យុវជន​ម្នាក់​នៅ​ស្វាយរៀង​ត្រូវ​បាន​ឃុំ​ខ្លួន​ករណីបង្ហោះ​រិះគន់​លោក ហ៊ុន សែន និង​ព្រះមហាក្សត្រ

ដោយ វ៉ែន សុមេធ
2019-05-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច ព្រះនរោត្ដម សីហមុនី (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។
ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច ព្រះនរោត្ដម សីហមុនី (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។
RFA

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ស្វាយរៀង បង្គាប់​ឱ្យ​ឃុំខ្លួន​យុវជន​ម្នាក់ ពី​បទ​បង្ហោះ​សារ ញុះញង់ និង​ប្រមាថ​ព្រះមហាក្សត្រ លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។ អ្នកធ្វើការ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​សិទ្ធិមនុស្ស ស្នើ​ឱ្យ​មានការ​ស៊ើបអង្កេត​ឱ្យ​ច្បាស់ និង​អនុវត្ត​ច្បាប់​ជេរ ប្រមាថ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឱ្យ​បាន​ស្នើ​គ្នា។

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ស្វាយរៀង លោក សុវណ្ណ ច័ន្ទន៍គ្រឹះស្នា បាន​ចោទ​ប្រកាន់​ថា យុវជន ឈ្មោះ គឹម បញ្ញា ៤​បទល្មើស គឺ​បរិហារកេរ្តិ៍​ជា​សាធារណៈ ជេរប្រមាថ​ជា​សាធារណៈ ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ប្រមាថ​ព្រះមហាក្សត្រ។ ការសម្រេច​ចោទប្រកាន់​នេះ ធ្វើឡើង កាលពី​ថ្ងៃ​ទី​២៣ ឧសភា និង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៤ ឧសភា។

ក្រោយ​ការសម្រេច​ចោទ​ប្រកាន់ ចៅក្រម​ស៊ើបសួរ​បាន​បង្គាប់​ឱ្យ​ប្រធាន​ពន្ធនាគារ​ខេត្ត​ស្វាយរៀង​ឃុំ​ខ្លួន​ជនសង្ស័យ កាលពី​រសៀល​ថ្ងៃ​ទី២៣ ឧសភា។

ប្រព័ន្ធ​ឃោសនា​ស្និទ្ធ​របប​ក្រុងភ្នំពេញ (Freshnews) ចុះផ្សាយ​ថា មាន​នគរបាល​ខេត្ត​ស្វាយរៀង ប្រាប់​ថា ការ​ឃាត់ខ្លួន​យុវជន គឹម បញ្ញា គឺ​បន្ទាប់ពី​យុវជន​រូប​នេះ បាន​បង្ហោះ​សារ​ជេរប្រមាថ លោក ហ៊ុន សែន មេដឹកនាំ​របប​ក្រុងភ្នំពេញ ថ្នាក់ដឹកនាំ​នៃ​គណបក្ស​កាន់អំណាច និង​មាន​សារ​ខ្លះ ប្រមាថ​ព្រះមហាក្សត្រ។

សមត្ថកិច្ច និង​សាលាដំបូង​ខេត្ត​ស្វាយរៀង​មិន​បាន​បញ្ចេញ​ខ្លឹមសារ គណនី​ហ្វេសប៊ុក លោក គឹម បញ្ញា បង្ហោះ​សារ​សរសេរ បែប​ណា ទើប​ត្រូវ​រក​ការ​ចោទ​៤​បទល្មើស​ផ្ទួន​គ្នា​បែបនេះ​ទេ។ ចំណែក​គណនី​ហ្វេសប៊ុក​នោះ​ទៀតសោត ក៏​រក​មិន​ឃើញ​ក្នុង​គេហទំព័រ​ហ្វេសប៊ុក​ដែរ។

អាស៊ីសេរី​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ស្វាយរៀង លោក ផាន់ រតនា នៅ​ថ្ងៃ​ទី​២៤ ឧសភា ដោយសារ​មិន​ទទួល​ទូរស័ព្ទ។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន ថា អង្គការ​លីកាដូ ក៏​កំពុង​រកមើល​គណនី​ហ្វេសប៊ុក របស់ លោក គឹម បញ្ញា ដែរ តែ​រក​មិន​ឃើញ។ តំណាង​សង្គម​ស៊ីវិល​នៅ​ខេត្ត​នេះ អះអាង​ថា ពលរដ្ឋ​ជាច្រើន រស់នៅ​តាម​ភូមិ និង​សហគមន៍​នានា ក្នុង​ខេត្ត​ស្វាយរៀង មិនទាន់​ចេះ​ប្រើប្រាស់​បណ្ដាញ​សង្គម​ច្បាស់​ទេ ហើយ​ពួកគេ​ខ្លះ​មិន​ដឹង​ថា ការ​បង្ហោះ​សារ ឬ​ចែករំលែក​សារ​តាម​ហ្វេសប៊ុក​មានទោស​ឡើយ។ លោក​ចង់​ឱ្យ​អាជ្ញាធរ ចុះទៅ​បង្រៀន របៀប​ប្រើប្រាស់​ហ្វេសប៊ុក ដល់​ពលរដ្ឋ​ជាជាង​ការ​ចាប់ខ្លួន​ពលរដ្ឋ៖ «យើង​ឃើញ​ថា ការ​ប្រើ​របស់​ពួកគាត់ ពេលខ្លះ ពួក​អ្នក​ដែល​ប្រើ​ហ្នឹង គាត់​អត់​យល់ គាត់​អត់​បាន​ដឹង​ពី​អា​ច្បាប់​ថ្មីៗ ប្រកាស​ថ្មីៗ ដែល​គេ​ចេញ​មក​។ ពួកគាត់​ចេះតែ​ចេញ​សារ​មក​តាម​អ្វី ដែល​គាត់​គិត​ថា គាត់​ស្អប់​អ្នកនេះ គាត់​គិត​អ៊ីចឹង​ទៅ គាត់​ធ្វើ​ទៅ​ណា​។ គាត់​អត់​បាន​មើល​អា​ពាក្យ​ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់ ឬក៏​ប្រកាស​ផ្សេងៗ ដែល​គេ​បិទ​ហាម​អស់ហ្នឹង ហើយ​គាត់​រងគ្រោះ​ដោយ​អំពើ​អស់ហ្នឹង»

ក្រោយពេល​របប​ក្រុងភ្នំពេញ ជម្នះ​បង្កើត​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​ក្រោម​ស្ថានភាព​រិះគន់​មក យ៉ាងហោចណាស់ មាន​មនុស្ស​ចំនួន​៤​នាក់​ហើយ ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស ដាក់​ពន្ធនាគារ ដោយសារ​រិះគន់ លោក ហ៊ុន សែន ហើយ​មានការ​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ។ អ្នក​ដែល​ត្រូវ​តុលាការ​ចោទប្រកាន់​បទ​នេះ ដំបូង​គឺ ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​ជីក្រែង ខេត្ត​សៀមរាប លោក បាន សម្ភីរ បន្ទាប់​មក គឺ​នាយក​សាលាបឋមសិក្សា​មួយ នៅ​ខេត្ត​កំពង់ធំ លោក ឃាង ណាវី ក្រោយមក​គឺ យុវជន ឈ្មោះ អៀង ជលសារ ត្រូវ​បាន​ចាប់ខ្លួន​នៅ​រាជធានី​ភ្នំពេញ។

នាយក​ផ្នែក​ផ្សព្វផ្សាយ នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ណុប វី មិន​គាំទ្រ​ការ​បញ្ចេញមតិ​ប៉ះពាល់​ដល់​សេចក្ដីថ្លៃថ្នូរ​របស់​អ្នកដទៃ​ទេ។ ប៉ុន្តែ លោក​សង្កេត​ឃើញ​ថា ការ​បង្កើត​ច្បាប់​ខ្លះ បាន​រឹតត្បិត​សេរីភាព បញ្ចេញមតិ​ធ្ងន់ធ្ងរ​ពេក ទើប​បណ្ដាល​ឱ្យ​ពលរដ្ឋ ដែល​មិន​មាន​និន្នាការ​គាំទ្រ​គណបក្ស​កាន់អំណាច ត្រូវ​ជាប់ពន្ធនាគារ​ជា​បន្តបន្ទាប់​។ លោក​សង្កេត​ឃើញ​ថា អ្នក​ដែល​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រិះគន់ ជេរប្រមាថ មិនមែន​មានតែ​ក្រុម​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ទេ គឺ​ក្រុម​អ្នកគាំទ្រ​គណបក្ស​កាន់អំណាច​ខ្លះ ក៏បាន​ប្រើ​ហ្វេសប៊ុក​រិះគន់ ជេរប្រមាថ​ដៃគូ​នយោបាយ​ដែរ តែ​មិនដែល​ឃើញ​រក​ការ​ចាប់ខ្លួន​ទេ​។ លោក​ថា នេះ​ជា​ការ​អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ រវាង​អ្នក​រិះគន់​បក្ស​កាន់អំណាច និង​អ្នក​រិះគន់ ដៃគូ​ប្រជែង​របស់​បក្ស​កាន់អំណាច៖ «ភាគច្រើន គឺ​សកម្មជន​របស់​គណបក្ស​នយោបាយ​ប្រឆាំង យើង​ឃើញ គាត់​ហ៊ាន​បញ្ចេញមតិ​ច្រើនជាង​អ្នក​ដែល​ទំនោរ​គាំទ្រ​រដ្ឋាភិបាល​។ ដូច្នេះ បើ​សិន​យើង​មាន វិធានការ​ដូច្នេះ អាច​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់ ហើយ​វា​អាច​នឹង​ធ្វើ​ឱ្យ​សេរីភាព​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​កាន់តែ​តូច​ទៅៗ ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​តម្លាភាព នៃ​ការអភិវឌ្ឍន៍​ប្រទេសជាតិ​របស់​យើង»

ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្ត​ស្វាយរៀង លោក សុវណ្ណ ច័ន្ទន៍គ្រឹះស្នា បង្គាប់​ថា ជន​ត្រូវ​ចោទ លោក គឹម បញ្ញា អាច​នឹង​ត្រូវ​ឃុំខ្លួន​បណ្ដោះអាសន្ន យូរ​ជាង​ការកំណត់ ប្រសិនបើ​មាន​ដីកា​បង្គាប់​ឱ្យ​ពន្យារពេល​ឃុំឃាំង ឬ​ដីកា​បង្គាប់​ឱ្យ​រក្សា​ជន​ត្រូវ​ចោទ បន្ត​ឃុំ​រង់ចាំ​ជំនុំជម្រះ។

បើ​ទោះ របប​ក្រុងភ្នំពេញ អះអាង​ថា ការ​បង្កើត​ច្បាប់​ដាក់ទោស​ទណ្ឌ អ្នក​ប្រមាថ​ព្រះមហាក្សត្រ ដើម្បី​លើកកម្ពស់​កិត្យានុភាព​ព្រះមហាក្សត្រ និង​ប្ដេជ្ញា​ដាក់ទោស​អ្នក​ហ៊ាន​ប្រមាថ​ព្រះមហាក្សត្រ​ប៉ុន្តែ​នៅ​ន​ទាន់​មាន​មន្ត្រី​របប​ក្រុងភ្នំពេញ​ណា​ម្នាក់ ហ៊ាន​ចេញមុខ​ទាមទារ​ឱ្យ លោក ហ៊ុន សែន ទទួលទោស ចំពោះ​ការ​ជេរប្រមាថ ព្រះបិតា ព្រះមាតា ព្រះមហាក្សត្រ នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល