ក្រសួងការពារជាតិ ​មិន​ស៊ើបអង្កេត​ និង​គ្មាន​ចំណាត់​ការ​អ្វី​ទាំង​អស់​ចំពោះ​ប្រធាន​តុលាការ​យោធា​

ដោយ សេក បណ្ឌិត
2019-08-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត។
មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត។
RFA

ក្រសួង​ការពារ​ជាតិ ​ប្រកាស​ថា​ មិន​បើក​ការ​ស៊ើប​អង្កេត​ជា​ផ្លូវការ ​និង​មិន​មាន​ចំណាត់​ការ​អ្វី​ទាំង​អស់ ចំពោះ​ប្រធាន​តុលាការយោធា ​ដែល​រង​ការ​ចោទ​ប្រកាន់​ថា​ ប្រព្រឹត្ត​អំពើ​ពុករលួយ​និង​បាន​ប្រមូល​ផ្តុំ​បក្ខពួក​សាច់ញាតិ​ធ្វើការ​ក្នុង​ស្ថាប័ន​តែមួយ​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ។ សង្គម​ស៊ីវិល ​យល់ថា ​ក្រសួងការពារជាតិ​ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ​ គួរតែ​បើក​ការ​ស៊ើប​អង្កេត និង​មាន វិធានការ​ច្បាប់ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ​នេះ​ និង​កុំ​ឲ្យ​ប៉ះពាល់​ដល់​កំណែ​ទម្រង់​ស៊ីជម្រៅ។

ក្រសួងការពារជាតិ ​ដែល​ធ្លាប់​ប្រកាស​មិន​គាំទ្រ​ឲ្យ​មាន​បក្ខពួក​គ្រួសារ​និយម​នោះ​ បែរជា​ប្រកាស​ ការពារ​ស្ថាប័ន​តុលាការ​យោធា​ដែល​រង​ការ​ចោទ​ប្រកាន់​ថា​ ជា​ស្ថាប័ន​ពុករលួយ​ និង​គ្រួសារ​និយម ​ក្រោម​ការដឹកនាំ​របស់​ឧត្ដមសេនីយ៍​ឯក ផ្កាយ៣ លោក​ ន័យ​ ថុល ​ក្នុង​រយៈពេល​ជាង ៣០ឆ្នាំ​ទៅ​វិញ។

អ្នកនាំ​ពាក្យ​ក្រសួងការពារជាតិ​ លោក​ ឈុំ ​សុជាត​ ប្រាប់​អាស៊ី​សេរី​ថា ថ្វី​ដ្បិត​តែ​គ្មាន​ការ​ស៊ើបអង្កេត​ ជា​ផ្លូវ​ការ​ក្តី​ ប៉ុន្តែ​លោក​ដឹង​ថា​ មន្ត្រី​ក្នុង​ស្ថាប័ន​តុលាការ​យោធា​ មានការ​ចាត់​តាំង​តាម​នីតិវិធី​ត្រឹមត្រូវ​ ទាំងអស់​។ លោក ​​បញ្ជាក់​ថា ​ករណី​នេះ បាន​បិទ​បញ្ចប់ និង​គ្មាន​ចំណាត់​ការ​អ្វី​ទៀត​ឡើយ៖ «ខ្ញុំ​បាន​ត្រួត​ពិនិត្យ និង​បាន​ពិចារណា​ហើយ​រឿង​នេះ។ រឿង​ការ​ចាត់​តាំង​ក្នុង​តុលាការ​យោធា​វា​មាន​អង្គការ​ចាត់​តាំង​ត្រឹម​ត្រូវ គឺ​ជា​ស្ថាប័ន​របស់​ក្រសួង​ការពារ​ជាតិ ដូច្នេះ​រាល់​ការងារ​ចាត់​តាំង​ទាំង​អស់​វា​ត្រូវ​តែ​មាន​ឆ្លង​កាត់​តាម​នីតិវិធី​ត្រឹមត្រូវ​ទាំង​អស់ អត់​មែន​ជា​រឿង​គ្រួសារ​និយម​បក្ខ​ពួក​និយម​អី​ទេ។ ខ្ញុំ​គ្រាន់​តែ​ជម្រាប​ជូន​ប៉ុណ្ណឹង»

ទោះ​យ៉ាង​ណា​ក្តី នៅ​ពេល​អាស៊ី​សេរី សួរ​បញ្ជាក់​ថា តើ​ប្រធាន​តុលាការ​យោធា លោក ន័យ ​ថុល​ ពិតជា​បាន​កេណ្ឌ​សែស្រឡាយ​បក្ខពួក​គ្រួសារ​សាច់ញាតិ​ជាង ១០នាក់​ឱ្យ​មក​កាន់​តួនាទី​នៅ​ក្នុង​តុលាការយោធា​ក្រោម​ការដឹកនាំ​របស់​លោក​ដូច​ជា​ការ​ប្រកាន់​ដែរ​ឬ​ទេ។ លោក ឈុំ សុជាត មិន​ឆ្លើយ​តប​រឿង​នេះ​ដាច់​ខាត និង​បាន​ឆ្លើយ​ពង្វាង​ដដែលៗ ថា ការ​តែង​តាំង​មន្ត្រី​ក្នុង​តុលាការ យោធា ធ្វើ​ដោយ​ត្រឹម​ត្រូវ​តាម​នីតិវិធី​ទាំង​អស់។

កាលពីដើម​ខែ​កក្កដា​កន្លងទៅ​ មន្ត្រី​ជាន់ខ្ពស់​នៅ​តុលាការយោធា​ដែល​សុំ​លាក់​អត្តសញ្ញា​ណ ព្រោះ បារម្ភ​ពី​សុវត្ថិភាព ​បាន​ទម្លាយ​ថា​ ប្រធាន​តុលាការ​យោធា​ឧត្ដមសេនីយ៍​ឯក​ផ្កាយ៣​ លោក​ន័យ​ ថុល​ ដែល​កាន់​តំណែង​នេះ​តាំងពី​ឆ្នាំ១៩៨៧​ មក​ និង​ជា​ចៅក្រម​នៅ​សាលាក្ដី​ខ្មែរក្រហម​ផង​បាន​តែងតាំង​ភរិយា​របស់​លោក គឺ​អ្នក​ស្រី ​ខឹម​ សម្បត្តិ​ និង​កូន​ប្រុស​បង្កើត​ពីរ​នាក់​របស់​ខ្លួន​ឱ្យ​ធ្វើជា​ចៅក្រម​ និង​ជា​អនុប្រធាន​តុលាការ​យោធា។ កូន​ប្រុស​ទាំងពីរ​នាក់​ ឈ្មោះ​ ផូរ​ ភិរម្យ​ និង​ ឈ្មោះ​ ផូរ​ វីរៈ​នេះ​មិន​ត្រឹមតែ​មាន​តួនាទី​ជា​អនុ​ប្រធាន​តុលាការ​យោធា​និង​ជា​ចៅក្រម​ដូច​ម្ដាយ​ទេ​គឺ​ពួក​គេ​ក៏​ជា​នាយ​ការិយាល័យ​ចៅក្រម​ស៊ើបសួរ​ព្រម​ទាំង​ជា​នាយ​ទាហាន​មាន​ឋានន្តរ​សក្ដិ​ឧត្ដមសេនីយ៍​ត្រី​និង​ទោ​ទៀត​ផង។ ចំណែក​កូន​ទី៣​ លោក ន័យ ផូរច័ន្ទគង្គារ ក៏​កំពុង​ធ្វើ​ការ​នៅ​ក្នុង​តុលាការយោធា​ដែរ​។ប្រភព​ដដែល​ឱ្យ​ដឹង​ថា​អំពើ​ពុក​រលួយ​ និង​គ្រួសារនិយម​នេះ​បាន​ធ្វើឡើង​ជា​ប្រព័ន្ធ​និង​លាក់​បាំង​បំផុត​ដែល​សូម្បីតែ​ឈ្មោះ​ត្រកូល​ក៏​ផ្លាស់​ប្ដូរ​ដែរ។

លោក​ន័យ​ ថុល​ ក៏​ប្រមូល​សាច់ញាតិ​មួយ​ចំនួន​ទៀត ដូចជា ឧត្ដមសេនីយ៍​ទោ នុត សោភ័ណ្ឌ ត្រូវ​ជា​ប្អូន​ជី​ដូន​មួយ កំពុង​កាន់​តួនាទី​ជា​អនុ​ប្រធាន​តុលាការ​យោធា​ជា​ចៅក្រម​ និង​ជា​នាយ​ការិយាល័យ​ហិរញ្ញវត្ថុ។ លោក នុត សោភ័ណ្ឌ​មាន​បង​ប្អូន​បង្កើត​ម្នាក់​ទៀត​ឈ្មោះ​នុ​ត សុ​ផែន​ កំពុង​ធ្វើ​ការ​ក្រោម​បង្គាប់​របស់​លោក។ ប្រភព​បន្ត​ថា​ សូម្បី​តែ​អ្នក​បើក​ឡាន​ឱ្យ​លោក​ន័យ​ ថុល​ ឈ្មោះ​ អ៊ូ​ សេរី​ក៏​ត្រូវ​បាន​ដំឡើង​ឱ្យ​ធ្វើ​ជា​ចៅក្រម​ដែរ។ ក្រៅពី​នេះ​ ចៅក្រម​មួយ​ចំនួន​ទៀត ក៏​ជា​សាច់ញាតិ​ និង​បក្ខ​ពួក​របស់​លោក​ ន័យ​ ថុល​ ដែរ​ ដូចជា​លោក​ចៅក្រម​ ង៉ូវ​ វុទ្ធី​ ចៅក្រម​ ឃឹម​ សុ​ឃាន​និង​ចៅក្រម​ ពិន​ សំ​អឿន។

រី​ឯ​មន្ត្រី​គ្រាក់ៗ​ នៅ​ក្នុង​ស្ថាប័ន​នេះ​មួយ​ចំនួន​ ក៏​យក​គំរូ​តាម​លោក​ ន័យ​ ថុល ដែរ​ដោយ​ពួក​គេ​ ប្រមូល​ កូន​ និង​សាច់ញាតិ​ចូល​ធ្វើការ​ជា​ហូរហែ​ដែរ។ អនុ​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ និង​ជា​ចៅក្រម​តុលាការ​យោធា​នាយ​ឧត្ដមសេនីយ៍​ ផ្កាយ៤ លោក​ សាវ​ សុខ​ ក៏​មាន​កូន​ស្រី​ម្នាក់​ឈ្មោះ​សុខ​ គី​ណូ​កត្តា​ ជា​ចៅក្រម​តុលាការយោធា​និង​មាន​ឋានន្តរសក្ដិ​វរសេនីយ៍ត្រី​។រី​ឯ​អនុ​ប្រធាន​តុលាការយោធា​និង​ជា​ចៅក្រម ឧត្ដមសេនីយ៍​ទោ ប៉ោក ប៉ន មាន​កូន​ប្រុស​ឈ្មោះ ប៉ុន វណ្ណៈ ជា​ច្រៅ​ក្រម។

ប្រភព​បន្ត​ថា​ប្រធាន​តុលាការយោធា​ក៏​ជាប់ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ជាច្រើន​ករណី​ទៀត​ដែរ​ ដូចជា​កាត់ប្រាក់ខែ​ចៅក្រម​ដែល​មិនមែន​ជា​សាច់ញាតិ​ការដំឡើង​តួនាទី​ឱ្យ​កូនចៅ​បក្ខពួក​របស់​ខ្លួន​និង​ការ​ពន្យារ​ពេល​ចូល​និវត្តន៍​ចំនួន ៧លើក​ និង​ស៊ី​ដាច់​លុយ​មន្ត្រី​ខ្សែ​បណ្ដោយ​អស់​ម្នាក់ៗ ប្រហែល​ជា ២ពាន់​ដុល្លារ​ទៅ ២ពាន់ ៥រយ​ដុល្លារ​ក្នុង​ការ​សូកប៉ាន់​ឱ្យ​លោក ន័យ ថុល បញ្ចូល​សាច់ញាតិ​ជា​នាយ​ទាហាន។ អ្នក​ដែល​សូក​លុយ ដើម្បី​បាន​តំណែង​ទាំង​នោះ ខ្លះ​ត្រូវ​ថ្នាក់​លើ​ជំទាស់​ តែ​លុយ​សំណូក​នោះ​ក៏​ត្រូវ​គេ​ស៊ី​ដាច់​ទៅ​ដែរ។ ​ករណី​ទាំង​នេះ​មន្ត្រី​ក្នុង​តុលាការ​យោធា​ធ្លាប់​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែរ​ក្នុង​អំឡុង​ឆ្នាំ២០១៦ ប៉ុន្តែ​ពុំ​មានការ​ស៊ើប​អង្កេត​អ្វី​ឡើយ​បន្ទាប់​ពី​មាន​ លិខិត​ឆ្លើយ​បំភ្លឺ​ពី​លោក​ ន័យ​ ថុល។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា​ ការ​ឆ្លើយ តប​របស់​ក្រសួង​ការពារ​ជាតិ​នេះ មិន​ទាន់​ទុក​ចិត្ត​បាន និង​គ្រប់គ្រាន់​ក្នុង​ការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង អំពើ​ពុក​រលួយ​នោះ​ទេ។ លោក យល់ថា ក្រសួង​ការពារជាតិ គួរ​តែ​ឆ្លើយ​តប​ឲ្យ​បាន​ច្បាស់លាស់ ជាង​នេះ ដើម្បី​ចៀសវាង​កុំ​ឲ្យ​សាធារណជន យល់​ថា ជា​ការ​ឆ្លើយ​តប​ក្នុង​របៀប​ការពារ​គ្នា​ឯង។ ម្យ៉ាងវិញទៀត នៅ​ពេល​មាន​ការ​បង្ហាញ​អំពី​តម្រុយ​នៃ​អំពើ​ពុក​រលួយ​របស់​មន្ត្រី​រាជការ​បែប​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក៏​គួរ​តែ​ចេញ​មុខ​ស៊ើប​អង្កេត និង​មាន​ចំណាត់​ការ​ដែរ៖ «ជា​បច្ចេកទេស អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ(ACU) មិន​មែន​ប្រាកដ​តែ​ចាំ​តែ​មាន​បណ្ដឹង​ទេ ឲ្យ​តែ​ជា​តម្រុយ​ផ្សេងៗ អាច​ផ្ដល់​ដូច​ជា​បណ្ដឹង​អនាមិក​ដូច​ជា​ការ​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន។និយាយ​ឲ្យ​ចំ​ទៅ​ឲ្យ​តែ​មាន​រឿង​អាស្រូវ​ប៉ះពាល់​ដល់​កិច្ចការ​គ្រប់គ្រង​ផ្នែក​សាធារណៈ គឺ​គេ​អាច​ស៊ើប​អង្កេត​បាន»

លោក សន ជ័យ បន្ត​ថា បញ្ហា​បក្ខ ពួក​និយម សាច់​ញាតិ​និង​គ្រួសារនិយម​នៅ​ក្នុង​ស្ថាប័នរដ្ឋ​នេះ កំពុង​ចាក់ឫស​យ៉ាង​ជ្រៅ​ក្នុង​សង្គម​ខ្មែរ​ដែល​ជា​លទ្ធផល​ធ្វើ​ឲ្យ​មាន​ទំនាស់​ផល​ប្រយោជន៍ ឬ​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ និង​អាច​ប៉ះពាល់​ដល់​កំណែ​ទម្រង់​ស៊ី​ជម្រៅ៖ «បើ​គ្រាន់​តែ​បញ្ហា​បក្ខ​ពួក​និយម​នេះ​ដោះ​ស្រាយ​មិន​ចេញ​ទេ យើង​មិន​សង្ឃឹម​ទៅ​លើ​ដំណើរ​ការ​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​ប៉ុន្មាន​ទេ។ ផ្ទុយ​ទៅ​វិញ​វា​ក៏​លេច​ចេញ​លទ្ធផល​បញ្ច្រាស​មក​វិញ​នូវ​ភាព​កម្សោយ​កាន់​តែ​ខ្លាំង​ទៅៗ នៃ​អភិបាល​កិច្ច​របស់​ស្ថាប័ន​សាធារណៈ។

មិន​មែន​តែ​ក្រសួង​ការពារ​ជាតិ​នោះ​ទេ ដែល​មិន​ចាត់​វិធានការ​ករណី​ពុក​រលួយ និង​បញ្ហា​បក្ខ​ពួក​និយម​គ្រួសារ​សាច់​ញាតិ​និយម​នេះ។ ក្រសួង​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី១៩ ខែ​សីហា ក៏​បាន​ប្រកាស​មិន​ខ្វាយ​ខ្វល់​ចំពោះ​រឿង​ពុក​រលួយ និង​បញ្ហា​បក្ខពួក​គ្រួសារនិយម​ដែរ។ ក្រសួង​ព័ត៌មាន ចាត់​ទុក​ថា ការ​តែងតាំង​តួនាទី​មន្ត្រី​ក្នុង​ក្រសួង ដែល​សុទ្ធតែ​ជា​ពូជ​ពង្ស​អ្នក​ធំ​ក្នុង​ក្រសួង​ព័ត៌មាន គឺ​ជា​រឿង​តូចតាច និង​ធម្មតា។

អាស៊ី​សេរី​បាន​ព្យាយាម​​ទាក់ទង​ទៅ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​លោក​ ឱម ​យិនទៀង ​ជាច្រើន​លើក ​តែ​គ្មាន​អ្នក​ទទួល​ទូរស័ព្ទ​នោះ​ទេ។

មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក​ ហ៊ុន​ សែន​ ធ្លាប់​បាន​ប្រកាស​យ៉ាង​ដាច់អហង្ការ​មិន​ឱ្យ​មាន​ករណី​ក្រុម​គ្រួសារនិយម​នៅ​ក្នុង​ស្ថាប័ន​តែមួយ​នោះ​ឡើយ​ក៏ប៉ុន្តែ​ស្ថានភាព​ជាក់​ស្ដែង​ស្ទើរគ្រប់​ស្ថាប័នរដ្ឋ​ទាំងអស់​កំពុងតែ​ចាក់ស្រេះ​ដោយ​បញ្ហា​គ្រួសារ​ឬ​បក្ខ​ពួក​និយម​នេះ និង​គ្មាន​ចំណាត់​ការ​អ្វី​ទាំងអស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល