អតីត​និស្សិត និង​ពលរដ្ឋ​ជនជាតិ​ចាម​បង្កើត​មូលនិធិ​ជួយ​សម្រួល​ជីវភាព​គ្រួសារ​លោក អះម៉ាត់ យ៉ះយ៉ា

ដោយ វ៉ែន សុមេធ
2019-08-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​រដ្ឋលេខាធិការ​ក្រ​សួង​សង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា និយាយ​ជាមួយ​អ្នក​កាសែត​ក្រោយ​ពេល​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦។
អតីត​រដ្ឋលេខាធិការ​ក្រ​សួង​សង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា និយាយ​ជាមួយ​អ្នក​កាសែត​ក្រោយ​ពេល​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo: RFA

ប្រជាពលរដ្ឋ​ និង ​ក្រុម​អតីត​និស្សិត​ជនជាតិ​ចាម បាន​ផ្ដួចផ្ដើម​គំនិត​បង្កើត​ជា​មូលនិធិ​មួយ ដើម្បី​ជួយ​ដល់​​លោក​ អះម៉ាត់​ យ៉ះយ៉ា ដែល​កំពុង​ជាប់​ពន្ធនាគារ។ ប្រជាពលរដ្ឋ​ និង ​ក្រុម​អតីត​និស្សិត​ជនជាតិ​ចាម​ទាំង​នោះ នៅ​តែ​យល់​ថា លោក អះម៉ាត់ យ៉ះយ៉ា មិន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ទេ។

ប្រជាពលរដ្ឋ​ និង​អតីត​និស្សិត​ជន​ជាតិ​ចាម​រួម​គ្នា ​បង្កើត​មូលនិធិ​នេះ ដោយសារ​កាល​ពី​គ្រា​មុន លោក អះម៉ាត់ យ៉ះយ៉ា បាន​ជួយ​ឧបត្ថម្ភ​ឲ្យ​ពួក​គេ​បាន​រៀន​ជ្រៅជ្រះ ចប់​ចុង​ចប់​ដើម ហើយ​ពេល​នេះ​លោក​កំពុង​ជួប​ទុក្ខ​លំបាក ដែល​តម្រូវ​ឱ្យ​ពួក​គេ​ត្រូវ​រួម​គ្នា​ជួយ​លោក អះម៉ាត់ យ៉ះយ៉ា វិញ​ម្ដង។ មូលនិធិ​នេះ​ឈ្មោះ មូលនិធិ អះម៉ាត់ យ៉ះយ៉ា ដែល​អ្នក​គោរព​ស្រឡាញ់​លោក អាច​បរិច្ចាគ​ថវិកា​តាម​រយៈ​ធនាគារ ឬ​តាម​ទូរស័ព្ទ។

តំណាង​អតីត​និស្សិត​ជន​ជាតិ​ចាម លោក មីន ណាហ្វី ប្រាប់​អាស៊ី​សេរី​ថា សប្បុរសជន​ដែល​ផ្ញើ​លុយ​ក្នុង​មូលនិធិ​នេះ ភាគ​ច្រើន គឺ​ជា​អតីត​និស្សិត ដែល​ធ្លាប់​លោក អះម៉ាត់ យ៉ះយ៉ា ជួយ​ទំនុក​បម្រុង​ក្នុង​ការ​រៀន​សូត្រ​កន្លង​មក ហើយ​ក្រៅពី​នេះ​ក៏​មាន​ពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​នានា​ដែរ។ លោក​ប្រាប់​ថា មូលហេតុ​នៃ​ការ​បង្កើត​មូលនិធិ​នេះ ព្រោះ​ពួក​លោក​មើល​ឃើញ​ថា លោក អះម៉ាត់ យ៉ះយ៉ា ជា​បង្គោល​ក្នុង​គ្រួសារ ប៉ុន្តែ​ពេល​នេះ គាត់​ត្រូវ​ជាប់ពន្ធនាគារ ធ្វើ​ឲ្យ​គ្រួសារ​លោក​ទាំង​មូល​ជួប​ការ​លំបាក៖ «ខ្ញុំ​មើល​ទៅ​ឃើញ​ថា គាត់ (អះម៉ាត់ យ៉ះយ៉ា) ជួប​ការ​លំបាក​ច្រើន​គាត់​អត់​មាន​ការងារ​យូរ​ហើយ​ដែរ គាត់​ជួយ​ទំនុកបម្រុង​លើ​រូប​ខ្ញុំ​កន្លង​មក​ច្រើន​ដែរ ក្នុង​ពេល​សិក្សា​កន្លង​មក គឺ​បាន​គាត់​ជួយ​តែ​ម្តង។ អ៊ីចឹង​ទេ អ្វី​ដែល​ចង់​តប​ស្នង​ទៅ​គាត់ គឺ​យើង​ប្រឹង»

លោក មីន ណាហ្វី អះអាង​ទៀត​ថា បើ​គ្មាន​លោក អះម៉ាត់ យ៉ះយ៉ា ទេ​នោះ លោក​ក៏​គ្មាន​លទ្ធភាព​រៀន​ចប់​រហូត​អាច​មាន​ការងារ​ល្អ​ធ្វើ​ដូច​ពេល​នេះ​ដែរ។ លោក​ចាត់​ទុក​លោក អះម៉ាត់ យ៉ះយ៉ា ជា​ឪពុក​ទី២ របស់​លោក។ តំណាង​និស្សិត​រូប​នេះ​មិន​ជឿ​ទេ​ថា លោក អះម៉ាត់ យ៉ះយ៉ា ដែល​ជួយ​ជ្រោមជ្រែង​និស្សិត​ជាង​មួយ​ពាន់​នាក់ ឱ្យ​បាន​រៀន​សូត្រ​ចូល​មហាវិទ្យាល័យ​នោះ គឺ​ជា​ឈ្មួញ​ជួញ​ដូរ​មនុស្ស ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ៖ «ជា​ការ​យល់​ដឹង​របស់​ខ្ញុំ បើ​សិន​គាត់​មាន​គំនិត​ចង់​ជួញដូរ​អី​យ៉ាង​ម៉េច មិន​មែន​គាត់​ជួយ​មនុស្ស​ច្រើន​អ៊ីចឹង​ទេ»

ក្រុម​អ្នក​គោរព​ស្រឡាញ់​លោក អះម៉ាត់ យ៉ះយ៉ា បាន​បង្កើត​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា អតីត​និស្សិត​មូស្លីម​កម្ពុជា ឬ​ជា​ភាសា​អង់គ្លេស Muslim Alumni of Cambodia ដើម្បី​ផ្សព្វផ្សាយ​ពី​មូលនិធិ​នេះ។ ក្រុម​និស្សិត​ចាម​ដែល​តែង​ហៅ លោក អះម៉ាត់ យ៉ះយ៉ា ថា ជា “អូង” ដែល​មានន័យ​ថា “តា” នោះ បាន​សរសេរ​រៀបរាប់​ក្នុង​ទំព័រ​ហ្វេសប៊ុក​ថា មូលនិធិ​នេះ​ ជា​អ្វី​ដែល​ពួក​គេ​ស្ម័គ្រ​ចិត្ត​ធ្វើ​ដើម្បី​អូង​ ទោះ​បី​ជា​គាត់​មិន​បាន​ប្រាប់​ពួក​គេ​ឲ្យ​ធ្វើ​ក៏​ដោយ។

ហ្វេសប៊ុក​ដដែល​រៀប​រាប់​ទៀត​ថា អូង ដែល​ធ្លាប់​បាន​ជួយ​ពួកគេ​ឱ្យ​មាន​កន្លែង​ស្នាក់​នៅ ​និង​ជំរុញ​ឲ្យ​ពួក​គេ​ប្រឹង​ប្រែង​រៀន​សូត្រ ​​ព្រម​ទាំង​​រំលឹក​ពួក​គេ ​ឲ្យ​យក​ចិត្ត​ទុកដាក់​លើ​ការ​អប់រំ​ សេដ្ឋកិច្ច​ និង​សាសនា​ និង​ចេញ​មុខ​ជួយ​ការពារ​វិហារ​ឥស្លាម​នៅ​បឹង​កក់​នោះ កំពុង​តែ​ជួប​នឹង​ទុក្ខ​លំបាក​ហើយ។

សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៣ សីហា បាន​ផ្ដន្ទាទោស​អតីត​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា និង​ក្មួយ​ប្រុស​របស់​លោក​ គឺ​លោក អ៊ីស្មាឯល ពិន អូស្មាន ដែល​ជា​បេក្ខជន​តំណាង​រាស្ត្រ​មិន​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ ១៥ឆ្នាំ និង​​ពិន័យ​ជា​ប្រាក់​រួម​គ្នា​ចំនួន ២០០លាន​រៀល​ ឬ​ប្រមាណ ៥ម៉ឺនដុល្លារ ទៅ​ឱ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី២ នាក់។ តុលាការ​កាត់​ទោស​ថ្នាក់​ដឹក​នាំ​ឥស្លាម​ទាំង​ពីរ​រូប​ដោយ​យោង​ច្បាប់​ប្រឆាំង​ការ​ជួញដូរ​មនុស្ស បន្ទាប់​ពី​អ្នក​ទាំងពីរ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​នាំ​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​អារ៉ាប់ប៊ី សាអូឌីត ដោយ​ខុស​ច្បាប់។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំ​អាត​ កត់​សម្គាល់​ថា ​ ក្នុង​ពេល​សវនាការ​សួរ​ដេញ​ដោល តុលាការ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​ដាក់​បន្ទុក​លើ​លោក អះម៉ាត់ យ៉ះយ៉ា និង​ក្មួយ​ប្រុស​នោះ​ឡើយ ហើយ​ដើម​បណ្ដឹង​មួយ​ចំនួន​ក៏​មិន​បាន​បង្ហាញ​ខ្លួន​ក្នុង​អង្គ​សវនាការ​នោះ​ដែរ។ លោក​បន្ត​ថា សំណុំ​រឿង​នេះ​នៅ​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ទៀត ក៏​ប៉ុន្តែ​តុលាការ​បែរ​ជា​ផ្ដន្ទាទោស​អ្នក​ទាំងពីរ ដែល ការ​សម្រេច​នេះ​ធ្វើ​ឲ្យ​បាត់​បង់​ប្រយោជន៍ និង​ភាព​យុត្តិធម៌​សម្រាប់​ជន​ជាប់​ចោទ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​អះអាង​ថា អង្គការ លីកាដូ នឹង​តាម​ដាន​សំណុំ​រឿង​នេះ​បន្ត​ទៀត ​នៅ​ពេល​មាន​ការ​ប្ដឹង​ទាស់​ទៅ​តុលាការ​ជាន់​ខ្ពស់៖ «យើង​កំពុង​ធ្វើ​ការ​តាម​ដាន​ទៅ​លើ​សាលា​ឧទ្ធរណ៍​ថា តើ​សាលា​ឧទ្ធរណ៍​គាត់​នឹង​សម្រេច​យ៉ាង​ណា

លោក អះម៉ាត់ យ៉ះយ៉ា បាន​ប្រាប់​អាស៊ី​សេរី​នៅ​មុន​ពេល​គេ​ចាប់​ខ្លួន​លោក​ថា សំណុំ​រឿង​ចាប់​ខ្លួន​ក្មួយ​ប្រុស​លោក និង​ការ​​ចោទ​ប្រកាន់​លោក ពី​បទ​ជួញដូរ​មនុស្ស​នេះ គឺ​ជា​ការ​ប្រឌិត​ឡើង ដោយ​ក្មួយ​ជីដូន​មួយ​របស់​លោក គឺ​លោក អូស្មាន់ ហាសាន់ ដែល​បច្ចុប្បន្ន​ជា​ទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស។ លោក​បញ្ជាក់​ថា លោក អូស្មាន់ ហាសាន់ ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ការចង់​ចាប់​ខ្លួន​លោក ដោយសារ​តែ​លោក និង​ពលរដ្ឋ​ជា​ច្រើន​ទៀត ធ្លាប់​មាន​ទំនាស់​ជាមួយ​លោក អូស្មាន ហាស្សាន់ រឿង​មិន​គាំទ្រ​ការ​ពុះ​ដី​វិហារ​បឹង​កក់ ដើម្បី​ធ្វើ​ផ្លូវ។ ទោះ​ជា​យ៉ាងណា លោក អូស្មាន់ ហាសាន់ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ និង​អះអាង​ថា លោក​មិន​ជាប់​ទាក់ទង​នឹង​សំណុំ​រឿង​នេះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល