សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ចប់​ការ​គំរាម​កំហែង

ដោយ សុ ជីវី
2017-05-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្បួន​ហែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ (ឆ្វេង) និង​គណបក្ស​ប្រជាជន​កម្ពុជា ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៧។
ក្បួន​ហែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ (ឆ្វេង) និង​គណបក្ស​ប្រជាជន​កម្ពុជា ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៧។
Photo: RFA

ក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា អេ.ភី.អេច្ឆ.(APHR) អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ចប់​ការ​គំរាម​កំហែង និង​សុំ​ឲ្យ​អាជ្ញាធរ​ធានា​ថា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ដែល​ជា​ជម្រើស​របស់​ពួក​គេ​ត្រូវ​បាន​ការពារ។

មន្ត្រី​រដ្ឋាភិបាល​ច្រាន​ចោល​ការ​លើក​ឡើង​នេះ ដោយ​អះអាង​ថា ពលរដ្ឋ​រីករាយ​នឹង​ទៅ​បោះឆ្នោត​ពុំ​មាន​បញ្ហា​ដូច អេ.ភី.អេច្ឆ.(APHR) រក​ឃើញ​នោះ​ឡើយ។

ក្រុម​សមាជិក​សភា​ក្នុង​តំបន់​អាស៊ាន ព្រួយ​បារម្ភ​ចំពោះ​ការ​គំរាម​កំហែង អំពើ​ហិង្សា​ម្ដង​ហើយ​ម្ដង​ទៀត ដែល​ធ្វើ​ឡើង​ដោយ​សមាជិក​ជាន់​ខ្ពស់​របស់​គណបក្ស​កាន់​អំណាច​មុន​ការ​បោះឆ្នោត ដែល​ពួក​គេ​បាន​អះអាង​ថា បង្កើត​ឲ្យ​មាន​បរិយាកាស​ភ័យ​ខ្លាច ដែល​បំផ្លាញ​ការ​រំពឹង​ទុក​ចំពោះ​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​ពិត​ប្រាកដ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ អេ.ភី.អេច្ឆ.(APHR) ពី​ទីក្រុង​បាងកក នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៧ ប្រធាន​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិ​មនុស្ស និង​ជា​សមាជិក​សភា​ប្រទេស​ម៉ាឡេស៊ី លោក លោក ឆាលស៍ សានទីអេហ្គោ (Charles Santiago) ថ្លែង​ថា ការ​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន​នៅ​ថ្ងៃ​អាទិត្យ ទី​៤ មិថុនា ខាង​មុខ​នេះ​មាន​សារសំខាន់​ណាស់​សម្រាប់​មូលដ្ឋាន​ប្រជាធិបតេយ្យ ហើយ​ការ​បោះឆ្នោត​នេះ នឹង​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ការ​សាកល្បង ឬ​ធ្វើ​តេស្ដ​មួយ​អំពី​បរិយាកាស​នយោបាយ​មុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​២០១៨។

លោក​បន្ត​ថា អនាគត​ដ៏​ផុយ​ស្រួយ​នៃ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា គឺ​ឋិត​នៅ​ក្រោម​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ៖ «ការ​កើន​ឡើង​នៃ​ការ​គាប​សង្កត់ និង​ការ​រឹតត្បិត​សិទ្ធិ និង​បរិយាកាស​នយោបាយ​នៅ​កម្ពុជា និង​គ្រោះថ្នាក់ និង​ផល​ប៉ះពាល់​នៃ​ភាព​បរាជ័យ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ធ្វើ​ឲ្យ​ក្លាយ​ជា​ស្ថានភាព​បន្ទាន់​បំផុត​នៅ​ក្នុង​តំបន់​របស់​យើង។ យើង​ទាំងអស់​គ្នា​ចាំបាច់​ត្រូវ​ឃ្លាំ​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ចំពោះ​អ្វី​ដែល​កើត​ឡើង​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​នេះអាជ្ញាធរ​ត្រូវ​ធានា​ឲ្យ​បាន ដោយ​មិន​ខកខាន​ថា​គ្មាន​អ្វី​កើត​ឡើង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​ដោយ​ឯករាជ្យ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ។ ការ​នេះ គួរ​តែ​រួម​បញ្ចូល​នូវ​ការ​ណែនាំ​យ៉ាង​ច្បាស់​ដល់​អាជ្ញាធរ​មូលដ្ឋាន ថា​គ្មាន​ករណី​នៃ​ការ​បំភិត​បំភ័យ​ដល់​អ្នក​បោះឆ្នោត ជាពិសេស​នៅ​តាម​ការិយាល័យ​បោះឆ្នោត នឹង​ត្រូវ​បាន​អត់ឱន​នោះ​ទេ»

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ អេ.ភី.អេច្ឆ.(APHR) បាន​រំឭក​ឡើង​វិញ​ពី​សារ​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ដែល​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ អេ.ភី.អេច្ឆ.(APHR) ចាត់​ទុក​ថា​បាន​គំរាម​កំហែង​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា។ ក្នុង​នោះ​រួម​មាន ការ​គំរាម​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ក្នុង​ការ​បង្ក​សង្គ្រាម​ទៅ​លើ​គណបក្ស​ប្រឆាំង ប្រសិន​បើ​គណបក្ស​កាន់​អំណាច​ត្រូវ​បាត់បង់​ការ​អត់ធ្មត់។ ចំណែក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ក៏​បាន​ព្រមាន​នា​ពេល​ថ្មីៗ​នេះ​ដែរ​ថា កង​កម្លាំង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បង្ក្រាប​ការ​តវ៉ា ដែល​អាច​កើត​មាន​ក្រោយ​ការ​បោះឆ្នោត ហើយ​ថា​ក្រុម​អ្នក​តវ៉ា នឹង​ត្រូវ​វាយ​រហូត​បែក​ធ្មេញ ដែល អេ.ភី.អេច្ឆ.(APHR) ចាត់​ទុក​ថា​ការ​រំលោភ​ច្បាប់​ជាតិ ដែល​ចែង​ថា​កង​កម្លាំង​ប្រដាប់​អាវុធ​គួរ​នៅ​អព្យាក្រឹត។

សេចក្ដី​ថ្លែងការណ៍​ដដែល​លើក​ឡើង​ទៀត​ថា សារ​ពី​អំពើ​ហិង្សា​នៅ​ក្រោយ​ការ​បោះឆ្នោត​នេះ មិន​មែន​គ្រាន់​តែ​ជា​ការ​គំរាម​កំហែង​ដល់​បក្ស​ប្រឆាំង​ទេ វា​ក៏​ជា​ការ​បំភិត​បំភ័យ​ប្រជាពលរដ្ឋ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​បោះឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច។

ឆ្លើយតប​នឹង​ការ​លើក​ឡើង​នេះ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ពលរដ្ឋ​កម្ពុជា កំពុង​រីករាយ​ក្នុង​ការ​ឃោសនា​រក​សំឡេង​ឆ្នោត។ លោក ផៃ ស៊ីផាន បន្ត​ទៀត​ថា ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​រដ្ឋមន្ត្រី ទៀ បាញ់ គឺ​ជា​ការ​រំឭក​ពី​អ្វី​ដែល​ធ្លាប់​កើត​ឡើង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០១៣ ដែល​ការ​តវ៉ា​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រែ​ក្លាយ​ជា​អំពើ​ហិង្សា។ លោក​ក៏​បាន​រិះគន់​ត្រឡប់​ទៅ​ក្រុម​សមាជិក​សភា​អាស៊ាន ថា​គ្រាន់​តែ​ជា​ទស្សនៈ​របស់​ក្រុម​ឯកជន​មួយ ដែល​មិន​គួរ​យក​ចិត្ត​ទុក​ដាក់​ឡើយ៖ «ជា​ការ​លាប​ពណ៌​របស់​គាត់ ជា​ការ​វាយ​ប្រហារ យើង​មិន​ឲ្យ​មាន​តម្លៃ​ទេ។ គាត់​គួរ​សួរ​ត្រឡប់​ទៅ​ខ្លួន​គាត់​វិញ គឺ​គាត់​នៅ​ក្នុង​សហគមន៍​អាស៊ាន​ដែល​មាន​គោលការណ៍​ត្រឹមត្រូវ។ គាត់​គួរ​តែ​ចំណាយ​ពេលទៅ​ជួយ​កសាង​ការងារ​ដែល​គាត់​មើល​ឃើញ​នៅ​ក្នុង​ស្រុក​គាត់ ជាជាង​មក​លូកលាន់​នៅ​ក្នុង​ផ្ទៃ​ក្នុង​របស់​កម្ពុជា ហើយ​គោលការណ៍​របស់​អាស៊ាន គ្មាន​អនុញ្ញាត​ឲ្យ​អ្នក​ណា​លូកលាន់​ទៅ​កិច្ចការ​របស់​ប្រជាជាតិ​ក្នុង​សហគមន៍​អាស៊ាន​នោះ​ទេ»

អេ.ភី.អេច្ឆ.(APHR) លើក​ឡើង​ទៀត​ថា ក្រៅ​ពី​ការ​គំរាម​កំហែង​របស់​មន្ត្រី​រដ្ឋាភិបាល​ពី​អំពើ​ហិង្សា ក៏​មាន​ការ​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ពាក់ព័ន្ធ​នឹង​នីតិវិធី​នៃ​ការ​បោះឆ្នោត​ដែរ ក្នុង​នោះ​រួម​ទាំង​ការ​បោះពុម្ព​សន្លឹកឆ្នោត​លើស​ចំនួន ២០​ភាគរយ​ច្រើន​ជាង​ការ​ចាំបាច់ និង​បញ្ហា​ទឹក​ខ្មៅ​ជ្រលក់​ម្រាមដៃ​អាច​លាង​ជ្រះ ជាដើម។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) លោក ហង្ស ពុទ្ធា លើក​ឡើង​ថា គ..ប ប្រឹងប្រែង​បំពេញ​ការងារ​ដើម្បី​ធានា​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ។ ចំពោះ​ការ​បារម្ភ​ពី​បញ្ហា​នៅ​ក្រោយ​ការ​បោះឆ្នោត គ..ប បាន​ធ្វើ​ការងារ​ជាមួយ​កង​កម្លាំង​ប្រដាប់​អាវុធ ធ្វើ​យ៉ាង​ណា​រក្សា​ស្ថិរភាព និង​សុវត្ថិភាព​ជូន​ពលរដ្ឋ«..ប បាន​បង្កើត​បញ្ជី​បោះឆ្នោត​មួយ​ដែល​មាន​ភាព​ល្អ​ប្រសើរ​ត្រឹមត្រូវ​រហូត​ដល់​ទៅ ៩៨​ភាគរយ​នេះ គឺ​ជា​ភាព​ត្រឹមត្រូវ​ហើយ។ ភាព​ត្រឹមត្រូវ​ផ្សេងៗ​ទៀត យើង​កំពុង​តែ​ដើរ​ទាំងអស់​គ្នា។ ជំនាញការ​របស់​សហគមន៍​អឺរ៉ុប របស់​អង្គការ​អាមេរិកាំង និង​ខាង​ជប៉ុន កំពុង​ធ្វើ​ការ​ប្រចាំ​ថ្ងៃ​ជាមួយ​នឹង គ..ប។ ការ​ចោទ​ប្រកាន់ ឬ​ក៏​ភាព​ភ័យ​ខ្លាច​ទាំងឡាយ គ..ប បើក​ជា​ចំហ ប្រសិន​បើ​មាន​ករណី​អ្វី​កើត​ឡើង គឺ​អាច​ប្ដឹង​ដើម្បី​យើង​ធ្វើ​ការ​ពិនិត្យ»

អេ.ភី.អេច្ឆ.(APHR) លើក​ឡើង​ដែរ​ថា អាជ្ញាធរ​កម្ពុជា ក៏​បាន​បង្ក​ឧបសគ្គ​មួយ​ចំនួន​ដល់​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​បក្ស​ប្រឆាំង រួម​មាន​មន្ត្រី​រដ្ឋាភិបាល​បដិសេធ​ចំពោះ​សំណើ​ប្រមូល​ផ្ដុំ និង​បាតុកម្ម ច្រាន​ចោល​នូវ​ពាក្យ​ស្លោក និង​សម្ភារ​ដទៃ​ទៀត​សម្រាប់​យុទ្ធនាការ​ឃោសនា​តាម​អំពើ​ចិត្ត និង​ភាគច្រើន​រំលោភ​លើ​សេរីភាព​បញ្ចេញ​មតិ និង​ការ​ជួប​ប្រជុំ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។

អេ.ភី.អេច្ឆ.(APHR) នៅ​តែ​មើល​ឃើញ​ថា ចាំបាច់​ដែល​សមាជិក​សភា​អាស៊ាន ត្រូវ​ពិភាក្សា​បញ្ហា​នេះ​ដើម្បី​ឲ្យ​ការ​បោះឆ្នោត​នៅ​កម្ពុជា នៅ​ថ្ងៃ​អាទិត្យ ចុង​សប្ដាហ៍​នេះ ប្រព្រឹត្ត​ទៅ​ដោយ​បើក​ចំហ និង​សន្តិវិធី ដើម្បី​ធ្វើ​ឲ្យ​កម្ពុជា ឆ្ពោះ​ទៅ​រក​ផ្លូវ​ត្រឹមត្រូវ​ជា​ថ្មី​ម្ដង​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល