រឿង​ថ្លៃ​បណ្ដា​ការ ១០ម៉ឺន​ដុល្លារ បណ្ដាល​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់​ផ្ដើម​ស្រាវជ្រាវ​ទ្រព្យ​សម្បត្តិ​ឧត្ដម​សេនីយ៍​ម្នាក់

ដោយ អាស៊ីសេរី
2019-02-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ស្រេង សុខា ស្នងការ​រង​នគរបាល​ខេត្ត​កណ្ដាល។
លោក ស្រេង សុខា ស្នងការ​រង​នគរបាល​ខេត្ត​កណ្ដាល។
រូបថត​ពី​ហ្វេសប៊ុក Sreng Sokha

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) បាន​ចាប់​ផ្ដើម​នីតិវិធី​ស៊ើប​អង្កេត​ទ្រព្យ​សម្បត្តិ​និង​បំណុល​របស់​ស្នងការ​រង​ខេត្ត​កណ្ដាល លោក ស្រេង សុខា ហើយ ខណៈ​គ្រោង​បិទ​បញ្ចប់​សំណុំ​រឿង​​ពុករលួយ​របស់​អតីត​មេ​បញ្ជា​ការ​កងរាជអាវុធហត្ថ​ខេត្ត​រតនៈ​គិរី​ លោក គឹម រស្មី។ សង្គម​ស៊ីវិល​ឃ្លាំ​មើល​អំពើ​ពុករលួយ​នៅ​កម្ពុជា ស្វាគមន៍​ចំណាត់​ការ​របស់​រដ្ឋាភិបាល ក្នុង​ការ​ស៊ើប​អង្កេត​មន្ត្រី​សង្ស័យ​ពាក់ព័ន្ធ​បទល្មើស​ពុក​រលួយ​ ដោយ​មិន​ចាំ​បាច់​មាន​ពាក្យ​បណ្ដឹង។

ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ អះអាង​ថា ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង បាន​រាយការណ៍​ថា កំពុង​ចាប់ផ្ដើម​ស្រាវជ្រាវ​ទ្រព្យ​សម្បត្តិ​ និង​បំណុល​របស់​ស្នងការ​រង​ខេត្ត​កណ្ដាល​ម្នាក់ គឺ លោក ស្រេង​ សុខា។ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា ជាប់​សង្ស័យ​ពាក់ព័ន្ធ​​បទ​ល្មើស​ពុក​រលួយ ដោយសារ​មូល​ហេតុ​អ្វី​ទេ។

ចំណាត់​ការ​របស់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នេះ ធ្វើ​ឡើង​ក្រោយ​មាន​ការ​​រិះគន់​ ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Face​book) ករណី​មន្ត្រី​​ឋានៈ​ឧត្ដម​សេនីយ៍​ត្រី ផ្កាយ​១​ លោក ស្រេង សុខា ​បាន​ជូន​ថ្លៃ​បណ្ដា​ការ ​១០​ម៉ឺន​ដុល្លារ និង​រថយន្ត​មួយ​គ្រឿង​ ទៅ​​ខាង​ស្រី​ក្នុង​ថ្ងៃ​ភ្ជាប់​ពាក្យ កាល​ពី​ពេល​ថ្មីៗ​នេះ។ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឆ្ងល់​ថា ​ប្រភព​ថវិកា​ទាំង​នោះ បាន​មក​ពី​ណា ព្រោះ​ឋានៈ​ឧត្ដម​មន្ត្រី​នេះ ទទួល​បាន​បៀវត្សរ៍​ពី​រាជការ​ប្រមាណ​​ខ្ទង់​២លាន​រៀល​​ប៉ុណ្ណោះ ក្នុង​មួយ​ខែ។

អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង បាន​ទេ នៅ​ថ្ងៃ​ទី២៨ កុម្ភៈ ដោយសារ ​ប្រព័ន្ធ​ទូរស័ព្ទ​ស្ដាប់​មិន​លឺ និង​ មិន​ទទួល​ទូរស័ព្ទ។ ចំណែក​ស្នង​ការ​រង​ខេត្ត​កណ្ដាល លោក ស្រេង ​សុខា ប្រាប់​អាស៊ី​សេរី​ ថា លោក​បាន​ទទួល​ដំណឹង​ពី​ការ​ កោះហៅ​ឲ្យ​ទៅ​បំភ្លឺ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រួច​រាល់​ហើយ គឺ​នឹង​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី៤ ខែ​មីនា វេលា​ម៉ោង ៨ព្រឹក។

ចំណែក​សំណុំ​រឿង​អតីត​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​រតនគិរី លោក គឹម រស្មី អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បញ្ជាក់​ថា ជិត​បញ្ចប់​ការ​ស៊ើប​អង្កេត​ហើយ ព្រោះ​ការ​ស៊ើប​អង្កេត​ទ្រព្យ​សម្បត្តិ​ និង​បំណុល​របស់​​ ភរិយា​ និង​កូន​ទាំង​បី​នាក់ ​របស់​ លោក គឹម រស្មី បាន​បិទ​បញ្ចប់​នីតិវិធី​ហើយ។ អង្គ​ភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​បើក​ការ​ស៊ើប​អង្កេត​ លោក គឹម រស្មី ដោយសារ​លោក​ប្រកាស​ថា ចែក​លុយ​ឲ្យ​កូន​ប្រុស​ស្រី ៥នាក់ ក្នុង​ម្នាក់ ១០ម៉ឺន​ដុល្លារ​ស្មើ​គ្នា។

ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើ​ពុករលួយ មាត្រា​ ៣៦ ចែង​ក្នុង​ន័យ​ថា កំណើន​ទ្រព្យ​សម្បត្តិ​ របស់​បុគ្គល​ណា​​ម្នាក់ ​ដែល​បុគ្គល​នោះ​មិន​អាច​ផ្ដល់​ការ​ ពន្យល់​សមហេតុសមផល​ នូវ​ការ​កើន​ឡើង​នៃ​ទ្រព្យ​សម្បត្តិ​នេះ​ ដោយ​ប្រៀបធៀប​ទៅ​នឹង​ចំណូល​ស្រប​ច្បាប់​របស់​ខ្លួន គឺ​ជា​ការ​មាន​ទ្រព្យ​សម្បត្តិ​​ដោយ​ខុស​ច្បាប់។ ប្រសិន​បើ​ទ្រព្យ​សម្បត្តិ​ខុស​ច្បាប់​​ មាន​ការ​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ពុក​រលួយ​ណា​មួយ​ដូច​មាន​ចែង​ក្នុង​ច្បាប់​នេះ​ ម្ចាស់​ទ្រព្យ​សម្បត្តិ​ត្រូវ​ទទួល​ទោស​ ដែល​មាន​ចែង​​នៅ​ក្នុង​ច្បាប់​នេះ។ ច្បាប់​ស្ដី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ ចែង​ថា ត្រូវ​ដាក់​ពន្ធនាគារ ពី​ ៧ (ប្រាំពីរ) ​ថ្ងៃ​ ដល់ ៥ (ប្រាំ) ឆ្នាំ ចំពោះ​បទ​ល្មើស​ពុក​រលួយ​តូចតាច ឯ​បទ​ល្មើស​ធំៗ មួយ​ចំនួន ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ពុក​រលួយ ​ដូចជា​បទ​ស៊ីសំណូក​នៃ​និយោជិក បទ​រំលោភ​អំណាច បទ​ល្មើស​សំអាត​ប្រាក់​ជា​ដើម ត្រូវ​ទទួល​ទោស​តាម​ក្រម​ព្រហ្មទណ្ឌ ហើយ​តុលាការ​មាន​សិទ្ធិ​រឹប​អូស​ទ្រព្យ​សម្បត្តិ​ ដែល​បាន​មក​ពី​អំពើ​ពុក​រលួយ ទុក​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ។

ប្រធាន​អង្គការ​គណៈ​កម្មការ​កម្ពុជា​ឯករាជ្យ​​ប្រឆាំង​អំពើ​ពុករលួយ ​អ្នកស្រី ម៉ម ស៊ីថា ស្វាគមន៍​ចំណាត់​ការ​ស៊ើប​អង្កេត​លើ​​បទល្មើស​ពុក​រលួយ ដោយ​មិន​ចាំ​បាច់​ពាក្យ​បណ្ដឹង។ សង្គម​ស៊ីវិល​រូប​នេះ យល់​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ គួរ​តែ​​​ដឹង​ថា មាន​បទ​ល្មើស​ពុក​រលួយ​ច្រើន​ទៀត តាម​រយៈ​សារព័ត៌មាន និង​បណ្ដាញ​សង្គម មិន​មែន​ត្រឹម​ករណី​ស្នង​ការ​រង​ខេត្ត​កណ្ដាល លោក ស្រេង សុខា ទេ។ ដូច្នេះ​ គួរ​ពង្រីក​ការ​ស៊ើប​អង្កេត​ករណី​ផ្សេង​ទៀត ដោយ​មិន​ចាំ​បាច់​ពាក្យ​បណ្ដឹង​ ដូច​ករណី​លោក ស្រេង សុខា និង​ករណី​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​រតនៈ​គិរី លោក គឹម រស្មី៖ «»

អង្គការ​តម្លាភាព​អន្តរជាតិ មាន​មូលដ្ឋាន នៅ​ទីក្រុង​ប៊ែរឡាំង (Berlin) ប្រទេស​អាល្លឺម៉ង់(Germany) ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៩ មករា​ថា នៅ​ឆ្នាំ២០១៨ ប្រទេស​កម្ពុជា មាន​អំពើ​ពុក​រលួយ​​ កម្រិត​ខ្ពស់​ ទី១៦១ ក្នុង​ចំណោម ១៨០ប្រទេស។ ចំណាត់​ថ្នាក់​នេះ បង្ហាញ​ថា កម្ពុជា​មាន​អំពើ​ពុក​រលួយ​ខ្ពស់ ដូច​ឆ្នាំ២០១៧ ដែរ។

ប៉ុន្តែ​ដូច​សព្វ​ដង អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៃ​របប​ក្រុង​ភ្នំពេញ បដិសេធ​របាយការណ៍​នេះ និង​ចោទ​​របាយការណ៍​អង្គការ​អន្តរជាតិ ថា​​​មាន​ចេតនា​នយោបាយ ខណៈ​សង្គម​ស៊ីវិល​ឃ្លាំ​មើល​អំពើ​ពុក​រលួយ​នៅ​កម្ពុជា អះអាង​ថា អំពើ​ពុក​រលួយ​ នៅ​តែ​មាន​កម្រិត​ខ្ពស់ និង​ធ្វើ​ឲ្យ​ខាត​បង់​ថវិកា​ជាតិ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់៕
កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល