ពលករ​ខ្មែរ​នៅ​កូរ៉េខាងត្បូង​បញ្ជាក់​ជំហរ​ថា ពួកគេ​នៅ​តែ​ធ្វើ​បាតុកម្ម​គាំទ្រ​លោក សម រង្ស៊ី

ដោយ សេក បណ្ឌិត
2019-08-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រតិភូ​អ្នក​ប្រជាធិបតេយ្យ​នៃ​គណបក្ស​សង្រ្គោះជាតិ នៅ​ខាងមុខ​សារមន្ទីរ​វប្បធម៌​អាស៊ី (Asia Culture Center) នៅ​ទីក្រុង​ក្វាងជូ (Qwangju) ​កូរ៉េ​ខាងត្បូង ​ក្នុង​ថ្ងៃ​មហាបាតុកម្ម​ភ្លើង​ទៀន ថ្ងស​ទី២០ ខែ​មេសា ឆ្នាំ​២០១៩។
ប្រតិភូ​អ្នក​ប្រជាធិបតេយ្យ​នៃ​គណបក្ស​សង្រ្គោះជាតិ នៅ​ខាងមុខ​សារមន្ទីរ​វប្បធម៌​អាស៊ី (Asia Culture Center) នៅ​ទីក្រុង​ក្វាងជូ (Qwangju) ​កូរ៉េ​ខាងត្បូង ​ក្នុង​ថ្ងៃ​មហាបាតុកម្ម​ភ្លើង​ទៀន ថ្ងស​ទី២០ ខែ​មេសា ឆ្នាំ​២០១៩។
RFA/Jeevita

មេដឹកនាំ​បាតុកម្ម​នៅ​ប្រទេស​កូរ៉េខាងត្បូង​បញ្ជាក់​ជំហរ​ថា ពួកគេ​នឹង​ដឹកនាំ​ធ្វើបាតុកម្ម​នៅ​ថ្ងៃ​ទី​២០ ខែ​តុលា ជា​ទ្រង់ទ្រាយ​ធំ ដើម្បី​ប្រាប់​ទៅ​របប​ក្រុងភ្នំពេញ​ថា ពួកគេ​មិន​ខ្លាច​ការព្រមាន​របស់​មន្ត្រី​បក្ស​កាន់អំណាច​មក​លើ​ពួកគេ​ទេ។ រីឯ​ពលករ​ក៏​អះអាង​ថា នឹង​ចូលរួម​ធ្វើបាតុកម្ម​នេះ​ដោយ​ខ្លាច​បាត់បង់​ការងារ​នោះ​ទេ។

មេដឹកនាំ​បាតុកម្ម​នៅ​ប្រទេស​កូរ៉េខាងត្បូង​រំពឹង​ថា នឹង​មាន​បាតុករ ជាង ៣​ពាន់​នាក់ ចូលរួម​ធ្វើ​បាតុកម្ម​គាំទ្រ​ការ​វិល​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី។ តាម​គម្រោង ក្រៅពី​ការ​ដើរ​ទាមទារ​តវ៉ា ក្រុម​បាតុករ​នឹង​យក​ញត្តិ​ទៅ​ដាក់​នៅ​តាម​បណ្តា​ស្ថានទូត​នៃ​ប្រទេស​ជា ហត្ថលេខី​កិច្ចព្រមព្រៀង​សន្តិភាព ២៣ តុលា។

ប្រធាន​ទំនាក់ទំនង​សាធារណៈ​នៃ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះជាតិ​នៅ​ប្រទេស​កូរ៉េខាងត្បូង លោក ម៉ាត់ វណ្ណនី ថា ក្រុម​ការងារ​បាន​ចុះ​ជួប​ពលករ​នៅ​តាម​តំបន់​មួយ​ចំនួន ក្នុង​ប្រទេស​កូរ៉េ​ហើយ ក្រុម​ពលករ​បាន​ប្រាប់ថា ពួកគេ​នឹង​ចូលរួម​ធ្វើបាតុកម្ម​។ មេដឹកនាំ​បាតុកម្ម​រូប​នេះ​បន្ត​ថា ក្រៅពី​មាន​ពលករ​ចូលរួម​ធ្វើបាតុកម្ម​នេះ ក៏​មាន​និស្សិត និង​ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​កូរ៉េ សន្យា​ថា នឹង​ចូលរួម​ធ្វើ​បាតុកម្ម​ជាមួយ​ក្រុម​លោក​ផង​ដែរ៖ «ក្រុមការងារ​យើង​បាន​ធ្វើ​ការងារ​យ៉ាងសកម្ម​ពិសេស​ក្នុង​បរិបទ​ដែល​ក្ដៅ បរិបទ​ដែល​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក​ប្រធាន សម រង្ស៊ី ក៏ដូចជា​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ករណី​ចាំបាច់​ដែល​យើង​ជា​យុវជន​ជា​ពលរដ្ឋ​ត្រូវតែ​ចូលរួម​ក្នុង​ការ​ស្រោចស្រព​ជាតិ​យើង»។​

ពលករ​ខ្មែរ​ធ្វើការងារ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ម្នាក់​លោក ភន ផាន់ណា ប្រាប់ថា ទោះ​មានការ​គំរាមកំហែង​ពី​របប​ក្រុងភ្នំពេញ​យ៉ាង​ណាក្តី ក៏​លោក​មិន​ខ្លាច​នោះ​ទេ​។ ផ្ទុយទៅវិញ​លោក​យល់ថា ការព្រមាន​នេះ រឹតតែ​ធ្វើ​ឱ្យ​លោក​កាន់តែ​មានចិត្ត​ក្លាហាន​ចូលរួម​ធ្វើបាតុកម្ម​ទៅវិញ​ទេ​។ ពលករ​រូប​នេះ អំពាវនាវ​ដល់​ពលករ​ខ្មែរ​ផ្សេងទៀត ឱ្យ​ចូលរួម​ធ្វើបាតុកម្ម​ទាំងអស់​គ្នា ដើម្បី​បង្ហាញ​ការ​គាំទ្រ​ការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី៖ «ទោះបីជា​មានការ​គំរាមកំហែង​ពី​អាជ្ញាធរ​ក្រុងភ្នំពេញ​យ៉ាងណា​គឺ​ពួក​យើង​ជា​ពលករ​នៅ​ប្រទេស​កូរ៉េ​នេះ អត់​ខ្លាច​ទេ កាន់តែ​មានការ​គំរាមកំហែង​កាន់តែ​ធ្វើ​ឱ្យ​ពួក​យើង​ចូលរួម​កាន់តែ​ច្រើន​ដើម្បី​ឱ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​គាត់​ស្ដារ​លទ្ធិប្រជាធិបតេយ្យ»

តាម​គម្រោង ក្រុម​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង នឹង​ធ្វើ​បាតុកម្ម​ថ្ងៃ​ទី​២០ ខែ​តុលា ខាងមុខ ក្នុង​គោលបំណង ទាមទារ​ឱ្យ​មានការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​ឡើងវិញ។

ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ដែល​ជា​អ្នក​រៀបចំ​ធ្វើបាតុកម្ម​នេះ​ឱ្យ​ដឹង​ថា ក្រុម​បាតុករ​ទាមទារ​ឱ្យ​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជួយ​សម្របសម្រួល ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់ លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត ព្រមទាំង​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ជុំវិញ​ពិភពលោក​ឱ្យ​ចូលរួម​ទាំង​អស់​គ្នា​ក្នុង​បេសកកម្ម​នេះ។

ក្រៅ​ពី​នេះ ក្រុម​បាតុករ ស្នើសុំ​ដល់​រដ្ឋាភិបាល​ប្រទេស​កូរ៉េខាងត្បូង​ឱ្យ​ចូលរួម​ដឹង​លឺ និង​ជួយ​ធ្វើ​សាក្សី​ចំពោះ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ខាងមុខនេះ​ផង​ដែរ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ហៅ​បាតុកម្ម​នេះ​ថា ជា​បាតុកម្ម​ខុសច្បាប់​ព្រោះ​ប្រឆាំង​នឹង​រដ្ឋាភិបាល​។ លោក​ថែមទាំង​ចោទប្រកាន់​ការ​ធ្វើ​បាតុកម្ម​នេះ​ថា គឺជា​ការ​រំលោភ​កិច្ច​កិច្ចសន្យាការងារ និង​គោលការណ៍​នៃ​ការ​បំពេញ​ការងារ​នៅ​ក្រៅ​ប្រទេស៖ «បាទ​ខុស​គោលការណ៍​ហើយពី​ព្រោះ​យើង​សម្ដែង​មតិ ប៉ុន្តែ​មិន​ឱ្យ​ធ្វើ​ផ្ដេសផ្ដាស​ឯណា​យើង (ពលករ​)​ទៅ​ប្រឆាំង​អ្នករក​ទីផ្សារ​ឱ្យ​យើង​ធ្វើ​ការងារ​អាហ្នឹង​វា​អត់​ត្រូវ»

ប៉ុន្តែ ពលករ​លោក ភន ផាន់ណា ឆ្លើប​តប​ទៅ​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​រូប​នេះ​វិញ​ថា ក្នុង​កិច្ច​សន្យាការងារ គ្មាន​ចំណុច​ណាមួយ​ហាមឃាត់​ពលករ​មិន​ឱ្យ​ធ្វើបាតុកម្ម​នោះ​ទេ។ លោក​បញ្ជាក់​ថា នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ សិទ្ធិ​បញ្ចេញមតិ ឬ​សិទ្ធិ​ធ្វើ​បាតុកម្ម​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់៖ «គាត់​គិត​ថា ពលករ​ខ្មែរ​នៅ​កូរ៉េ​គោ (សត្វ​គោ) អត់​ដឹង​អី តាមពិត​ក្នុង​កិច្ចសន្យាការងារ​គឺ​អត់​មាន​ច្បាប់​ណា​ហាម​អត់​ឱ្យ​ចូលរួម​ធ្វើបាតុកម្ម ឬ​ការ​ទាមទារ​អី​ទេ ពួក​យើង​មក​កូរ៉េ​នេះ​ពួក​យើង​សុទ្ធតែ​ដឹង​ច្បាប់»

អ្នកដឹកនាំ​បាតុកម្ម និង​ពលករ​នៅ​ប្រទេស​កូរ៉េខាងត្បូង​លើកឡើង​ថា នេះ​មិនមែន​ជា​លើក​ទី​១ ទេ ដែល​របប​ក្រុងភ្នំពេញ​តែងតែ​ចេញ​មុខ​មក​ព្រមាន ឬ​ហាមឃាត់​ពលករ​មិន​ឱ្យ​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​របប​របស់​ខ្លួន ប៉ុន្តែ​ពួកគេ​ថា ផែនការ​ខ្ទប់​ស្កាត់​ទាំងនោះ​តែងតែ​បរាជ័យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល