តុលាការ​ផ្ដន្ទាទោស​លោក សម រង្ស៊ី និង​ជំនួយការ​ពីរ​នាក់​ដាក់​ពន្ធនាគារ​៥​ឆ្នាំ

ដោយ ម៉ម មុនីរតន៍
2016-12-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
RFA/Brach Chev

នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ធ្នូ ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក លាង សំណាត់ បាន​សម្រេច​ផ្ដន្ទាទោស​លោក សម រង្ស៊ី និង​ជំនួយការ​ពីរ​នាក់​ទៀត ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ ៥​ឆ្នាំ។ ប៉ុន្តែ​ក្នុង​ចំណោម​ទាំង ៣​នាក់​ដែល​តុលាការ​ផ្ដន្ទាទោស​នេះ គឺ​ជំនួយការ ២​នាក់​របស់​លោក សម រង្ស៊ី អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ ៣​ឆ្នាំ ហើយ​ទោស​ដែល​សល់​ត្រូវ​ព្យួរ។

សាលក្រម​ដែល​សម្រេច​ដោយ​កំបាំង​មុខ ត្រូវ​បាន​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក លាង សំណាត់ សម្រេច​បើក​ផ្លូវ​ប្ដឹង​ឧទ្ធរណ៍​ក្នុង​រយៈពេល​កំណត់​នៃ​នីតិវិធី ប្រសិន​លោក សម រង្ស៊ី និង​ជំនួយការ ២​នាក់​ទៀត​របស់​លោក មិន​ពេញ​ចិត្ត​ទៅ​នឹង​សាលក្រម​ដែល​បាន​សម្រេច​នៅ​ពេល​នេះ។

ក្នុង​ថ្ងៃ​ប្រកាស​សាលក្រម​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ធ្នូ ទាំង​លោក សម រង្ស៊ី និង​ជំនួយការ ២​នាក់​ទៀត​រួម​មាន លោក អ៊ឹង ជុងលាង ហៅ​ម៉ាប់ លោក សត្យា សម្បត្តិ រួម​ទាំង​មេធាវី​ការពារ​ក្ដី​ផង ពុំ​មាន​វត្តមាន​នៅ​ក្នុង​បន្ទប់​សវនាការ​ទេ។ អ្នក​ទាំង ៣​នាក់​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ ៣​បទល្មើស គឺ​សម​គំនិត​ក្នុង​អំពើ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ តាម​រយៈ​បទ​ចោទ​ទាំងនេះ ត្រូវ​បាន​តុលាការ​យល់​ឃើញ​ថា មេ​បក្ស​ប្រឆាំង​រូប​នេះ​បាន​ផ្ដល់​ឱកាស​ឲ្យ​លោក ហុង សុខហួរ បង្ហោះ​ផែនទី​ដែល​និយាយ​បំភ្លៃ​ខុស​ពី​ការ​ពិត រឿង​ព្រំដែន​កម្ពុជា-វៀតណាម។

លោក សំ សុគង់ មេធាវី​ការពារ​ក្តី​ឲ្យ​លោក សម រង្ស៊ី ចាត់​ទុក​ថា សាលក្រម​កំបាំង​មុខ​នៅ​ពេល​នេះ គឺ​ជា​ការ​ផ្ដល់​ភាព​អយុត្តិធម៌​ចំពោះ​កូន​ក្តី​របស់​ខ្លួន។ មិន​តែ​ប៉ុណ្ណោះ មេធាវី​រូប​នេះ​យល់​ឃើញ​ថា បទ​ចោទ​ដែល​តុលាការ​ចោទ​ប្រកាន់​កូន​ក្ដី​លោក គឺ​ផ្ទុយ​ពី​អង្គ​ហេតុ ដោយសារ​ថា​ផេក​ហ្វេសប៊ុក ឬ​គេហទំព័រ​ដែល​លោក ហុង សុខហួរ ហើយ​រង​ការ​ចោទ​ប្រកាន់​ដែល​ថា បង្ហោះ​និយាយ​ពី​ភាព​មិន​ត្រឹមត្រូវ​រឿង​ព្រំដែន​កម្ពុជា-វៀតណាម នោះ វា​ពុំ​មែន​ជា​ការ​បង្គាប់​បញ្ជា​របស់​លោក សម រង្ស៊ី ឡើយ។ លោក​បន្ត​ថា «ក្នុង​រឿង​នេះ​ការ​កាត់​ទោស​ឯកឧត្ដម សម រង្ស៊ី ក៏ដូចជា​ជំនួយការ ២​នាក់​ពី​បទ​សម​គំនិត។ ប៉ុន្តែ​បើ​យើង​មើល​ទៅ​ក្នុង​សវនាការ ការ​ជជែក​សួរ​ដេញដោល​ទៅ​មិន​មាន​ភស្តុតាង​អី​សបញ្ជាក់​ថា​មាន​ការ​ពាក់ព័ន្ធ ហើយ​ឯកឧត្ដម ហុង សុខហួរ ដែល​ជា​សាក្សី​ក្នុង​រឿង​ហ្នឹង គាត់​បាន​បញ្ជាក់​ដែរ​ហើយ​ថា មិន​មាន​ការ​សុំ​ជា​យោបល់ ឬ​បញ្ជា​ពី​ឯកឧត្ដម សម រង្ស៊ី ទេ ក្នុង​ការ​ផុស ឬ​បង្ហោះ​ហ្វេសប៊ុក​ហ្នឹង»

ជុំវិញ​សំណុំ​រឿង​ដ៏​ចម្រូងចម្រាស​នេះ បណ្ដាល​ឲ្យ​លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ៧​ឆ្នាំ កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ សមាជិក​ព្រឹទ្ធសភា​រូប​នេះ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ ៣​បទល្មើស បទ​ក្លែង​ឯកសារ​សាធារណៈ ការ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

ដោយឡែក​លោក សម រង្ស៊ី ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​កំពុង​ហ៊ុមព័ទ្ធ​ទៅ​ដោយ​សំណុំ​រឿង ២​ផ្សេង​ទៀត ក្នុង​នោះ​ពាក់ព័ន្ធ​បណ្ដឹង​បរិហារ​កេរ្តិ៍ ដែល​ដើម​បណ្ដឹង គឺ​ជា​អតីត​ប្រមុខ​ការទូត​កម្ពុជា លោក ហោ ណាំហុង។ ទន្ទឹម​នឹង​នេះ នៅ​មាន​បណ្ដឹង​មួយ​ផ្សេង​ទៀត គឺ​បណ្ដឹង​រិះគន់​ហ្វេសប៊ុក​លោក ហ៊ុន សែន។

ប្រតិកម្ម​នឹង​សាលក្រម​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ហៅ​សេចក្ដី​សម្រេច​នេះ​ថា គ្រាន់​តែ​ជា​តុលាការ​សម្រាប់​ប្រថាប់​ត្រា​ឲ្យ​បក្ស​នយោបាយ​ប៉ុណ្ណោះ។ លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ផ្ទាល់ ដោយ​អះអាង​ថា នេះ​គឺ​ជា​រឿង​នយោបាយ​សុទ្ធសាធ ហើយ​តុលាការ​ក្រុង​ភ្នំពេញ អង្គុយ​ចាំ​តែ​អនុវត្ត​តាម​បញ្ជា​អ្នក​ដឹកនាំ​នយោបាយ ដែល​ចង់​កម្ចាត់​គូ​ប្រកួត​របស់​ខ្លួន។

អង្គការ​មិន​មែន​រដ្ឋាភិបាល​ផ្នែក​សិទ្ធិ​មនុស្ស​យល់​ឃើញ​ថា នេះ​ជា​របៀប​នយោបាយ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​សោកស្ដាយ​នោះ គឺ​តុលាការ​ពុំ​បាន​បំពេញ​ទៅ​តាម​ក្រម​សីលធម៌ និង​វិជ្ជាជីវៈ​ដែល​ធ្វើ​ឲ្យ​មាន​អំពើ​និទ្ទណ្ឌភាព​កាន់​តែ​រីក​ធំ​ទៅៗ​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន។

លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​អង្គការ​លីកាដូ (LICADHO) យល់​ឃើញ​ថា សាលក្រម​ដែល​ចេញ​នៅ​ពេល​នេះ ប្រឆាំង​លោក សម រង្ស៊ី និង​ជំនួយការ​របស់​គាត់ ២​នាក់​ទៀត ពុំ​មែន​ជា​រឿង​ដែល​ថ្មី​ឡើយ។ យ៉ាង​ណា មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ​យល់​ឃើញ​ថា វា​ជា​រឿង​ដែល​គួរ​ឲ្យ​អាម៉ាស់ ខណៈ​ដែល​ស្ថាប័ន​តុលាការ​នៅ​តែ​ពុំ​អាច​ឈរ​លើ​ឯករាជ​ភាព​របស់​ខ្លួន​បាន ក្នុង​ការ​ស្វែងរក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ។ លោក​បន្ត​ថា «រឿង​នេះ​វា​ជា​រឿង​មួយ​ដែល​ខ្ញុំ​គិត​ថា​វា​ពាក់ព័ន្ធ​នឹង​នយោបាយ ហើយ​បើ​សិន​រឿង​ទាំងអស់​នេះ​ការ​ចរចា​ផ្នែក​នយោបាយ​ណា​មួយ​កើត​ឡើង វា​ដូច​តែ​មុន​អ៊ីចឹង នឹង​មាន​ការ​លើកលែង​ទោស​ដូច​តែ​គ្នា​អ៊ីចឹង។ យើង​ជា​សង្គម​ស៊ីវិល យើង​ចង់​ថា​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​តុលាការ​ហ្នឹង​វា​ជា​ប្រព័ន្ធ​មួយ​ឯករាជ្យ ដែល​ផ្តល់​ទំនុក​ចិត្ត​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ»

បើ​ទោះ​ជា​បែប​ណា លោក សំ សុគង់ ដែល​ជា​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក សម រង្ស៊ី បញ្ជាក់​ជំហរ​ថា ថ្វី​បើ​សាលក្រម​នៅ​ពេល​នេះ​មិន​អាច​ទទួល​យក​បាន​មែន លោក​នៅ​តែ​ប្រកាន់​គោលការណ៍​ប្ដឹង​ឧទ្ធរណ៍​បន្ត​ទៀត ប្រឆាំង​ការ​សម្រេច​ចិត្ត​របស់​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​លោក លាង សំណាត់ នៅ​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល