លោក ហ៊ុន សែន សារភាព ថា លោក​កំពុង​ជួយ​កូនប្រុស​ច្បង​ឱ្យ​ក្លាយ​ជា​នាយករដ្ឋមន្ត្រី

ដោយ ទីន ហ្សាការីយ៉ា
2020-06-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លៃង​ពេល​ចុះពិនិត្យការដ្ឋាន​អាកាសយាន្តដ្ឋាន​អន្តរជាតិ​ថ្មី នៅ​ថ្ងៃ​ទី២២ ខែ​មិថុនា ឆ្នាំ​២០២០។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លៃង​ពេល​ចុះពិនិត្យការដ្ឋាន​អាកាសយាន្តដ្ឋាន​អន្តរជាតិ​ថ្មី នៅ​ថ្ងៃ​ទី២២ ខែ​មិថុនា ឆ្នាំ​២០២០។
រូប​ពីហ្វេសប៊ុក លោក ហ៊ុន សែន

នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន អះអាង​នៅ​ថ្ងៃ​ទី​២២ មិថុនា ថា គណបក្ស​របស់​លោកមាន​បេក្ខជន​ជំនាន់​ក្រោយ​ជាច្រើន តែ​លោក​គាំទ្រ​បេក្ខភាព​លោក ហ៊ុន ម៉ាណែត ឱ្យ​ក្លាយ​ជា​មេដឹកនាំ​ទៅ​ថ្ងៃ​អនាគត​។ មន្ត្រី​បក្ស​ប្រឆាំង និង​អ្នកឃ្លាំមើល​សង្គម​យល់ថា និន្នាការ​បែបនេះ​កំពុង​នាំ​កម្ពុជា​ឆ្ពោះ​ទៅ​រក​ការដឹកនាំ​បែប​ផ្ដាច់ការ​ត​វង្ស​ត្រកូល។

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន សារភាព​ថា លោក​កំពុង​ជួយ​ពង្រឹង​សមត្ថភាព​ឱ្យ​កូនប្រុស​ច្បង គឺ​លោក ហ៊ុន ម៉ាណែត ដើម្បី​ឈោង​ចាប់​យក​តួនាទី​ជា​នាយករដ្ឋមន្ត្រី​ទៅ​ថ្ងៃ​អនាគត​។ ទោះជា​យ៉ាងណា លោក​អះអាង​ថា លោក ហ៊ុន ម៉ាណែត ត្រូវ​រង់ចាំ​យ៉ាងតិច​ពីរ​អាណត្តិ​ទៀត ទើប​អាច​មានឱកាស​ឡើង​ស្នង​តំណែង​ពី​លោក​បាន ព្រោះ​សព្វថ្ងៃ​លោក​កំពុង​បន្ត​កាន់អំណាច​នៅឡើយ​។ ម្យ៉ាងវិញទៀត លោក​ថា ករណី​នេះ​ក៏​អាស្រ័យ​លើ​ការ​គាំទ្រ​ពី​ផ្ទៃក្នុង​បក្ស និង​ប្រជាពលរដ្ឋ​ទូទៅ​ដែរ៖ «មិនមែន​មានតែ​បេក្ខជន ហ៊ុន ម៉ាណែត មួយ​ទេ​នៅ​ក្នុង​គណបក្ស​ប្រជាជន មាន​បេក្ខជន​ច្រើន​ណាស់ ក៏ប៉ុន្តែ​ក្នុង​ឋានៈ​ជា​ឪពុក យ៉ាងណា​ក៏​ខ្ញុំ​គាំទ្រ​កូន​ខ្ញុំ អប់រំ​កូន​ខ្ញុំ​ឱ្យ​វា​មាន​សមត្ថភាព។ បើ​វា​មិនបាន​ប៉ុន​ឪ​វា ក៏បាន​៨០% ឬ​៩០% របស់​ឪ​វា​ទៅ​ចុះ ប៉ុន្តែ​បញ្ហា​វា​ស្ថិត​នៅ​ត្រង់​អ្នកបោះឆ្នោត​ទេ​។ ដំបូង​នៅ​ក្នុង​បក្ស​ខ្លួនឯង ទទួល​យក​បាន ឬ​អត់ ទី​ពីរ​ត្រូវ​ឆ្លងកាត់​ការបោះឆ្នោត​ពី​ប្រជាជន»

ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន សែន បាន​សរសើរ​ខ្លួនឯង​ថា ជា​មេដឹកនាំ​ពូកែ ដែល​អាច​គ្រប់គ្រង​ប្រទេស​បាន​រហូតដល់​ជាង ៣០​ឆ្នាំ​។ លោក​បន្ត​ថា បច្ចុប្បន្ន​នេះ ក្រៅពី​លោក គ្មាន​អ្នកណា​អាច​ដឹកនាំ​ប្រទេស​បានទេ ហើយ​លោក​នឹង​បន្ត​កាន់អំណាច​យ៉ាងតិច​បំផុត​១០ ឆ្នាំ​ទៀត​។ លោក​បញ្ជាក់​ទៀត​ថា គណបក្ស​ប្រជាជន​កម្ពុជា​ដាក់​ទិសដៅ​គ្រប់គ្រង​អំណាច​រយៈពេល​វែង តួយ៉ាង​ការ​កសាង​ទីស្នាក់ការ​កណ្តាល​តម្លៃ​ជិត ៤០​លាន​ដុល្លារ​អាមេរិក​នោះ​ជាដើម គឺជា​ការ​វិនិយោគ​សម្រាប់​រយៈពេល ៥០​ឆ្នាំ ទៅ ១០០​ឆ្នាំ​ខាងមុខ៖ «វា​រត់​ទៅ​ជ្រក​ក្បាល​នៅ​ស្រុក​គេ ហើយ​វា​អផ្សុក វា​គ្មាន​អ្វី​ធ្វើ វា​គិតតែ live (​ផ្សាយ​ផ្ទាល់​) ទៅ និយាយ​ទៅ ផ្ទេរ​អំណាច​ទៅ​។ រហូត​ដល់ពេល​ប្រជុំ​សភា​ថា លោក ហ៊ុន សែន ខកចិត្ត​ខ្លាំង​ណាស់ ព្រោះ​អត់​បាន​ផ្ទេរ​អំណាច​ឱ្យ​កូនប្រុស​។ ស្អី​? អញ​នៅ​ធ្វើ​(​នាយករដ្ឋមន្ត្រី​) ហ្អា​! អ្នកណា​មាន​សមត្ថភាព​មក​ជំនួស ហ៊ុន សែន បច្ចុប្បន្ន​នេះ​? ឥលូវ​និយាយ​ឱ្យ​វា​ពិត ចេញ​មុខ​មក​។ ក្នុង​តួអង្គ​នៃ​គណបក្ស​ប្រជាជន អត់​មាន​អ្នកណា​ទេ​។ មានតែ​ពួក​អ្នកឯង​ទេ ដែល​ចង់​ធ្វើ ប៉ុន្តែ​អ្នក​ប្រហែលជា​ចាំជាតិ​ក្រោយ នៅ​ពេល​ដែល ហ៊ុន សែន មាន​វត្តមាន​នៅ​ទីនេះ»

កាល​ពី​ពេល​ថ្មីៗ​នេះ លោក ហ៊ុន សែន បាន​តែងតាំង​លោក ហ៊ុន ម៉ាណែត ឱ្យ​ក្លាយ​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​តួនាទី​ដឹកនាំ​សមាជិក​ជំនាន់​ក្រោយ​នៃ​គណបក្ស​នេះ​។ លោក ហ៊ុន ម៉ាណែត មាន​តួនាទី​ធំ​នៅ​ក្នុង​បក្ស​រួច​ទៅ​ហើយ គឺ​លោក​ជា​សមាជិក​គណៈអចិន្ត្រៃយ៍ ស្ថិត​ក្នុង​ចំណោម​មនុស្ស ៣៤​នា​ក់ ដែល​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​គណបក្ស​កាន់អំណាច។បន្ទាប់ពី​តែងតាំង​លោក ហ៊ុន ម៉ាណែត ឱ្យ​ធ្វើ​ជា​ប្រធាន​យុវជន​បក្ស​ហើយ គណបក្ស​ប្រជាជន​កម្ពុជា​ក៏បាន​តែងតាំង​កូនចៅ​មន្ត្រី​ជាន់ខ្ពស់ និង​ក្រុម​មនុស្ស​ស្និទ្ធ​នឹង​លោក ហ៊ុន ម៉ាណែត ចំនួន ២៣​នាក់​បន្ថែម​ទៀត ឱ្យ​ក្លាយ​ទៅជា​សមាជិក​គណៈអចិន្ត្រៃយ៍​យុវជន​របស់​បក្ស អម​ជាមួយ​លោក ហ៊ុន ម៉ាណែត ផង​ដែរ។

ងាក​ទៅ​ខាង​ជួង​កងកម្លាំងប្រដាប់អាវុធ​វិញ លោក ហ៊ុន សែន បាន​ត្រួស​ត្រាយផ្លូវ​ឱ្យ​លោក ហ៊ុន ម៉ាណែត ដែល​មាន​សញ្ញាប័ត្រ​ពីសាលា​យោធា​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក ឱ្យ​ក្លាយ​ជា​មេទ័ព​កំពូល​ម្នាក់​របស់​កម្ពុជា​។ ក្នុង​វ័យ​ត្រឹម ៤៣​ឆ្នាំ លោក ហ៊ុន ម៉ាណែត មាន​ឋានន្តរសក្ដិ​ផ្កាយ​៣ កាន់​តួនាទី​ជា​អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ ជា​មេបញ្ជាការ​កងទ័ពជើងគោក ជា​មេបញ្ជាការ​កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​មេបញ្ជាការ​រង​កង​អង្គរក្ស។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ជឿ​ថា ពេលវេលា​នៃ​ការ​ផ្ទេរ​អំណាច​ពី​ឪពុក​ទៅ​កូន​នេះ មិន​អាច​អូស​បន្លាយ​ដល់ ១០​ឆ្នាំ​ទៀត​នោះ​ទេ ព្រោះ​លោក ហ៊ុន សែន មាន​វ័យ​កាន់តែ​ចាស់ ហើយ​មាន​ជំងឺ​ប្រចាំ​កាយ​ផង៖ «បើ​យើង​មើល​ស្ថានភាព​ដែល​គាត់​កំពុងតែ​រៀបចំ​សម្រាប់ ហ៊ុន ម៉ាណែត ហ្នឹង គឺ​មិនមែន​សម្រាប់​១០ ឆ្នាំ​ទៀត​ទេ អាច​នៅ​ក្នុង​អាណត្តិ​ក្រោយៗ​ហ្នឹងឯង ព្រោះ​គាត់​ក៏​ដឹងខ្លួន​គាត់​ដែរ គាត់​អាយុ​៦៩ ឆ្នាំ​ទៅ​ហើយ គាត់​មាន​ទៅ​ក្មេង​ឯណា ហើយ​ច្បាស់​ជា​មាន​បញ្ហា​សុខភាព​ផង អាហ្នឹង​បាន​គាត់​ត្រូវតែ​ខំ​ប្រឹងប្រែង​ចូកចែវ ដើម្បី​ឱ្យ ហ៊ុន ម៉ាណែ​ត ឡើង​ឱ្យ​លឿន​ហ្នឹង​ណា»

លោក អេង ឆៃអ៊ាង យល់​ថា លោក ហ៊ុន សែន ដែល​ពូកែ​ខាង​ល្បិចកល​ទុច្ចរិត ក្រាញ​អំណាច និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅមុន​ការបោះឆ្នោត​ឆ្នាំ​២០១៨ គឺជា​តឹង​តាង​យ៉ាង​ច្បាស់​ថា លោក ហ៊ុន សែន មិន​ហ៊ាន​ប្រកួតប្រជែង តាម​បែប​សុចរិត​នោះ​ឡើយ​៖ «អំណាច​ដែល​គាត់​បាន​មក តាម​ភាព​ទុច្ចរិត​ទេ​។ បើ​មនុស្ស​ដែល​គេ​មាន​ភាព​សុចរិត ទៀងត្រង់​ហ្នឹង គេ​មិន​ទៅ​ធ្វើ​អ៊ីចឹង​ទេ​។ គេ​មិន​ទៅកាន់​អំណាច​យូរ​ឆ្នាំ​អ៊ីចឹង​ទេ​។ អ្នក​ដែល​គេ​សុចរិត​ហ្នឹង គេ​ធ្វើ​អ្វី​ឱ្យ​ជា​មាន​កិត្តិយស​សម្រាប់​ខ្លួន​គេ​ទៅ គេ​ប្រគល់​ឱ្យ​ទៅ​អ្នក​ជំនាន់​ក្រោយ​ទៀត ដើម្បី​រៀបចំ​ប្រទេស​ឱ្យ​បាន​ត្រឹមត្រូវ ឱ្យ​បាន​ល្អ ឱ្យ​បាន​ជឿនលឿន​ដូច​ប្រទេស​នានា​លើ​ពិភពលោក​ហ្នឹង»

លោក ហ៊ុន សែន ត្រូវ​បាន​វៀតណាម​លើក​បន្តុប​ឱ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី ក្នុង​ឆ្នាំ​១៩៨៥ រហូត​ដល់​ឆ្នាំ​១៩៩១​។ លោក​បាន​ចាញ់​ការបោះឆ្នោត​នៅ​ឆ្នាំ​១៩៩៣ ដែល​រៀបចំឡើង​ដោយ​អាជ្ញាធរ​បណ្ដោះអាសន្ន​របស់​អង្គការសហប្រជាជាតិ ហៅ​កាត់​ថា អ៊ុនតាក់ (UNTAC) ក៏ប៉ុន្តែ​លោក​មិន​សុខចិត្ត ហើយ​គំរាម​បង្កើត​តំបន់​អបគមន៍​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​។ ក្រោយ​ការ​សម្របសម្រួល លោក​បាន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ទី​២ នៃ​រដ្ឋាភិបាល​អាណត្តិ​ទី​១ ក៏ប៉ុន្តែ​នៅ​ឆ្នាំ​១៩៩៧ លោក​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ពី​តំណែង​នាយករដ្ឋមន្ត្រី​ទី​១។ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ក៏បាន​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ​១៩៩៨ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក គណបក្ស​នេះ​បាន​បន្ត​ឈ្នះ​ឆ្នោត​រៀងរាល់​អាណត្តិ តែ​រង​ការ​រិះគន់​ថា ជា​ការ​បោះឆ្នោត​ដោយ​មិន​សេរី មិន​យុត្តិធម៌ និង​មាន​ការ​លួច​បន្លំ​សន្លឹកឆ្នោត។

ក្រោយមក គណបក្ស​ប្រជាជន​កម្ពុជា​បាន​បាត់បង់​សំឡេង​គាំទ្រ​យ៉ាង​គំហុក​ក្នុង​ការ​បោះឆ្នោត​សភា ឆ្នាំ​២០១៣ និង​ជាពិសេស ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ ស្រប​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបា​ន​ការ​គាំទ្រ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ពី​ពលរដ្ឋ​ជិត​ពាក់​កណ្តាល​ប្រទេស​។ នៅ​ចុង​ឆ្នាំ​២០១៧ តុលាការ​កំពូល​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​លោក ហ៊ុន សែន បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​យក​អាសនៈ​ពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​មូលដ្ឋាន​របស់​បក្ស​នេះ​ទៅ​ចែក​គ្នា​កាន់កាប់ ព្រមទាំង​បំបិទ​សិទ្ធិ​នយោបាយ​របស់​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​ចំនួន​១១៨ នាក់​ទៀត​ផង។

អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក យល់​ថា ការដែល​លោក ហ៊ុន សែន អាច​កាន់​តំណែង​មកដល់ពេលនេះ គឺ​ដោយសារតែ​ការ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ និង​ការ​បំបែកបំបាក់​សំឡេង​ប្រឆាំង​។ លោក​បន្ត​ថា នៅ​កម្ពុជា​មិនមែន​មាន​តែ​លោក ហ៊ុន សែន ម្នាក់​ទេ ដែល​អាច​ធ្វើ​នាយករដ្ឋមន្ត្រី​បាន ប៉ុន្តែ​ដោយសារ​លោក​នៅតែ​ក្រាញ​អំណាច មិន​ព្រម​ផ្តល់​ឱកាស​ឱ្យ​អ្នកដទៃ សូម្បីតែ​សមាជិក​គណបក្ស​របស់​ខ្លួន៖ «បើ​យើង​មើល​លើ​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ ការ​ឡើង​កាន់អំណាច គឺ​តាមរយៈ​ការបោះឆ្នោត ដោយ​តម្លាភាព ដោយ​ស្មើភាព​គ្នា​។ មិនមែន​មានតែ​គាត់​ទេ ដែល​អាច​កាន់អំណាច​បាន​នោះ​។ មិន​ខ្វះ​ទេ អ្នក​ដែល​មាន​សមត្ថភាព ក៏ប៉ុន្តែ​សួរ​ថា តើ​គាត់​ផ្តល់​ឱកាស​ឱ្យ​អ្នក​ដែល​មាន​សមត្ថភាព​ហ្នឹង​ចូលរួម​ការបោះឆ្នោត​ទេ​? ហើយ​យើង​មើល​ផ្ទៃក្នុង​បក្ស​ប្រជាជន មិន​ខ្វះ​ទេ​មនុស្ស​ដែល​មាន​សមត្ថភាព តែ​អ្វី​ដែល​សំខាន់ គឺ​គាត់​មិន​មានឱកាស​ឈរ​ឈ្មោះ​ជា​នាយករដ្ឋមន្ត្រី»

ស្រប​ពេល​លោក ហ៊ុន សែន កំពុង​ត្រួស​ត្រាយផ្លូវ​ឱ្យ​លោក ហ៊ុន ម៉ាណែ​ត ឡើង​ស្នង​តំណែង​នេះ របប​របស់​លោក​បាន​បង្កើន​ការ​វាយ​បង្ក្រាប​ឥត​ស្រាកស្រាន្ត​លើ​មន្ត្រី​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នកសង្កេតការណ៍​យល់ថា លោក ហ៊ុន សែន មិន​ហ៊ាន​ប្រកួត​ការបោះឆ្នោត​តាម​វិធី​ត្រឹមត្រូវ​ជាមួយ​បក្ស​ប្រឆាំង​ទេ​។ ឧទាហរណ៍ លោក​មិន​ហ៊ាន​ឱ្យ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្សី ចូល​ស្រុក នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​២០១៩ ហើយ​ថែមទាំង​បាន​ចាប់ខ្លួន និង​ចោទប្រកាន់​មន្ត្រី​មូលដ្ឋាន​បក្ស​ប្រឆាំង​រាប់​រយ​នាក់ ពី​បទ​រួមគំនិត​ក្បត់ជាតិ និង​ញុះញង់​ទៀត​ផង​។ ចំណែក នៅ​ឆ្នាំ​២០២០ នេះ វិញ មន្ត្រី​បក្ស​ប្រឆាំង​ជិត​២០ នាក់ ត្រូវ​បាន​ចាប់ខ្លួន​បន្ថែម​ទៀត ក្រោម​បទ​ចោទ​ដូចគ្នា​នេះ ស្រប​ពេល​សកម្មជន​ស​ង្គ្រោះជាតិ ១៦​នាក់​ផ្សេងទៀត​នៅ​រាជធានី​ភ្នំពេញ ត្រូវ​ជន​មិន​​ លួច​វាយ​ឱ្យ​រងរបួស ហើយ​សមត្ថកិច្ច​មិន​បាន​ជួយ​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ឡើយ។

ក្រៅពី​ករណី​នយោបាយ​ទាំងនេះ របប​លោក ហ៊ុន សែន ក៏បាន​គាបសង្កត់​លើ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ផង​ដែរ​។ ការ​បញ្ចេញ​មតិ ការ​ផ្សព្វផ្សាយ ការ​ប្រមូល​ផ្តុំ និង​ការប្រជុំ​ដោយ​សន្តិវិធី​ដែល​របប​លោក ហ៊ុន សែន មិន​ពេញចិត្ត តែងតែ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ជា​អំពើ​ទុច្ចរិត ឬ​ការ​ញុះញង់ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ជាច្រើន​នាក់​ជាប់ពន្ធនាគារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល