សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​គ្រោង​ធ្វើបាតុកម្ម​ប្រឆាំង​ថ្ងៃ​៧​មករា

ដោយ សេក បណ្ឌិត
2018-12-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ចៅហ្វាយ​ក្រុង​ដែនឌឺណុង (Dandenong) នៃ​ប្រទេស​អូស្ត្រាលី ដើម​កំណើត​ខ្មែរ លោក ជា យូហន។
ចៅហ្វាយ​ក្រុង​ដែនឌឺណុង (Dandenong) នៃ​ប្រទេស​អូស្ត្រាលី ដើម​កំណើត​ខ្មែរ លោក ជា យូហន។
Screenshot

សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​គ្រោង​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​ថ្ងៃ​៧​មករា ដោយ​ចាត់ទុកថា ថ្ងៃ​៧​មករា គឺជា​ថ្ងៃ​នាំ​កងទ័ព​វៀតណាម​ចូល​មក ឈ្លានពាន​ទឹកដី​ជិះជាន់​កម្ពុជា។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​យល់ថា អ្វី​ដែល​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​ធ្វើ​បែបនេះ គឺជា​សិទ្ធិ​របស់​ពួកគេ នឹង​បាន​រំលឹក​ថា បើ​គ្មាន​ថ្ងៃ​៧​មករា​ទេ ពួកគេ​មិន​អាច​រួច​ជីវិត​ទៅ​រស់នៅ​បរទេស​បាន​ឡើយ។

សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី នឹង​កំណត់​យក​ថ្ងៃ​ទី​៥ ខែ​មករា​ឆ្នាំ​២០១៩ ជា​ថ្ងៃ​ធ្វើបាតុកម្ម​ប្រឆាំង​ថ្ងៃ​៧​មករា ដែល​គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​ប្រារព្ធ​ធ្វើជា​រៀងរាល់​ឆ្នាំ។

សារព័ត៌មាន​អេសខេ មីឌា (SK) បាន​ចុះផ្សាយ​ដោយ​ដកស្រង់​ប្រសាសន៍ តំណាង​សហគមន៍​ខ្មែរ​អូស្ត្រាលី លោក ជា យូហន ឲ្យ​ដឹង​ថា ការ​ធ្វើ​បាតុកម្ម​នោះ​មានការ​ចូលរួម​ពី​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ក្នុង​នៅ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) សមាគម​ខ្មែរ សហព័ន្ធ​ខ្មែរ ក្រុមការងារ ២៣​តុលា និង​គណបក្ស​សង្គ្រោះជាតិ​នៅ​ប្រទេស​អូស្ត្រាលី​ជាដើម។

លោក​បន្ត​ថា តាម​គម្រោង ក្រុម​បាតុករ​គ្រោង​ជួបជុំគ្នា​នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​ក្រោយ​ទើប​ពួកគេ​ដើរ​ហែ​ក្បួន​ធ្វើបាតុកម្ម៖ «យើង​ដឹង​ហើយ​ថ្ងៃ​៧​មករា​នេះ គឺ​របប ហ៊ុន សែន បាន​ឲ្យ​វៀតណាម​មក​ជិះជាន់​ទឹកដី​ខ្មែរ​យើង ដូច្នេះ​យើង​ទាំងអស់​គ្នា​ដែល​ជា​អ្នក​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ​សន្តិភាព​យើង​ប្ដេជ្ញា​ចិត្ត​ដាច់ខាត​ប្រឆាំង​ថ្ងៃ​៧​មករា»

គម្រោង​របស់​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​គ្រោង​ធ្វើបាតុកម្ម​ប្រឆាំង​ថ្ងៃ​៧​មករា​បែបនេះ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ដឹកនាំ​ប្រទេស​ប្រទេស​ដោយ​ឯក​បក្ស នឹង​ប្រារព្ធ​ខួប​លើក​ទី​៤០ ថ្ងៃ​៧​មករា​នៅ​ទីក្រុង​ភ្នំពេញ។

គណបក្ស​ប្រជាជន​កម្ពុជា និង​មេដឹកនាំ​របប​ក្រុងភ្នំពេញ បាន​ចាត់​ទុក​ថ្ងៃ ៧​មករា ១៩៧៩ ជា​ជ័យជំនះ​លើ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​ជា​ថ្ងៃកំណើត​ទី​២។

ជុំវិញ​គម្រោង​ធ្វើបាតុកម្ម​របស់​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឲ្យ​អាស៊ីសេរី​ដឹង​តាម​ប្រព័ន្ធ​តេឡេក្រាម (Telegram) ថា ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​៧​មករា ឬ​ក៏​ប្រឆាំង​អ្វី​ផ្សេងទៀត​គឺជា​សិទ្ធិ​ដែល​មិន​អាច​ហាមឃាត់​គេ​បានទេ។ លោក​យល់ថា ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​មាន​ឱកាស​បាន​មក​រស់នៅ​ក្រៅ​ប្រទេស ក៏ដោយ​សារ​ថ្ងៃ​៧ មករា​នេះ​ដែរ។

ចំណែក អ្នកវិភាគ​នយោបាយ​ជើងចាស់​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា បើ​ផ្អែក​តាម​ប្រវត្តិសាស្ត្រ​ថ្ងៃ​ទី​៧ មករា ឆ្នាំ​១៩៧៩ មិនមែន ជា​ថ្ងៃ​រំដោះ​កម្ពុជា ឬក៏​ជា​ថ្ងៃ​ដែល​កងទ័ព​វៀតណាម​ចូល​មក​ជិះជាន់​ប្រទេស​កម្ពុជា​នោះ​ទេ។ លោក​បន្ត​ថា ថ្ងៃ​ទី​២៥ ធ្នូ ឆ្នាំ​១៩៧៨ ទៅវិញ​ទេ ដែល​ជា​ថ្ងៃ​កង​ទ័ព​វៀតណាម​ឈ្លានពាន​ប្រទេស​កម្ពុជា និង​ផ្ដួល​រំលំ​របប ប៉ុល ពត ឬ​របប​ខ្មែរក្រហម៖ «ខាង​៧​មករា ក៏​ខុស​អ្នកប្រឆាំង​៧​មករា​ក៏​ខុស ហើយ​ថ្ងៃ​៧​មករា​ក៏​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ដែល​អន្តរជាតិ​អត់​ទទួល​ស្គាល់​ថា​រដ្ឋាភិបាល​ស្របច្បាប់»

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​បន្ថែម​ទៀត​ថា ថ្ងៃ​ទី៧ មករា គឺជា​ថ្ងៃ​កង​ទ័ព​វៀតណាម​បង្កើត​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា។

ចំណែក មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​តែង​លើក​ឡើងជា​ញឹកញាប់​ដោយ​មិន​ទទួលស្គាល់​ថ្ងៃ ៧ មករា ជា​ថ្ងៃ​ជ័យជំនះ​របស់​ខ្មែរ​នោះ​ទេ។

គណបក្សប្រឆាំង​យល់ថា ជ័យជំនះ​សម្រាប់​ខ្មែរ​ទាំងមូល គឺជា​ថ្ងៃ​ដែល​កម្ពុជា​បាន​ឯករាជ្យ បង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ ឯកភាព​ជាតិ ប្រជារាស្ត្រ​ខ្មែរ​ទទួល​បាន​ភាព​រីក​រាយ ភាព​សុខដុមរមនា ដូចជា​ទិវា៩ វិច្ឆិកា ឆ្នាំ​១៩៥៣ និង​ថ្ងៃ​ដែល​កម្ពុជា​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ នោះ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល