មន្រ្តីឃ្លាំមើលកម្ពុជា បារម្ភ​ប្រវត្តិសាស្រ្ត​វិល​ជាន់​ដាន​ចាស់ បើ​លោក ហ៊ុន សែន មិន​ព្រម​ស្តារ​ប្រជាធិបតេយ្យ​ឡើង​វិញ

មួង ណារ៉េត
2018-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន ថ្លែងក្នុង​ពិធី​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ នៅសង្កាត់​ជ្រោយចង្វារ ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨។
លោក ហ៊ុន សែន ថ្លែងក្នុង​ពិធី​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ នៅសង្កាត់​ជ្រោយចង្វារ ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨។
Screencapture

មន្រ្តីក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សម្តែង​ក្តីបារម្ភ ថាប្រវត្តិសាស្រ្ត​ នឹង​វិលជាន់ដានចាស់ បើ​លោក ហ៊ុន សែន មិនព្រម​ស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ ទៅតាមការ​ចង់បាន​របស់​សហគមន៍អន្តរជាតិ។

តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ថ្លែងប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​សៅរ៍​ ទី២៩ ខែ​ធ្នូ​ថា ​ដើម្បី​បញ្ចៀស​​សង្គ្រាម​​ខ្ទេចខ្ទាំ​ហិនហោច​ស្ទើរ​​គ្មាន​សល់ ដោយសារ​​ជម្លោះ​ផ្ទៃ​ក្នុង និង​​ការ​​ដាក់​ទណ្ឌកម្ម ​ពី​​សហគមន៍​អន្តរជាតិ ដែល​​ធ្វើ​ឲ្យ​​ខ្មែរ​​បែក​បាក់ ឈ្លោះ​កាប់​ចាក់​គ្នា​​រាប់​ទសវត្សរ៍​តទៅ​ទៀត​នោះ គឺ​ទាល់​តែ​​របប​សព្វថ្ងៃ​នេះ ពង្រឹង​ទំនាក់ទំនង​​ល្អ ជាមួយ​ប្រទេស​​ទាំង​អស់​​នៅ​លើ​ពិភព​លោក ជាពិសេស​​ប្រទេស​​ប្រជាធិបតេយ្យ​​សេរី ដែល​ជា​ដង្ហើម​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ដ៏​សំខាន់​​របស់​​កម្ពុជា៖ «គួរ​​តែ​​កសាង​​ទំនាក់ទំនង​​ល្អ ជាមួយ​សហភាព​អឺរ៉ុប និង សហរដ្ឋអាមេរិក ពីព្រោះ​ប្រទេស​ទាំង​អស់​នោះ ជា​ប្រទេស​ទីផ្សារ​​កម្ពុជា។ កម្ពុជា​មានកំណើន​សេដ្ឋកិច្ច​ ដោយសារ​សហភាព​អឺរ៉ុប និង​អាមេរិក​​ហ្នឹង​​ឯង»។

ប្រតិកម្ម​របស់​មន្រ្តីក្រុមប្រឹក្សា​ឃ្លាំមើលកម្ពុជារូបនេះ ធ្វើឡើង​ក្រោយ​លោក ហ៊ុន សែន បាន​​ថ្លែង​សារ​​ព្រមាន​សហគមន៍​អន្តរជាតិ កុំ​ឲ្យ​​ដាក់​ទណ្ឌកម្ម​​កម្ពុជា។ ​លោក ហ៊ុន សែន ដែល​តែង​តែ​​ថ្លែងសារ​ប្រកាសអួត​ថា កម្ពុជា​រស់ខ្លួនឯងបាន​ មិនខ្ចី​ពឹង​ជំនួយ​អន្តរជាតិ និង​ថា ​កម្ពុជា​មិន​ឱន​ក្បាល​ចំពោះ​បរទេស​ជា​ដាច់ខាត​​នោះ នៅក្នុង​​ពិធី​​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ នៅ​ថ្ងៃ​ទី២៩ ខែធ្នូ លោក​​ទទួល​​ស្គាល់​ថា ទណ្ឌកម្ម​អន្តរជាតិ​មក​លើ​​របប​លោក ​មិនមែន​ជា​រឿង​​ល្អ​ទេ។ លោក​ថា ​ទណ្ឌកម្ម​​ណា​មួយ នឹង​ធ្វើ​​ឲ្យ​​​កម្ពុជា​​ធ្លាក់​​ចូល​​ក្នុង​​​វិបត្តិ​ ដូច​​​កាល​​អតីត​​កាល​​ជាក់​​ជា​​មិន​ខាន។ លោក ហ៊ុន សែន ចាត់​ទុក​ការ​​ដាក់​ទណ្ឌកម្ម​​កម្ពុជា ជា​កំហុស​​អន្តរជាតិ និង​ព្រមាន​អន្តរជាតិ កុំ​​សាង​​កំហុស​​ដដែលៗ ម្តង​ទៀត៖ «សូម​ឲ្យ​អ្នក​ទាំង​ឡាយ​ក្តាប់​ឲ្យ​ជាប់​មេរៀន​ពី​អតីតកាល។ ប្រទេស​មួយចំនួន​ក្តាប់​ឲ្យ​ជាប់​មេរៀន​ពី​អតីតកាល កុំ​កសាង​កំហុស​លើក​ទី៣។ កំហុស​លើក​ទី១ អ្នក​តាំង​ខ្លួន​ជា​ប្រទេស​ប្រជាធិបតេយ្យ តែ​អ្នក​បាន​គាំទ្រ​រដ្ឋប្រហារ​យោធា តើ​នោះ​ជា​លទ្ធិ​ប្រជាធិបតេយ្យ ឬ​ក៏​ជា​លទ្ធិ​យោធានិយម? ឯ​ទី២ អ្នក​​ធ្លាប់​បាន​គាំទ្រ ប៉ុល ពត ដែល​សម្លាប់​មនុស្ស ដោយ​គ្មាន​បាន​គិតគូរ​អំពី​សិទ្ធិ​មនុស្ស​នោះ​ទេ។ ដូច្នេះ​សង្ឃឹម​ថា ប្រទេស​ទាំង​នោះ នឹង​មិន​ធ្វើ​កំហុស​លើក​ទី៣ ដែល​ដាក់​ទណ្ឌកម្ម »។

ទោះបីជាលោក ហ៊ុន សែន ព្រមានអន្តរជាតិ កុំឲ្យយកលេសសិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ មក​​ដាក់​ទណ្ឌកម្ម​លើ​​របប​លោក​យ៉ាង​ណា​ក្តី សហគមន៍​អន្តរជាតិ ជាពិសេស​​សហរដ្ឋអាមេរិក និង​សហភាពអឺរ៉ុប ដែល​មាន​ ២៨​ប្រទេស បាន​​ដាក់​ទណ្ឌកម្ម​​​របប​នេះ​ជា​បណ្តើរៗ ​រួច​មក​ហើយ និង​ព្រមាន​ដាក់​ទណ្ឌកម្ម​​បន្ថែម​ទៀត រួមទាំង​ការ​ដក​ការ​អនុគ្រោះ​ពន្ធ EBA ផង។

អ្វីដែលសហគមន៍អន្តរជាតិចង់បាន គឺចង់ឃើញពលរដ្ឋកម្ពុជា មាន​សិទ្ធិសេរីភាព​ពេញលេញ មានការគោរពសិទ្ធិមនុស្ស​ត្រឹមត្រូវ មាន​​លទ្ធិ​ប្រជាធិបតេយ្យ​​ពិត​ប្រាកដ ដោយ​​មាន​​ប្រព័ន្ធ​​ប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និង​​យុត្តិធម៌ ស្រប​​​តាម​​​​ឆន្ទៈ​​​របស់​​​​ពលរដ្ឋ​​​ខ្មែរ​​​ទាំង​​​អស់ មិន​​មែន​សម្រាប់​​​តែ​​​ក្រុម ឬ​​បក្ស​​ពួក​​មន្រ្តី​​បក្ស​​កាន់​​​អំណាច​​​​នោះ​​​ឡើយ។

លោក រ៉ុង​ ឈុន យល់ថា លោក ហ៊ុន សែន គួរ​ធ្វើតាមសំណូមពរ​របស់​សហគមន៍អន្តរជាតិ ដែល​ស្នើសុំ​ឲ្យ​ស្តារ​​សិទ្ធិមនុស្ស និង​​ប្រជាធិបតេយ្យ​​ឡើង​​វិញ វាប្រសើរ​ជាង​​ព្រមាន​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ទាំង​នោះ ព្រោះ​ការ​​ព្រមាន​ណា​មួយ​​របស់​លោក ហ៊ុន សែន គ្មាន​ចំណេញ​​អ្វី​ដល់​​កម្ពុជា​នោះ​ឡើយ។ ផ្ទុយទៅវិញ វា​នឹង​រឹតតែធ្វើ​ឲ្យ​របបនេះ ចៀស​មិន​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​​ទាំង​នោះ នៅ​​ពេល​​ដ៏​​ខ្លី​​​ខាង​​​មុខ​​​តែ​​ប៉ុណ្ណោះ៖ «គេ​មិន​មែន​ចេះតែចោទប្រកាន់ មក​​រដ្ឋាភិបាល​កម្ពុជា​យើង​​ទេ។ តាម​ពិត​​​​កម្ពុជា​​​យើង​​​​មាន​​​ការ​​​​រំលោភ​​​សិទ្ធិ​មនុស្ស​​ជា​​​បន្ត​​បន្ទាប់។ រឿង​គេលើក​ឡើង​ហ្នឹង គ្រាន់តែគេចង់​​ឲ្យ​​យើង​​ដើរ​​តាម​​គន្លង​​ប្រជាធិបតេយ្យ ហើយ​មានការ​គោរព​សិទ្ធិមនុស្ស ដូចជា ​ករណី​ចាប់​​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​​លោក កឹម សុខា ដាក់​ពន្ធនាគារ ការ​​​​រម្លាយ​​​​គណបក្ស​​សង្គ្រោះ​​ជាតិ ដែល​​ប្រជាពលរដ្ឋ​កន្លះនគរ​បោះឆ្នោត​ឲ្យ​ជា​ដើម គឺ​​ជា​​ការ​​​រំលោភ​​ឆន្ទៈ​​រាស្រ្ត​​​នោះ​​ជា​​ការ​​ពិត។ អ្វីដែលគេលើកឡើង​ គួរ​យកមកពិនិត្យ​​មើល ហើយ​​កែ​លម្អ ជា​ជាង​​​ការ​​​ព្រមាន​​គេ ព្រោះ​​​ការ​​ព្រមាន​​គេ​ គ្មាន​​អ្វី​ចំណេញ​​​​​ទេ​ សម្រាប់​​​​កម្ពុជា​​​យើង​»។

លោក រ៉ុង ឈុន ដែលជា​ប្រធាន​សហភាព​សហជីពកម្ពុជាដែរនោះ​ មិន​ជឿ​ថា​ សហគមន៍​អន្តរជាតិ​ចង់​​ធ្វើ​​បាប​ ឬ​ដាក់​សម្ពាធ​​ខ្មែរ​នោះ​ទេ ប្រសិនបើ​របបនេះ មិន​​ប្រព្រឹត្តរំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ដូចអ្វី​ដែលអន្តរជាតិ​ កំពុង​តែ​ថ្កោល​ទោស​នោះ៖ «គេ​មិន​ចង់​​ដាក់​ទណ្ឌកម្ម​អី​មក​លើ​កម្ពុជា​យើង​​ទេ ព្រោះទណ្ឌកម្ម​ ឬ ដកប្រព័ន្ធអនុគ្រោះពន្ធ EBA អ្នក​ដែល​រង​ទុក្ខ គឺប្រជាពលរដ្ឋ និង​កម្មករខ្មែរទាំងអស់។ គេ​​ក្រើន​រម្លឹក​​ម្តង​ហើយ​​ម្តង​​ទៀត ឲ្យ​កែ បើ​មិន​កែ គេ​នឹង​ដាក់​ទណ្ឌកម្ម។ ដូច្នេះ ខ្ញុំ​​ថា​យក​ល្អ គួរ​​តែ​​កែ​ខ្លួន ជា​ជាង​​ឌឺដង​ឲ្យ​គេ ព្រោះ​​ការ​​​ឌឺដង​​​នេះ គ្មាន​​​ចំណេញ​​​អ្វី​​​ដល់​​​ពលរដ្ឋ​​​ខ្មែរ​​​យើង​​​ទេ»។

របបលោក ហ៊ុន សែន នៅសល់ពេលមិនដល់ ៣ខែទៀតទេ ដែលត្រូវ​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​​ឡើង​វិញ មុន​នឹង​​សហភាព​​អឺរ៉ុប​ចាប់​​ផ្តើម ដក​ការ​​អនុគ្រោះ​ពន្ធ​ដំណាក់​កាល​ដំបូង។ សហភាព​អឺរ៉ុប បាន​ជូនដំណឹង​ទៅ​របបលោក ហ៊ុន សែន កាល​ពី​ដើម​​ខែ​តុលា​ថា ​របប​នេះ​មាន​រយៈ​ពេល ៦ខែ ចាប់​ពី​ខែ​តុលា ឆ្នាំ២០១៨ ដើម្បី​បង្ហាញ​ថា ​បាន​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​​ឡើង​វិញ បើ​​មិន​ដូច្នេះ​ទេ ទណ្ឌកម្ម​នឹង​ចាប់​ផ្តើម​អនុវត្ត​ក្នុង​​អំឡុង​​ខែ​មីនា ឆ្នាំ២០១៩។

រយៈពេលប៉ុន្មានខែ ចុងឆ្នាំនេះ របបលោក ហ៊ុន សែន ហាក់ដូចជាបង្ហាញ​ជំហរ​ទន់ភ្លន់ខ្លះ ក្រោយ​ការ​​ព្រមាន​​ពី​អន្តរជាតិ​នេះ។ របបនេះបាន​ដោះលែង​អ្នកទោស​នយោបាយ សកម្មជន​ដីធ្លី ពន្លឿននីតិវិធី​ជម្រះក្តីមេដឹកនាំសហជីព ធ្វើច្បាប់​ដើម្បី​លើក​បម្រាម ដែល​ហាម​ប្រាម​សិទ្ធិ​នយោបាយ​មន្រ្តី​បក្ស​ប្រឆាំង និង​​សន្យា​​​ថា ​បើក​​ចំហ​​សេរីភាព​​ឡើង​វិញ​​ជា​ដើម។ ប៉ុន្តែ អ្នក​វិភាគ​មើល​ឃើញ​ទាំង​នេះ គ្រាន់តែ​ជា​ការ​​ធ្វើ​​បង្គ្រប់​កិច្ច ដើម្បីលួង​ចិត្ត​​សហគមន៍​អន្តរជាតិ ប៉ុណ្ណោះ ព្រោះជាក់ស្តែង​របបនេះ នៅ​តែ​បន្ត​​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ​​​នៅ​​មូលដ្ឋាន​​ដដែល។ ប្រការនេះ ធ្វើ​ឲ្យ​អ្នកវិភាគ​យល់​ឃើញ​ថា កម្ពុជា​នឹង​​ចៀស​មិន​ផុត​ពី​ទណ្ឌកម្ម​​អន្តរជាតិ​នោះ​ឡើយ ហើយ​លោក ហ៊ុន សែន និង​ មន្រ្តីរបបនេះ ត្រូវ​​ទទួល​​ខុស​ត្រូវ​នៅ​ចំពោះ​មុខ​​ប្រវត្តិសាស្រ្ត ដែល​​​ដឹក​​នាំ​​​ប្រទេស​​នាំ​​​ឲ្យ​​​អន្តរជាតិ​​​ដាក់​​ទណ្ឌកម្ម​​​បែប​​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល