ក្រុម​សហជីព​បង្ហាញ​កង្វល់​មុន​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​ត្រូវ​បាន​រដ្ឋសភា​អនុម័ត

ដោយ ម៉ម មុនីរតន៍
2015-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​សហជីព​ដែល​តែង​ទាមទារ​ប្រាក់​អត្ថប្រយោជន៍​សម្រាប់​កម្មករ កំពុង​ពិភាក្សា​គ្នា​ក្រៅ​ផ្លូវ​ការ បន្ទាប់​ពី​កិច្ច​ប្រជុំ​បិទ​ទ្វារ​ស្ដីពី​កង្វល់​ច្បាប់​សហជីព នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៥។
ក្រុម​សហជីព​ដែល​តែង​ទាមទារ​ប្រាក់​អត្ថប្រយោជន៍​សម្រាប់​កម្មករ កំពុង​ពិភាក្សា​គ្នា​ក្រៅ​ផ្លូវ​ការ បន្ទាប់​ពី​កិច្ច​ប្រជុំ​បិទ​ទ្វារ​ស្ដីពី​កង្វល់​ច្បាប់​សហជីព នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Morm Moniroth

ក្រុម​សហជីព​ចំនួន​២ ដែល​មាន​និន្នាការ​ខុស​គ្នា គឺ​សហជីព​ដែល​គាំទ្រ​រដ្ឋាភិបាល និង​ក្រុម​សហជីព​មួយ​ផ្សេង​ទៀត ដែល​តែង​តវ៉ា​រក​អត្ថប្រយោជន៍​ឲ្យ​កម្មករ បាន​ជួប​ពិភាក្សា​នៅ​វិមាន​រដ្ឋសភា និង​ពិគ្រោះ​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព។ លោក អាត់ ធន់ រិះគន់​ថា ច្បាប់​ស្ដីពី​សហជីព​នេះ គឺ​មាន​មាត្រា​មួយ​ចំនួន​នៅ​តែ​មិន​ទាន់​កែប្រែ ពោល​គឺ​បាន​ហ៊ុមព័ទ្ធ​សិទ្ធិ​សេរីភាព​របស់​សហជីព ជាពិសេស​មាន​ចរិត​រឹតត្បិត។

ក្រុម​សហជីព​ដែល​តែង​ទាមទារ​អត្ថប្រយោជន៍​សម្រាប់​កម្មករ​និយោជិត កំពុង​ពិភាក្សា​លើ​ក្ដី​កង្វល់​របស់​ខ្លួន​ជាមួយ​តំណាង​រាស្ត្រ​សំឡេង​ភាគ​ច្រើន ដើម្បី​ស្នើ​ឲ្យ​មាន​ការ​ដាក់​បញ្ចូល​ការ​ប្រឈម​នានា ទៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​នៃ​រដ្ឋសភា​នៅ​ពេល​នេះ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និង​ជា​អនុប្រធាន​គណៈកម្មការ​ទី​១ រដ្ឋសភា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ថា ក្រុម​សហជីព​កំពុង​ពិភាក្សា​ពី​កង្វល់​របស់​ខ្លួន​ជាមួយ​តំណាង​រដ្ឋាភិបាល។ លោក​បន្ថែម​ថា ជំនួប​នៅ​ពេល​នេះ នៅ​ពុំ​ទាន់​សម្រេច​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ ពោល​គឺ​ត្រូវ​ឆ្លង​យោបល់ និង​ពិភាក្សា​បន្ត​ទៀត​ជាមួយ​គណៈកម្មការ​ចំពោះ​កិច្ច​ជា​មុន​សិន ដែល​មាន​តំណាង​ពី​ខាង​គណបក្ស​នយោបាយ​ទាំង​ពីរ៖ «មិន​ទាន់​កំណត់​បាន​ទេ ពីព្រោះ​គណៈកម្មការ​ចំពោះ​កិច្ច​គឺ​ពេល​ដែល​ជួប​ហើយ គណៈកម្មការ​ចំពោះ​កិច្ច​នៅ​ជជែក​គ្នា​រវាង​គណៈកម្មការ​ចំពោះ​កិច្ច​ជាមួយ​គណបក្ស​ដៃគូ»

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព ត្រូវ​បាន​រដ្ឋាភិបាល​រៀបចំ​ឡើង​តាំង​ពី​ឆ្នាំ​២០០៨ ដែល​មាន ១៧​ជំពូក និង ១០០​មាត្រា មាន​វិសាលភាព​គ្រប​ដណ្ដប់​លើ​សហគ្រាស​គ្រឹះស្ថាន​ទាំងឡាយ​ណា ដែល​ស្ថិត​នៅ​ក្នុង​សហគ្រាស ឬ​គ្រឹះស្ថាន​ក្រោម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​ការងារ។

បើ​ទោះ​ជា​បែប​ណា សេចក្ដី​ព្រាង​ច្បាប់​នេះ រង​ការ​រិះគន់​ពី​អង្គការ​សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​លើ​វិស័យ​វាយនភណ្ឌ​កាត់​ដេរ​សម្លៀកបំពាក់ ថា​មាន​លក្ខណៈ​គាប​សង្កត់​ដល់​សិទ្ធិ​សេរីភាព​របស់​កម្មករ និង​សហជីព។

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខៅឌូ (CCAWDU) លោក អាត់ ធន់ ឲ្យ​ដឹង​ក្រោយ​ពី​កិច្ច​ប្រជុំ​បិទ​ទ្វារ​នៅ​វិមាន​រដ្ឋសភា​ថា ថ្វី​បើ​សហជីព​ដែល​មក​ពី​និន្នាការ​ខុស​គ្នា បាន​ន័យ​ថា មាន​ទាំង​ក្រុម​សហជីព​ដែល​គាំទ្រ​រដ្ឋាភិបាល​ផង ប៉ុន្តែ​ពួក​លោក​ហាក់​មាន​ទិសដៅ​តែ​មួយ គឺ​តស៊ូ​មតិ​ប្រឆាំង​ច្បាប់​ស្ដីពី​សហជីព​នេះ​ប្រហាក់​ប្រហែល​គ្នា។ លោក​បន្ថែម​ថា ច្បាប់​នេះ​ពិត​ជា​មាន​មាត្រា​ដ៏​លើសលប់ មាន​ការ​រឹតត្បិត រួម​ទាំង​មាន​លក្ខណៈ​ជ្រៀតជ្រែក​ផ្នែក​ហិរញ្ញវត្ថុ​របស់​សហជីព​ថែម​ទៀត​ផង៖ «មាន​បី​ចំណុច​ដែល​សំខាន់​ជាង​គេ​គឺ​និយាយ​អំពី​ការ​លុប​ចោទ ឬក៏​បិទ​ចោល​ដោយ​ងាយៗ​ពេក។ មួយ​ទៀត គឺ​ការ​ជ្រៀតជ្រែក​ផ្នែក​ហិរញ្ញវត្ថុ​របស់​សហជីព និង​ការ​ជ្រៀតជ្រែក​ការ​តាក់តែង​លក្ខន្តិកៈ​របស់​សហជីព»

ជុំវិញ​កិច្ច​ពិគ្រោះ​យោបល់​ដែល​ធ្វើ​ឡើង​នៅ​ពេល​នេះ ពុំ​មាន​វត្តមាន​ពី​ខាង​គណបក្ស​ជំទាស់​ទេ។

លោក សុខ ឥសាន និយាយ​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​នេះ មិន​មែន​បម្រើ​ឲ្យ​សេចក្ដី​ត្រូវ​ការ​ចំពោះ​តែ​ក្រុម​សហជីព​ឡើយ ពោល​គឺ​ច្បាប់​នេះ ក៏​បម្រើ​ការ​ចាំបាច់​ដែរ​ដល់​និយោជក និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត​លើ​វិស័យ​វាយនភណ្ឌ​នេះ។

បច្ចុប្បន្ន កម្ពុជា មាន​កម្មករ​បម្រើ​ក្នុង​វិស័យ​ឧស្សាហកម្ម​ផលិត​សម្លៀកបំពាក់ និង​ស្បែក​ជើង​ប្រមាណ ៧​សែន​នាក់ មាន​សហជីព​មូលដ្ឋាន​ចំនួន​៣.២១៤ សហព័ន្ធ​សហជីព​ចំនួន​៨៤ សហភាព​សហព័ន្ធ​សហជីព​ចំនួន​១៣ និង​សមាគម​និយោជក​ចំនួន​៥។

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​នេះ គឺ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ដំណើរ​ការ​ពិគ្រោះ​យោបល់ និង​ជជែក​ដេញដោល​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ពួកអាឈ្លើង បង្ខំឲ្យគេគ្រប់គ្នាគោរពច្បាប់ តែខ្លួនឯងខ្លាចច្បាប់។

Dec 29, 2015 07:49 PM

គេហទំព័រ​ទាំងមូល