មេដឹកនាំ​ម៉ាឡេស៊ី​នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុ​ជានា​ដើម​សប្ដាហ៍​ក្រោយ

ដោយ អាស៊ីសេរី
2019-08-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហាធា មហាម៉ាត់ (Mahathir Mohamad)
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហាធា មហាម៉ាត់ (Mahathir Mohamad)
Photo courtesy of Mahathir Mohamad Facebook

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហាធា មហាម៉ាត់ (Mahathir Mohamad) នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​រយៈពេល ៣​ថ្ងៃ នៅ​ដើម​សប្ដាហ៍​ក្រោយនេះ​។ ដំណើរ​ទស្សនកិច្ច​នេះ ធ្វើឡើង​តប​តាម​ការ​អញ្ជើញ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​តែង​លើក​សរសើរ​របៀប​ដឹកនាំ និង​ចង់​យក​គំរូ​តាម​លោក មហាធា ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច។

ដំណើរ​ទស្សនកិច្ច​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​ម៉ាឡេស៊ី ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី តំបន់ និង​អន្តរជាតិ​។ នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុ​ជា នៅ​ថ្ងៃ​ទី​៣០ សីហា​នេះ។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា លោក មហាធា នឹង​ជួប​ប្រជុំ​ជាមួយ​ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ ជាពិសេស​ជាមួយ​លោក ហ៊ុន សែន។ មេដឹកនាំ​ទាំងពីរ​នឹង​ផ្លាស់ប្ដូរ​យោបល់​គ្នា​អំពី​បញ្ហា​តំបន់ និង​អន្តរជាតិ ហើយ​នឹង​មានការ​ចុះហត្ថលេខា​រួមគ្នា​លើ​ឯកសារ​មួយ​ចំនួន​ផង​ដែរ។

នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​រដ្ឋបុរស​ម៉ាឡេស៊ី​រូប​នេះ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។ លោក​ធ្លាប់​បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ដើម​ឆ្នាំ​២០០៦ ក៏ប៉ុន្តែ​កាលណោះ លោក​មិនមែន​មក​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​នោះ​ឡើយ ព្រោះ​លោក​បាន​លាឈប់​ពី​ឆាក​នយោបាយ​ម៉ាឡេស៊ី​រួច​ទៅ​ហើយ។

ក្នុង​វ័យ ៩៤​ឆ្នាំ លោក មហាធា មហាម៉ាត់ (Mahathir Mohamad) គឺជា​អ្នកនយោបាយ​ដ៏​មាន​ឥទ្ធិពល​បំផុត​នៅ​ម៉ាឡេស៊ី។ លោក​បាន​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​២០០៣ រួច​ក៏បាន​ចូលនិវត្តន៍​ពី​កិច្ចការ​នយោបាយ​។ ក៏ប៉ុន្តែ​ដោយសារ​មើល​ឃើញ​ពី​អំពើពុករលួយ និង​ការរំលោភ​អំណាច​ជ្រុល​ហួសហេតុ​ពី​សំណាក់​អ្នក​ជំនាន់​ក្រោយ​របស់​លោក អ្នក​នយោបាយ​ចាស់​វស្សា​រូប​នេះ បាន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​វិញ ក្នុងនាម​ជា​មេដឹកនាំ​បក្ស​ប្រឆាំង។ លោក​បាន​ជាប់ឆ្នោត​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ជា​លើក​ទី​ពីរ កាលពី​ខែ​ឧសភា ឆ្នាំ​២០១៨ ដោយ​បាន​ផ្ដួល​គណបក្ស​កាន់អំណាច ដែល​លោក​ក៏​ធ្លាប់​បាន​ដឹកនាំ​អស់​រយៈពេល​រាប់​សិប​ឆ្នាំ​នោះ។

បណ្ឌិត មហាធា មហាម៉ាត់ គឺជា​មេដឹកនាំ​ម្នាក់ ដែល​ឱ្យ​តម្លៃ​លើ​ការចូលរួម​របស់​យុវជន និង​មនុស្ស​ជំនាន់​ថ្មី​ក្នុង​កិច្ចការ​នយោបាយ ដោយ​លោក​បាន​តែងតាំង​មន្ត្រី​វ័យក្មេង​ជាច្រើន​នៅ​ក្នុង​រដ្ឋបាល​របស់​លោក។ អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ លោក​នឹង​ធ្វើ​បាឋកថា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ដែល​ជា​ឱកាស​សម្រាប់​សិស្ស និស្សិត និង​សាធារណជន​ខ្មែរ អាច​ជួប​លោក​ដោយ​ផ្ទាល់ និង​សាកសួរ​អំពី​រឿងរ៉ាវ​ទាំងឡាយ ដែល​ពួកគេ​មាន​ចម្ងល់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល