តំណាង​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​គ្រោង​ជួប​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​ជំរុញ​ឱ្យ​ដាក់​ទណ្ឌកម្ម​របប​ភ្នំពេញ

ដោយ សេក បណ្ឌិត
2019-07-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​​​ខ្មែរ​អូស្រ្តាលី ​ជួប​ជុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​រដ្ឋសភា​​អូស្ត្រាលី​ ក្រុង​ម៉ែលបួន រដ្ឋ​វិកតូរីយ៉ា ថ្ងៃ​ទី៤ ខែកញ្ញា ឆ្នាំ ២០១៨ ស្នើសុំ​មិន​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​បញ្ជូន​អគ្គរដ្ឋទូត​របស់​ខ្លួន​ចូលរួម​កិច្ចប្រ​ជុំសភា​ថ្ងៃ​ដំបូង​នៃ​របប​ក្រុង​ភ្នំពេញ។
ក្រុម​​​ខ្មែរ​អូស្រ្តាលី ​ជួប​ជុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​រដ្ឋសភា​​អូស្ត្រាលី​ ក្រុង​ម៉ែលបួន រដ្ឋ​វិកតូរីយ៉ា ថ្ងៃ​ទី៤ ខែកញ្ញា ឆ្នាំ ២០១៨ ស្នើសុំ​មិន​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​បញ្ជូន​អគ្គរដ្ឋទូត​របស់​ខ្លួន​ចូលរួម​កិច្ចប្រ​ជុំសភា​ថ្ងៃ​ដំបូង​នៃ​របប​ក្រុង​ភ្នំពេញ។
រូប៖ ហ្វេសប៊ុក​លោក ហុង លីម

តំណាង​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​គ្រោង​ជួប​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​នេះ ដើម្បី​ជំរុញ​ទៅ​រដ្ឋាភិបាល​របស់​ពួកគេ​ធ្វើ​ច្បាប់​ដាក់ទណ្ឌកម្ម​លើ​ក្រុម​ដឹកនាំ​របប​ក្រុងភ្នំពេញ ដូចគ្នា​ទៅ​នឹង​សហរដ្ឋអាមេរិក ដែល​បាន​ធ្វើ​ច្បាប់ H.R ៥២៦ ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​មេដឹកនាំ​របប​នេះ​។ អ្នកវិភាគ​យល់ថា ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​បែបនេះ ជា​សកម្មភាព​ត្រឹមត្រូវ និង​ជា​ការ លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ផ្សេងទៀត​ឱ្យ​មាន​ការ​តស៊ូ​មតិ​ជំរុញ ទៅ​រដ្ឋាភិបាល​ប្រទេស ទាំងនោះ​ឱ្យ​មាន​វិធានការ​លើ​របប​លោក ហ៊ុន សែន។

សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​យល់​ថា ប្រទេស​អូស្ត្រាលី​ដែល​តែងតែ​មាន​គោលនយោបាយ​ការបរទេស​ដូច​សហរដ្ឋអាមេរិក​ដែរ​នោះ គួរតែ​មាន​វិធានការ​លើ​របប​ក្រុងភ្នំពេញ តាមរយៈ​ការ​ធ្វើ​ច្បាប់​ដាក់​លើ​ទណ្ឌកម្ម​មន្ត្រី​កម្ពុជា​ដែល​រំលោភ​សិទ្ធិ​មនុស្ស។

អតីត​តំណាងរាស្ត្រ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) ដើមកំណើត​ខ្មែរ លោក ហុង លីម ឱ្យ​អាស៊ីសេរី​ដឹង​ថា ពេលនេះ​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​កំពុង​ជួប​ជជែក​គ្នា​ដើម្បី​ធ្វើ​សំណើ​សូម​ជួប​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​។ លោក​ឱ្យ​ដឹង​ទៀត​ថា គម្រោង​ជំនួប​នេះ​តំណាង​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី នឹង​ស្នើ​ទៅ​រដ្ឋាភិបាល​អូស្ត្រាលី​ឱ្យ​ក្លាហាន ហ៊ាន​ធ្វើ​ច្បាប់​ដាក់ទណ្ឌកម្ម​លើ​ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ ដូចដែល​សហរដ្ឋអាមេរិក​កំពុង​មាន​មាន​ចំណាត់​ការ​លើ​ក្រុម​លោក ហ៊ុន សែន៖ «រឿង​នេះ​យើង​បាន​យក​មក​គិត​មែនទែន ហើយ​យើង​ត្រូវតែ​ទាមទារ​យ៉ាងហោចណាស់​ឱ្យ​អូស្ត្រាលី​ធ្វើ​ទៅតាម​រដ្ឋាភិបាល​អាមេរិក​ព្រោះ​អី​អូស្ត្រាលី​នេះ​ឱ្យ​តែ​អាមេរិក​ធ្វើ​អី​គេ​ធ្វើតាម​ហើយ ប៉ុន្តែ​រឿង​នេះ​(​ច្បាប់​ដាក់ទណ្ឌកម្ម​) ហេតុ​អី​មិន​ធ្វើតាម»

លោក ហុង លីម សង្កេត​ឃើញ​ថា ប្រទេស​អូស្ត្រាលី​ដែល​ជា​ប្រទេស​ផ្ដួចផ្ដើម​ឱ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​២៣​តុលា ក្នុង​រយៈពេល​ចុងក្រោយ​នេះ ហាក់​មិនបាន​ខ្វល់ខ្វាយ​ពី​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នោះ​ទេ​។ លោក ហុង លីម យល់ថា ពេលនេះ​ល្មម​ដល់ពេល​រដ្ឋាភិបាល​អូស្ត្រាលី​ធ្វើ​សកម្មភាព​ខ្លះ ដើម្បី​ឱ្យ​របប​ក្រុងភ្នំពេញ​បែរ​មក​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​៖ «យើង​ចង់​បញ្ជាក់​ថា អូស្ត្រាលី​ខ្លួនឯង​នេះឯង​ដែល​ធ្លាប់​ជា​អ្នក​នាំ​មុខ​គេ​ក្នុង​ការ​ទាមទារ​ធ្វើ​កិច្ចព្រមព្រៀង​២៣​តុលា ហី​ឥឡូវ​ម៉េច​ក៏​រាក់កំភែល»

ជំហរ​របស់​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​បែបនេះ ក្រោយ​សភា​ជាន់​ទាប​អាមេរិក​បាន​អនុម័ត​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ ២០១៩ ឬ H.R ៥២៦ ដើម្បី​ដាក់​ទណ្ឌកម្ម​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក​ដែល​បាន​ចូល​ដៃ​ក្នុង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​។ ពេលនេះ​ព្រឹទ្ធសភា​កំពុង​ពិនិត្យ​ច្បាប់ H.R ៥២៦ មុន​សម្រេច​អនុម័ត និង​បន្ទាប់មក​ព្រឹទ្ធសភា​នឹង​បញ្ជូន​ទៅ​ប្រធានាធិបតី ដើម្បី​ចុះហត្ថលេខា​ប្រកាស​ឱ្យ​ចូល​ជា​ធរមាន។

ក្នុង​អំឡុង​ទសវត្ស​ទី​៩០ ប្រទេស​អូស្ត្រាលី​ធ្លាប់​ដើរតួ​សំខាន់​ក្នុង​ការ​ផ្ដួចផ្ដើម​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា ដែល​មាន​អតីត​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី នា​សម័យ​នោះ គឺ​លោក ហ្គារ៉េត អេវាន គឺជា​ស្ថាបនិក​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស។

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ យល់ថា នៅ​ពេល​ប្រទេសជាតិ​ជួប​គ្រោះអាសន្ន​ដូច​សព្វថ្ងៃ​នេះ ខ្មែរ​គ្រប់រូប ទោះ​នៅ​ទី​ណា​ក៏ដោយ​គឺ​ត្រូវ​រួមគ្នា​ធ្វើការ​ទាមទារ​ដើម្បី​ឱ្យ​កម្ពុជា មាន​ស្ថានភាព​នយោបាយ​ល្អ​ឡើងវិញ​។ លោក គឹម សុខ យល់ថា ទោះ​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ទាមទារ ប៉ុន្តែ​រដ្ឋាភិបាល​ប្រទេស​នេះ​ធ្វើ​មិនបាន​ដូច​វិធានការ​របស់​សហរដ្ឋ​អាមេរិក​ក៏ដោយ ក៏​ការ​ទាមទារ​របស់​ខ្មែរ​នៅ​អូស្ត្រាលី​នេះ គឺជា​ការ​រំលឹក​ទៅ​រដ្ឋាភិបាល​អូស្ត្រាលី​ឱ្យ​មាន​ជំហរ​នយោបាយ​ដូច​សម្ព័ន​មិត្ត​របស់​ខ្លួន​គឺ​សហរដ្ឋអាមេរិក៖ «សកម្មភាព​ជំរុញ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ពិតជា​ទទួល​បាន​ការពិចារណា​ពី​រដ្ឋាភិបាល​អូស្ត្រាលី បើ​ទោះជា​មិន​ដល់​កម្រិត​ធ្វើ​ច្បាប់​ដូច​សហរដ្ឋអាមេរិក​ក៏ដោយ​ប៉ុន្តែ​ជា​ការ​រម្លឹក​ដល់​អូស្ត្រាលី​ឱ្យ​នៅ​មាន​ជំហរ​ដូច​សហរដ្ឋអាមេរិក​ដែល​ជា​សម្ព័ន​មិត្រ​របស់​ពួកគាត់»

ក្រៅ​តែ​ពី​ពលរដ្ឋ​ខ្មែរ​ដែល​ចង់​ឃើញ​រដ្ឋាភិបាល​អូស្ត្រាលី មាន​ចាត់វិធានការ​លើ​ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ។ សមាជិកសភា​អូស្ត្រាលី អ្នកស្រី ក្លៀ អូនៀល (Clare O'Neil) ក៏​ចង់​ឃើញ​រដ្ឋាភិបាល​អូស្ត្រាលី​ដាក់​បម្រាម​លើ​មេដឹកនាំ​ផ្ដាច់ការ​នៃ​របប​ក្រុងភ្នំពេញ​ដូច​អ្វី​ដែល​សហរដ្ឋអាមេរិក​កំពុង​មាន​វិធានការ​នោះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល