តុលាការ​ប្រទេស​បារាំង​សម្រេច​ចោទ​ប្រកាន់​មេដឹកនាំ​បក្ស​ប្រឆាំង​ពីបទ​បរិហារកេរ្តិ៍​លោក​ ឌី វិជ្ជា ជា​សាធារណៈ

ដោយ ហេង រស្មី
2020-06-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។
លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។
រូបថត៖ ហ្វេសប៊ុក Sam Rainy

លោក​ សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង​ ​ បាន​ស្វាគមន៍​​តុលាការ​ប្រទេស​បារាំង​ដែល​បាន​លើក​យក​សំណុំ​រឿង​ចោទ​ប្រកាន់​លោក ករណី​បរិហារកេរ្តិ៍ មក​ជំនុំ​ជម្រះ។

លោក​ សម រង្ស៊ី បញ្ជាក់​ថា នេះ​ជា​ឱកាស​ដែល​លោក​បាន​បង្ហាញ​ការ​ពិត​អំពី​អ្នក​ណា​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​សម្លាប់​លោក ហុក ឡងឌី អតីត​មេ​ប៉ូលិស​ខ្មែរ កាល​ពី ១២ឆ្នាំ​មុន៖ «នេះ​ជា​ដំណឹង​ល្អ ពី​ព្រោះ​នេះ​ជា​ឧកាស​ដ៏​កម្រ ខ្ញុំ​នឹង​លាត​ត្រដាង​ឃាតកម្ម​របស់​លោក​ ហ៊ុន សែន​ និង​​ក្រុម​គ្រួសារ​គាត់ មាន​រឿង​ច្រើន​ណាស់ ដែល​ខ្ញុំ​រង់ចាំ​ឧកាស​បែប​នេះ ដើម្បី​ឲ្យ​តុលាការ​បារាំង​ពនិត្យ​លើ​​ ការ​ពិត​ដើម្បី​ជួយ​បញ្ចប់​នៅ​និទ្ទណ្ឌភាព​នៅ​ប្រទេស​កម្ពុជា ពី​ព្រោះ​នៅ​ប្រទេស​កម្ពុជា​អ្នក​ដែល​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​នយោបាយ​មិន​ដែល​រក​មុខ​ឃើញ​ទេ ពី​ព្រោះ​តុលាការ​ស្រុក​ខ្មែរ​មិន​មែន​ជា​តុលាការ​ឯករាជ្យ។ តែ​នៅ​ចំពោះ​មុខ​តុលាការ​ឯក​រាជ្យ ដូច​ជា​តុលាការ​ប្រទេស​បារាំង ខ្ញុំ​មាន​សង្ឃឹម​ច្រើន​ឲ្យ​លោក ហ៊ុន សែន មក​ប្ដឹង​ខ្ញុំ​ទៅ។ ហ្នឹង​ជា​ឧកាស​ល្អ ដើម្បី​ឱ្យ​ខ្ញុំ​លាត​ត្រដាង​ការ​ពិត ហើយ​ឲ្យ​មាន​ការ​ផ្ដន្ទាទោស​ចំពោះ​ឧក្រិដ្ឋកម្ម​ចំពោះ​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​គាត់»

ការ​​លើក​ឡើង​របស់​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​បាន​កើត​មាន​ឡើង​ក្រោយ​ពី​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ប្រទេស​បារាំង​បាន​សម្រេច​ចោទ​ប្រកាន់​ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង​លោក​ សម រង្ស៊ី​ ពី​បទ «បរិហារកេរ្តិ៍​ ជា​សាធារណៈ​លើ​បុគ្គល» តាម​បណ្ដឹង​របស់​អគ្គស្នងការ​រង​នគរ​បាល​ជាតិ​លោក​ ឌី វិជ្ជា​ ជា​កូន​ប្រុស​របស់​លោក ហុក ឡងឌី កាល​ពី​ថ្ងៃ​ទី២០ ខែ​សីហា ឆ្នាំ២០១៩។

លោក​ ឌី វិជ្ជា តាម​រយៈ​មេធាវី​រដ្ឋាភិបាល​ និង​ មេធាវី​នៅ​ក្នុង​ប្រទេស​បារាំង​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​ជំទាស់​នឹង​លោក​ សម រង្ស៊ី​ ថា បាន​ចោទ​ប្រកាន់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ជា​ឪពុក​ក្មេក​របស់​លោក​ថា បាន​រៀប​ចំ​ផែនការ​សម្លាប់​ឪពុក​បង្កើត​របស់​លោក។

កាល​ពី​ទី២ ខែ​មិថុនា ឆ្នាំ២០១៩ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​គេហទំព័រ​របស់​លោក​ថា​ លោក​ ហ៊ុន សែន​ ជា​អ្នក​បញ្ជា​ឲ្យ​សម្លាប់​លោក ហុក ឡងឌី​ តាម​រយៈ​ធ្វើ​ឲ្យ​ផ្ទុះ​ឧទ្ធម្ភាគចក្រ​ដែល​លោក​ហុក ឡងឌី​ បាន​ជិះ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ស្វាយរៀង​កាល​ពី​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ២០០៨។

លោក សម រង្ស៊ី បាន​បញ្ជាក់​ទៀត​ថា កូន​ប្រុស​របស់​លោក ហុក ឡងឌី ដែល​ជា​កូន​ប្រសា​របស់​លោក​ ហ៊ុន សែន​ កំពុង​រៀប​ចំ​ផែន​ការ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ដើម្បី​រក​វិធី​សងសឹក​លោក ហ៊ុន សែន វិញ​ក្រោយ​ពី​ឪពុក​បង្កើត​របស់​ខ្លួន​បាន​ស្លាប់។

អគ្គស្នងការ​រង​នគរបាល​ជាតិ​លោក​ ឌី វិជ្ជា​ ប្រាប់​អាស៊ី​សេរី​ថា លោកគ្រាន់​តែ​ចង់​បាន​យុត្តិធម៌​សម្រាប់​ខ្លួន​លោក​ប៉ុណ្ណោះ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល