យុវជន កែម ឡី​និយម ស្នើ​សុំ​ឱ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់

ដោយ មួង ណារ៉េត
2019-12-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យុវជន គង់ រ៉ៃយ៉ា និង​ភរិយា​គឺ​លោកស្រី សុខ ស្រីនិច បង្ហោះ​រូប​អាវ​មាន​រូប និង​បណ្ដាំ​បណ្ឌិត កែម ឡី នៃ​ខួប​៣​ឆ្នាំ។
យុវជន គង់ រ៉ៃយ៉ា និង​ភរិយា​គឺ​លោកស្រី សុខ ស្រីនិច បង្ហោះ​រូប​អាវ​មាន​រូប និង​បណ្ដាំ​បណ្ឌិត កែម ឡី នៃ​ខួប​៣​ឆ្នាំ។
Photo courtesy

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​លើក​ពេល​សវនាការ​លើ​សំណុំរឿង​របស់​យុវជន កែម ឡី និយម ដោយ​មិន​កំណត់​ពេលវេលា​ជាក់លាក់​នោះ​ទេ​។ រីឯ​យុវជន គង់ រ៉ៃយ៉ា ស្នើសុំ​តុលាការ ឱ្យ​កំណត់​ថ្ងៃ​ជំនុំជម្រះ​ឡើងវិញ​ឱ្យ​បាន​ឆាប់ និង​សម្រេច​ទម្លាក់​ចោល​ការចោទប្រកាន់​លោក ដើម្បី​ឱ្យ លោក​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​ប្រកប​មុខ​របរ និង​អាច​ចេញទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ។

យុវជន កែម ឡី និយម គង់ រ៉ៃយ៉ា ប្រាប់​អាស៊ីសេរី​ថា ចៅ​ក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ អ្នកស្រី អ៊ុក រ៉េតគន្ធា បាន​សម្រេច​លើក​ពេល​សវនាការ​សំណុំរឿង​របស់​លោក​ទៅ​ពេល​ក្រោយ ដោយ​មិន​កំណត់ពេល​វេលា​ជាក់​នោះ​ទេ ក្រោម​មូលហេតុ​ថា អវត្តមាន​រូបលោក​ក្នុង​បន្ទប់​សវនាការ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​ធ្នូ​។ លោក គង់ រ៉ៃយ៉ា បញ្ជាក់​ថា មូលហេតុ​ដែល​លោក​អវត្តមាន ដោយសារ​លោក​មាន​ជំងឺ​ធ្ងន់ធ្ងរ ប៉ុន្តែ​លោក​បាន​ប្រគល់​សិទ្ធិ​ជូន​មេធាវី​ការពារ​ក្តី​រួចហើយ​។ យុវជន​រូប​នេះ ស្នើសុំ​ឱ្យ​តុលាការ​កំណត់​ថ្ងៃ​ជំនុំជម្រះ​ជាក់លាក់​ឱ្យ​បាន​ឆាប់​ឡើងវិញ និង​សម្រេច​ទម្លាក់​ចោល​ការ​ចោទប្រកាន់​លើ​លោក​ទាំងស្រុង ព្រោះ​លោក មិនបាន​ប្រព្រឹត្ត​ខុស​ដូច​ការចោទប្រកាន់​ឡើយ​។ លោក​ចាត់​ទុក​ការ​ចាប់ខ្លួន និង​ចោទប្រកាន់​កន្លងមក​ថា ជា​អំពើ​ព្រៃផ្សៃ និង​អយុត្តិធម៌​បំផុត ព្រោះ​លោក​គ្រាន់តែ​លក់​អាវយឺត ដែល​មាន​រូប និង​ទស្សនបណ្ឌិត កែម ឡី ប៉ុណ្ណោះ ហើយ​ប្រជាពលរដ្ឋ​ផ្សេងទៀត ក៏បាន​បោះពុម្ព និង​លក់​អាវយឺត​នេះ​ដែរ ប៉ុន្តែ​បែរជា​មិន​ទទួល​ទោស​ទណ្ឌ​ដូច​លោក​ទៅវិញ៖ «ទី១ សុំ​ពន្លឿន​ការ​ជំនុំ​ជម្រះ​ក្តី​របស់​ខ្ញុំ ទី២ ស្នើសុំ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដក​បម្រាម​ហាមឃាត់​លើ​រូប​ខ្ញុំ​ទាំង​អម្បាល​មាន​ចេញ ដូច​ជា ការ​ហាម​ឃាត់ មិន​ផ្លាស់​ប្តូរ​ទី​លំនៅ ការ​ហាម​ឃាត់​មិន​ខ្ញុំ​ប្រើប្រាស់​ហ្វេសប៊ុក​របស់​ខ្ញុំ និង​ការ​ហាមឃាត់​មិន​ឲ្យ​ខ្ញុំ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស ។ស្នើសុំ​នេះ​ដក​បម្រាប​នេះ​ទាំង​អស់ ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ និង​ជីវភាព​របស់​ខ្ញុំ​ខ្លាំង»

លោក គង់ រ៉ៃយ៉ា បញ្ជាក់​ថា បច្ចុប្បន្ន​នេះ លោក​កំពុង​មាន​ជំងឺ​ឈឺ​ចង្កេះ​ធ្ងន់ធ្ងរ ដែល​ចាំបាច់​ទៅ រក​សេវា​ព្យាបាល​ពី​គ្រូពេទ្យ​ជំនាញ​នៅ​ប្រទេស​ថៃ ប៉ុន្តែ​តុលាការ​ដាក់​បម្រាម មិន​ឱ្យ​ចេញ​ក្រៅ ប្រទេស​នោះ​ទេ។ លោក​បារម្ភ​ថា ស្ថានភាព​ជំងឺ​របស់​លោក នឹង​កាន់តែ​ធ្ងន់ធ្ងរ ព្រោះ​ការ​ព្យាបាល ក្នុងស្រុក មិនបាន​ធូរ​ស្បើយ​ឡើយ។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ បានទេ ដោយ​ទូរស័ព្ទ​ចូល ពុំ​មាន​អ្នក​ទទួល។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត សម្ដែង​ការ​សោកស្ដាយ ដែល​តុលាការ​ពន្យារពេល​សវ​នា​ការ ដែល​ធ្វើ​ឱ្យ​សំណុំ​រឿង​នេះ កាន់តែ​អូស បន្លាយ​ពេលវេលា​ថែមទៀត។ លោក​នៅតែ​ជំរុញ​ឱ្យ​តុលាការ​ពន្លឿន​សវនាការ និង​ទម្លាក់​ចោលការ ចោទប្រកាន់​មិន​សម​ទំនង​លើ​លោក គង់ រ៉ៃយ៉ា ដើម្បី​ឱ្យ​លោក​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ឡើង វិញ ព្រោះ​លោក​ពិនិត្យ​ឃើញ​ថា ការ​ចាប់ខ្លួន​និង​ចោទប្រកាន់​កន្លងមក គ្មាន​មូលដ្ឋាន​គ្រប់គ្រាន់៖ «ខ្ញុំ​យល់​ថា ជា​ការ​ល្អ គឺ​តុលាការ​គួរ​តែ​កំណត់​ពេល​វេលា​សវនាការ​ឲ្យ​បាន​ឆាប់​ឡើង​វិញ និង​ឲ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ហើយ​យ៉ាង​ណា​ក៏​ដោយ​នៅ​តែ​ទទូច​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក គង់ រ៉ៃយ៉ា ព្រោះ​ការ​ចាប់​ខ្លួន​នេះ គ្មាន​ភស្តុតាង​អី​ដែល​បញ្ជាក់​ថា លោក គង់ រ៉ៃយ៉ាង បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់»

សមត្ថកិច្ច​ក្រុងភ្នំពេញ បាន​ចាប់ខ្លួន​លោក គង់ រ៉ៃយ៉ា អាយុ ២៨​ឆ្នាំ កាលពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ក្នុង​ផ្ទះ​ជួល​របស់​គាត់ ជាមួយ​កូន​តូច​អាយុ​ ៦ខែ និង​ភរិយា ព្រមទាំង​បងប្អូន​បង្កើត ២​នាក់​ទៀត បន្ទាប់ពី​បាន​ផ្សព្វផ្សាយ​លក់​អាវយឺត​មាន​រូប និង​ទស្សនបណ្ឌិត កែម ឡី នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក សម្រាប់​ខួប​បី​ឆ្នាំ​នៃ​អំពើ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី​។ សមាជិក​គ្រួសារ របស់​លោក គង់ រ៉ៃយ៉ា ត្រូវ​បាន​ដោះលែង​វិញ​នៅ​ថ្ងៃ​បន្ទាប់ ក្រោយ​ត្រូវ​បង្ខំ​ឱ្យ​ស៊ីញេ​លើ​ក្រដាស សន្យា​ឈប់​រំលោភច្បាប់​។ តុលាការ ចោទប្រកាន់​លោក គង់ រ៉ៃយ៉ា ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍។

ក្រោយ​ជាប់​ក្នុង​ពន្ធនាគារ​ជិត ៥​ខែ តុលាការ​ក្រុង​ភ្នំពេញ បានសម្រេច​ដោះលែង លោក គង់ រ៉ៃយ៉ា ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន កាលពី​ថ្ងៃ​ទី​២៩ វិច្ឆិកា ប៉ុន្តែ​បាន​ភ្ជាប់​លក្ខខណ្ឌ​តឹងរ៉ឹង​មួយ​ចំនួន ដូចជា មិន​ឱ្យ​ចាក​ចេញពី​ប្រទេស​កម្ពុជា ត្រូវ​បង្ហាញខ្លួន​នៅមុខ​តុលាការ​ជា​រៀងរាល់​ខែ មិន​ឱ្យ​ចូលរួម​ធ្វើ​សកម្មភាព និង​បណ្ដាញ​សកម្មភាព​ក្នុង​សង្គម និង​ត្រូវ​សហការ​ជាមួយ​តុលាការ​ជានិច្ច​។ ការ​ដោះលែង​ឱ្យ​នៅ ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នេះ គឺ​បន្ទាប់ពី​លោក ហ៊ុន សែន ប្រកាស​បញ្ជា​ឱ្យ​ដោះលែង​អ្នក​ជាប់ឃុំ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទាំងអស់ ស្រប​ពេល​សហភាព​អឺរ៉ុប កំពុង​បន្ត​នីតិ​វិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​ពី​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល