ប្រទេស​កូរ៉េ​ខាង​ត្បូង​ដាក់​ស្ថាន​កុងស៊ុល​លើក​ដំបូង​នៅ​ខេត្ត​សៀមរាប

ដោយ ហង្ស សាវយុត
2016-12-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​រដ្ឋាភិបាល​ខ្មែរ និង​ស្ថានទូត​កូរ៉េ​ខាង​ត្បូង រួម​គ្នា​កាត់​ខ្សែ​បូ​បើក​សម្ពោធ​ស្ថាន​កុងស៊ុល​កូរ៉េ​ខាង​ត្បូង នៅ​ខេត្ត​សៀមរាប ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Hang Savyouth
មន្ត្រី​រដ្ឋាភិបាល​ខ្មែរ និង​ស្ថានទូត​កូរ៉េ​ខាង​ត្បូង រួម​គ្នា​កាត់​ខ្សែ​បូ​បើក​សម្ពោធ​ស្ថាន​កុងស៊ុល​កូរ៉េ​ខាង​ត្បូង នៅ​ខេត្ត​សៀមរាប ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Hang Savyouth
RFA/Hang Savyouth

កូរ៉េ​ខាង​ត្បូង ដែល​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​កម្ពុជា រយៈពេល ២០​ឆ្នាំ​មក​ហើយ ចង់​បង្ហាញ​ថា មិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ​មិន​ថយ​ចុះ​ទេ គឺ​កាន់​តែ​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​នឹង​គ្នា​កាន់​តែ​ច្រើន​វិស័យ​ថែម​ទៀត។

ការ​មើល​ឃើញ​ចំណង​មិត្តភាព​ការទូត​ជាមួយ​កម្ពុជា កាន់​តែ​រីក​ចម្រើន​នេះ សាធារណរដ្ឋ​កូរ៉េ បាន​ឈាន​ដល់​ការ​ពង្រីក​ស្ថាន​កុងស៊ុល​នៅ​តាម​តំបន់ បន្ថែម​ពី​លើ​ស្ថានទូត​របស់​ខ្លួន​ដែល​កំពុង​តែ​មាន​ស្រាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​កម្ពុជា ដែល​តំណាង​ឲ្យ​ក្រសួង​ការ​បរទេស​របស់​ខ្លួន បាន​ចូលរួម​ជា​អធិបតី​បើក​សម្ពោធស្ថាន​កុងស៊ុល​នៅ​ខេត្ត​សៀមរាប ដែល​ជា​ខេត្ត​ល្បីល្បាញ​ខាង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​២១ ខែ​ធ្នូ។

មន្ត្រី​ស្ថានទូត​នៃ​សាធារណរដ្ឋ​កូរ៉េ ឲ្យ​ដឹង​ថា នេះ​គឺ​ជា​ស្ថាន​កុងស៊ុល​ដំបូង​គេ​បំផុត ដែល​បាន​បើក​ជា​ផ្លូវ​ការ​នៅ​ខេត្ត​ភាគ​ឧត្តរ​របស់​ប្រទេស​កម្ពុជា។

អគ្គ​កុងស៊ុល​កូរ៉េ ប្រចាំ​នៅ​ខេត្ត​សៀមរាប គឺ​លោក ប៉ាក សឹងឃ្យូ (Park Seung Gyoo)។ លោក​ថ្លែង​ក្នុង​ឱកាស​បើក​សម្ពោធ​ជា​ផ្លូវ​ការ​នូវ​ស្ថាន​កុងស៊ុល នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២១ ខែ​ធ្នូ ថា ចាប់​តាំង​ពី ២​ឆ្នាំ​មុន គឺ​ជនជាតិ​កូរ៉េ​ខាង​ត្បូង​ជាច្រើន បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​បើក​ស្ថាន​កុងស៊ុល​នៅ​ក្នុង​ខេត្ត​សៀមរាប។ លោក​ជឿជាក់​ថា ការ​បើក​ស្ថាន​កុងស៊ុល​ពេល​នេះ គឺ​ពិត​ជា​អាច​ជួយ​សម្របសម្រួល​បញ្ហា​នានា ដើម្បី​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ចំពោះ​ជនជាតិ​កូរ៉េ ដែល​កំពុង​មក​រក​ស៊ី និង​ធ្វើ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​សៀមរាប៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​ជនជាតិ​កូរ៉េ ដែល​រស់នៅ​ទីនេះ​ទាំងអស់ សូម​ព្យាយាម​រស់នៅ និង​ធ្វើ​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រជាជន​ខ្មែរ​ដោយ​អំពើ​ល្អ និង​យោគយល់​អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក»

ចំណែក​ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាង​ត្បូង​ប្រចាំ​កម្ពុជា លោក គឹម វុន ជីន (Kim Weon Jin) ថ្លែង​ថា លោក​មាន​ជំនឿ​ថា ស្ថាន​កុងស៊ុល​ថ្មី​នេះ នឹង​ប្រឹងប្រែង​ធ្វើ​ការងារ​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​នាំ​ទំនាក់ទំនង​រវាង​កម្ពុជា-កូរ៉េ​ខាង​ត្បូង ឲ្យ​កាន់​តែ​រីក​ចម្រើន​ខ្លាំងក្លា និង​វិសេសវិសាល​ថែម​ទៀត។ លោក​ឯកអគ្គរដ្ឋទូត​បញ្ជាក់​ថា រយៈពេល ២០​ឆ្នាំ​នៃ​ការទូត​កម្ពុជា-កូរ៉េ​ខាង​ត្បូង គឺ​មាន​ការ​រីក​ចម្រើន​រហូត​ដល់ ៣០០​ដង ផ្នែក​ការទូត និង​កិច្ច​សហប្រតិបត្តិការ ដែល​ជា​សញ្ញា​វិសេសវិសាល​សម្រាប់​យើង​ទាំងអស់​គ្នា។

ស្ថាន​កុងស៊ុល​របស់​កូរ៉េ​ខាង​ត្បូង ដែល​មាន​ទីតាំង​នៅ​ខេត្ត​សៀមរាប សម្រាប់​ជួយ​សម្របសម្រួល​ការងារ និង​ដោះស្រាយ​បញ្ហា​នានា​របស់​ជនជាតិ​កូរ៉េ ដែល​ស្នាក់នៅ​ក្នុង​ខេត្ត​ចំនួន​៦ របស់​កម្ពុជា មាន​ខេត្ត​សៀមរាប ខេត្ត​ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និង​ខេត្ត​ប៉ៃលិន។

រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​ខ្មែរ លោក ឡុង វិសាលោ មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ចំពោះ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​ប្រឹងប្រែង​ធ្វើ​ការ​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​បើក​ស្ថាន​កុងស៊ុល​នៅ​ពេល​នេះ។ លោក ឡុង វិសាលោ ចាត់​ទុក​ថា វត្តមាន​ស្ថាន​កុងស៊ុល​កូរ៉េ​ខាង​ត្បូង​នៅ​ក្នុង​ខេត្ត​សៀមរាប ពេល​នេះ ពិត​ជា​មាន​សារសំខាន់​យ៉ាង​ខ្លាំង៖ «វា​មិន​ត្រឹម​តែ​ពង្រឹង​មិត្តភាព​កម្ពុជា-កូរ៉េ ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​វា​ក៏​ជា​ការ​ការពារ​ផល​ប្រយោជន៍​ជនជាតិ​កូរ៉េ ធ្វើ​ឲ្យ​មាន​ទំនុក​ចិត្ត​ចូល​មក​ធ្វើ​ទេសចរណ៍ និង​រក​ស៊ី​នៅ​ក្នុង​កម្ពុជា កាន់​តែ​ច្រើន​ឡើងៗ»

មន្ត្រី​ស្ថានទូត​កូរ៉េ​ប្រចាំ​កម្ពុជា ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ជនជាតិ​កូរ៉េ​ខាង​ត្បូង​ប្រមាណ ៤០​ម៉ឺន​នាក់ បាន​មក​ទស្សនា​អង្គរវត្ត​ក្នុង​មួយ​ឆ្នាំៗ ហើយ​មាន​ប្រជាជន​កូរ៉េ​ប្រមាណ ២.៥០០​នាក់​ទៀត កំពុង​ស្នាក់នៅ និង​ប្រកប​អាជីវកម្ម​នៅ​ក្នុង​ខេត្ត​សៀមរាប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល