លោក​ហ៊ុន សែន​ព្រមាន​ចាប់​លោក​ សម​ រង្ស៊ី​ ជា​ថ្មី​បើ​សិន​​ហ៊ាន​ត្រឡប់​មក​​​កម្ពុជា

ដោយ វ៉ែន សុមេធ
2019-07-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី (ឆ្វេង) ប្រធាន​ស្ដីទី​​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក ហ៊ុន សែន ក្នុង​ពិធី​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡាដ្ឋាន​ជាតិ «មរតកតេជោ» ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ២០១៩។
លោក សម រង្ស៊ី (ឆ្វេង) ប្រធាន​ស្ដីទី​​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក ហ៊ុន សែន ក្នុង​ពិធី​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡាដ្ឋាន​ជាតិ «មរតកតេជោ» ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ២០១៩។
រូប​ពី​ហ្វេសប៊ុក​៖ លោក សម រង្ស៊ី និង​លោក ហ៊ុន សែន

មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​ក្រោយ​ពី​បាន​ស្ងប់ស្ងាត់​មួយ​រយៈ​មក​ ក៏​ចាប់​ផ្ដើម​សម្ញែង​អំណាច​របស់​ខ្លួន​ឡើង​វិញ​។ លោក ហ៊ុន សែន ព្រមាន​ជា​ថ្មី​ទៀត​ថា ​នឹង​​វាយ​ខ្នោះ​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី ប្រសិន​បើ​ជា​លោក​​ហ៊ាន​ឈាន​ជើង​ចូល​មក​ដល់​​កម្ពុជា។ ទន្ទឹម​គ្នា​នេះ ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​ថៃ​អះអាង​ថា ​ពួកគេ​​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ ដើម្បី​អម​ដំណើរ​លោក ​សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ដោយ​មិន​ខ្លាច​ការ​គំរាមកំហែង​របស់​លោក​ ហ៊ុន សែន​ឡើយ។

អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​លើក​ឡើង​ថា ការ​ដែល​លោក​ ហ៊ុន សែន​ និយាយ​កោកៗ ម្ដង​ហើយ​ម្ដង​ទៀត​អំពី​ការ​ចាប់ខ្លួន​លោក សម រង្ស៊ី​ នេះ ដោយសារ​ភ័យ​ខ្លាច​លោក សម រង្ស៊ី​ វិល​ចូល​ស្រុក​ធ្វើ​ឱ្យ​រង្គោះរង្គើ​ដល់​អំណាច​ដឹក​នាំ​​របស់​ខ្លួន។​​​​

ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ម្នាក់​លោក​ ជីម ផាត ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​២៩ កក្កដា​ថា ដំណាក់​កាល​ទឹក​ឡើង​ដល់​ច្រមុះ​បែប​​នេះ​ ស្អី​ក៏​​លោក​ហ៊ុន​ សែន​ និយាយ​កើត​ដែរ​ ដើម្បី​រារាំង​លោក សម រង្ស៊ី វិល​ចូល​ស្រុក ព្រោះ​ភ័យ​ខ្លាច​លោក​​​​ចូល​ស្រុក​​​​ធ្វើ​ឱ្យគណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើង​វិញ​​ ​មិន​អាច​ប្រកួតប្រជែង​ឈ្នះ​ការ​បោះ​ឆ្នោត។ លោក​បន្ត​ថា ទោះ​បី​ជា​មាន​ការ​​គំរាម​កំហែង​​មុន​​យ៉ាង​នេះ​​ក្ដី​ ក៏​​ពលករ​ខ្មែរ​រាប់​ម៉ឺន​​នាក់​នៅ​ប្រទេស​ថៃ​ត្រៀម​ខ្លួន​ទៅ​​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ដែរ៖ «សំខាន់​មែន​ទែន​គឺ ប្រទេស​យើង​ធ្លាក់​ទៅ​ក្នុង​គ្រោះ​មហន្តរាយ​នៃ​ការ​វិនាស​ដល់​ជាតិ​ ព្រោះ​​លោក ហ៊ុន សែន ​បាន​ក្បត់​អធិបតេយ្យ​ជាតិ​ ព្រោះ​លោក​បាន​ប្រកាស​នៅ​ព្រឹក​មិញ​នេះ​ថា​លោក​ទិញ​អាវុធ​មក​បន្ថែម​ទៀត​ មិន​ដឹង​ទិញ​មក​ធ្វើ​អី​ទេ​ ហើយ​មាន​រឿង​រ៉ាវ​ជា​ច្រើន​ទៀត​ ចុះ​ហត្ថលេខា​​​ជា​មួយ​ចិន​ដាក់​​ទីលាន​កងទ័ព​នៅ​កម្ពុជា​ដោយ​សម្ងាត់​ យើង​ឃើញ​ហើយ​ប្រទេស​យើង​បើ​យើង​មិន​នាំ​គ្នា​ក្រោក​តតាំង​ទេ​ ថ្ងៃ​ណា​មួយ​ ព្រោះ​ថ្ងៃ​ណេះ​គេ​គំរាម​បាន​ថ្ងៃ​ក្រោយ​ ក៏​គេ​អាច​បាញ់​​សម្លាប់​​ខ្មែរ​​ជា​​បន្ត​បន្ទាប់​​ទៀត​​ដែរ»

ចំណែក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយ​រៀង​លោក ម៉ៅ វិបុល ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ ថាសកម្មជន​គណបក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន​បាន​ត្រៀម​ខ្លួន​ដឹក​នាំ​ពលរដ្ឋ​ទៅ​​អម​ដំណើរ​លោក សម រង្ស៊ី ចូល​ស្រុក​វិញ​រួច​ហើយ​ដែរ​ ។លោក​បន្ត​ថា ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​​​​មិន​ខ្លាច​អាជ្ញាធរ​របប​លោក ហ៊ុន សែន ចាប់​ខ្លួន​នោះ​ទេ ព្រោះ​ពួកគាត់​យល់​ថា លោក សម រង្ស៊ី ចូល​ស្រក​ជា​ដំណោះ​ស្រាយ​នយោបាយ​ដ៏​ល្អ​ ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់​ឡើង​វិញ​បាន៖ «បើ​យើង​នៅ​តែ​ខ្លាច​នៅ​តែ​ភ័យ​គេ​ជិះជាន់​យើង​រហូត តែ​សម្រាប់​ខ្ញុំ​និង​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​មិន​មាន​ការ​ភ័យ​ខ្លាច​ទេ ឱ្យ​តែ​លោក សម រង្ស៊ី​ ចូល​ពេល​ណា​គាត់​ខុស​ចិត្ត​ជាប់​គុក​ជំនួស​ក៏​បាន​ដែរ ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ។ សម្រាប់​ខ្ញុំ​ផ្ទាល់​ក៏​ខ្ញុំ​លះបង់​ជីវិត​ដើម្បី​យុត្តិធម៌​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅ​ជា​មួយ​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​ឱ្យ​ដោះលែង​លោក កឹម សុខា។លោក ហ៊ុន សែន គំរាមកំហែង​នេះ​គឺ​ជា​ការ​ភូត​អន្តរជាតិ និង​ភូត​ខ្មែរ​គ្នាឯង​ធ្វើ​ឱ្យ​ឈឺចាប់​កាន់​តែ​ខ្លាំង»

ការ​លើក​ឡើង​របស់​ពលករ​និង​សកម្មជន​បក្ស​ប្រឆាំង​នេះ​ បន្ទាប់​ពី​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំ​ពេញ​លោក ហ៊ុន សែន​ ព្រមាន​ជា​ថ្មី​ទៀត​ឱ្យ​សមត្ថកិច្ច​ត្រៀម​​វាយ​ខ្នោះ​​លោក សម រង្ស៊ី ប្រសិន​បើ​លោក​ហ៊ាន​វិល​ចូល​មក​កម្ពុជា​វិញ។បុរស​ខ្លាំង​ខាង​រំលោភ​សិទ្ធិ​មនុស្ស​រូប​នេះ ចោទ​ ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ថា ជា​មនុស្ស​ក្បត់ជាតិ៖ «បញ្ហា​ស្ថិត​ត្រង់​អ្នក​ឯង​ទៅ​មិន​ព្រម​មក​តើ ឥលូវ​បើ​អ្នក​ឯង​មក​ហើយ​វា​ជា​ក្ដី​សប្បាយ​។យើង​ទាំង​អស់​គ្នា​ត្រូវ​ត្រៀម​ស្វាគមន៍​ប៉ុន្តែ​ការ​ស្វាគមន៍​របស់​យើង​ដោយ​ខ្នោះ ហើយ​លទ្ធផល​នៃ​ការ​តដៃ​គឺ​ស្គាល់​ហើយ​ តើ​នឹង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​នោះ ខ្ញុំ​មិន​ចាំ​បាច់​និយាយ​ទេ​។ឥឡូវ​ខែ​៨​ ជិត​ដល់​ហើយ​ គេ​ថា​មក​ខែ​៨​ រួច​ហើយ​គេ​ថា​ខែ​៩​ រួច​ហើយ​គេ​ថា​ ខែ​១០​ ខែ​១១​ រួច​ហើយ​ខែ​១២​ មុខ​តែ​អីចឹង​ហើយ​ គេ​ហៅ​ថា​ អូស​ក្រឡា»

លោក​ ហ៊ុន សែន​ ថ្លែង​បែប​នេះ​នៅ​ពេល​ចុះ​ពិនិត្យ​ការដ្ឋាន​សំណង់​​ពហុកីឡាដ្ឋាន ដែល​លោក​អះអាង​ថា​ជា​អំណោយ​របស់​ចិនជូន​ចំពោះ​លោក​ នៅ​ព្រឹក​ថ្ងៃ​ទី២៩ កក្កដា។

ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី​ សរសេរ​ក្នុង​ហ្វេសប៊ុក​របស់​លោក​ កាល​ពី​ថ្ងៃ​ទី២៨ កក្កដា​ថា ការ​គំរាម​ចាប់​គឺ​ជា​កិត្តិយស​សម្រាប់​លោក​ទៅ​វិញ​ទេ ដែល​ក្រោម​របប​ផ្ដាច់ការ ដូច​​របប ហ៊ុន សែន សព្វថ្ងៃ មាន​ប៉ូលិស​បម្រើ​ឃាតក តាម​ចាប់​លោក​ ហើយ​មាន​តុលាការ​​ជា​អាយ៉ង​​របប​លោក​ក្រុង​ភ្នំពេញ​ តាម​ញាំញី​​លោក។លោក​បន្ត​ថា​ ពួក​ជន​ផ្ដាច់ការ និង​ពួក​ឃាតក តាម​​រករឿង​លោក​កាន់​តែ​ខ្លាំង​ ធ្វើ​ឱ្យ​លោក​ទទួល​បាន​ពាន​រង្វាន់​ជើង​ឯក​សេរីភាព​និង​ប្រជាធិបតេយ្យ កាន់តែ​ច្រើន ពី​អន្តរជាតិ​​ទៅ​វិញ​ទេ។

ថ្មី​ៗ​នេះ​លោក សម រង្ស៊ី​ ប្រកាស​ថា​លោក​នឹង​វិល​ចូល​ស្រុក​វិញ​យ៉ាង​យូរ​ក្នុង​ខែ​កញ្ញា​ខាង​មុខ​ ដើម្បី​ចូល​រួម​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់​ឡើង​វិញ។

បន្ថែម​ពី​នេះ​ លោក​ សម រង្ស៊ី​ រំពឹង​ថា​ មាតុភូមិ​និវត្តន៍​​នេះ នឹង​មាន​ភាព​អធិកអធម ជាង​កាល​ពី​ឆ្នាំ ២០១៣ ទៅទៀត ហើយ​នឹង​នាំមក​នូវ​ការ​ផ្លាស់ប្ដូរ ដែល​លោក ហ៊ុន សែន មិន​អាច​ជៀស​វាង​បាន​ឡើយ។

ខុស​ពី​អ្នកគាំទ្រ​គណបក្ស​នយោបាយ អ្នក​សម្រប​សម្រួល ​និង​អង្កេត​នៃ​​អង្គការ ខុមហ្វ្រែល (comfrel) លោក កន សាវាង្ស  លើក​ឡើង​ថា​ ការ​វិល​ចូល​ស្រុក​ឬ​មិន​ចូល​ស្រុក​មិន​មែន​ជា​​ដំណោះ​ស្រាយ​នយោបាយ​នោះ​ឡើយ ប្រសិន​បើ​មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​មិន​ឆាប់​​ចរចា​ត្រូវ​រ៉ូវ​គ្នា​ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់​ឡើង​វិញ​នោះ៖ «ខ្ញុំ​គិត​ថា​គួរ​តែ​មាន​ការ​សម្របសម្រួល​គ្នា​មក​ដល់​នេះ​ហើយ​ យើង​ត្រូវ​មើល​ក្បែរ​យើង​ផង​ គេ​បាន​ទ្រព្យសម្បត្តិ​គេ​បាន​លាភសក្ការៈ​យ៉ាង​ច្រើន​ទាញ​ចេញ​ពី​ជម្លោះ​របស់​ខ្មែរ។ យើង​គួរ​តែ​ល្មម​ដោះដូរ​កែសម្រួល​ការងារ​ចារឹក​នយោបាយ​ឱ្យ​អាច​រក​វិធី​ជជែក​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ​ប្រសើរ​ជាង​ កុំ​ឱ្យ​ខ្លាំង​រៀង​ខ្លួន​នាំ​ឱ្យ​ខាត​បង់​ប្រយោជន៍​ជាតិ​ បើ​កាល​ណា​ខ្លាំង​រៀង​ខ្លួន​មិន​មាន​ប្រយោជន៍​ណា​មួយ​ដល់​សង្គម​ទេ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​​បន្ត​ថា ជម្លោះ​នយោបាយ​​របស់​កម្ពុជា​​​អូស​បន្លាយ​ពេល​ប្រមាណ ២ឆ្នាំមក​នេះ​ បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​ជា​បន្ត​បន្ទាប់ និង​មាន​ឈ្មោះ​មិន​ល្អ​នៅ​លើ​ឆាក​អន្តរជាតិ​​ ហើយ​កម្ពុជា​អាច​ប៉ះពាល់​កាន់​តែ​ខ្លាំង​នៅ​ពេល​សហគមន៍​អឺរ៉ុប​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ EBA ជា​ផ្លូវ​ការ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

បើចរចារអោយហ៊ុនសែនកាន់អំណាចទៀត មិនបាច់ចរចារទេ។

Jul 30, 2019 07:14 AM

គេហទំព័រ​ទាំងមូល