សង្គម​ស៊ីវិល​រិះគន់​ការ​ដោះលែង​ម្ចាស់​អគារ​នៅ​ខេត្ត​កែប​ថា អាច​ប៉ះពាល់​ដំណើរការ​ស៊ើប​អង្កេត

ដោយ ហេង រស្មី
2020-01-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​កាយ​អគារ ៧​ជាន់ រលំ​នៅ​ខេត្ត​កែប នៅ​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ​២០២០។
សកម្មភាព​កាយ​អគារ ៧​ជាន់ រលំ​នៅ​ខេត្ត​កែប នៅ​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ​២០២០។
RFA

មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​និយាយ​ថា ការ​ដោះលែង​ម្ចាស់​អគារ ៧​ជាន់​ដែល​បាន​បាក់​រលំ​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ និង​រង​របួស នៅ​ក្នុង​ខេត្ត​កែប កាល​ពី​សប្ដាហ៍​មុន គឺ​បាន​ធ្វើ​ឡើង ដោយ​ប្រកាន់​បក្សពួក និង​មិន​អនុវត្ត​ទោស​ឱ្យ​មាន​ភាព​ស្នើ​គ្នា​ចំពោះ​មុខ​ច្បាប់​។ ប៉ុន្តែ មន្ត្រី​របប​ក្រុងភ្នំពេញ​ចាត់ទុកថា ការ​សម្រេច​របស់​តុលាការ​គឺជា​រឿង​ត្រឹមត្រូវ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត បាន​រិះគន់​ការ​សម្រេច​ដោះលែង លោក ឯក សារុន ម្ចាស់​អគារ ៧​ជាន់​ដែល​បាន​បាក់​ដួល​រលំ​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់ និង​រង​របួស​ចំនួន​ ៥៩​នាក់​ថា ការ​ដោះលែង​នេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ស៊ើបអង្កេត​របស់​តុលាការ។

លោក អំ សំអាត មាន​ប្រសាសន៍​ថា តុលាការ​គួរតែ​ទុក​រឿង​ក្តី​នេះ​ឱ្យ​មាន​ការស៊ើបអង្កេត​ដើម្បី​ស្វែងរក​យុត្តិធម៌ ដល់​ជនរងគ្រោះ​មិន​ត្រូវ​សម្រេច​ដោះលែង​នៅ​ពេល​ដែល​សាកសព​ជនរងគ្រោះ​មិន​ទាន់​​យកចេញ​ពី​គំនរ​បាក់បែក​នោះ​ឡើយ។

លោក​សង្ស័យ​ថា លោក ឯក សារុន អាច​ជាប់​ពាក់ព័ន្ធ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ទើប​តុលាការ មិន​ហ៊ាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន៖ «គឺ​អាច​​នឹង​មាន​ជាប់​សាច់​ញាតិ​អ្វី ឬក៏​អាច​នឹង​មាន ខ្សែស្រឡាយ​គណបក្ស​កាល​ទី​៣ ខែ​មករា កន្លង​ទៅ​នេះ សំណង់​អគារ​ដែល​មាន​កម្ពស់ ៧​ជាន់ បាន​បាក់​ដួល​រលំ​រាប​ដល់​ដី បណ្ដាល​ឱ្យ​មាន​មនុស្ស​ចំនួន ៣៦​នាក់​ស្លាប់ និង​រង​របួស​ចំនួន ២៣​នាក់»

តុលាការ​ខេត្ត​កំពត ដំបូង​ឡើយ បាន​កោះហៅ​លោក ឯក សារុន ម្ចាស់​ការដ្ឋាន​សំណង់​៧​ជាន់ និង ជា​ប្អូនប្រុស​មន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃ​ទី​៦ ខែ​មករា មក​សាកសួរ​មិន​បាន​​ប៉ុន្មាន​ម៉ោង​ផង ក៏​សម្រេច​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​តែ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។

ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល សាលាដំបូង​ខេត្ត​កំពត​លោក ម៉ាន់ បូរ៉េត ប្រាប់​អាស៊ីសេរី​ថា តុលាការ​បាន​ចោទប្រកាន់​លោក ឯក សារុន ពី​បទ មនុស្សឃាត​ដោយ​អ​ចេតនា និង បង្ក​របួស​ស្នាម​ដោយ​អចេតនា ដែល​ជា​បទល្មើស​មជ្ឈិម​ប៉ុណ្ណោះ មិន​ត្រូវ​បាន​ឃុំខ្លួន​ទេ។ លោក​ថ្លែង​ការពារ​ចំណាត់ការ​របស់​តុលាការ​ថា រឿង​ត្រឹមត្រូវ​ទៅតាម​ផ្លូវច្បាប់​ដោយសារតែ តុលាការ​ក៏​បង្គាប់​ឱ្យ​លោក ឯក សារុន បង់​ប្រាក់​ធានា​ចំនួន ៣៥៤​លាន​រៀល គឺ​ចំនួន​ជិត​ ៩​ម៉ឺន​ដុល្លារ ដើម្បី​បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន៖ «អាហ្នឹង​លោក​គួរ​ទុក​សិទ្ធិ​ឱ្យ​ចៅក្រម​ស៊ើបសួរ​សិន​ទៅ មនុស្ស​គ្រាន់តែ​ឱ្យ​នៅ​ក្រៅ​ឃុំ​អ៊ីចឹង​មាន​ជាប់​កាតព្វកិច្ច​ហូរហែ​មិន​អាច​ទៅ​ណា​បានទេ»

ការ​បាក់​ដួល​រលំ​អគារ​នេះ មិនមែន​ជា​លើកទីមួយ​ទេ។ ក្នុង​រយៈពេល​ជាង ៦ ខែ​កន្លង​មក​នេះ​មាន​ករណី​រលំ​បាក់​អគារ បាន​កើតឡើង​ចំនួន​បី​លើក នឹង​សម្លាប់​មនុស្ស​អស់​ជិត ៤០ នាក់ និង​របួស នាក់​ផ្សេងទៀត។

កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ ២០១៩ កម្មករ​បី​នាក់​ស្លាប់​ក្នុង​ករណី​បាក់​សាលាឆាន់ និង​រងរបួស​កម្មករ​ជាង ១០​នាក់​នៅ​ខេត្ត​សៀមរាប ហើយ កាលពី​ខែ​មិថុនា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ អគារ​វិនិយោគ​របស់​ជនជាតិ​ចិន​កម្ពស់ ៧​ជាន់ ដែល​កំពុង​សាងសង់ គ្មាន​ច្បាប់​អនុញ្ញាត​នៅ​ខេត្ត​ព្រះសីហនុ បាន​បាក់​រលំ​បណ្ដាល​ឱ្យ​កម្មករ​សំណង់​ស្លាប់ ២៨​នាក់ និង​របួស ២៦​នាក់។

លោក អំ សំអាត និយាយ​ថា ការ​បាក់​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ​អាជ្ញាធរ បាន​ចាប់​ជនសង្ស័យ ២​នាក់ ដាក់​ក្នុង​មន្ទីរឃុំឃាំង​ដើម្បី​រង់ចាំ​ជំនុំជម្រះ​ទោស តែ​ករណី​ដូចគ្នា​កើតមានឡើង​នៅ​ក្នុង​ខេត្ត​កែប គ្មាន​ជនសង្ស័យ​ណាមួយ​ត្រូវ​ឃុំខ្លួន​នោះ​ទេ។ លោក​និយាយ​ថា កម្ពុជា​នៅតែ​អនុវត្ត​ស្តង់ដារ​ពីរ​ដូច្នេះ លោក​គ្មាន​សង្ឃឹមថា ប្រជាពលរដ្ឋ​ទូទៅ​នឹង​ទទួល​បាន​យុត្តិធម៌​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល