រដ្ឋាភិបាល​ថ្មី​របស់​ថៃ​បំបែក​ការប៉ុនប៉ង​រំលាយ​រដ្ឋសភា

រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ថៃ​បាន​បំបែក​ការប៉ុនប៉ង​រំលាយ​រដ្ឋសភា​ចោល​ក្រោយ​ពី​សមាជិក​រដ្ឋាភិបាល​និង​សមាជិក​សភា​ថៃ​បាន​គេច​ខ្លួន​ចេញ​ពី​ការឡោមព័ទ្ធ​វិមាន​រដ្ឋសភា​ដោយ​ក្រុម​បាតុករ​អាវ​ក្រហម​ដែល​គាំទ្រ​លោក​អតីត​នាយក​រដ្ឋមន្រ្តី ថាក់ស៊ីន នៅ​ថ្ងៃ​អង្គារ​នេះ។
ដោយ សាន សុវិទ្យ
2008-12-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ប្រចាំ​ក្រុង​បាងកក​បាន​រាយការណ៍​មក​ថា នាយក​រដ្ឋមន្រ្តី​ថៃ​បាន​ថ្លែង​គោល​នយោបាយ​ដឹកនាំ​ប្រទេស​របស់​ខ្លួន​នៅ​ចំពោះ​មុខ​រដ្ឋសភា​យ៉ាង​ប្រផាត់​ប្រភីង​បន្ទាប់​ពី​បាន​លើក​អង្គប្រជុំ​ទៅ​ធ្វើ​នៅ​ឯ​ទីស្តីការ​ក្រសួង​ការ​បរទេស​វិញ។

លោក អៈភិស៊ិត វ៉េតឆាឈីវ៉ាក់ បាន​ថ្លែង​នៅ​ចំពោះ​មុខ​សម័យ​ប្រជុំ​តំណាង​រាស្រ្ត​ថៃ​ក្រោយ​លោក​បាន​ថ្លែង​នយោបាយ​របស់​រដ្ឋាភិបាល​ថ្មី​នេះ​រួច ថា​លោក​នឹង​ខិតខំ​បំពេញ​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី​របស់​ប្រជាជន​ថៃ​គ្រប់​ស្រទាប់​វណ្ណៈ​ទាំងអស់​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជាតិ​ទាំង​មូល។

លោក អៈភិស៊ិត មាន​ប្រសាសន៍​ដូច្នេះ ៖ "ខ្ញុំ​តែងតែ​និយាយ​ជា​និច្ច​ក្នុង​មួយ​ជីវិត អ្នក​នយោបាយ​របស់​ខ្ញុំ​ថា អ្នក​ដែល​នឹង​មក​ជា​នាយក​រដ្ឋមន្រ្តី​ត្រូវតែ​ជា​នាយក​រដ្ឋមន្ត្រី​របស់​មនុស្ស​ទូទាំង​ប្រទេស មិន​ថា​នៅ​ទី​ណា មិន​ថា​គេ​គាំទ្រ​ឬ​មិន​គាំទ្រ​នរណា មិន​ថា​និន្នាការ​នយោបាយ​របស់​គេ​យ៉ាង​ណា​នោះ​ឡើយ"។

ការថ្លែង​នេះ​ធ្វើ​ឡើង​ខណៈ​ដែល​ក្រុម​បាតុករ​អាវ​ក្រហម​បាន​ធ្វើ​ដំណើរ​តាម​ទៅ​ស្រែក​តវ៉ា​នៅ​មុខ​ទីស្តីការ​ក្រសួង​ការ​បរទេស​បន្ទាប់​ពី​ពួក​គេ​បាន​ឡោមព័ទ្ធ​រដ្ឋសភា​អស់​រយៈពេល​ពីរ​ថ្ងៃ​មក​នោះ។

ក្រុម​បាតុករ​អាវ​ក្រហម​គាំទ្រ​លោក​អតីត​នាយក​រដ្ឋមន្រ្តី ថាក់ស៊ីន ទាមទារ​ឲ្យ​លោក អៈភិស៊ិត រំលាយ​រដ្ឋសភា​ចោល​ហើយ​ធ្វើការ​បោះ​ឆ្នោត​សា​ជា​ថ្មី​ឡើង​វិញ។

សូម​ជម្រាប​ថា រដ្ឋធម្មនុញ្ញ​ថៃ​តម្រូវ​ឲ្យ​រដ្ឋាភិបាល​របស់​លោក អៈភិស៊ិត ថ្លែង​នយោបាយ​ដឹកនាំ​ប្រទេស​របស់​ខ្លួន​ក្នុង​រយៈពេល​១៥​ថ្ងៃ​បន្ទាប់​ពី​គណៈរដ្ឋមន្រ្តី​របស់​លោក​បាន​ស្បថ​ចូល​កាន់​តំណែង​រួច៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល