មេធាវី​ស្នើ​ឱ្យ​តុលាការ​កំពូល​ពន្លឿន​សំណុំរឿង​សកម្មជន​សិទ្ធិ​ការងារ លោក រ៉ាត់ រត្នមុនី

ដោយ សេក បណ្ឌិត
2019-12-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
​សកម្មជន​សិទ្ធិ​ការងារ លោក រ៉ាត់ រត្នមុនី ពេលមកសវនាការ​នៅ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី២៦ មិថុនា ២០១៩។
​សកម្មជន​សិទ្ធិ​ការងារ លោក រ៉ាត់ រត្នមុនី ពេលមកសវនាការ​នៅ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី២៦ មិថុនា ២០១៩។
Reuters

មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​សិទ្ធិ​ការងារ លោក រ៉ាត់ រត្នមុនី គឺ​លោក សំ ទិត្យសីហា ស្នើ​សុំ​ឱ្យ​តុលាការ​កំពូល​ពន្លឿន​សវនាការ​សំណុំរឿង​កូន​ក្តី​របស់​លោក ដើម្បី​ឱ្យ​គាត់​ឆាប់​បាន​ទទួល​យុត្តិធម៌។ ការ​អំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់ពី​មេធាវី​បាន​ប្តឹង​ទាស់​ការ​ផ្តន្ទាទោស​លោក រ៉ាត់ រត្នមុនី រយៈពេល​២ សប្តាហ៍​មក​ហើយ ប៉ុន្តែ​មិនទាន់​មានការ​ការ​វិវឌ្ឍ​ណាមួយ​នៅឡើយ​ទេ​ទាក់ទង​នឹង​សំណុំ​រឿង​នេះ។

មេធាវី សំ ទិត្យសីហា ថ្លែង​ថា ទោះបីជា​គ្មាន​ការកំណត់​ក្នុង​ច្បាប់​អំពី​រយៈ​ពេល​ដែល​តុលាការ​ត្រូវ​បើកសវនាការ​ក្រោយ​ទទួល​បាន​បណ្ដឹង​សាទុក្ខ​ក្ដី ក៏​តាម​គោលការណ៍​ច្បាប់ និង​សិទ្ធិមនុស្ស តុលាការ​កំពូល​ត្រូវតែ​ពន្លឿន​សំណុំ​រឿង​នេះ ព្រោះ​កូន​ក្តី​របស់​លោក​បាន​ជាប់​ឃុំ​ដោយ​អយុត្តិធម៌​អស់​រយៈពេល​ជាង ១​ឆ្នាំ មក​ហើយ៖ «តុលាការ​គាត់​ត្រូវ​ពិចារណា និង​គិត​សំខាន់​បំផុត​ទាក់ទង​ទៅ​នឹង​ផលប្រយោជន៍​ជនជាប់ចោទ ដូច​មាន​ចែង​ក្នុង​មាត្រា ៣៨ (​រដ្ឋធម្មនុញ្ញ​) និង​សេចក្តី​ប្រកាស​ជា​សាកល​ស្តីពី​សិទ្ធិមនុស្ស គឺ​ត្រូវតែ​បញ្ជូន​ជនជាប់ចោទ​ហ្នឹង​ទៅ​ឱ្យ​លឿន ដើម្បី​ឱ្យ​គាត់​ទទួល​បាន​យុត្តិធម៌ ឬក៏​សវនាការ​ដេញដោល​ចំពោះ​មុខ​ដើម្បី​ផលប្រយោជន៍​គាត់»

តុលាការ​ក្រុង​ភ្នំពេញ​បាន​ផ្ដន្ទាទោស​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក រ៉ាត់ រត្ន​មុនី ឱ្យ​ជាប់ពន្ធនាគារ ២​ឆ្នាំ ពី​បទ “​ញុះញង់​ឱ្យ​មាន​ការរើសអើង​” ដោយសារ​លោក​បាន​ជួយ​ផលិតភាព​យន្ត​ឯកសារ​ស្តីពី​ការ​ជួញដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា​ក្រោម​ចំណងជើង​ថា “​ម្ដាយ​ខ្ញុំ លក់​ខ្ញុំ​” ឱ្យ​សារព័ត៌មាន RT របស់​រុស្ស៊ី​។ ក្រៅពី​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ជិត​ស្មើនឹង​កម្រិត​ទោស​អតិបរមា​ហើយ​នោះ លោក​ត្រូវ​បង់​សំណង​ឱ្យ​ដើម​បណ្តឹង​ចំនួន​ជិត ២​ម៉ឺន​ដុល្លារ​អាមេរិក​បន្ថែម​ទៀត តាម​អំណាច​សាលក្រម​តុលាការ​ក្រុង​ភ្នំពេញ។ សាលាឧទ្ធរណ៍​បាន​តម្កល់​សាលក្រម​ផ្ដន្ទាទោស​នេះ​ទុក​ជា​បាន​ការ​ដដែល ទោះជា​សវនាការ​ធ្វើឡើង​ដោយ​គ្មាន​វត្តមាន​ដើម​បណ្តឹង និង​អ្នក​ពាក់ព័ន្ធ​យ៉ាង​ណា​ក្តី។

វិធានការ​របស់​តុលាការ​នេះ ធ្វើឡើង​តាម​ការ​ចង់​បាន​របស់​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​ចោទ​លោក​ថា បាន​ប្រឌិត​សាច់រឿង​នៅ​ក្នុង​ភាពយន្ត​ឯកសារ​នោះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ និង​មុខមាត់​របស់​ជាតិ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​តុលាការ​កំពូល លោក អ៊ុក គឹមសិទ្ធិ ដើម្បី​សាកសួរ​អំពី​សវនាការ​សំណុំរឿង​លោក រ៉ាត់ រត្នមុនី បាន​ទេ នៅ​ថ្ងៃ​ទី​៣០ ធ្នូ ដោយ​ទូរស័ព្ទ​ចូល ពុំ​មាន​អ្នក​ទទួល។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ចូលរួម​វេទិកាវិទ្យុ​អាស៊ីសេរី។ RFA
នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ចូលរួម​វេទិកាវិទ្យុ​អាស៊ីសេរី។ RFA

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត រំពឹង​ថា តុលាការ​កំពូល​នឹង​លើកលែង​ការចោទប្រកាន់​ប្រឆាំង​នឹង​លោក រ៉ាត់ រត្នមុនី ហើយ​ដោះលែង​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ​ឱ្យ​មាន​សេរីភាព​វិញ ដើម្បី​លើកស្ទួយ​សេរីភាព​សារព័ត៌មាន។ ជាមួយ​គ្នា​នេះ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ប្រឹងប្រែង​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស និង​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នក​ហ៊ាន​លាតត្រដាង​អំពី​បញ្ហា​នេះ៖ «ដើម្បី​បន្ធូរបន្ថយ ដើម្បី​ជា​យុត្តិធម៌ ហើយ​ដើម្បី​ជា​ការ​មួយ​តាំងចិត្ត​ក្នុង​ការ​បង្ក្រាប និង​ទប់ស្កាត់​ការ​ជួញ​ដូរ​មនុស្ស​នោះ ខ្ញុំ​នៅតែ​សង្ឃឹម​ថា តុលាការ​កំពូល​នឹង​ទម្លាក់​ចោល​បទចោទប្រកាន់​លើ​លោក រ៉ាត់ រត្នមុនី នេះ»

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បាន​ចាត់​ទុក​ករណី​នេះ​ថា ជា​ការ​គំរាមកំហែង​ដល់​សេរីភាព​សារព័ត៌មាន និង​ការងារ​រាយការណ៍​ព័ត៌មាន​ពិត​ជូន​សាធារណជន​។ ពួកគេ​បាន​ទទូច​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ប្រឆាំង​នឹង​លោក រ៉ាត់ រត្នមុនី និង​អ្នកសារព័ត៌មាន​មួយ​ចំនួន​ទៀត ដែល​ជាប់ចោទ​ក្នុង​យុទ្ធនាការ​បង្ក្រាប និង​គាបសង្កត់​លើ​សិទ្ធិ​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល