សាលា​ដំបូង​រាជធានី​ភ្នំពេញ​បន្ត​សវនាការ​ជម្រះ​ក្តី​លោក កឹម សុខា លើក​ទី២ ដែល​នឹង​ចាក់​វីដេអូ​ពេញ​រយៈ​ពេល​ជាង​មួយ​ម៉ោង​នៃ​ការ​ថ្លែង​របស់​លោក​នៅ​ប្រទេស​អូស្ត្រាលី

ដោយ សុជីវី
2020-01-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
រូប៖ RFA

សាលា​ដំបូង​រាជធានី​ភ្នំពេញ​នឹង​បន្ត​សវនាការ​ជម្រះ​ក្តី​លោក កឹម សុខា លើក​ទី២ រយៈ​ពេល​ពីរ​ថ្ងៃ គឺនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែមករា។ មេធាវី​ការពារ​ក្តី​លោក កឹម សុខា ឲ្យ​ដឹង​ថា តុលាការ​បាន​អនុញ្ញាត​ឲ្យ​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា ចាក់ខ្សែ​វីដេអូ​ពេញ នៃ​ការ​ថ្លែង​របស់​លោក​ កឹម សុខា នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​កាល​ពី​ឆ្នាំ២០១៣ ដែល​មាន​រយៈ​ពេល​ជាង​មួយ​ម៉ោង។

មេធាវី​ការពារ​ក្ដី​របស់​លោក កឹម សុខា គឺ​លោក ចាន់ ចេន ឲ្យ​អាស៊ី​សេរី​ដឹង​ថ្ងៃ​ទី២១ ខែ​មករា​ថា ខ្សែ​វីដេអូ​ពេញ​នៃ​ការ​ថ្លែង​របស់​លោក កឹម សុខា គឺ​ជា​ការ​បញ្ជាក់​ថា លោក កឹម សុខា មិន​បាន​ប្រព្រឹត្តិ​ល្មើស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ៖ «អាទិត្យ​ហ្នឹង​គួរ​ចូល​ដល់​ត្រូវ​ចាក់​នូវ​ភស្តុតាង​ដែល​សហ​មេធាវី​ការពារ​សិទ្ធិ​ឯកឧត្ដម កឹម សុខា បាន​ដាក់​ជូន​តុលាការ ជា​ខ្លឹមសារ​វីដេអូ​គាត់​មាន​ប្រសាសន៍​នៅ​ប្រទេស​អូស្ត្រាលី​មួយ​ម៉ោង​ជាង ការ​ចាក់​វីដេអូ ដែល​គាត់​និយាយ​នៅ​ប្រទេស​អូស្ត្រាលី​ហ្នឹង គឺ​ជា​ការ​បង្ហាញ​សុចរិត​ភាព ដែល​កូន​ក្តី​ខ្ញុំ​មិន​បាន​ប្រព្រឹត្តិ​ដូច​ការ​ចោទ​ប្រកាន់​ទេ​បាទ»

លោក​មេធាវី​ឲ្យ​ដឹង​ទៀត​ថា សវនាការលើកទី២ នេះ ក៏​មាន​វត្តមាន​លោក កឹម សុខា សហ​មេធាវី​ការពារ​លោក កឹម សុខា ចូល​រួម​ត​តាំង​ក្តី​ផង​ដែរ។

រដ្ឋាភិបាល​យក​វីដេអូ​ខ្លី​របស់​លោក កឹម សុខា ធ្វើ​ជា​ភស្តុតាង​សំខាន់​បំផុត ទៅ​ចាប់​ខ្លួន​លោក កឹម សុខា ទាំង​មាន​អភ័យ​ឯក​សិទ្ធិ​ទាំង​កណ្ដាល​យប់ រហូត​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ឆ្នាំ២០១៧ ។

អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​មេធាវី​តំណាង​រដ្ឋាភិបាល​ដែល​ជា​ដើម​បណ្ដឹង គឺ​លោក គី តិច ជុំវិញ​ការ​ចាក់​វីដេអូ​ពេញ នៃ​ការ​ថ្លែង​របស់​លោក​កឹម សុខា នេះ​នៅ​ឡើយ​ទេ នៅថ្ងៃទី២១ ខែ​មករា។ ប៉ុន្តែ កាល​ពី​ក្នុង​សវនាការ​លើក​ទី១ ថ្ងៃ​ទី១៥ ខែ​មកា កន្លង​ទៅ​មេធាវី​រូប​នេះ បាន​ចេញ​មុខ​ជំទាស់​ការ​ទាមទារ​ដាក់​វីដេអូ​ពេញ​នេះ ដោយ​លោក​ខ្លាច​ពេល​ចាក់​វីដេអូ​នឹង​អាច​ធ្វើ​ផ្ទុះ​ក្នុង​សវនាការ ឬ​ធ្វើ​ឲ្យ​ខូច​កុំព្យូទ័រ​របស់​តុលាការ។ ប៉ុន្តែ មេធាវី​រូប​នេះ បាន​ថ្លែង​ការពារ​ខ្សែ​វីដេអូ​ខ្លីៗ ដែល​សមត្ថកិច្ច​យក​មក​ធ្វើ​ជា​មូលដ្ឋាន​ចោទ​ប្រកាន់​លោក កឹម សុខា ថា ទោះ​វីដេអូ​នោះ​ត្រូវ​កាត់​ជា​កង់ៗ ក្តី ប៉ុន្តែ លោក កឹម សុខា បាន​ទទួល​ស្គាល់​ថា រូបភាព សំឡេង នៅ​ក្នុង​វីដេអូ​នោះ​មិន​មែន​ជា​ការ​ក្លែង​បន្លំ​នោះ​ទេ៖ «ខ្ញុំ​បាន​ពន្យល់​ថា អា​ហ្នឹង​មិន​មែន​ជា​ការ​ក្លែង​ទេ គឺ​ជា​ការ​កាត់​សង្ខេប​ហើយ សូម​បញ្ជាក់​ថា វីដេអូ​ហ្នឹង គឺ​គាត់ (លោក កឹម សុខា ទទួល​ស្គាល់»

មេធាវី​ការពារ​ក្តី​របស់​លោក កឹម សុខា ម្នាក់ទៀត គឺ​អ្នកស្រី ម៉េង សុភារី និយាយ ការ​យក​សម្ដី​របស់ ​លោក កឹម សុខា និយាយ​ក្នុង​វីដេអូ​តែ​ជាង ២​នាទី ដែល​រដ្ឋាភិបាល​ប្រើប្រាស់​ជា​ភស្តុតាង​ក្នុង​ការ​ចោទប្រកាន់​នោះ គឺ​មាន​ការ​កាត់​ត​ធ្វើ​ឱ្យ​មានការ​ភ័ន្តច្រឡំ និង​ខុស​គោល​បំណង ពិត​​របស់​​លោក កឹម សុខា។

អតីត​សមាជិក​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (..) និង​ជា​ទីប្រឹក្សា​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន សង្កេត​ឃើញ​ថា សំណុំ​រឿង​ចោទ​ប្រកាន់​លោក កឹម សុខា នេះ គឺ​ខុស​នីតិវិធី​តាំង​ពី​ដើម​រហូត​មក​ដល់​ការ​ជំនុំ​ជម្រះ​នេះ។ លោក រ៉ុង ឈុន បន្ត ទោះ​សវនាការ​នេះ​ជា​សវនាការ​សាធារណៈ ប៉ុន្តែ តុលាការ​បាន​ធ្វើ​ឲ្យ​ក្លាយ​ជា​សវនាការ​អសាធារណៈ​ទៅ​ហើយ ដោយ​មិន​បាន​អនុញ្ញាត​ឲ្យ​មន្រ្តី​សង្គម​ស៊ីវិល អ្នក​សារ​ព័ត៌មាន ឬ​សាធារណៈ​ជន​បាន​ឃើញ​ពី​ទិដ្ឋភាព​នៃ​ការ​សួរ​ដេញដោល​នោះ​ទេ៖ «សវនាការ​ហ្នឹង​អសាធារណៈ​ហើយ ហើយ​យើង​ចង់​ឲ្យ​សវនាការ​មួយ​ជា​សាធារណៈ ទោះ​បី​បន្ទប់​នឹង​ផ្ទុក​មនុស្ស​មិន​អស់​ក៏​ដោយ យើង​អាច​បន្ត​ស្លាយ​មក​ក្រៅ ហើយ​បន្ត​សំឡេង​មក​ខាង​ក្រៅ​មក ដើម្បី​ឲ្យ​បាន​សារ​ព័ត៌មាន សកម្មជន អង្គការ​សង្គម​ស៊ីវិល​ដែល​ទៅ​ឃ្លាំ​មើល​បាន​ឮ​សំឡេង»

នៅ​ក្នុង​សវនាការ​នៅ​ថ្ងៃ​ស្អែក សាលា​ដំបូង​រាជធានី​ភ្នំពេញ​ក៏​នឹង​អនុញ្ញាត​ឲ្យ​អង្គភាព​សារ​ព័ត៌មាន​ស្នើសុំ​ចូលរួម​ស្ដាប់​សវនាការ​ថ្ងៃ​ទី២២ និង​ថ្ងៃ​ទី២៣ ខែ​មករា ដោយ​ចាត់​តំណាង​របស់​ខ្លួន​ម្នាក់ ដើម្បី​ចូលរួម ខណៈ​បន្ទប់​សវនាការ​នៅ​ដល់​កន្លែង​អង្គុយ​ចំនួន១០ នៅ​សេសសល់​ដោយ​សារ។ ការ​អនុញ្ញាត​នេះ ក្រោយ​មាន​ការ​រិះគន់​ពី​អង្គការ​សង្គម​ស៊ីវិល និង​ស្ថានទូត​អាមេរិក នៅ​កម្ពុជា​ថា តុលាការ​បាន​រឹតត្បិត ការ​យក​ព័ត៌មាន​របស់​អ្នក​កាសែត។

មេធាវី​ការពារ​ក្ដី​លោក កឹម សុខា ឲ្យ​ដឹង​ថា តុលាការ​គ្រោង​នឹង​ប្រើ​រយៈពេល​ជា​ច្រើន​ខែ ក្នុង​ដំណើរ​ការ​ជំនុំជម្រះ​ក្ដី​លោក កឹម សុខា។ កាល​ពី​ថ្ងៃ​សវនាការ​លើកដំបូងថ្ងៃទី១៥ មករា លោក កឹម សុខា បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ដោយ​បញ្ជាក់​​ជំហរ​​ថា លោក​បដិសេធ​ទាំងស្រុង​នូវ​ការចោទប្រកាន់ ពី​បទ​សន្ទិដ្ឋភាព​ជាមួយ​បរទេស។

លោក រ៉ុង ឈុន ព្រួយ​បារម្ភ​ថា​​ ការ​អូស​បន្លាយ​ករណី​លោក កឹម សុខា នឹង​ធ្វើ​កម្ពុជា​ខាត​បង់ ឬ​ត្រូវ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​របស់​សហភាព​អឺរ៉ុប EBA។ លោក​ថា ករណី​នេះ​ជា​រឿង​នយោបាយ​មិន​អាច​យក​តុលាការ​មក​ដោះ​ស្រាយ​បាន​ទេ ដូច្នេះ​គួរ​តែ​ដោះ​ស្រាយ​តាម​ផ្លូវ​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល