អតីត​អ្នក​ទោស​នយោបាយ នៅ​ខេត្ត​កំពង់ចាម​ជាង ១០​នាក់ ដាក់​ពាក្យ​ស្នើសុំ​រួម​គ្នា ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់

ដោយ ខែ សុណង
2019-12-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ដុង សុវណ្ណារិទ្ធិ អតីត​អ្នក​ជាប់​ឃុំ​រឿង​​នយោបាយ​ម្នាក់ ក្នុង​ចំណោម​ជាង ១០នាក់ នៅ​​ខេត្ត​កំពង់ចាម និង​លោក នូ ភឿន អតីត​អ្នក​ទោស​នយោបាយ​នៅ​ខេត្ត​កំពង់ធំ។
លោក ដុង សុវណ្ណារិទ្ធិ អតីត​អ្នក​ជាប់​ឃុំ​រឿង​​នយោបាយ​ម្នាក់ ក្នុង​ចំណោម​ជាង ១០នាក់ នៅ​​ខេត្ត​កំពង់ចាម និង​លោក នូ ភឿន អតីត​អ្នក​ទោស​នយោបាយ​នៅ​ខេត្ត​កំពង់ធំ។
រូប៖ ហ្វេសប៊ុក

ក្រុម​អតីត​អ្នក​ទោស​នយោបាយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កំពង់​ចាម ជាង ​១០​នាក់ ​បាន​ដាក់​ពាក្យ​ស្នើសុំ​​រួម​គ្នា ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​ពួកគាត់​។ អ្នក​ឃ្លាំមើល​ផ្នែក​សិទ្ធិ​ ជំរុញ​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​សកម្មជន​នយោបាយ​ទាំង​នោះ ដើម្បី​​ស្ដារ​ស្ថាន​ភាព​​រឹតត្បិត​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​។

អតីត​អ្នក​ជាប់​ឃុំ​រឿង​​នយោបាយ​ម្នាក់ ក្នុង​ចំណោម​ជាង​ ១០​នាក់ នៅ​​ខេត្ត​កំពង់ចាម លោក ដុង ​សុវណ្ណារិទ្ធិ ប្រាប់​ថា ពួក​លោក បាន​ដាក់​ពាក្យ​ស្នើ​សុំ​រួម​គ្នា ទៅ​សាលា​ដំបូង​ខេត្ត​កំពង់ចាម កាល​ពី​​ដើម​ខែ​ធ្នូ តែ​ជិត​មួយ​ខែ​មក​ហើយ ពួក​លោក​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​តុលាការ​នៅ​ឡើយ​ទេ។ លោក​ថា ការ​សម្រេច​ដាក់​ពាក្យ​ស្នើសុំ​ឲ្យ​ទម្លាក់​បទ​ចោទ ដោយសារ​ ពួក​លោក ចង់​​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ ដូច​ពលរដ្ឋ​​ទូទៅ៖ «ខ្ញុំ​បាន​ដាក់​ពាក្យ​​​ទៅ​តុលាការ​រួច​ហើយ ឲ្យ​ទម្លាក់​បទ​ចោទ​ហ្នឹង កាល​ពី​ថ្ងៃ​ទី១០ ខែ​ធ្នូ​ហ្នឹង បាន​ដាក់​ពាក្យ​ហើយ។ លិខិត​ហ្នឹង ដូច​តុលាការ​បាន​ទទួល​ហើយ ព្រោះ​យើង​ដាក់​ជា​ក្រុម​ណា មិន​មែន​ដាក់​ជា​បុគ្គល​ទេ។ យើង​ដាក់​ជា​ក្រុម ដូចជា​ប្រមាណ ១០​នាក់​ជាង ដាក់​ជាមួយ​គ្នា​តែ​ម្ដង ដាក់​ជា​ក្រុម»

ចំណែក​អតីត​អ្នក​ទោស​នយោបាយ​នៅ​ខេត្ត​កំពង់ធំ លោក នូ ភឿន ថា ខាង​លោក កំពុង​ណាត់​ជួប​ជាមួយ​មេធាវី ដើម្បី​ធ្វើ​លិខិត​ស្នើសុំ​ឲ្យ​ទម្លាក់​បទ​ចោទ​ដូចគ្នា​ដែរ។ លោក​ថា សព្វ​ថ្ងៃ​ លោក​មាន​ផល​លំបាក និង​សម្ពាធ​ច្រើន​ណាស់ ដោយសារ​តែ​ការ​មិន​ទាន់​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​នេះ សូម្បី​ការ​និយាយ​ស្ដី​ ក៏​ត្រូវ​កម្រិត​សិទ្ធិ​បញ្ចេញ​មតិ​ខ្លួន​ឯង​ដែរ៖ «មេធាវី គាត់​​ចង់​មក​ជួប​ខ្ញុំ​ដែរ។ ប៉ុន្តែ មក​ដល់​នេះ អត់​ទាន់​ឃើញ​គាត់​មក​ជួប​ទេ ព្រោះ​អ្វី រង់​ចាំ​មើល​គាត់​ដែរ ព្រោះ​អ្វី​ខាង​មេធាវី អត់​ទាន់​ឃើញ​មក​ទាក់ទង។ ខ្ញុំ​ចេះ​តែ​រង់ចាំ​មើល​មេធាវី​ ដែរ»

តុលាការ​​​នៃ​របប​ក្រុង​ភ្នំពេញ បាន​ដោះ​លែង​អ្នក​ទោស​នយោបាយ​នៃ​គណបក្ស​ប្រឆាំង​ចំនួន ៧៦នាក់​ភ្លាមៗ តាម​បញ្ជា​របស់​លោក​នាយក​​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា។ តែ​ទោះ​ជា​យ៉ាង​ណា លោក ហ៊ុន សែន ​បាន​ហាម​​មិន​ឲ្យ​ទម្លាក់​​បទ​ចោទ​​ឡើយ ហើយ​ត្រូវ​កោះ​ហៅ​ពួក​គេ​ឲ្យ​ចូល​​សវនាការ​កាត់​ទោស​ជា​ធម្មតា នៅ​ថ្ងៃ​ខាង​មុខ។

បន្ថែម​ពី​នេះ តុលាការ​បាន​ដាក់​លក្ខខណ្ឌ​​ឲ្យ​​សកម្មជន​ទាំង​នោះ មិន​ឲ្យ​​ផ្លាស់​ប្ដូរ​ទី​លំនៅ​ ឬ​ចាកចេញ​ពី​ប្រទេស​កម្ពុជា និង​តម្រូវ​ឲ្យ​បង្ហាញ​ខ្លួន​នៅ​​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ ឬ​​នៅ​សាលា​ដំបូង​រាជធានី ខេត្ត​ ​២​សប្ដាហ៍​ម្ដង ឬ​មួយ​ខែ​ម្ដង ឬ​តាម​ការ​កោះហៅ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច។

សកម្មជន បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ហៅ​លក្ខខណ្ឌ​ទាំង​នេះ ថា​ជា​លក្ខខណ្ឌ​តឹងរ៉ឹង សម្រាប់​អ្នក​ទោស​នយោបាយ​ ដែល​ត្រូវ​ដោះ​លែង​ទាំង​នោះ។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក លោក ស៊ឹង សែន​ករុណា យល់​ថា តុលាការ​គួរ​ពិចារណា ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​សកម្មជន​នយោបាយ​ទាំង​អស់​នោះ ដើម្បី​ឲ្យ​ពួកគេ​មាន​ឱកាស​បាន​ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស​ មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ រួម​ទាំង​សេរី​ភាព​​បញ្ចេញ​មតិ ជួប​ប្រជុំ សិទ្ធិ​នយោបាយ​ ដូច​ពលរដ្ឋ​ដទៃ​ទៀត។

លោក​ថា ការ​ទម្លាក់​ចោទ​បទ​ចោទ​ប្រកាន់​លើ​សកម្មជន​​នយោបាយ​ទាំង​នោះ​ នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចំណេញ ព្រោះ​សហគមន៍​អន្តរ​ជាតិ​កំពុង​ឃ្លាំមើល​​ការ​ប្ដេជ្ញា​​ចិត្ត​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ ដើម្បី​បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ឲ្យ​កម្ពុជា​វិញ៖ «មិន​មាន​ភស្តុតាង​អ្វី ទៅ​ចោទ​ប្រកាន់​បន្ត​​ទៅ​លើ ពួក​គាត់​ទៀត​ទេ ហើយ​បើ​សិន​ជា​បាន​ដោះលែង ពួកគាត់​ហើយ គួរ​តែ​ទម្លាក់​ចោទ​បទ​ចោទ​ប្រកាន់​ទៅ​លើ​រូប​គាត់​ផង ដើម្បី​ឲ្យ​គាត់ បាន​ធ្វើ​ការងារ​របស់​គាត់ ឬ​ក៏​ធ្វើ​សកម្មភាព​ផ្នែក​នយោបាយ​ ឬ​ក៏​សង្គម​អ្វី​ផ្សេងៗ​ហ្នឹង ដោយ​កុំ​ឲ្យ​មាន​រង​ការ​រឹតត្បិត»

ជុំវិញ សំណើ​ស្នើសុំ​ឲ្យ​ទម្លាក់​បទ​ចោទ​លើ​សកម្មជន​បក្ស​ប្រឆាំង​ជាង​១០​នាក់​នេះ អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​​សាលា​ដំបូង​ខេត្ត​កំពង់ចាម លោក ជុំ ណារ៉ាន់ បាន​ទេ នៅ​ថ្ងៃ​ទី២៤ ធ្នូ ដោយសារ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នក​ទទួល។

ទោះ​យ៉ាង​ណា ក្រុម​អតីត​អ្នក​ទោស​នយោបាយ សង្ឃឹម​ថា តុលាការ​នឹង​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​​លើ​ពួក​លោក និង​សង្ឃឹម​ថា ​នឹង​លែង​មាន​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពួកគេ​​​ត​ទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល