់ និង​សហការ​គ្នា​ក្រោម​ច្បាប់​អន្តរជាតិ និង​ច្បាប់​របស់​ប្រទេស​នីមួយៗ។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់​ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត ដើម្បី​សាកសួរ​បញ្ជាក់​អំពី​គម្រោង​​​របស់​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការ​ចូលរួម ឬ​មិន​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​នេះ ក៏​ប៉ុន្តែ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី២៥ សីហា។

តំបន់​អាស៊ី​អាគ្នេយ៍​បាន​ក្លាយ​ជា​ទីតាំង​​ប្រជែង​ឥទ្ធិ​ពល​គ្នា​ដ៏​ស្រួច​ស្រាល់​រវាង​មហាអំណាច​កុម្មុយនីស្ត​​ចិន និង​សហរដ្ឋ​អាមេរិក។ ក្រុង​ប៉េកាំង​បាន​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​កាន់​តែ​ខ្លាំង​លើ​តំបន់​មួយ​​នេះ​ តាម​រយៈ​ការ​ដាក់​ចេញ​​នូវ​យុទ្ធសាស្ត្រ “ខ្សែ​ក្រវ៉ាត់ និង​ផ្លូវ” ស្រប​ពេល​​សហរដ្ឋ​អាមេរិក​បាន​ព្យាយាម​រាំង​ខ្ទប់​ឥទ្ធិពល​របស់​​ចិន​​ ដោយ​អនុវត្ត​យុទ្ធសាស្រ្ត “ឥណ្ឌូប៉ាស៊ីហ្វិក”។ ប្រទេស​មួយ​ចំនួន ដូច​ជា កម្ពុជា និង​ឡាវ ជា​ដើម តែង​​​ចេញ​មុខ​គាំទ្រ​ និង​ការពារ​ផល​ប្រយោជន៍​ចិនក្នុង​បញ្ហា​​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ស្រប​ពេល​ប្រទេស​អាស៊ាន​មួយ​ចំនួន​ទៀត ​បាន​ជ្រើសរើស​យក​សហរដ្ឋ​អាមេរិក​ជា​ខ្នង​បង្អែក​ទប់​ទល់​ជាមួយ​ចិន។

ការ​ធ្វើ​សមយុទ្ធ​យោធា​រវាង​អាស៊ាន និង​សហរដ្ឋ​អាមេរិក​នេះ គឺ​នៅ​ស្រប​ពេល​ដែល​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​កំពុង​តែ​តាន​តឹង​ខ្លាំង ដោយសារ​ចិន​បាន​បង្កើន​សកម្មភាព​ឥត​ឈប់​ឈរ​លើ​តំបន់​ជម្លោះ ដែល​កំពុង​ប្រទាញ​ប្រទង់​គ្នា​ជាមួយ​សមាជិក​៤ របស់​អាស៊ាន រួម​មាន​ វៀតណាម ហ្វលីពីន ម៉ាឡេស៊ី និង​ប្រ៊ុយណេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល