តុលាការ​ចោទ​ប្រកាន់​អតីត​អគ្គ​កុងស៊ុល​ខ្មែរ​នៅ​ចិន​មួយ​រូប​ករណី​ពុករលួយ

ដោយ ទីន ហ្សាការីយ៉ា
2019-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាលាដំបូង​រាជធានី​ភ្នំពេញ។ រូប​ថត​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៦។
សាលាដំបូង​រាជធានី​ភ្នំពេញ។ រូប​ថត​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៦។
RFA

តុលាការ​សម្រេច​ឃុំខ្លួន​អតីត​អគ្គ​កុងស៊ុល​កម្ពុជា លោក គ្រុយ លឹមហេ ប្រចាំ​នៅ​ទីក្រុង​គុនមិញ (Kun Ming) ខែត្រ​យួណាន (Yunan) ប្រទេស​ចិន ជា​ផ្លូវការ ករណី​ពុករលួយ។

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់ លោក គ្រុយ លឹមហេង ជាច្រើន​ករណី ដូចជា​បទ បំផ្លាញ​ដោយ​ចេតនា និង​គៃ​បំបាត់​ដោយ​ទុច្ចរិត បទ​រំលោភ​អំណាច និង​វិតិក្រម ប្រព្រឹត្ត​កាលពី​អំឡុង​ឆ្នាំ​២០១៦ ដល់​ខែ​មិថុនា ឆ្នាំ​២០១៨ នៅ​ក្នុង​ករណី​ធ្វើ​ឱ្យ​បាត់​សន្លឹក​ទិដ្ឋាការ​ស្អិត​ចំនួន​១៦០០​សន្លឹក ការ​ក្លែងបន្លំ​សន្លឹក​ទិដ្ឋាការ​ស្អិត​ចំនួន ៥០០​សន្លឹក និង​ភាព​មិន​ប្រក្រតី​នៃ​ការប្រើប្រាស់​ថវិកា​ចំណាយ​ចំណូល​របស់​ស្ថាន​អគ្គ​កុងស៊ុល និង​ករណី មិន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ប្រព្រឹត្ត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ​២០១៥ ដល់​២០១៩។

អាស៊ីសេរី​មិន​អាច​ទាក់ទង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គុជ គឹមឡុង ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បន្ថែម​បាន​ទេ កាលពី​រាត្រី​ថ្ងៃ​ទី​២៩ ធ្នូ។

លោក គ្រុយ លឹមហេង អាយុ ៤៥​ឆ្នាំ គឺ​ជា​អគ្គាធិការ​រង​នៃ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​អតីត​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ទីក្រុង​គុន​មិញ ខេត្ត​យូណាន ប្រទេស​ចិន។ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ឃាត់ខ្លួន​លោក​កាលពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ពី​បទ​” សង្ស័យ​ប្រព្រឹត្តិ​អំពើពុករលួយ​ក្នុងអំឡុងពេល​លោក​បំពេញ​តួនាទី​ជា​អគ្គ​កុងស៊ុល​នៅ​ប្រទេស​ចិន “ ហើយ​បញ្ជូន​ទៅ​តុលាការ ពី​ព្រឹក​ថ្ងៃ​ទី​២៩​ធ្នូ ដើម្បី​សួរនាំ​បន្ត និង​ចោទ​ប្រកាន់​ជា​ផ្លូវការ។

អាស៊ីសេរី ក៏​មិន​អាច​ទាក់ទង ក្រុម​គ្រួសារ គ្រុយ លឹមហេង ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​នឹង​ការចោទប្រកាន់ លោក​ពី​បទ​ប្រព្រឹត្តិ​អំពើពុករលួយ​នេះ បាន​នៅ​ឡើយ​ទេ នៅ​រាត្រី​ថ្ងៃ​ទី​២៩ ធ្នូ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល