លោក សុខ ឥសាន ថា CPPចិញ្ចឹម​ឆ្កែ​ដើម្បី​ខាំ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ដែល​តែង​យាយី​បំផ្លាញ​ប្រទេស

ដោយ សេក បណ្ឌិត
2019-12-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ នា​ទី​ស្នាក់​ការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៨។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ នា​ទី​ស្នាក់​ការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៨។
AFP

អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​លើក​ឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ចិញ្ចឹម​ឆ្កែ​សម្រាប់​ខាំ​ក្បាល​ក្រុម​ចោរ និង​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ដែល​តែងតែ​មក​យាយី​បំផ្លាញ​ប្រទេស​ជាតិខ្មែរ​។ អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​ថា នេះ​ជាការ​សារភាព​ថា គណបក្ស​កាន់អំណាច​ពិតជា​បាន​ប្រព្រឹត្ត​ទង្វើ​ទុច្ចរិត​លើ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នា​ពេល​កន្លង​ទៅ។

អ្នកនាំពាក្យ​គណបក្ស​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​អាស៊ីសេរី​ថា មូលហេតុ​ដែល​លោក​និយាយ​ដូច្នេះ ព្រោះ​មួយ​រយៈ​ចុង​ក្រោយនេះ​ក្រុម​ប្រឆាំង​ដែល​លោក​ហៅថា ជា​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ បាន​ប្រមាថ​មក​លើ​រូបលោក​ដោយ​កាត់​រូបលោក​ជា​រូប​ឆ្កែ។ លោក​ថា បើ​ដូច្នេះ​ទៅ​ហើយ លោក​សូម​ប្រាប់​ទៅ​អ្នក​ទាំងនោះ​ថា លោក​ជា​ឆ្កែ​សម្រាប់​ខាំ​អ្នក​ទាំងនោះ​ដែល​តែងតែ​មក​យាយី​បំផ្លាញ​ប្រទេស​ជាតិខ្មែរ៖ «អាណឹង​កើតឡើង​ពី​ពួក​ប្រឆាំង​ថា ខ្ញុំ​ជា​ឆ្កែ សុខ ទូច សុខ ឥសាន សុទ្ធ​តែ​ជា​ឆ្កែ តែ​យើង​ជា​ឆ្កែបម្រើ​ជាតិ មិនមែន​ឆ្កែ​បម្រើ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ទេ អ៊ីចឹងCPP បង្កើត​ក្រុម​ឆ្កែ​ពួក​ខ្ញុំ​នេះ ជា​ឆ្កែ​ខាំ​ពួក​ក្បត់ជាតិ»

ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​សង្គ្រោះជាតិ រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស ដោយសារ​រង​ការ​ធ្វើទុក្ខបុកម្នេញ​អាជ្ញាធរ​កម្ពុជា យល់​ថា សម្ដី​របស់ លោក សុខ ឥសាន ឆ្លុះបញ្ចាំង​ពី​ភាពឃោរឃៅ​ក្នុង​ចិត្ត​របស់​លោក។ លោក​បន្ត​ថា ពាក្យសំដី​របស់​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​អាច​មាន​ន័យថា គណបក្ស​កាន់​នេះ កំពុង ចិញ្ចឹម​មនុស្ស​ពាល​ទុក​ធ្វើបាប​លើ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ។ លោក​ថា នេះ​ជា​ភស្តុតាង​បញ្ជាក់​ថា ការ​លួច​វាយ​ធ្វើបាប​លើ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នៅ​តាម​មូលដ្ឋាន​កន្លង​មក​គឺជា​ទង្វើ​របស់​គណបក្ស​កាន់អំណាច៖ «ចិញ្ចឹម​ពួក​នេះ ដើម្បី​ធ្វើបាប​ពលរដ្ឋ​ស្លូតត្រង់​ជាពិសេស​មក​លើ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ អ៊ីចឹង​ហើយ​គាត់​ប្រើ​ពាក្យ​ចិញ្ចឹម​ឆ្កែ សម្រាប់​ខាំ​អ្នកនេះ​ខាំ​អ្នកនោះ គឺ​មាន​ន័យ​ស្មើ​គាត់​ដូចជា​សត្វ​ទាំងអស់​នេះ​ដែរ»

លោក គឹម សុខ អ្នកវិភាគនយោបាយ។ រូបថត​ពី​ហ្វេសប៊ុក​លោក គឹម សុខ
លោក គឹម សុខ អ្នកវិភាគនយោបាយ។ រូបថត​ពី​ហ្វេសប៊ុក​លោក គឹម សុខ

រីឯ​អ្នកវិភាគ​នយោបាយ​លោក គឹម សុខ យល់​ថា នេះ​ជា​ការ​សារភាព​ត្រង់ៗ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​សកម្មភាព​ទុច្ចរិត​។ លោក​បន្ត​ថា ការ​ហៅ​ខ្លួនឯង​និង​ក្រុម​គ្នាឯង​ជា​សត្វ​សាហាវ​បែបនេះ​ជា​ការ​មិន​ឱ្យ​តម្លៃ​សូម្បីតែ​បក្ខពួក​គ្នាឯង៖ «ហើយ​បើ​គាត់ (​លោក សុខ ឥសាន​) មិន​ឱ្យ​តម្លៃ​គ្នាឯង​ផង​ហ្នឹង នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ឱ្យ​តម្លៃ​សូម្បីតែ​គ្នាឯង​ផង ចាត់​ទុក​ថា គ្នាឯង​នោះ​ជា​ឆ្កែ​ដែល​ខ្លួនឯង​ចិញ្ចឹម​ដើម្បី​ខាំ​គេ​ខាំ​ឯង​នៅ​ក្នុង​របត់​មួយ ដែល​ដើម្បី​ការពារ​អំណាច​ខ្លួនឯង»

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រង​របួស​ដោយ​ការ​វាយ​ប្រហារ​ពី​មនុស្ស​មួយ​ក្រុម លោក ញ៉យ ចំរើន (ឆ្វេង) និង​លោក គង់ សភា (កណ្ដាល) ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ទីស្នាក់ការ​គណបក្ស​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ កាល​ពី​ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០១៥។ RFA/Brach Chev
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រង​របួស​ដោយ​ការ​វាយ​ប្រហារ​ពី​មនុស្ស​មួយ​ក្រុម លោក ញ៉យ ចំរើន (ឆ្វេង) និង​លោក គង់ សភា (កណ្ដាល) ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ទីស្នាក់ការ​គណបក្ស​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ កាល​ពី​ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០១៥។ RFA/Brach Chev

កាលពី​ឆ្នាំ​២០១៥​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ សភា និង លោក ញ៉យ ចំរើន ត្រូវ​កង​អង្គរក្ស​លោក ហ៊ុន សែន វាយដំ​យ៉ាង​ដំណំ​រហូតដល់​បាក់​ខ្ទង់ច្រមុះ និង​បែក​ភ្នែក​ខាង​ស្តាំ ខណៈ​ដែល​ពួកគេ​បាន​ចេញពី​ប្រជុំ នៅ​ឯ​មន្ទីរ​រដ្ឋសភា​ជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ។ ក្រោយពី​មានការ​រិះគន់​ខ្លាំង​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ ព្រមទាំង​មាន​ភស្តុតាង​ហិង្សា​វាយដំ​នោះ​ជា​វីដេអូ​ផង តុលាការ​បាន​ចាប់​ជន​ដៃដល់​បី​នាក់ ដែល​ជា​ដង្គរក្ស​របស់​លោក​នាយ​រដ្ឋមន្ត្រី ហ៊ុន សែន កាត់ទោស​ដាក់​ពន្ធនាគារ​កម្រិត​ស្រាល ក្តី​ហើយ​ចេញពី​ពន្ធនាគារ​អ្នក​ទាំង​បី​នាក់​នោះ​ត្រូវ​បាន​លោក ហ៊ុន សែន ដំឡើង​ឋានៈ​ស័ក្ដិយស​ដល់​ពួកគេ​ថែម​ទៀត​ផង។

នៅ​រយៈពេល​ចុងក្រោយ​នេះ​សកម្មជន​គណបក្ស​ប្រឆាំង​ចំនួន ១៤​នាក់ ត្រូវ​បាន​ជន​ដៃដល់​លួច​វាយ​សំពង​បង្ក​របួស ប៉ុន្តែ​គ្មាន​សំណុំរឿង​មួយ​ណា​ដែល​ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​ជន​បង្ក ដើម្បី​នាំទៅ​ផ្ដន្ទាទោស​នោះ​ឡើយ បើ​ទោះ​ជា​ករណី​ខ្លះ​គេ​ថត​បាន​ទាំង​សកម្មភាព និង​ស្លាក​លេខ​ម៉ូតូ​របស់​ជន​ដៃដល់​ទាំងនោះ​ក្ដី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល