ក្រុម​​គ្រូបង្រៀន​ស្នើ​សាលាឧទ្ធរណ៍​ពន្លឿន​សំណុំ​រឿង​សុំ​ក្របខ័ណ្ឌ​ក្រសួង​អប់រំ​ឡើង​វិញ

ដោយ មាន ឫទ្ធិ
2019-09-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​ រ៉ុង ឈុន​ ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ពេល​យក​បណ្តឹងទៅ​ដាក់​នៅ​សាលាដំបូង​រាជធានី​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី១៦ ខែ​មករា ឆ្នាំ២០១៩។
លោក​ រ៉ុង ឈុន​ ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ពេល​យក​បណ្តឹងទៅ​ដាក់​នៅ​សាលាដំបូង​រាជធានី​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី១៦ ខែ​មករា ឆ្នាំ២០១៩។
រូបថត​ពី​បណ្តាញ​សង្គម

ក្រុម​គ្រូ​បង្រៀន​​ដែល​​ត្រូវ​ក្រសួង​លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​ ស្នើ​​​សុំ​សាលាឧទ្ធរណ៍​​​ពន្លឿន​សំណុំ​រឿង​ស្នើ​សុំ​ក្របខ័ណ្ឌ​ឡើង​វិញ បន្ទាប់​ពី​ករណី​នេះ​បាន​ស្ងប់​ស្ងាត់​​បាត់​​ ​តាំង​តែ​ពី​ខែ​ឧសភា​មក។ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ស្នើ​ឱ្យ​សាលាឧទ្ធរណ៍​ពិនិត្យ​សំណុំ​រឿង​នេះ​ឱ្យ​បាន​ដិត​​ដល់ និង​ផ្តល់​យុត្តិធម៌​ដល់​ក្រុម​គ្រូ​បង្រៀន​វិញ។

ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​តំណាង​ក្រុម​គ្រូ​បង្រៀន​ដែល​ត្រូវ​ក្រសួង​លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ លោក រ៉ុង ឈុន ថ្លែង​ថា ពួក​​លោក​ទន្ទឹង​រង់ចាំ​ការ​​សវនាការ​លើ​បណ្ដឹង​សារទុក្ខ​ទាក់ទង​នឹង​ការ​ស្នើ​សុំ​ក្របខ័ណ្ឌ​ឡើង​វិញ​នេះ​អស់​រយៈ​ពេល​ជាង ៣ខែ​មក​ហើយ ក៏​ប៉ុន្តែ​មិន​ឃើញ​ខាង​សាលាឧទ្ធរណ៍​​កោះហៅ​ពួក​លោក​​នៅ​ឡើយ​ទេ។ លោក​ស្នើ​សុំ​ឱ្យ​សាលា​ឧទ្ធរណ៍​ពន្លឿន​រឿង​ក្តី​នេះ និង​បង្គាប់​ឱ្យ​ក្រសួង​អប់រំ​ផ្ដល់​ក្របខ័ណ្ឌ​ដល់​ពួក​លោក​ឡើងវិញ​​ ពីព្រោះ​លោក និង​គ្រូ​បង្រៀន​​ដទៃ​ទៀត មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​អះអាង​របស់​ក្រសួង​អប់រំ​នោះ​ឡើយ៖ «អ្វី​ដែល​ក្រសួង​អប់​រំ​ធ្វើ​ហ្នឹង វា​ជា​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​មក​លើ​ក្រុម​គ្រូ​បង្រៀន ព្រោះ​តាម​នីតិវិធី មុន​នឹង​លុប​ឈ្មោះ​មន្ត្រី​ក្រោម​បង្គាប់​ណាមួយ ត្រូវ​តែ​ហៅ​មន្ត្រី​នោះ​ទៅ​​អប់រំ​ម្ដង​ជា​ពីរ​ដង ឬ​មាន​លិខិត​ស្ដី​បន្ទោស​តាម​រយៈ​លិខិត​ ឬមួយ​ផ្ទាល់មាត់ ប៉ុន្តែ​ក្រសួង​មិន​បាន​អនុវត្ត​តាម​នីតិវិធី​នោះ​ទេ សម្រេច​លុប​ឈ្មោះ​គ្រូ​បង្រៀន​ចេញ​តែ​ម្ដង»

កាល​ពី​ចុង​ខែ មេសា កន្លងទៅ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​សាលក្រម​រដ្ឋប្បវេណី​ស្រប​តាម​សំណើ​​របស់​តំណាង​ក្រសួង​អប់​រំ ដោយ​បាន​​​លើក​ចោល​បណ្ដឹង​របស់​ក្រុម​គ្រូ​បង្រៀន​ ក្រោម​ហេតុ​ផល​ថា បណ្ដឹង​នេះ​ធ្វើ​ឡើង​ហួស​កាល​កំណត់​នៃ​ច្បាប់។

ទោះ​ជា​យ៉ាង​ណា ក្រុម​គ្រូបង្រៀន​អះអាង​ថា ពួក​គាត់​​​មិន​បាន​បោះបង់​សិទ្ធិ​ក្នុង​ការ​ប្ដឹង​ផ្ដល់​ករណី​នេះ​ឡើយ។ ពួកគាត់​បញ្ជាក់​ថា មូលហេតុ​ដែល​ពួក​គាត់​ពន្យារ​ពេល​ដាក់​បណ្ដឹង​ទៅ​តុលាការ ពីព្រោះ​ពួក​គាត់​នៅ​រង់​ចាំ​ការ​ឆ្លើយ​តប​ពី​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ លោក ហង់ ជួន ណារ៉ុន ក្រោយ​ការ​ដាក់​លិខិត​ស្នើសុំ​អន្តរាគមន៍។

ក្រុម​គ្រូបង្រៀន​បាន​ប្ដឹង​ទាស់​សេចក្ដី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​នេះ​ទៅ​សាលាឧទ្ធរណ៍​បន្ត​ទៀត កាល​ពី​ពាក់​កណ្ដាល​ខែ​ឧសភា កន្លងទៅ ប៉ុន្តែ​សំណុំ​រឿង​នេះ​មិន​ទាន់​មាន​ការ​វិវឌ្ឍ​អ្វី​នៅឡើយ​ទេ គិត​ត្រឹម​ដើម​ខែ​កញ្ញា​នេះ។

អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធិ ថ្លែង​ថា លោក​មិន​ទាន់​បាន​ដឹង​អំពី​​ករណី​នេះ​នៅ​ឡើយ​ទេ។ លោក​បន្ថែម​ថា ​លោក​នឹង​ពិនិត្យ​មើល​​សំណុំ​រឿង​នេះ ហើយ​ផ្ដល់​ជូន​ដំណឹង​ជូន​វិញ​នៅ​ពេល​ក្រោយ​ទៀត។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា គ្រូបង្រៀន​គឺជា​បុគ្គល​សំខាន់​ក្នុង​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស ដូច្នេះ​បើ​គ្មាន​កំហុស​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ ក្រសួង​មិន​គួរ​លុប​ឈ្មោះ​ពួក​គាត់​ចេញ​ពី​ក្របខ័ណ្ឌ​ឡើយ។ ជាពិសេស លោក​ថា បើ​ការ​លុប​ឈ្មោះ​ធ្វើឡើង​ក្រោម​ហេតុ​ផល​​នយោបាយ នោះ​គឺ​ជា​ទង្វើ​រំលោភ​សិទ្ធិមនុស្ស។ ​​លោក​ជំរុញ​ឱ្យ​សាលាឧទ្ធរណ៍​​ពិនិត្យ​សំណុំ​រឿង​នេះ​ដោយ​​យក​ចិត្ត​ទុក​ដាក់៖ «សង្ឃឹមថា អគ្គ​ព្រះរាជ​អាជ្ញា​សាលា​ឧទ្ធរណ៍​ពេល​ដែល​ទទួល​ហើយ លោក​នឹង​ពិនិត្យ​ពិចារណា​លើ​រឿង​នេះ​ឱ្យ​បាន​ដិតដល់​ផង ពីព្រោះ​ប្រសិន​បើ​ការ​បញ្ឈប់​ហ្នឹង​វា​មិន​ស្រប​តាម​លក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល​ ឬក៏​មិន​មាន​ភស្តុតាង ឬក៏​មូលហេតុ​ក្នុង​ការ​បញ្ឈប់​គ្រប់គ្រាន់​ទេ នោះ​យើង​គួរ​តែ​ពិចារណា​ឱ្យ​គាត់​បាន​ចូល​បង្រៀន​វិញ»

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លុប​ឈ្មោះ​គ្រូ​បង្រៀន​គាំទ្រ​បក្ស​ប្រឆាំង​ចំនួន​ ១៣នាក់ ចេញ​ពី​ក្របខ័ណ្ឌ កាល​ពី​ដើម​ឆ្នាំ ២០១៨ កន្លងទៅ ក្រោម​ហេតុ​ផល​ថា ពួក​គាត់​បាន​បោះបង់​ចោល​ការងារ​ និង​មួយ​ចំនួន​ទៀត​ អវត្តមាន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។

ទោះ​ជា​យ៉ាង​ណា ក្រុម​គ្រូបង្រៀន​​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ និង​ថា​ក្រសួង​អប់រំ​បាន​ប្រព្រឹត្ត​​ផ្ទុយ​ទៅ​​នឹង​​​ច្បាប់​សហ​លក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល។ ពួក​គាត់​ជឿជាក់​ថា ចំណាត់​ការ​របស់​ក្រសួង​អប់រំ​នេះ គឺ​ដោយ​សារ​​ពួក​គាត់​មិន​ព្រម​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល