ការិយាល័យ​បោះឆ្នោត​​២​នៅ​ខេត្ត​ប៉ៃលិន​អាច​ប្រឈម​នឹង​ការ​លិច​ទឹក

ដោយ ហ៊ុំ ចំរើន
2017-05-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​ប៉ៃលិន
លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​ប៉ៃលិន
Photo provided

ជំនន់​ទឹក​ភ្លៀង​លិច​ផ្ទះ​ពលរដ្ឋ​ជា​ច្រើន​ខ្នង​នៅ​ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ឧសភា បាន​ស្រក​ជា​ធម្មតា​វិញ​ហើយ ក្រោយ​ពី​លិច​ទឹក​ប្រមាណ ៣​ថ្ងៃ។ ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​ស្ទឹងត្រង់ អះអាង​ថា ប្រសិន​បើ​មាន​ភ្លៀង​ធំ​នៅ​យប់​ថ្ងៃ​បោះ​ឆ្នោត​ទៀត​ គឺ​ការិយាល័យ​បោះឆ្នោត​ចំនួន ២​កន្លែង​នៅ​ឃុំ​នេះ ប្រឈម​នឹង​លិច​ទឹក​មិន​អាច​ដំណើរ​​ការ​បោះឆ្នោត​បាន​ឡើយ។

​​​​មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​ស្ទឹងត្រង់​ ស្រុក​សាលាក្រៅ​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ប៉ៃលិន​ កំពុង​ព្រួយ​បារម្ភ​ខ្លាច​ការិយាល័យ​បោះឆ្នោត​មួយ​ចំនួន​មិន​អាច​ដំណើរ​ការ​បាន​ដោយសារ​​ជំនន់​ទឹក​ភ្លៀង​លិច។

ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​ស្ទឹងត្រង់ លោក ជួន ភីរម្យ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ថា បើ​ទោះ​ជា​ជំនន់​ទឹក​ភ្លៀង​បាន​ស្រក​ជា​ធម្មតា​ឡើង​វិញ​ក៏ដោយ ក៏​ប៉ុន្តែ​ប្រសិន​បើ​នៅ​ថ្ងៃ​បោះឆ្នោត​មាន​ភ្លៀង​ធំ ការិយាល័យ​បោះ​ឆ្នោត​ចំនួន ២​កន្លែង​នៅ​ភូមិ​ផ្ទះស្បូវ និង​ភូមិ​កូនដំរី នឹង​​មិន​អាច​ដំណើរ​ការ​បោះ​ឆ្នោត​​បាន​​ទេ ពីព្រោះ​លិច​ផ្លូវ ធ្វើ​ឲ្យ​ពលរដ្ឋ​ពិបាក​ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត៖ «វិធានការ​ទប់ស្កាត់​នៅ​ថ្ងៃ​បោះឆ្នោត​ ពេល​នោះ​ខ្ញុំ​នឹង​ទាក់ទង​ទៅ​លេខាធិការដ្ឋាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ ដើម្បី​ស្នើ​សុំ​ដូរ​ការិយាល័យ​ ពីព្រោះ​នៅ​ក្បែរ​នោះ វិហារ​វត្ត​មួយ​ខ្ពស់​ផុត​ពី​ទឹក អាច​ដំណើរ​ការ​បោះឆ្នោត​បាន»

លោក​បន្ថែម​ថា រហូត​មក​ទល់​ពេល​នេះ​ពុំ​ទាន់​មាន​បញ្ជា​ថា នឹង​ត្រូវ​ធ្វើ​យ៉ាង​ណា​ពី​លេខាធិការ គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ប៉ៃលិន នៅ​ឡើយ។

ទាក់ទង​នឹង​បញ្ហា​នេះ មេ​ឃុំ​ស្ទឹងត្រង់ លោក កែវ រំដេត មាន​ប្រសាសន៍​ថា ចាប់​​​ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា មក​មាន​ភ្លៀង​ធំ​ចំនួន ២​យប់ ២​ថ្ងៃ​ជាប់​គ្នា​ នៅ​តំបន់​ព្រំដែន​ស្រុក​សាលាក្រៅ ធ្វើ​ឲ្យ​លិច​ផ្ទះ​របស់​ពលរដ្ឋ​ចំនួន ៥០​ខ្នង​ និង​លិច​ផ្លូវ​ជា​ច្រើន​ខ្សែ​ ព្រមទាំង​​ផល​ដំណាំ​របស់​ពលរដ្ឋ​ខូចខាត​អស់​ជាច្រើន​ហិកតារ​​នៅ​ក្នុង​ភូមិ​ផ្ទះស្បូវ និង​ភូមិ​កូនដំរី៖ «ព្រោះ​វា​ជា​តំបន់​ភ្នំ កាល​ណា​មាន​ភ្លៀង​ធំ​ទឹក​មក​ពី​ភ្នំ ទឹក​ចាល់​អូរ​ក៏​ឡើង​លិច​ផ្ទះ​អ្នក​ស្រុក​​ ហើយ​ប្រហែល ២​ថ្ងៃ​អី​មក បើ​គ្មាន​ភ្លៀង​ទឹក​ក៏​ស្រក​វិញ​អស់។តែ​បើ​មាន​ភ្លៀង​ថែម​មក​ទៀត ទឹក​ឡើង​លិច​ដល់​ដំបូង​ផ្ទះ​ប្រជាពលរដ្ឋ​ក៏​មាន​ដែរ»

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ប៉ៃលិន លោក ឃិម ប៉ុន អះអាង​ថា កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា លោក​បាន​ចូលរួម​ប្រជុំ​ជាមួយ​មន្ត្រី​​លេខាធិការដ្ឋាន​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​ប៉ៃលិន ពិភាក្សា​ជុំវិញ​រឿង​នេះ​ដើម្បី​រក​ដំណោះស្រាយ​នៅ​ពេល​ដែល​មាន​ភ្លៀង​ធំ​នៅ​ថ្ងៃ​បោះឆ្នោត ក៏ប៉ុន្តែ​លោក​ថា ពុំ​ទាន់​ទទួល​ដំណឹង​ថា ​នឹង​ប្ដូរ​ការិយាល័យ​បោះឆ្នោត​ទៅ​ដាក់​កន្លែង​ណា​នៅ​ឡើយ៖ «ចំណុច​នេះ​យើង​មាន​ការ​ព្រួយ​បារម្ភ ប្រសិន​ណា​ជា​មាន​ការ​ភ្លៀង​ច្រើន វា​អាច​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះឆ្នោត ព្រោះ​ប្រជាពលរដ្ឋ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត»

​​ឃុំ​ស្ទឹងត្រង់ ​មាន​ពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​រួច​សរុប ៣.៩២០​នាក់ និង​មាន​ការិយាល័យ​បោះឆ្នោត​ចំនួន ១៧​ការិយាល័យ ព្រម​ទាំង​មាន​គណបក្ស​នយោបាយ​ចំនួន ៦ គណបក្ស ដែល​បាន​ចុះ​ឈ្មោះ​ប្រកួតប្រជែង​បោះឆ្នោត​នៅ​ក្នុង​ឃុំ​ជាប់​ព្រំដែន​ថៃ មួយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល