លោក រ៉ុង ឈុន ចង់​ជួបជុំ​សម្ដែង​មតិ​រឿង​វិបត្តិ​នយោបាយ និង EBA ឱ្យ​បាន​កាន់តែ​ឆាប់

ដោយ ហេង រស្មី
2019-08-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក រ៉ុង ឈុន និង​គ្រូបង្រៀន ៦នាក់​ក្នុង​ចំណោម ១១នាក់ ថ្លែង​​ទៅកាន់​​​អ្នក​កាសែត នៅ​ទល់​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ២០១៩។
លោក រ៉ុង ឈុន និង​គ្រូបង្រៀន ៦នាក់​ក្នុង​ចំណោម ១១នាក់ ថ្លែង​​ទៅកាន់​​​អ្នក​កាសែត នៅ​ទល់​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ២០១៩។
រូបថត៖ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី

អតីតមន្ត្រី​ជាន់ខ្ពស់ ​គ..ប និង​ជា​សកម្មជន​សិទ្ធិ​ការងារ លោក រ៉ុង ឈុន អះអាង​ថា លោក​ចង់​ប្រមូល​ផ្តុំ​កម្មករ និង​ប្រជាពលរដ្ឋ សម្ដែង​មតិ​រឿង EBA និង​ចំណាត់​ការ​ផ្លូវច្បាប់​លើ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យ​បាន​កាន់តែ​ឆាប់​កាន់តែ​ល្អ​។ មន្ត្រី​សិទ្ធិមនុស្ស​ថា ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី គឺជា​សិទ្ធិ​សេរីភាព​ដែល​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ។

សហភាព​សហជីព​កម្ពុ​ជា និង​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ មិនទាន់​កំណត់ពេល​ប្រមូល​ផ្តុំ​កម្មករ និង​ប្រជាពលរដ្ឋ ដើម្បី​សម្ដែង​មតិ​រឿង EBA និង​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​នោះ នៅ​ឡើយ​​ទេ បន្ទាប់ពី​ត្រូវ​អាជ្ញាធរ​ព្រមាន​ចាត់ការ​តាម​ផ្លូវ​ច្បាប់​មក។

ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជាទី​ប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ថ្លែង​ថា ខាង​អង្គការ​សមាគម​របស់​លោក​នៅតែ​រក្សា​ជំហរ​ចង់​ជួបជុំគ្នា​ដដែល ក៏ប៉ុន្តែ​ត្រូវ​រង់ចាំ​មួយ​រយៈ​ពេល​ទៀត​សិន ព្រោះ​ពេលនេះ​សមាជិក​ទាំងឡាយ​មិន​ទាន់​បាន​ជួបពិភាក្សា​គ្នា​នៅឡើយ​។ លោក​បញ្ជាក់​ថា បើជា​ឆន្ទៈ​ផ្ទាល់ខ្លួន លោក​ចង់​បង្កើត​ព្រឹត្តិការណ៍​នេះ​ឱ្យ​បាន​ឆាប់ ដើម្បី​ស្នើសុំ​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា ក៏ប៉ុន្តែ​លោក​ថា រឿង​នេះ​ត្រូវ​ប្រជុំ​សម្រេច​ជាមួយ​សមាជិក​ដទៃ​ទៀត​សិន​៖ «សិទ្ធិ​ទាំងអស់​នេះ​ត្រូវ​បាន​កំណត់​នៅ​ក្នុង​ច្បាប់ ដូច្នេះ​យើង​ម្នាក់ៗ​ត្រូវតែ​តស៊ូ​ឡើង​ដើម្បី​សិទ្ធិ​សេរីភាព​។ បើ​គ្រាន់តែ​គេ​ឃាត់ គេ​ហាមប្រាម​មិន​ឱ្យ​យើង​ធ្វើ ហើយ​យើង​បណ្ដែតបណ្ដោយ ផ្ដេកផ្ដួល​ទៅតាម​ស្ថានភាព​ហ្នឹង យើង​គិត​ថា វា​ជា​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ពេល​ខាងមុខ​។ បើ​គេ​មិន​ឱ្យ ហើយ​យើង​នៅតែ​ខិតខំ​តស៊ូ ថ្ងៃ​ណាមួយ​យើង​នឹង​បាន​ជោគជ័យ»

លោក រ៉ុង ឈុន និង​សហការី គ្រោង​ប្រមូល​ផ្តុំ​កម្មករ និង​ប្រជាពលរដ្ឋ ជួបជុំគ្នា​សម្ដែង​មតិ​នៅមុខ​តុលាការ​ក្រុង​ភ្នំពេញ តាំងតែ​ពី​ថ្ងៃ​ទី​១៥ សីហា ដើម្បី​ស្នើសុំ​ឱ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា និង​ទម្លាក់​ចោល​រាល់​បទចោទប្រកាន់​លើ​លោក សម រង្ស៊ី​។ ក៏ប៉ុន្តែ គម្រោង​នេះ​ត្រូវ​លុបចោល​វិញ ដោយសារ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ចេញមុខ​ព្រមាន​ចំៗ​ថា ប្រសិនបើ​ក្រុម​លោក រ៉ុង ឈុន ជម្នះ​ធ្វើ​រឿង​នេះ អាជ្ញាធរ​នឹង​ចាត់ការ​តាមច្បាប់​។ អាជ្ញាធរ​រាជធានី​ភ្នំពេញ​យោង​លើ​ហេតុផល​ថា គម្រោង​នេះ​ជា​ការ​ប្រឆាំង​នឹង​សាលដីកា​តុលាការ​កំពូល និង​រំលោភ​លើ​សមត្ថកិច្ច​របស់​តុលាការ។

អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បញ្ជាក់​បន្ថែម​រឿង​នេះ​ពី​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ជាច្រើន​ដង ប៉ុន្តែ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន ចំណែក​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្តី វិញ មិន​លើក​ទូរស័ព្ទ​ទេ នៅ​ថ្ងៃ​ទី​២៨ សីហា។

អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក រ៉ុង ឈុន បញ្ជាក់​ជាថ្មី​ទៀត​ថា សកម្មភាព​ដែល​ពួក​លោក​គ្រោង​ធ្វើ​នេះ គឺ​ដើម្បី​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា មិនមែន​ជា​ទង្វើ​ប្រឆាំង​នឹង​រដ្ឋាភិបាល ឬ​ស្ថាប័ន​តុលាការ​ឡើយ​។ លោក​បន្ត​ថា ប្រសិនបើ​កម្ពុជា​មិន​អាច​ទម្លុះទម្លាយ​វិបត្តិ​នយោបាយ​នេះ​ឱ្យ​បាន​ឆាប់​ទេ​នោះ សហភាព​អឺរ៉ុប​នឹង​ដក​ការ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ហើយ​ពេលនោះ​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​នឹង​ត្រូវ​រងគ្រោះ៖ «​បំណង​យើង​តែមួយគត់ ចង់​រក្សា EBA ធ្វើ​ម៉េច​ដើម្បី​កម្មករ​មានការ​ងារ​ធ្វើ​បន្ត​ទៀត​។ ទី​ពីរ យើង​ចង់​ឃើញ​អ្នកនយោបាយ​ខ្មែរ​ទាំងអស់​អង្គុយ​ជជែក​គ្នា ហើយ​ស្វែងរក​ដំណោះស្រាយ​។ មានតែ​វិធី​ហ្នឹង​ទេ ដែល​ធ្វើ​ឱ្យ​សង្គម​កម្ពុជា​យើង​មានការ​អភិវឌ្ឍ​រីកចម្រើន និង​មាន​កំណើន​សេដ្ឋកិច្ច តែ​ផ្ទុយ​ទៅ​វិញ បើ​យើង​ផាត់​ចោល​ក្រុម​ណាមួយ សង្គម​កម្ពុជា​មិន​មាន​សេចក្ដី​សុខ​ទេ»

ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​កំពុង​ដំណើរការ​វិធានការ​ដាក់​ទណ្ឌកម្ម​របប​លោក ហ៊ុន សែន បន្ទាប់ពី​របប​នេះ​បាន​ចាប់ខ្លួន​លោក កឹម សុខា ដាក់​ពន្ធនាគារ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​បិទ​សិទ្ធិ​មន្ត្រី​បក្ស​នេះ​ជាង​១០០ នាក់ មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈ​ពេល​ ៥ឆ្នាំ ព្រមទាំង​ការរៀបចំ​ព្រឹត្តិការណ៍​បោះឆ្នោត​បែប​បង្គ្រប់​កិច្ច ដែល​ផាត់​ចោល​គណបក្សប្រឆាំង​ធំ​ជាង​គេ។ ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ជាងគេ​នោះ គឺ​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ប្រសិនបើ​សហភាព​អឺរ៉ុប​ពិនិត្យ​ឃើញ​ថា របប​ក្រុងភ្នំពេញ​មិន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ទេ​នោះ។

អ្នកនាំពាក្យ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ថ្លែង​ថា អាជ្ញាធរ​គួរតែ​អនុញ្ញាត​ឱ្យ​ក្រុម​អង្គការ​សមាគម​របស់​លោក រ៉ុង ឈុន អាច​ធ្វើ​សកម្មភាព​ប្រមូល​ផ្តុំ​នេះ​បាន​ដោយ​សេរី ព្រោះ​នេះ​ជា​សិទ្ធិ​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ជាតិ និង​អន្តរជាតិ​។ លោក​ថា បើ​អាជ្ញាធរ​បដិសេធ នោះ​មានន័យថា អាជ្ញាធរ​កំពុង​រំលោភ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​អង្គការ​សមាគម​ទៅ​វិញ​​ទេ៖ «រាល់​ការ​ធ្វើ​សកម្មភាព​ដែល​ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​តវ៉ា​ទាំងឡាយ​ណា​ដោយ​សន្តិវិធី វា​មិនបាន​ប្រាសចាក​អំពី​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ​។ ដូច្នេះ​ហើយ​គួរតែ​មាន​ការអនុញ្ញាត​ឱ្យ​ធ្វើ​ការ​ទាមទារ​តវ៉ា​ទៅតាម​គោលបំណង​នៃ​ក្រុម​អ្នក​រៀបចំ នោះ​វា​ជា​រឿង​មួយ​ដ៏​ល្អ​ប្រសើរ»

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ ពិនិត្យ​ឃើញ​ថា មូលហេតុ​ដែល​ពលរដ្ឋ​នៅតែ​ធ្វើ​សកម្មភាព​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ដោយសារ​ពួកគាត់​មើល​ឃើញ​ថា ការ​រំលាយ​គណបក្ស​នេះ ធ្វើឡើង​ក្រោម​ហេតុផល​នយោបាយ មិនមែន​ជា​ការអនុវត្ត​ច្បាប់​ឡើយ ដូច្នេះ​ពលរដ្ឋ​មិន​អាច​គោរព​តាម​សាលដីកា​នោះ​បាន​ទេ។

ពលរដ្ឋ​មួយ​ចំនួន​បាន​បញ្ជាក់​ថា ពួកគាត់​គាំទ្រ​គម្រោង​ប្រមូល​ផ្តុំ​គ្នា​នេះ និង​ស្នើ​ឱ្យ​លោក រ៉ុង ឈុន កុំ​ចុះ​ញ៉ម​នឹង​ការព្រមាន​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​។ ពួកគាត់​អះអាង​ថា បើ​បាតុកម្ម​នេះ​ធ្វើ​ឡើង​​នៅ​ថ្ងៃ​ណា ពួកគាត់​នឹង​ទៅ​ចូលរួម​មិន​ឱ្យ​ខកខាន​ឡើយ ពីព្រោះ​ពួកគាត់​យល់ថា បាតុកម្ម​នេះ​នឹង​អាច​ជួយ​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​វិបត្តិ​នយោបាយ និង​ជា​ឱកាស​ដែល​ពួកគាត់​អាច​ទម្លាយ​​ចេញ​បាន​នូវ​ទុក្ខ​កង្វល់​ទាក់ទង​នឹង​បញ្ហា​ប្រទេសជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល