ស្ថាន​បេសកកម្ម​ខ្មែរ​នៅ​អ.ស.ប​ប្រតិកម្ម​នឹង​មន្ត្រី​អ.ស.ប​ករណី​សិទ្ធិមនុស្ស​នៅ​កម្ពុជា

ដោយ ម៉ៅ សុធានី
2020-06-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឧត្ដមស្នងការ​សិទ្ធិមនុស្ស​អ.ស.ប អ្នកស្រី មីស្សែល បាស្សេឡេត (Michelle Bachelet។
ឧត្ដមស្នងការ​សិទ្ធិមនុស្ស​អ.ស.ប អ្នកស្រី មីស្សែល បាស្សេឡេត (Michelle Bachelet។
AFP

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា របស់​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ អំពាវនាវ​សុំ​ឱ្យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ពិនិត្យមើល​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​

ពាក់ព័ន្ធ​ការ​ចោទប្រកាន់ អំពី​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ នៅ​កម្ពុជា។

ប្រតិកម្ម​នេះ ធ្វើឡើង​ក្រោយ​ដែល ឧត្ដមស្នងការ​សិទ្ធិមនុស្ស​អ​.​ស​.​ប លើកឡើង​ថ្មីៗ​នេះ​ថា ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​ប៉ាស៊ីហ្វិច (Asia-Pacific) រួម​ទាំង​កម្ពុជា​ផង បាន​ប្រើ​លេស​ជំងឺ​កូវីដ​-១៩ ដើម្បី​បង្ក្រាប​ទៅលើ​សេរីភាព​បញ្ចេញមតិ និង​ក្រុម​អ្នកសារព័ត៌មាន រហូតដល់​មានការ​ចាប់​ឃុំខ្លួន​មនុស្ស​នៅ​ក្នុង​ពន្ធនាគារ ដែល​ទង្វើ​នេះ គឺជា​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា លើកឡើង​ថា របាយការណ៍​របស់​ឧត្ដមស្នងការ​សិទ្ធិមនុស្ស​អ​.​ស​.​ប ពាក់ព័ន្ធ​ទៅ​នឹង​សេរីភាព​ការ​បញ្ចេញមតិ ក្នុង​អំឡុង​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ គឺ​ពុំ​មាន​លក្ខណៈ​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​ឡើយ ដោយ​ផ្អែក​តែ​លើ​របាយការណ៍​មួយ​ផ្នែក ពី​ប្រភព​ព័ត៌មាន​ដែល​មិន​មាន​ការ​ផ្ទៀងផ្ទាត់​ឱ្យ​បាន​ច្បាស់​លាស់។

ក្នុង​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ក្រុង​ហ្សឺណែវ បញ្ជាក់​ថា កម្ពុជា​គាំទ្រ និង​លើកកម្ពស់​សិទ្ធិ​សេរីភាព​ការ​បញ្ចេញមតិ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​។ សេចក្ដី​ថ្លែងការណ៍​នេះ​បន្ត​ថា ការ​ជេរប្រមាថ ការ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ការ​អំពាវនាវ​ឱ្យ​បះបោរ​ប្រឆាំង​រដ្ឋាភិបាល គឺជា​ទង្វើ​ខុសច្បាប់ បង្ក​គ្រោះថ្នាក់​ដល់ ប្រទេសជាតិ និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ក៏ប៉ុន្តែ​ការ​លើកឡើង​របស់​តំណាង​រដ្ឋាភិបាល​នេះ «គឺ​ផ្ទុយ​ពី​របាយការណ៍​របស់​ឧត្ដមស្នងការ​សិទ្ធិមនុស្ស​អ​.​ស​.​ប អ្នកស្រី មីស្សែល បាស្សឺឡេ (Michelle Bachelet) កាលពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ពី​ទីក្រុង​ហ្សឺណែវ (GENVA) ប្រទេស​ស្វីស (Switzeland) ដោយ​បាន​រក​ឃើញ អំពី​ការ​គំរាមកំហែង ការ​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​ការ​ចាប់​ដាក់​ពន្ធនាគារ គឺជា​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។

អ្នកស្រី មីស្សែល បាស្សឺឡេ បញ្ជាក់​ថា ការិយាល័យ​នៃ​ឧ​ត្ត​ម​ស្នងការ អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​ចងក្រង​ជា​ឯកសារ​ទាក់ទង​នឹង​ការ​ចាប់ខ្លួន​មនុស្ស​ចំនួន ៣០​នាក់ រាប់ទាំង​ស្ត្រី​ម្នាក់ និង​ក្មេងស្រី​ម្នាក់​អាយុ ១៤ ឆ្នាំ ដោយសារតែ​ពួកគេ​អធិប្បាយ​ជា​សាធារណៈ និង​បង្ហោះ​សា​រលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ទាក់ទង​នឹង​ជំងឺ​កូវីដ​-១៩​។ អ្នកស្រី​បញ្ជាក់​ថា មនុស្ស​មួយ​ចំនួន ត្រូវ​បាន​ចោទប្រកាន់​ពី​បទ “ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ឬ​ព័ត៌មាន​ក្លែងក្លាយ ការ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​រៀបចំ​ផែនការ​ប្រឆាំង​នឹង​រដ្ឋាភិបាល»។​

ចាប់​តាំង​ពី​ឆ្នាំ​២០២០​មក របប​ក្រុងភ្នំពេញ បាន​ចាប់​សកម្មជន​បក្ស​ប្រឆាំង ចំនួន​១៦​នាក់​ហើយ ដាក់​ពន្ធនាគារ តែ​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​ស្វាយរៀង​វិញ​នាក់ ដោយសារ​មាន​ជំងឺ​ធ្ងន់ធ្ងរ ពេល​ចាប់ខ្លួន​ដោយ​បង្ខំ។

របប​ក្រុងភ្នំពេញ​តែងតែ​បដិសេធ​ជានិច្ច ចំពោះ​របាយការណ៍​និង​ការរិះគន់​នានា អំពី​សកម្មភាព​របស់​អាជ្ញាធរ​កម្ពុជា និង​តុលាការ ដែល​បាន​ប្រើ​អំណាច​រំលោភបំពាន ទៅលើ​ប្រជាពលរដ្ឋ ជាពិសេស គឺ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់ ក្រោយពី​ការប្រកាស​របស់​លោក ហ៊ុន សែន ថ្មីៗ​នេះ ព្រមាន​ចាប់ខ្លួន​មនុស្ស​បន្ថែម​ទៀត ដែល​លោក​ចោទ​ថា ជា​ការ​ប៉ុនប៉ង​ផ្ដួល​​​​​​​​​​​​​​​​​រំលំ​រដ្ឋាភិបាល។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក ជិន ម៉ា​លីន អះអាង​ថា តុលាការ​ចាប់ខ្លួន​មនុស្ស​កន្លងមក គឺ​អនុវត្ត​តាមច្បាប់ មិនមែន​ជា​ការរំលោភ​សិទ្ធិមនុស្ស ដូច​ការចោទប្រកាន់​នោះ​ឡើយ៖ «រដ្ឋាភិបាល​ដូចជា​មិនដែល​ចាប់ខ្លួន​អ្នក​រិះគន់​រឿង​កូ​វីដ​នោះ​ទេ ហើយ​រដ្ឋាភិបាល​មាន​វិធានការ​ច្បាប់​ចំពោះ​អ្នក​ប្រព្រឹត្តិ​បទល្មើស​តែប៉ុណ្ណោះ ដែល​បង្ក​ភាព​ចលាចល​នៅ​ក្នុង​សង្គម»

ទាក់ទង​នឹង​ការ​ចាប់​ឃុំខ្លួន​ពលរដ្ឋ​នេះ ឧត​​ស្នងការ​សិទ្ធិមនុស្ស​អ​.​ស​.​ប អ្នកស្រី មី​ស្សែ​ល បា​ស្សឺ​ឡេ បន្ថែម​ថា នៅ​ក្នុង​គ្រា​លំបាក​ដែល​មិន​ច្បាស់លាស់​ដោយសារតែ​ជំងឺ​កវីដ​១៩​នេះ “ អាជ្ញាធរ​រដ្ឋ គួរតែ​បើកទូលាយ​ឱ្យ​អ្នក​ជំនាញ​វេជ្ជសាស្ត្រ អ្នកកាសែត អ្នកការពារ​សិទ្ធិមនុស្ស និង​សាធារណជន​ទូទៅ បញ្ចេញមតិ​យោបល់​លើ​ប្រធានបទ​សំខាន់ៗ ដូចជា ការ​ផ្តល់​កិច្ច​គាំពារ​សុខភាព ការគ្រប់គ្រង​វិបត្តិ​សុខភាព វិបត្តិ​សេដ្ឋកិច្ច​-​សង្គម និង​ការចែក​ជំនួយ​សង្គ្រោះបន្ទាន់ ជាដើម”។

បន្ថែម​ពី​ការ​លើកឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​សិទ្ធិមនុស្ស​អ​.​ស​.​ប​.​នេះ នាយករង​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី កាលពី​យប់មិញ​ថា សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ គឺ​ធានា​ដោយ​ច្បាប់​ជាតិ​និង​អន្តរជាតិ​។ បន្ថែម​ពី​នេះ​លោក​ថា ការ​បញ្ចេញមតិ ដើម្បី​ស្ថាបនា និង​រិះគន់​ដើម្បី​កែលំអ គឺជា​រឿង​ចាំបាច់ ក្នុង​សង្គម​ប្រជាធិបតេយ្យ​។ ទោះជា​យ៉ាងណា លោក​ថា ប្រជាពលរដ្ឋ​ខ្មែរ ភាគច្រើន​ចេះ​ប្រើប្រាស់​បណ្ដាញ​សង្គម ក៏ប៉ុន្តែ​ពុំ​អាច​ដឹង​ថា​តើ ប្រភេទ​ព័ត៌មាន​ណា​ក្លែងក្លាយ ឬ​ព័ត៌មាន​ពិត​នោះ​ទេ​៖៖ «ព័ត៌មាន​ខ្លះ​លោក​ចេះតែ​បង្ហោះ ចេះតែ​Share ដោយ​មិនបាន​ថ្លឹងថ្លែង ហ្នឹង​ជា​គ្រោះថ្នាក់​មួយ​ដែរ សម្រាប់​ពួកគាត់​។ ចំណុច​ទាំងអស់​នេះ ដែល​ជា​បញ្ហា​កើតឡើង​នៅ​ក្នុង​សង្គម​យើង ដែល​មាន​ការ​ខ្វែងគំនិត​គ្នា ថា​អ្វី​ជា​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​អ្វី​ជា​ព័ត៌មាន​ក្លែងក្លាយ ដោយសារ​ពលរដ្ឋ​មិន​យល់​ច្បាស់​លាស់​ពី​បញ្ហា​ទាំងពីរ​នេះ»

នៅ​ក្នុង​កំឡុង​ពេល​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ នេះ ក្រៅពី​អាជ្ញាធរ​ចាប់ខ្លួន​ពលរដ្ឋ និង​អ្នកកាសែត​ដាក់​ពន្ធនាគារ របប​ក្រុងភ្នំពេញ​ក៏បាន​ធ្វើ​ច្បាប់​ស្ដីពី​ការ​ដាក់​ប្រទេស​នៅ​ក្នុង​ភាព​អាសន្ន ដែល​ច្បាប់​នេះ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ចាត់ទុកថា ជា​ច្បាប់​ដើម្បី​គាបសង្កត់ និង​បិទ​សិទ្ធិ​សេរីភាព របស់​ប្រជាពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន ជាដើម​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល