មេធាវី​ប្ដឹង​ទៅ​ឧទ្ធរណ៍​ករណី​សាលា​ដំបូង​ឃុំ​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​ម្នាក់​នៅ​ខេត្ត​ពោធិ៍សាត់

ដោយ ជិន ជេដ្ឋា
2017-05-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​ពោធិ៍សាត់
ផែនទី​ខេត្ត​ពោធិ៍សាត់
Photo: RFA

មេធាវី​ការពារ​​ក្ដី​ឲ្យ​ជន​សង្ស័យ ឈ្មោះ យ៉ាន់ សេងហ៊ត ជា​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ពោធិ៍សាត់ បាន​សម្រេច​ប្ដឹង​ឧទ្ធរណ៍​សុំ​នៅ​ក្រៅ​ឃុំ​នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា​ ក្រោយ​ពី​សាលាដំបូង​ខេត្ត​នេះ ចេញ​ដីកា​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ​ជុំវិញ​ករណី​បើក​ឡាន​ប៉ះ​ក្មេង ហើយ​មិន​ឈប់​ទទួល​ខុសត្រូវ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា។ ភាគី​ជន​រងគ្រោះ ស្នើ​តុលាការ​ដោះលែង​ជន​សង្ស័យ ព្រោះ​គាត់​មិន​បាន​ប្ដឹង​ផ្ដល់​ឡើយ។

តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ពោធិ៍សាត់ ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ លោក ងឹម ញ៉េង ថា​លោក​បាន​ឲ្យ​មេធាវី​បំពេញ​សំណុំ​ឯកសារ​ដើម្បី​ប្ដឹង​ចូល​សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ក្រោយ​ពី​សាលាដំបូង​សម្រេច​ឃុំ​ខ្លួន​មន្ត្រី​របស់​លោក​កាល​ពី​រសៀល​ថ្ងៃ​ទី​២៩ ខែ​ឧសភា។ លោក​ថា ការ​ឃុំ​ខ្លួន គឺ​មាន​ចេតនា​ធ្វើ​បាប​ខាង​នយោបាយ ច្រើន​ជាង​ទោស​ទណ្ឌ​ដែល​មន្ត្រី​របស់​លោក​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

លោក ងឹម ញ៉េង បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ ពុំ​មាន​សិទ្ធិ​អំណាច​អ្វី​ទៅ​អន្តរាគមន៍​ក្នុង​រឿង​នេះ​ក្រៅ​ពី​ប្ដឹង​ទៅ​ឧទ្ធរណ៍​តាម​នីតិវិធី និង​ខ្នះខ្នែង​ជួយ​ក្មេង​រង​គ្រោះ​ឲ្យ​ផុត​ពី​សេចក្ដី​ស្លាប់។ លោក​ទទួល​ស្គាល់​ថា មន្ត្រី​របស់​លោក​ពិត​ជា​បាន​បើក​ឡាន​ប៉ះ​ក្មេង ហើយ​ពុំ​មាន​ចេតនា​គេចវេះ​ពី​ការ​ទទួល​ខុស​ត្រូវ​នោះ​ទេ តែ​មន្ត្រី​លោក​ខ្លាច​ពលរដ្ឋ​ព្រួត​គ្នា​វាយ​ទើប​មិន​ហ៊ាន​ចុះ​ជួយ​សង្គ្រោះ​ក្មេង​ភ្លាមៗ៖ «គ្រាន់​តែ​រឿង​ហ្នឹង​កើត​ឡើង​ភ្លាម ខ្ញុំ​រត់​ពី​ពោធិ៍សាត់ ទៅ​បាត់ដំបង តាម​ក្មេង​ហ្នឹង​ភ្លាម គឺ​សំខាន់​ទៅ​សង្គ្រោះ​ជីវិត​ក្មេង​ឲ្យ​បាន។ ទៅ​ដល់​បាត់ដំបង ទាំង​យប់ ដល់​ជួប​ពេទ្យ​ថា នៅ​បាត់ដំបង អត់​មាន​ពេទ្យ​ជំនាញ​ខាង​ហ្នឹង​ទេ អ៊ីចឹង​គេ​ឲ្យ​យោបល់​សូម​បន្ត​ទៅ​សៀមរាប​ទៅ ហើយ​យើង​ត្រូវ​យក​អំប៊ូឡង់ស៍​យក​អី​ទៅ។ ខ្ញុំ​សម្រេច​ភ្លាម​ថា យក​ទៅ​ខ្ញុំ​ជា​អ្នក​ចេញ​លុយ​ចេញ​អី​ទាំង​អស់ ឥឡូវ​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ហើយ គាត់​រង់ចាំ​តែ​សះ​របួស​នឹង​អាល​បាន​មក​វិញ»

លោក​ពន្យល់​ក្នុង​ទិដ្ឋភាព​ច្បាប់​ថា ក្មេង​អាយុ ៦​ឆ្នាំ គឺ​ប្រៀប​ដូច​ជា​សត្វ​ដែល​ឋិត​នៅ​ក្នុង​បន្ទុក​មើល​ថែ​របស់​ឪពុក​ម្ដាយ ហើយ​ក្រុម​គ្រួសារ​អ្នក​បង្ក​បាន​ទៅ​សុំ​ទោស និង​សម្រប​សម្រួល​ត្រូវ​គ្នា​អស់​ហើយ។

ទោះ​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ លោក ហេង ដូនីន បញ្ជាក់​យ៉ាង​ខ្លី​ថា ជន​សង្ស័យ​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ក្នុង​បទល្មើស​តាម​មាត្រា​៨៣ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី។

ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ត្រង់​មាត្រា​៨៣ ចែង​ថា ជន​ណា​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុង​ប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច​ដែល​បទប្បញ្ញត្តិ​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក​បណ្ដាល​ឲ្យ​មាន​របួស​ដល់​អ្នក​ដទៃ ហើយ​បណ្ដាល​ឲ្យ​​រង​គ្រោះ​អសមត្ថភាព​ការងារ​ក្នុង​រយៈពេល​ស្មើ ឬ​លើស​ពី ៨​ថ្ងៃ គិត​ពី​ថ្ងៃ​កើត​ហេតុ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៦​ខែ​ ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ២​លាន​រៀល ទៅ ១០​លាន​រៀល។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ពោធិ៍សាត់ លោក យ៉ាន់ សេងហ៊ត បាន​ជួប​គ្រោះ​ចរាចរណ៍​នៅ​ចំណុច​អូរព្រាល នៃ​ភូមិ​ស្ទឹងថ្មី ឃុំ​ប្រមោយ ស្រុក​វាលវែង នៅ​ម៉ោង​ប្រមាណ ៣​កន្លះ ថ្ងៃ​ទី​២៧ ខែ​ឧសភា។ ក្នុង​ហេតុការណ៍​នោះ បង្ក​ឲ្យ​ក្មេង​ប្រុស​ម្នាក់​របួស​ត្រង់​ក្បាល​ធ្ងន់ធ្ងរ ហើយ​បញ្ជូន​ទៅ​សង្គ្រោះ​ជា​បន្តបន្ទាប់ រហូត​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​អង្គរ ខេត្ត​សៀមរាប ហើយ​មក​ទល់​ពេល​នេះ ក្មេង​នោះ​បាន​ធូរ​ស្រាល​ហើយ។

សាក្សី​នៅ​កន្លែង​កើត​ហេតុ និង​ជា​ម្ដាយ​របស់​ក្មេង​រង​គ្រោះ លោកស្រី សុខ ស្រីណា រៀបរាប់​ថា នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​ឧសភា កូន​ប្រុស​គាត់​ឈ្មោះ ណាត សុវណ្ណឌី អាយុ ៦​ឆ្នាំ បាន​ឆ្លង​ផ្លូវ​ទៅ​ទិញ​នំ​នៅ​តូប​លក់​ចាប់ហួយ​នៅ​ម្ខាង​ផ្លូវ ដើម្បី​យក​មក​លួង​ប្អូន​ដែល​យំ​ទើប​ក្រោក​ពី​ដេក។ ពេល​ទិញ​ហើយ​កូន​គាត់​បាន​រត់​ឆ្លង​ផ្លូវ​មក​វិញ ស្រាប់​តែ​ឡាន​បុក ខ្ទាត​មក​ចិញ្ចើម​ផ្លូវ​តែ​ម្ដង ហើយ​ម្ចាស់​ឡាន​ក៏​បើក​រត់។

លោកស្រី​ថា ភ្លាម​នោះ​ប្អូន​ប្រុស​របស់​គាត់​ម្នាក់​ឈ្មោះ សុខ ចន្ថា បាន​ជិះ​ម៉ូតូ​ដេញ​តាម​ឡាន ដោយ​ឲ្យ​អ្នក​បង្ក​ឈប់​ឡាន​ដោះស្រាយ​គ្នា​សិន ប៉ុន្តែ​អ្នក​បង្ក​មិន​ឈប់​ភ្លាមៗ​ទេ គឺ​នៅ​បន្ត​បើក​រហូត​ចូល​ក្នុង​ទីស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ដំណាក់​ឈើក្រម ឋិត​នៅ​ក្នុង​ទឹកដី​ស្រុក​ភ្នំ​ក្រវាញ ទើប​ព្រម​ឈប់។ ពេល​ឈប់​នោះ​អ្នក​បង្ក គឺ​លោក យ៉ាន់ សេងហ៊ត ប្រាប់​ថា គាត់​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ៖ «ចង់​ឲ្យ​ចេញ​សំណង​ជា​លុយ​កាក់ ព្រោះ​ខ្លាច​រត់​បាត់ ហើយ​គាត់​ថា គាត់​អត់​ហ៊ាន​ឈប់​ទេ ចាំ​ដោះស្រាយ​គ្នា​នៅ​ប៉ុស្តិ៍​ប៉ូលិស​ទៅ។ គាត់​ប្រុង​នាំ​កូន​ខ្ញុំ​ទៅ​ពេទ្យ​ដែរ ប៉ុន្ដែ​គាត់​នឹក​ឃើញ​ខ្លាច​គេ​វាយ គាត់​បើក​បង្ហួស​ទៅ គាត់​ទៅ​ឈប់​នៅ​ប៉ុស្តិ៍​ប៉ូលិស​ខ្លួន​ឯង​ទេ អត់​មាន​ប៉ូលិស​ណា​ចាប់​គាត់​បាន​ទេ»

លោកស្រី​បញ្ជាក់​ថា ចាប់​តាំង​ពី​ថ្ងៃ​កើត​ហេតុ ក្រុម​គ្រួសារ​គាត់​មិន​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​លោក យ៉ាន់ សេងហ៊ត ឡើយ ព្រោះ​លោក​បាន​ធានា​ខុស​ត្រូវ​ចំពោះ​ការ​ព្យាបាល​កូន​លោកស្រី។ ម្យ៉ាង​ប្ដី​របស់​គាត់​ជា​សកម្មជន​ផ្នែក​យុវជន​នៅ​មូលដ្ឋាន និង​ជា​អ្នក​សង្កេតការណ៍​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ទៀត​ផង ប៉ុន្តែ​នគរបាល​បាន​ជំរុញ​ឲ្យ​ក្រុម​គ្រួសារ​គាត់​ប្ដឹង​ករណី​នេះ៖ «ខ្ញុំ​ឆ្ងល់​ត្រង់​ថា គ្រួសារ​ខ្ញុំ​មិន​ប្ដឹង​ហើយ ប៉ុន្តែ​ខ្ញុំ និង​ប៉ា​ខ្ញុំ​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ម្សិល​មិញ គេ​ថា ករណី​បង​មិន​ប្ដឹង នៅ​មាន​ករណី​មួយ​ទៀត គេ​ប្ដឹង​លោក យ៉ាន់ សេងហ៊ត ដែរ ព្រោះ​គាត់​បាន​បើកបរ​ខុស​ច្បាប់។ ខ្ញុំ​អត់​ចង់​មាន​ពាក្យ​បណ្ដឹង​ឲ្យ​គាត់​ជាប់​ពន្ធនាគារ​អី​ទេ ប៉ុន្តែ​គេ​នៅ​តែ​ដាក់ អ៊ីចឹង​ខ្ញុំ​អត់​ដឹង​ធ្វើ​ម៉េច?»

អធិការ​នគរបាល​ស្រុក​វាលវែង លោក ធាង ឡេង មិន​ធ្វើ​អត្ថាធិប្បាយ​ពី​ករណី​នេះ​ទេ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ​ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​រវល់ ហើយ​ជំរុញ​ឲ្យ​ទៅ​សួរ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​វិញ។ ចំណែក​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ប្រមោយ អាស៊ីសេរី មិន​ទាន់​អាច​រក​ប្រភព​ទាក់ទង​ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទៅ​ឡើយ​ទេ។

គេ​នៅ​ចាំ​បាន​ថា ឡាន​ទំនើប​ម៉ាក ឡិចស៊ីស ៥៧០ (Luxus 570) របស់​តំណាងរាស្ត្រ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ បាន​បង្ក​គ្រោះ​ថ្នាក់​ស្រដៀង​គ្នា​នេះ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១ ត្រង់​ភូមិ​ជ័យឧត្ដម ឃុំ​សំរោងធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល។ រថយន្ត​របស់​លោក ជាម យៀប ​បុក​ហើយ​រត់​កាល​ណោះ​បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់ និង​ប្ដី​របួស​ធ្ងន់។ លោក ជាម យៀប មិន​​ប្រឈម​នឹង​ការ​ដាក់​ទោសទណ្ឌ ឬ​ជាប់​ពន្ធនាគារ​បាន​មួយ​ថ្ងៃ​ណា​ឡើយ ហើយ​លោក​ធ្លាប់​បញ្ជាក់​ថា ការ​រត់​គេច​កាល​ណោះ គឺ​ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។

ក្រុម​អ្នក​ច្បាប់​យល់​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ហាក់​មាន​ស្តង់ដារ​ពីរ ឬ​មិន​ទាន់​អនុវត្ត​បាន​គ្រប់​រូបភាព​នៅ​ឡើយ​ទេ ដោយ​គេ​សង្កេត​ឃើញ​ថា បណ្ដឹង​ប្រឆាំង​នឹង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ ឬ​មន្ត្រី​បក្ស​ប្រឆាំង​ផ្ទាល់ ត្រូវ​បាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ ប៉ុន្តែ​ចំពោះ​អ្នក​មាន​លុយកាក់ ឬ​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​វិញ នៅ​មាន​ភាព​ធូររលុង។ ជាក់ស្ដែង​ដូចជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ពីរ​នេះ។

មេធាវី​ការពារ​ក្ដី​ជន​សង្ស័យ​ឈ្មោះ យ៉ាន់ សេងហ៊ត គឺ​លោក​មេធាវី សំ សុគង់ ឲ្យ​ដឹង​ថា បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​កូន​ក្ដី​លោក​បាន​ដាក់​ចូល​សាលា​ឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ឧសភា រួច​ហើយ។ លោក​ថា ព្យសនកម្ម (ការ​ខូចខាត) ដែល​កូន​ក្ដី​លោក​បង្ក​មិន​សូវ​ប៉ះពាល់​ធ្ងន់ធ្ងរ ហើយ​ភាគី​ជន​រងគ្រោះ​មិន​បាន​ប្ដឹង​ផ្ដល់​ទៀត កូន​ក្ដី​លោក​ត្រូវ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន បើ​ទោះ​ជា​នៅ​ជាប់​បណ្ដឹង​អាជ្ញាក្ដី៖ «ហើយ​នៅ​ក្នុង​រឿង​នេះ គឺ​ថា​ជន​បង្ក​សន្យា​ថា​ដាក់​ប្រាក់​ធានា ហើយ​យល់​ព្រម​ធានា​នឹង​ព្យាបាល​ជំងឺ​ឲ្យ​ជន​រង​គ្រោះ​រហូត​ដល់​ជា​ផង​ដែរ ប៉ុន្ដែ​តុលាការ​មិន​ទទួល​ការ​ស្នើ​សុំ​របស់​ជន​បង្ក​នៅ​ក្នុង​សំណុំ​រឿង​នេះ​ទេ»

លោក​​ថា ក្នុង​ករណី​ដែល​ភាគី​ជនរងគ្រោះ​ទទួល​យក​សំណង​សម្របសម្រួល​ពី​ភាគី​ជន​បង្ក ឬ​ពិនិត្យ​ឃើញ​ថា ការ​ខូចខាត​មិន​សូវ​ធ្ងន់ធ្ងរ ភាគី​ជន​រង​គ្រោះ​អាច​ធ្វើ​កិច្ចសន្យា​រវាង​ភាគី​ទាំង​ពីរ​ដើម្បី​ដាក់​ជូន​តុលាការ​ពិនិត្យ និង​សម្រេច​ទៅ​តាម​នីតិវិធី ជា​ពិសេស​ការ​ស្នើ​សុំ​ឲ្យ​ជន​បង្ក​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ហើយ​បើ​ជន​បង្ក​បន្ត​ជាប់​ឃុំ ធ្វើ​ឲ្យ​ខាត​ពេល​រក​ប្រាក់​បង់​ថ្លៃ​ព្យាបាល ឬ​ការ​ខូចខាត​ផ្សេងៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

ស្តង់ដាពីរ!!!សមាជិកសភាមួយងៃមុនបុកគេងាប់បែរជារួចខ្លួន???

May 31, 2017 10:54 AM

អ្នក​អាន​អនាមិក

អួតខ្លួនជាអ្នកចេះច្បាប់ខ្លាំងណាស់រាល់ៗថ្ងៃនេះ តែដល់ពេលប្រព្រិត្តខុសខំគេចចេញពីច្បាប់។ដឹងអត់ថា៖បើកបរបុកគេហើយព្យាយាមរត់គេចជាអំពើខុសច្បាប់មួយ។ទោះបីជនរងគ្រោះមិនប្តឹងផ្តល់ក៏នៅតែមានទោសមួយដដែលដែរគឺបង្កគ្រោះថ្នាក់ចររាចរ។កុំយល់ថាខ្លួនជាសមាជិកCNRPហើយមានអភ័យឯកសិទ្ធធ្វើអីក៏មិនចេះខុស។

May 30, 2017 09:37 PM

គេហទំព័រ​ទាំងមូល