បេក្ខជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​កំពត​ប្ដឹង​បេក្ខជន​បក្ស​កាន់​អំណាច​ថា​ចែក​លុយ​ឲ្យ​ពលរដ្ឋ

ដោយ រាជ វិញ្ញូ
2017-05-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ខេត្ត​កំពត។ RFA/Rann Samnang
ខេត្ត​កំពត។ RFA/Rann Samnang
Photo: RFA

បេក្ខជន​លេខ​រៀង​ទី​១ នៅ​ឃុំ​ស្នាយអញ្ជិត និង​បេក្ខជន​លេខ​រៀង​ទី​១ នៅ​ឃុំ​ត្រពាំងរាំង ស្រុក​ជុំគិរី ខេត្ត​កំពត របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្ដឹង​តវ៉ា​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ បន្ទាប់​ពី​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក និង​បេក្ខជន​លេខ​រៀង​ទី​១ របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចែក​លុយ និង​អង្ករ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់។

ជុំវិញ​រឿង​នេះ បេក្ខជន​មេ​ឃុំ​បក្ស​កាន់​អំណាច​ម្នាក់ ឆ្លើយតប​ថា ការ​ចែក​លុយ​នោះ គឺ​ជា​ការ​បង្ហាញ​អំពី​មនោសញ្ចេតនា​ប៉ុណ្ណោះ។

លោក គយ រុន បេក្ខជន​លេខ​រៀង​ទី​១ គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ស្នាយអញ្ជិត ថ្លែង​ថា លោក​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៩ ឧសភា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ដែល​អះអាង​ថា បេក្ខជន​លេខ​រៀង​ទី​១ របស់​គណបក្ស​ប្រជាជន​កម្ពុជា ឈ្មោះ ង៉ែត តេន បាន​ដើរ​ចែក​លុយ​ជូន​ប្រជាពលរដ្ឋ​អំឡុង​ពេល​ធ្វើ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ជូន​គណបក្ស​របស់​ខ្លួន៖ «យើង​បាន​ទាំង​ថត​សំឡេង​របស់​ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​លុយ ហើយ​ពួក​គាត់​បាន​ប្រាប់​ថា គេ​លុយ​ឲ្យ​ហើយ គឺ​ត្រូវ​បោះឆ្នោត​ឲ្យ​គេ»

លោក​ថា ពាក្យ​បណ្ដឹង​នោះ​ដោយសារ​ករណី​ចែក​លុយ​ទៅ​ពលរដ្ឋ​សុំ​សន្លឹកឆ្នោត គឺ​ជា​រឿង​ខុស​ច្បាប់​បោះឆ្នោត។ បេក្ខជន​លេខ​រៀង​ទី​១ បក្ស​ប្រឆាំង​ដដែល​នេះ​បន្ត​ថា នៅ​ថ្ងៃ​ទី​៣០ ឧសភា ខាង​ប្រធាន​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះឆ្នោត បាន​កោះ​ហៅ​ភាគី​ទាំង​ពីរ​ទៅ​ពិភាក្សា​ដោះស្រាយ។

ឆ្លើយតប​នឹង​ការ​ចោទ​ប្រកាន់​នេះ លោក ង៉ែត តេន បេក្ខជន​លេខ​រៀង​ទី​១ មក​ពី​គណបក្ស​កាន់​អំណាច​នៅ​ឃុំ​ស្នាយអញ្ជិត បាន​ទទួល​ស្គាល់​ការពិត ប៉ុន្តែ​លោក​ថា លុយ​ទាំងនោះ គឺ​ជា​ប្រាក់​ខែ​ផ្ទាល់​ខ្លួន និង​ចែក​ជូន​តែ​ជន​ចាស់​ជរា និង​អ្នក​មាន​ជំងឺ​ដែល​មាន​គ្នា​សរុប​ចំនួន ៥​នាក់ ហើយ​អ្នក​ខ្លះ​ទទួល​បាន​ទឹកប្រាក់​ពី​លោក​ចំនួន ៥​ពាន់​រៀល ទៅ ១​ម៉ឺន​រៀល ជាពិសេស​ការ​ចែក​លុយ​នោះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ចប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប៉ុណ្ណោះ៖ «គ្រាន់​តែ​ជា​មនោសញ្ចេតនា​អាណិត​គាត់​ដែល​កំពុង​ឈឺ ទិញ​ទឹក​ផ្លែ​ឈើ​ទុក​គ្រាន់​ហូប»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក​បញ្ជាក់​ថា បន្ទាប់​ពី​ជួប​ពិភាក្សា​ដោះស្រាយ​គ្នា​នៅ​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះឆ្នោត​រួច​មក ខាង​លោក​បាន​ធ្វើ​កិច្ចសន្យា​ឈប់​ចែក​លុយ​តទៅទៀត រីឯ​ខាង​លោក គយ រុន បេក្ខជន​លេខ​រៀង​ទី​១ បក្ស​ប្រឆាំង ក៏​បាន​សម្រេច​ដក​ពាក្យ​បណ្ដឹង​នោះ​ទៅ​វិញ។

ការ​ប្ដឹង​តវ៉ា​ជុំវិញ​រឿង​ចែក​លុយ​នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ស្រុក​ជុំគិរី ខេត្ត​កំពត ដដែល​នេះ ក៏​មាន​ករណី​ស្រដៀង​គ្នា​មួយ​ទៀត​កើត​ឡើង​នៅ​ក្នុង​ឃុំ​ត្រពាំងរាំង។ បេក្ខជន​លេខ​រៀង​ទី​១ របស់​គណបក្ស​បក្ស​ប្រឆាំង​នៅ​ឃុំ​ត្រពាំងរាំង លោក ហួយ ខេង កាល​ពី​ថ្ងៃ​ទី​២៩ ឧសភា បាន​ដាក់​ពាក្យ​ប្ដឹង​ដាច់​ដោយឡែក​មួយ​ទៅ​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះឆ្នោត ដោយ​លោក​អះអាង​ថា មាន​ក្រុម​មន្ត្រី​បក្ស​កាន់​អំណាច​ចុះ​ពី​ខាង​ស្រុក និង​ខេត្ត បាន​ចែក​លុយ​ចំនួន ៣​ម៉ឺន​រៀល និង​អង្ករ​ប្រហែល ៥​គីឡូក្រាម​ឲ្យ​ពលរដ្ឋ​ក្នុង ១​គ្រួសារ ហើយ​ស្នើ​ឲ្យ​ពលរដ្ឋ​ទាំងនោះ​មិន​ត្រូវ​បំភ្លេច​គណបក្ស​របស់​ពួក​គេ​នៅ​ថ្ងៃ​បោះឆ្នោត​ខាង​មុខ​ឡើយ។

លោក ហួយ ខេង អះអាង​ថា ខាង​លោក​ប្រមូល​បាន​ភស្តុតាង​ពី​ប្រជាពលរដ្ឋ​ចំនួន ៦​គ្រួសារ​ដែល​ទទួល​បាន​អំណោយ ដោយ​ពួក​គាត់​បាន​ប្រាប់​លោក​ថា នៅ​ផ្ទះ​របស់​លោក ណត នន សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ជុំគិរី ដែល​ស្ថិត​នៅ​ក្បែរ​ទីស្នាក់ការ​ឃុំ​ត្រពាំងរាំង បាន​ហៅ​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ទៅ​យក​អំណោយ ហើយ​ប្រាប់​ពលរដ្ឋ​ឲ្យ​បោះឆ្នោត​ជូន​គណបក្ស​របស់​ពួក​គេ៖ «ខ្ញុំ​ដឹង​ថា​នៅ​ផ្ទះ​លោក ណត នន ក្រុម​ប្រឹក្សា​ស្រុក ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​នរណា​ជា​អ្នក​ចែក​ទេ ខ្លះ​គេ​ថា​មក​ពី​ខេត្ត​ជា​អ្នក​ចែក ខ្លះ​ថា​លោក ណត នន ជា​ចែក»

ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បកស្រាយ​ពី​លោក ណត នន សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ជុំគិរី របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៣០ ឧសភា។ រីឯ​ប្រធាន​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះឆ្នោត​នៅ​ឃុំ​ត្រពាំងរាំង លោក អាន ណារិទ្ធ បាន​ឆ្លើយ​យ៉ាង​ខ្លី​តាម​ទូរស័ព្ទ​ថា កំពុង​ជាប់​រវល់​ប្រជុំ។

ចំណែក​បេក្ខជន​លេខ​រៀង​ទី​១ គណបក្ស​កាន់​អំណាច​នៅ​ឃុំ​ត្រពាំងរាំង លោក សួស អ៊ូច ថ្លែង​ថា លោក​ពុំ​ដឹង​ការ​ចែក​លុយ និង​ពលរដ្ឋ​ឡើយ ប៉ុន្តែ​លោក​បញ្ជាក់​ថា គ្មាន​ករណី​ចែក​លុយ​ជូន​ពលរដ្ឋ​ក្នុង​អំឡុង​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នោះ​ទេ ក្រៅ​តែ​ពី​ការ​ដើរ​ឃោសនា​ឲ្យ​ពលរដ្ឋ​រៀបចំ​ឯកសារ​សម្រាប់​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ខាង​មុខ និង​ផ្សព្វផ្សាយ​អំពី​គោល​នយោបាយ​គណបក្ស៖ «ដើរ​តែ​ឃោសនា ណែនាំ​ឲ្យ​ប្រជាជន​រៀបចំ​ឯកសារ»

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា​អង្គការ​និកហ្វិច (NICFEC) លោក សំ គន្ធាមី ថ្លែង​ថា ក្នុង​អំឡុង​ពេល ១៤​ថ្ងៃ​នៃ​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត គ្រប់​គណបក្ស និង​បេក្ខជន​ទាំងអស់ មិន​ត្រូវ​ប្រើប្រាស់​លុយ​កាក់ ឬ​សម្ភារ​ដើម្បី​ទិញ​សន្លឹកឆ្នោត​ពី​ពលរដ្ឋ​ឡើយ៖ «លើកលែង​តែ​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បាន​បោះឆ្នោត»

ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ត្រង់​ជំពូក​ទី​៧ ដែល​ចែង​អំពី​ការ​ឃោសនា​បោះឆ្នោត​ត្រង់​មាត្រា​៧១ បាន​បញ្ជាក់​ថា គ្រប់​គណបក្ស​នយោបាយ បេក្ខជន ឬ​តំណាង​ទាំងអស់ មិន​ត្រូវ​ផ្ដល់​អំណោយ​ជា​ថវិកា ឬ​ជា​សម្ភារ​ដែល​ជា​រង្វាន់​លើក​ទឹក​ចិត្ត ទោះ​បី​ជា​តាម​មធ្យោបាយ ឬ​រូបភាព​ណា​ក៏ដោយ ដល់​ស្ថាប័ន អង្គការ ឬ​បុគ្គល​ណា​ម្នាក់​ក្នុង​គោល​បំណង​ទិញ​ទឹក​ចិត្ត​អ្នក​បោះឆ្នោត​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

well, well I heard people told me CPP gave money a few day ago. now why monkey court not arrest CPP giving money to people? why arrested 5 other people? Mr. Hun Sen don't try to fool people I know you are a copy cat.

May 31, 2017 05:05 AM

គេហទំព័រ​ទាំងមូល