ជនជាតិ​ចាម​៨​គ្រួសារ​នៅ​ខេត្ត​កំពង់ឆ្នាំង​រង​ការ​គំរាមកំហែង​ដោយសារ​គាំទ្រ​បក្ស​ប្រឆាំង

ដោយ ជិន ជេដ្ឋា
2017-06-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​កំពង់ឆ្នាំង។
ផែនទី​ខេត្ត​កំពង់ឆ្នាំង។
Photo: RFA

ការ​ប្រកាន់​និន្នាការ​នយោបាយ​ខុស​គ្នា​របស់​ជនជាតិ​ចាម បាន​ក្លាយ​ជា​ជម្លោះ​ផ្ទៃ​ក្នុង​សាសនា​ឥស្លាម​នៅ​វិហារ​មួយ ឋិត​នៅ​ភូមិ​ដំណាក់ព្រីង ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង។ ជនជាតិ​ចាម ៨​គ្រួសារ ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ហាកឹម ឬ​អ្នក​គ្រប់គ្រង​វិហារ និង​ថ្នាក់​ដឹកនាំ​សាសនា​ខ្លួន បាន​គំរាមកំហែង និង​កាត់​កាល​ពួកគេ​ពី​សាសនា។

ជនជាតិ​ចាម​ម្នាក់​ក្នុង​ចំណោម​គ្រួសារ​ជនជាតិ​ចាម ៨​គ្រួសារ នៅ​ភូមិ​ដំណាក់ព្រីង ឃុំ​ស្វាយជុក ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ថា ឈ្មោះ ម៉ាត់ ម៉ៅ និង ទួន សេន ព្រម​ទាំង​ថ្នាក់​ដឹកនាំ​ក្នុង​វិហារ​ខ្លះ​ទៀត បាន​គំរាម​ឲ្យ​ឈប់​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​លើក ដោយ​ជំរុញ​ឲ្យ​ធ្វើ​កិច្ច​សន្យា​លាឈប់ ឬ​ចូល​ស្បថ​ក្នុង​វិហារ​នៅ​ចំពោះ​ជនជាតិ​ចាម ជា​ច្រើន​ទៀត ជាមួយ​គ្នា​នេះ​ក៏​មិន​បាន​ចែក​អំណោយ​ឲ្យ​ពួកគេ​មួយ​ចំនួន​​មក​ហើយ។

លោក ណោង ម៉ាត់ បន្ថែម​ថា អំណោយ​អង្ករ មី ត្រីខ និង​ភេសជ្ជៈ​ដែល​ចែក​ជនជាតិ​ចាម កន្លង​មក​នោះ​មិន​មែន​ជា​អំណោយ​របស់​គណបក្ស​ប្រជាជន​ឡើយ ប៉ុន្តែ​ថ្នាក់​ដឹកនាំ​សាសនា​មាន​ការ​រើសអើង ទើប​មិន​ចែក​ឲ្យ​ពលរដ្ឋ​ទាំង ៨​គ្រួសារ។ លោក​ថា ក្នុង​ចំណោម ៨​គ្រួសារ គឺ​មាន ៥​គ្រួសារ​ជា​មុខ​សញ្ញា​ដែល​គេ​កៀបសង្កត់​ខ្លាំង ដោយ​អ្នក​ទាំង​នេះ​ធ្លាប់​ចេញ​មុខ​គាំទ្រ និង​ឈរ​ជា​បេក្ខភាព​ក្រុមប្រឹក្សា​ឃុំ៖ «គាត់​កោះ​ហៅ​អ្នក​ទាំង​ប្រាំ​នាក់​តែ​ម្ដង តែ​អ្នក​ប្រឈម​មុខ​និយាយ​តែ​ជាមួយ​ខ្ញុំ! គាត់​ថា បើ​សិន​ពួក​ខ្ញុំ​អត់​ចុះ​ចូល​គណបក្ស​ប្រជាជន​វិញ គេ​នឹង​បិទ​សិទ្ធិ​ពួក​ខ្ញុំ​អត់​មាន​ឲ្យ​ធ្វើ​បុណ្យទាន​អី​នៅ​ក្នុង​ភូមិ​ហ្នឹង​ទេ ហើយ​គាត់​នឹង​បញ្ចេញ​ចេញ​ពី​សាសនា ហើយ​ខ្ញុំ​សួរ​ថា ចុះ​បើ​ខ្ញុំ​អត់​ខុស​អី​ផង​បង​ឯង​ដេញ​ខ្ញុំ​ពី​សាសនា​ដេញ​រឿង​អី?គាត់​ថា ឯង​ចូល​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។ ចុះ​ខ្ញុំ​ធ្វើ​ប៉ុន្មាន​អាណត្តិ​ហើយ​ក៏​មិន​ដែល​មាន​រឿង​ដល់​ម្ល៉ឹង? គាត់​ថា រឿង​ហ្នឹង​មិនមែន​បង​ជា​អ្នក​កៀបសង្កត់​ទេ មក​ពី​ថ្នាក់​លើ ក្រសួង​ធម្មការ»

លោក​បញ្ជាក់​ជំហរ​ថា នឹង​មិន​ចេញ ឬ​ឈប់​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ព្រោះ​លោក​ស្រឡាញ់​គោលនយោបាយ​គណបក្ស​ដោយ​មិន​គិត​ពី​បុគ្គល លោក សម រង្ស៊ី ឬ​លោក កឹម សុខា ឡើយ។ លោក​ស្នើ​ឲ្យ​មន្ត្រី​ធម្មការ និង​សាសនា ចុះ​ស៊ើប​អង្កេត និង​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់ ដើម្បី​កុំ​ឲ្យ​មាន​ភាព​ល្អក់កករ​ដាក់​គ្នា​កាន់​តែ​ខ្លាំង ខណៈ​លោក​មិន​បាន​ធ្វើ​អ្វី​ខុស​ក្នុង​វិន័យ​សាសនា​ផង​នោះ។

ឆ្លើយ​តប​បញ្ហា​នេះ លោក ម៉ាត់ ម៉ៅ ថា លោក​គ្រាន់​តែ​ចង់​ឲ្យ​ជនជាតិ​ចាម​ទាំង​អស់​រួបរួម​គ្នា មិន​ត្រូវ​បែក​ឆ្វេង ឬ​បែក​បាក់​គ្នា​នោះ​ទេ។ លោក​ព្យាយាម​មិន​ឆ្លើយ​នឹង​ពាក្យ​ថា​បែក​ឆ្វេង ឬ​បែកបាក់​គ្នា​ដោយ​ប្រការ​អ្វី​នោះ​ទេ ប៉ុន្តែ​លោក​ប្រាប់​ថា ថ្នាក់​ដឹកនាំ​សាសនា​មិន​បាន​គាបសង្កត់​អ្វី​ក្រៅ​ពី​ចង់​ឲ្យ​ជនជាតិ​ចាម​ចេះ​សាមគ្គី​គ្នា​នោះ​ទេ៖ «ឲ្យ​តែ​គាត់​ចូល​មក...ស្ដាប់​បាន​អត់! ខ្ញុំ​ថា ចូល​តែ​ខ្លួន​មក​ចិត្ត​ទៅ​ខាង​ណា​ក៏​បាន​ដែរ។ បង​ឯង​ចុះ​មក​មួយ​ភ្លែតៗ បើ​ចង់​និយាយ​យ៉ាង​ម៉េច​អី​យ៉ាង​ម៉េច»

ទោះ​ជា​យ៉ាង​ណា អនុ​ប្រធាន​ចលនា​ខ្មែរ​ឥស្លាម​ខេត្ត​កំពង់​ឆ្នាំង​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ីន សុវណ្ណ បញ្ជាក់​ថា ករណី​គំរាមកំហែង និង​កាត់​កាល​ចេញ​ពី​សាសនា​នេះ ព្រោះ​តែ​មាន​និន្នាការ​នយោបាយ​ខុស​គ្នា។

ជាក់​ស្ដែង​លោក ណោង ម៉ាត់ ដែល​ជា​ប្អូន​បង្កើត​របស់​មេភូមិ​ដំណាក់ព្រីង ត្រូវ​គេ​បង្ខំ​ឲ្យ​ធ្វើ​លិខិត​ចេញ​ពី​បក្ស​ប្រឆាំង​ដោយ​កន្លង​មក​លោក​ធ្លាប់​ឈរ​ឈ្មោះ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ៖ «គេ​ឲ្យ​យើង​ទៅ​អង្វរករ​គេ ហើយ​លាលែង​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ គេ​នឹង​ធ្វើ​កិច្ច​សន្យា​មួយ​ដើម្បី​បង្ហោះ​ហ្វេសប៊ុក (facebook) ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ហ្នឹង​ចង់​និយាយ​ថា ឲ្យ​ទៅ​ស្បថ​ទៅ​ស្បែ​ឲ្យ​ឈប់​តែ​សម្រាប់​អ្នក​ទាំង​ប៉ុន្មាន​នាក់ ហ្នឹង​អត់​ឈប់​ទេ ទោះ​បី​ជា​ប្រឈម​នឹង​ទុក្ខ​លំបាក​យ៉ាង​ម៉េច​ក៏​ដោយ»

ប្រធាន​មន្ទីរ​ធម្មការ និង​កិច្ចការ​សាសនា​ខេត្ត​កំពង់ឆ្នាំង លោក សរ លាង ថា​លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​នឹង​មន្ត្រី​ចុះ​ស៊ើប​អង្កេត និង​ដោះស្រាយ​ឲ្យ​បាន​ឆាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល