អ្នកឃ្លាំមើល​ដំណើរការ​បោះឆ្នោត​ថា ការ​ប្ដូរ​ឈ្មោះ​គណបក្ស​អំណាច​ខ្មែរ​ជា​រឿង​នយោបាយ

ដោយ ហេង រស្មី
2019-02-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​ស្តីទី​គណបក្ស​អំណាច​ខ្មែរ លោក សួង សុភ័ណ្ឌ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​ខាង​ក្រៅ​បរិវេណ​តុលាការ​ក្រុង​ភ្នំពេញ ក្រោយ​បញ្ចប់​សវនាការ នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៧។
ប្រធាន​ស្តីទី​គណបក្ស​អំណាច​ខ្មែរ លោក សួង សុភ័ណ្ឌ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​ខាង​ក្រៅ​បរិវេណ​តុលាការ​ក្រុង​ភ្នំពេញ ក្រោយ​បញ្ចប់​សវនាការ នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៧។
RFA

អ្នកឃ្លាំមើល​ដំណើរការ​បោះឆ្នោត​សង្ស័យ​ថា សេចក្ដី​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​ឱ្យ​គណបក្ស​អំណាច​ខ្មែរ​ប្ដូរ​ឈ្មោះ​អាច​ទាក់ទិន​នឹង​រឿង​នយោបាយ​។ ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​ទី​២៦ កុម្ភៈ បាន​ប្រាប់​ទៅ​លោក សួង សុភ័ណ្ឌ ប្រធាន​គណបក្ស​ពលរដ្ឋ​ខ្មែរ​ឱ្យ​ប្ដូរ​ឈ្មោះ​គណបក្ស​ចេញ ដោយ​លើក​យក​ហេតុផល​ថា ក្រសួង​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​អំណាច​ខ្មែរ​ដែល​សំណូមពរ​ឱ្យ​ក្រសួងមហាផ្ទៃ​ធ្វើការ​ហាមឃាត់​បុគ្គល​មួយ​ចំនួន​ដែល​បាន​បន្ត​ប្រើប្រាស់​ឈ្មោះ​គណបក្ស​អំណាច​ខ្មែរ​កន្លងមក។ ការសម្រេច​របស់​ក្រសួងមហាផ្ទៃ​បាន​កើតមានឡើង​បន្ទាប់ពី​លោក សួន សេរីរដ្ឋា បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) រិះគន់​លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ ដែល​ខកខាន​មិនបាន​វិល​ចូល​ប្រទេស​តាម​ការសន្យា។

លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិក និយាយ​ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃ​ទី​២៦ កុម្ភៈ​ថា សេចក្ដី​សម្រេច​ក្រសួងមហាផ្ទៃ​ឱ្យ​គណបក្ស​អំណាច​ខ្មែរ​ប្តូរ​ឈ្មោះ​របស់​ខ្លួន​វា​មិន​សមស្រប​ទៅ​នឹង​ស្ថានភាព​បច្ចុប្បន្ន​ទេ៖ «ជា​ការ​លម្អៀង​មួយ​ដែរ​បើ​ជម្រើស​ហ្នឹង​ធ្វើ​សេចក្ដី​សម្រេចចិត្ត គឺ​មិន​សមស្រប​នឹង​អយុត្តិធម៌​សម្រាប់​គណបក្ស​អំណាច​ខ្មែរ​»

ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួង សុភ័ណ្ឌ បញ្ជាក់​ថា លោក​បាន​ឃើញ​លិខិត​របស់​ក្រសួងមហាផ្ទៃ​រួចហើយ ។ លោក​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​០៥ ខែ​មិនា ខាងមុខ គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​នឹង​ប្រជុំ​សម្រេច​ប្ដូរ​ឈ្មោះ​គណបក្ស​ថ្មី។

លោក​បញ្ជាក់​ថា មាន​ឈ្មោះ​គណបក្ស​បី​ដែល​នឹង​ត្រូវ​ប្រជុំ​សម្រេច​នា​ពេល​ខាងមុខ​គឺ គណបក្ស​ខ្មែរ​ឈ្នះ គណបក្ស​ខ្មែរ​ដើម្បី​ខ្មែរ និង​គណបក្ស​ជោគវាសនា​ជាតិខ្មែរ៖ «ហេតុផល​សំខាន់​ដែល​យើង​មើល​ឃើញ​តែម្ដង​ គឺ​គណបក្ស​អំណាច​ខ្មែរ​បាន​កសាង​​ក្រេឌីត (Credit) បាន​ល្អ វា​ជា​ការ​ព្រួយ​បារម្ភ​ដែរ បើ​យើង​ប្រៀបធៀប​ទៅ​ប្រទេស​វេណេហ្ស៊ុយអេឡា​ដែល​យើង​មើល​ប្រធាន​គណបក្សប្រឆាំង​អាយុ ៣៥​ឆ្នាំ បើ​ប្រៀបធៀប​មក​ខ្ញុំ ៣២​ឆ្នាំ ដូច្នេះ​ជា​ធម្មតា​រដ្ឋាភិបាល​គឺ​មិន​ធ្វើ​ឱ្យ​គណបក្ស​អំណាច​ខ្មែរ​ស្រួលខ្លួន​ទេ គឺ​ត្រូវតែ​មាន​បញ្ហា​អ្វី​ដូច​ទង្វើ​ដែល​ធ្វើ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ»

គណបក្ស​អំណាច​ខ្មែរ​ធ្លាប់​ដឹកនាំ​ដោយ​លោក សួន សេរីរដ្ឋា ក៏​ប៉ុន្តែ​ក្រោយមក​គណបក្ស​នេះ​បាន​ផ្ទេរ​ទៅ​ឱ្យ​លោក សួង សុភ័ណ្ឌ បន្ត​ដឹកនាំ​ជំនួស​វិញ​ដោយសារតែ​លោក សួន សេរីរដ្ឋា ត្រូវ​បាន​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន​ហើយ​ក្រោយមក​បាន​កាត់​ទោស​​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ បន្ទាប់​ពី​តុលាការ​រក​ឃើញ​ថា ជាប់​ពាក់ព័ន្ធ និង​ញុះញង់​កងទ័ព​មិន​ឱ្យ​ស្ដាប់​បទបញ្ជា។

ប៉ុន្តែ​ក្រោយមក លោក សួន សេរីរដ្ឋា ត្រូវ​បាន​​ព្រះមហាក្សត្រ​លើកលែងទោស​បន្ទាប់ពី​បាន​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​រយៈពេល ១​ឆ្នាំ​១០​ថ្លៃ។

លោក សួន សេរីរដ្ឋា ប្រាប់​អាស៊ីសេរី​ថា លោក​អបអរ​សារ​ទរ​ចំពោះ​សេចក្ដី​សម្រេច​របស់​ក្រសួង​មហាផ្ទៃ​។​លោក​បាន​ច្រានចោល​រាល់​ការចោទប្រកាន់​ទាំងឡាយ​ណា​ថា​ការសម្រេច​ឱ្យ​ប្ដូរ​ឈ្មោះ​គណបក្ស​ថា ជាប់​ទាក់ទិន​នឹង​រឿង​នយោបាយ៖ «ពួក​គាត់​​គ្រាន់តែ​ផ្កាប់​ខួរក្បាល​លម្អៀង​ទៅ​ក្រុម ​សម រង្ស៊ី និយម ​ដែល​អត់​មើល​ឃើញ​ការ​ពិត​ន័យ​ជា​បញ្ហា​នឹង​ដំណោះស្រាយ​ជុំវិញ​រឿង​ហ្នឹង​ទេ​ ពីព្រោះ​សុំ​ឱ្យ​បញ្ចប់ ប្រើប្រាស់​ឈ្មោះ​គណបក្ស​អំណាច​ខ្មែរ​នេះ មិនមែន​យើង​ទើបតែ​សុំ​មួយថ្ងៃ​ពីរ​ថ្ងៃ​ទេ​តាំង​ពី​​ខ្ញុំ​​ចេញពី​ពន្ធនាគារ»

ការសម្រេច​របស់​ក្រសួងមហាផ្ទៃ​ឱ្យ​ប្ដូរ​ឈ្មោះ​គណបក្ស​អំណាច​ខ្មែរ បាន​កើតឡើង​ក្រោយពី​លោក សួន សេរីរដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​បាន​សរសេរ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ដោយ​បាន​រិះគន់​លោក សម រង្ស៊ី ថា ​មិន​ហ៊ាន​ចូល​ស្រុក​ដោយ​​លោក​បាន​ភ្ជាប់​ករណី​នេះ​ទៅ​នឹង​រឿង EBA

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល