មន្ត្រី​បក្ស​ប្រឆាំង​​នៅ​ថៃ​ថា ពលករ​ជាង ៨​ម៉ឺន​នាក់​យល់ព្រម​អម​ដំណើរ​លោក សម រង្ស៊ី ទៅ​កម្ពុជា

ដោយ សេក បណ្ឌិត
2019-09-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​ឆ្ពោះ​ទៅ​រមណីយដ្ឋាន​វត្ត​ភ្នំ នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៤។
លោក សម រង្ស៊ី អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​ឆ្ពោះ​ទៅ​រមណីយដ្ឋាន​វត្ត​ភ្នំ នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA

មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ប្រចាំ​ប្រទេស​ថៃ អះអាង​ថា ពេល​នេះ​មាន​ពលករ​ជាង ៨​ម៉ឺន​នាក់​យល់ព្រម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ថា ក្នុង​ចំណោម​ពលករ​ទាំងនោះ ស្ត្រី​មាន​ប្រមាណ​ជា ២០​ភាគរយ។

ការប្រមូល​បញ្ជី​ឈ្មោះ និង​កំណត់​ចំនួន​ជាក់លាក់​នៃ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ដែល​អមដំណើរ​លោក សម រង្ស៊ី ធ្វើ​មាតុភូមិនិវត្តន៍​នេះ ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ចែក​ចេញ​ជា​ក្រុម​ការងារ ៩៨​តំបន់ ទូទាំង​ប្រទេស​ថៃ និង​បាន​ចុះ​ទៅ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​រយៈពេល ២​សប្ដាហ៍ ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​៣០ ខែ​សីហា។

ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ប្រទេស​ថៃ លោក លី រតនរស្មី ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​១ ខែ​កញ្ញា ថា កន្លងមក​គណបក្ស​សង្គ្រោះជាតិ មាន​ចំនួន​អ្នកគាំទ្រ​រួច​ហើយ នៅ​ក្នុង​ប្រទេស​ថៃ ប៉ុន្តែ​ដើម្បី​ឱ្យ​ដឹង​ចំនួន​ជាក់លាក ដូច្នេះ​ក្រុមការងារ​គណបក្ស​ត្រូវតែ​ស្រង់​បញ្ជី​ឈ្មោះ​នេះ​ជាថ្មី​ម្តង​ទៀត ដើម្បី​យក​តែ​ចំនួន​ពលករ​ដែល​យល់​ព្រម​អម​ដំណើរ​លោក សម រង្ស៊ី។ លោក​ថា នេះ​ជា​​របាយការណ៍​បឋម​លើក​ទី​១ ចំណែក​របាយការណ៍​លើក​ទី​២ ក្រុមការងារ​លោក​នឹង​បង្ហាញ​នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា ខាងមុខ៖ «យើង​ធ្វើបញ្ជី​ក្នុង​គោលដៅ​របស់​យើង​គឺ​បញ្ជី​បច្ចុប្បន្ន​អ៊ីចឹង​យើង​កំណត់​យក​​សា​ថ្មី​មួយ​ចំនួន​តូច​ទេ យើង​អត់​បាន​សរុប​ទាំងអស់​ទេ យុទ្ធនាការ​យើង​នឹង​ខំ​ប្រឹងប្រែង​ខ្លាំង​នៅ​ក្នុង​ខែ​កញ្ញា​នេះ រហូត​ដល់​ថ្ងៃ​ទី​១៨ ខែ​តុលា ហើយ​យើង​សរុប​ទិន្នន័យ​រួម​តែម្ដង»

លោក លី រតនរស្មី អះអាង​ទៀត​ថា ពលករ​ខ្មែរ​នៅ​ប្រទេស​នៅ​ប្រទេស​ថៃ ដែល​ជា​ក្រុម​ការងារ​ជាក់លាក់​របស់​គណបក្ស​សង្គ្រោះជាតិ​មាន​ជាង ៤០​ម៉ឺន​នាក់។

ពលករ​ម្នាក់​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃ លោក ហួន ស៊ីយ៉ា ឱ្យ​អាស៊ីសេរី​ដឹង​ថា លោក និង​ពលករ​ខ្មែរ​រាប់​ម៉ឺន​ផ្សេងទៀត​បាន​ប្ដេជ្ញា​ចិត្ត​រួចរាល់​ដើម្បី​អម​ដំណើរ​លោក សម រង្ស៊ី។ លោក​បន្ត​ថា លោក​មិន​ខ្លាច​បាត់បង់​ការងារ​នោះ​ទេ ពីព្រោះ​ថាបើ​ប្រទេស​កម្ពុជា​មាន​មេដឹកនាំ​ល្អ លោក​មិន​ចាំបាច់​មក​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ទៀត​ទេ ដោយ​លោក​សុខចិត្ត​ធ្វើការ​ងារ​នៅ​ប្រទេស​កំណើត​វិញ៖ «ខ្ញុំ​មើល​ឃើញ​ថា ប្រជាពលរដ្ឋ​យើង​រស់​យ៉ាង​លំបាក​វេទនា​អញ្ចឹង​ទៅ​ខ្ញុំ​សុខចិត្ត​ទោះបី​ថវិកា​ខ្ញុំ​តិច​ឬ​ច្រើន​យ៉ាង​ណា​ក្តី​ខ្ញុំ​នឹង​ប្ដេជ្ញា​ចិត្ត និង​បងប្អូន​ពលករ​យើង​រាប់ពាន់​រាប់​ម៉ឺន​នាក់​ផ្សេងទៀត​គាត់​ត្រៀម​កម្លាំង​អម​ដំណើរ​លោក​ប្រធាន សម រង្ស៊ី វិល​ចូល​ស្រុក​ខ្មែរ​ដើម្បី​ចង់​ឃើញ​ការ​ផ្លាស់ប្ដូរ»

ទាក់ទង​ចំនួន​ពលករ​នៅ​ប្រទេស​ថៃ​នេះ​ដែរ គណបក្ស​ប្រឆាំង អះអាង​ថា មាន​ពលករ​ធ្វើ​ទាំង​ស្របច្បាប់ និង​គ្មាន​ច្បាប់​ប្រមាណ ២​លាន​នាក់ ប៉ុន្តែ របាយការណ៍​របស់​ក្រសួង​ការងារ​បង្ហាញ​ថា ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មាន​ជាង ១​លាន ២ សែន​នាក់ ក្នុង​នោះ​ជាង​១ លាន ១ សែន​នាក់ កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ។

ថ្លែង​ពី​ប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃ​ទី​១៩ ខែ​សីហា លោក សម រង្ស៊ី បាន​ស្នើ​ទៅ​អ្នកគាំទ្រ​លោក ជា​ពិសេស​ពលករ​ខ្មែរ​នៅ​ប្រទេស ថៃ កូរ៉េខាងត្បូង ជប៉ុន និង​ប្រទេស ម៉ាឡេស៊ី ជាដើម​ត្រៀមខ្លួន​ទៅផ្ទះ​វិញ​ជាមួយ​លោក​។ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ក៏​អំពាវនាវ ដល់​ពលរដ្ឋ​ខ្មែរ​ក្នុងស្រុក និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ត្រៀមខ្លួន​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើង​វិញ៖ «ខ្ញុំ​នឹង​នាំ​ពលករ​ខ្មែរ​នៅ​ថៃ​ពីរ​លាន​នាក់​បងប្អូន នៅ​ម៉ាឡេស៊ី នៅ​កូរ៉េ នៅ​ជប៉ុន​ដែល​ពួកគាត់​បង្ខំចិត្ត​ទៅ​ស៊ីឈ្នួល​ធ្វើការ​ងារ​ស្រុក​គេ ទៅផ្ទះ​យើង​វិញ​ទាំងអស់​គ្នា ទៅ​យក​ផ្ទះ​យើង ទៅ​​យក​ដីធ្លី​យើង​វិញ ទៅ​យក​ប្រទេស​យើង​វិញ​កុំ​ឱ្យ ហ៊ុន សែន ប្លន់»

ក្រុម​យុវជន និង​ក្រុម​ពលករ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រៅ​ប្រទេស​បាន​ប្ដេជ្ញា​ថា នឹង​រួម​ដំណើរ​ជាមួយ លោក សម រង្ស៊ី និង​ក្រុម​អ្នក​ប្រជាធិបតេយ្យ ចូល​ប្រទេស​កម្ពុជា​វិញ​ថ្ងៃ​ទី​៩ វិច្ឆិកា​ខាងមុខនេះ​។ ជា​ការ​ឆ្លើយតប របប​ក្រុងភ្នំពេញ បាន​ព្រមាន​ថា​នឹង​ចាប់ខ្លួន លោក សម រង្ស៊ី និង​អ្នក​ហែហម​លោក សម រង្ស៊ី ក្នុង​ពេល​វិល​ចូល​ស្រុក​វិញ​។ អនុប្រធាន​បក្ស​ប្រឆាំង លោក អេង ឆៃអ៊ាង បញ្ជាក់​ថា បី​ថ្ងៃមុន​លោក សម រង្ស៊ី ទៅ​ប្រទេស​កម្ពុជា​វិញ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បង្ហាញ​តម្រាយ​ផ្លូវ​ដែល​លោក សម រង្ស៊ី ត្រូវ​ធ្វើ​ដំណើរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល