លោក ស ខេង បដិសេធ​ថា លោក​បាន​ប្រាប់​លោក សម រង្ស៊ី កុំ​ឱ្យ​វិល​ចូល​ស្រុក​វិញ

ដោយ ទីន ហ្សាការីយ៉ា
2018-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ស ខេង (ឆ្វេង) រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោក សម រង្ស៊ី (ស្ដាំ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
លោក ស ខេង (ឆ្វេង) រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោក សម រង្ស៊ី (ស្ដាំ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
RFA

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បដិសេធ​ថា លោក​បាន​ប្រាប់​ទៅ​លោក សម រង្ស៊ី មិន​ឱ្យ​វិល​ចូល​ស្រុក​វិញ កាលពី​ចុង​ឆ្នាំ២០១៥ នោះ​ឡើយ។ លោក​បន្ត​ថា មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​រួចហើយ ហើយ​ក៏​មាន​ដីកា​តាម​ចាប់ខ្លួន​ផង​ដែរ ដូច្នេះ​លោក​មិន​ល្ងង់​ដល់​ថ្នាក់​ទៅ​និយាយ​ប្រាប់​លោក សម រង្ស៊ី បែបនេះ​ឡើយ។

ថ្នាក់ដឹកនាំ​កំពូល​លំដាប់​ទី​ពីរ​នៃ​របប​ក្រុងភ្នំពេញ លោក ស ខេង ថ្លែង​នៅ​ក្នុង​ហ្វេសប៊ុក នៅ​ថ្ងៃទី៣០ ខែ​ធ្នូ ថា ការ​វិលត្រឡប់​ចូល​ប្រទេស​វិញ ឬ​យ៉ាងណា​នោះ ស្ថិត​នៅ​លើ​លោក សម រង្ស៊ី ខ្លួនឯង ព្រោះ​លោក​ជា​អ្នក​រត់​គេចខ្លួន មិន​មាន​អ្នកណា​ហាមឃាត់​លោក​មិន​ឱ្យ​វិល​ចូល​ប្រទេស​វិញ​នោះ​ឡើយ។ លោក​បន្ត​ថា ការ​ថ្លែង​របស់​លោក​លោក សម រង្ស៊ី នេះ គ្រាន់តែ​ពាក្យ​សម្ដី​មួលបង្កាច់ ដើម្បី​បិទបាំង​ភាព​កំសាក រត់គេច​ចេញពី​សំណាញ់​ច្បាប់​របស់​លោក​តែប៉ុណ្ណោះ។

លោក​ក៏បាន​ច្រានចោល​ការ​លើកឡើង​របស់​លោក សម រង្ស៊ី ដែរ ដែល​ថា​លោក​ពិបាក​ធ្វើការ​ជាមួយ​លោក ហ៊ុន សែន។ លោក​អះអាង​ថា លោក​បាន​ធ្វើការ​រួមគ្នា​ជាមួយ​លោក ហ៊ុន សែន គ្រប់​កាលៈទេសៈ អស់​រយៈពេល ៤​ទសវត្សរ៍​ទៅ​ហើយ ហើយ​ជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ទី២៩ កក្កដា ឆ្នាំ​២០១៨ នោះ កាន់តែ​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​ពី​ការ​ឯកភាព​គ្នា និង​ភាព​រឹងមាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក ស ខេង បញ្ជាក់​ថា គឺ​លោក សម រង្ស៊ី ទៅវិញ​ទេ ដែល​លោក​ពិបាក​ធ្វើការ​ជាមួយ ព្រោះ​លោក​ថា ប្រធាន​ស្ដីទី​គណបក្សប្រឆាំង​រូប​នេះ ជា​មនុស្ស​និយាយ​បាតដៃ​ខ្នងដៃ និង​មិន​ទទួលខុសត្រូវ។

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​ថ្លែង​នៅ​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី កាលពី​យប់​ថ្ងៃទី២៨ ធ្នូ ថា លោក ស ខេង បាន​ប្រាប់​លោក​ដោយ​ផ្ទាល់​មាត់​ថា លោក​មាន​ការ​ពិបាក​ក្នុង​ការ​ធ្វើការ​ជាមួយ​មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន។ លោក​បាន​បញ្ជាក់​ថា លោក ស ខេង គឺជា​អ្នក​ដែល​បាន​ផ្តល់​យោបល់​ឱ្យ​លោក​កុំ​ទាន់​អាល​វិលត្រឡប់​ទៅ​កម្ពុជា​វិញ​ក្នុង​ស្ថានភាព​នយោបាយ​តានតឹង កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ កន្លង​ទៅ«ដោយសារ​លោក​ ហ៊ុន សែន គាត់​ធ្វើ​ឱ្យ​គេ​មិន​សប្បាយ​ចិត្ត។ គាត់​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​តែ​ម្នាក់​គាត់ ធ្វើ​ច្រងេងច្រងាង។ លោក​ ស ខេង ប្រាប់​ថា គាត់​នឹង​រៀបចំ​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​សិន ដើម្បី​បើក​ផ្លូវ​ឱ្យ​ខ្ញុំ​ត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ។ នេះ​ជា​មតិ​លោក ស ខេង ជា​មតិ​ស្ថានទូត​អាមេរិកាំង»

លោក សម រង្ស៊ី បញ្ជាក់​ថា លោក ស ខេង និង​រូបលោក បាន​ជជែក​គ្នា​ពី​ផែនការ​បោះឆ្នោត​ទម្លាក់​លោក ហ៊ុន សែន ចេញពី​តួនាទី​ជា​នាយករដ្ឋមន្ត្រី តាមរយៈ​ការប្រើប្រាស់​យន្តការ​សភា ក៏ប៉ុន្តែ​ផែនការ​នេះ​ត្រូវ​បាន​ផ្អាក​ទៅវិញ ដោយសារ​ក្រុម​លោក ស ខេង បារម្ភ​ខ្លាច​លោក ហ៊ុន សែន យក​កង​អង្គរក្ស​ផ្ទាល់ខ្លួន​ទៅ​ធ្វើ​បាប​ពួកគេ។ លោក​ថា លោក ហ៊ុន សែន នៅតែ​ព្រួយបារម្ភ​ខ្លាច​តំណាងរាស្ត្រ​មួយ​ចំនួន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា រួមដៃ​គ្នា​ជាមួយ​គណបក្ស​សង្គ្រោះជាតិ ទម្លាក់​លោក​ចេញពី​អំណាច ទើប​លោក​ប្រឹងប្រែង​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ឱ្យ​ខាន​តែ​បាន«យើង​ត្រូវ​ស្គាល់​បុគ្គលិក​លក្ខណៈ ឆន្ទៈ បំណង ទឹកចិត្ត ជំហរ​របស់​មនុស្ស​ម្នាក់ៗ ដែល​មិន​មែន​ជា​សត្រូវ​របស់​យើង​ទេ គឺ​ជា​ខ្មែរ​ដូច​យើង​ដែល​គេ​ស្រឡាញ់​ជាតិ។ គេ​ដឹង​ថា ហ៊ុន សែន​ កំពុង​តែ​បំផ្លាញ​ជាតិ​។ គេ​ឈឺចាប់​ណាស់​ក្នុង​ឋានៈ​គេ​ជាខ្មែរ ជា​កូន​ខ្មែរ គេ​មិន​អាច​និយាយ​អី​បាន​។ ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា មាន​មន្ត្រី​បក្ស​ច្រើន​ណាស់​ដែល​មិន​ពេញ​ចិត្ត​ចំពោះ​ ហ៊ុន សែន ព្រោះ ហ៊ុន សែន យក​ស្រុក​ខ្មែរ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​គាត់»

កាលពី​ពាក់​កណ្តាល​ខែ​ធ្នូ​កន្លងទៅ លោក សម រង្ស៊ី បាន​ប្រកាស​ថា លោក​នឹង​ត្រឡប់​ទៅ​កម្ពុជា​វិញ​នៅ​ដើម​ឆ្នាំ​២០១៩​ខាងមុខ ហើយ​លោក​ក៏បាន​ទទូច​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោក​ឡើង​តស៊ូ​ជាមួយ​លោក​ផង​ដែរ។ ក៏ប៉ុន្តែ​មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន បាន​ព្រមាន​ទុកជាមុន​ថា ប្រធាន​ស្ដីទី​គណបក្សប្រឆាំង​រូប​នេះ​នឹង​ត្រូវ​ចាប់ខ្លួន ប្រសិនបើ​លោក​ហ៊ាន​ត្រឡប់​មក​កម្ពុជា​វិញ ទោះជា​តាម​ច្រក​ណា​ក៏​ដោយ។

ទោះជា​យ៉ាងណា អ្នកវិភាគ​នយោបាយ លោក គឹម សុខ ថ្លែង​ថា លោក ហ៊ុន សែន ព្រមាន​បែបនេះ ដោយសារ​លោក​បារម្ភ​ខ្លាច​លោក​សម រង្ស៊ី វិល​ទៅ​កម្ពុជា​វិញ ធ្វើ​ឲ្យ​រង្គោះរង្គើ​ដល់​អំណាច​របស់​លោក ព្រោះ​គណបក្ស​សង្គ្រោះជាតិ​ដែល​លោក​បាន​រំលាយ​ចោល​នោះ នៅ​តែ​មាន​ពលរដ្ឋ​គាំទ្រ​ច្រើន​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

old wise man in the mountian VS beast creature

Ta Kheng is not far away secret reveal from Ta Sen...like Ta Kheng like Ta Sen like Ta Sen like Ta Kheng is nothing new at all...sometime say good and sometime bad or say one thing and do other thing as their commies ideology techniques"no mutual respect,inhumane,evildoer and barbarian".When an old wise man in the mountain walks into a dangerous Tiger's cave...he always keep one hand behind with carry a big stick and other hand with his crutch...but when that stupid tiger sees him only with a damn empty hand and then it jumps over to crab his neck,but that old man on the mountain was wise enough to defense himself and how to kill that tiger quickly.Be smart like old wise man in the mountain...and good luck...

Jan 02, 2019 06:02 PM

គេហទំព័រ​ទាំងមូល