ស្ត្រី​វៀតណាម​ម្នាក់​ត្រូវ​តុលាការ​​សម្រេច​ដាក់​ទោស​ ៣០​ឆ្នាំ​ ពី​បទ​ជួញដូរ​គ្រឿងញៀន​ជិត​ ២​គីឡូ

ដោយ អាស៊ីសេរី
2019-04-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាលាដំបូង​រាជធានី​ភ្នំពេញ។ រូប​ថត​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៦។
សាលាដំបូង​រាជធានី​ភ្នំពេញ។ រូប​ថត​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៦។
RFA

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក ឃុន សូណា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៥ មេសា បានសម្រេច​ផ្ដន្ទាទោស​ស្ត្រី​ជនជាតិ​វៀតណាម​សញ្ជាតិ​អូស្ត្រាលី​ម្នាក់ ឈ្មោះ ត្រាញ់ វ៉េធី (Tran VeThy) ឱ្យ​ជាប់ពន្ធនាគារ ៣០ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៨០លាន​​រៀល ដោយសារ​រក​ឃើញ​ថា បាន​ប្រព្រឹត្តិ​បទល្មើស​ជួញដូរ​គ្រឿងញៀន ទម្ងន់​ជិត ២​គីឡូក្រាម (.៧៥៥​ក្រាម​) ដែល​បម្រុង​ដឹក​ពី​កម្ពុជា ទៅ​ប្រទេស​អូស្ត្រាលី តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (ពោធិចិនតុង)

យោង​តាមកាសែត​ភ្នំពេញប៉ុស្តិ៍​ (Phnom Penh Post) សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​ករណី​ជួញដូរ​គ្រឿងញៀន​នេះ កាលពី​ថ្ងៃទី៩ មេសា បន្ទាប់ពី​សមត្ថកិច្ច​អន្តោប្រវេសន៍​ប្រចាំ​នៅ​ព្រះលាន​​យន្តហោះ​ពោធិចិនតុង បាន​រក​ឃើញ​គ្រឿងញៀន​ប្រភេទ​ហេរ៉ូអ៊ីន នៅ​ក្នុង​កាបូប​ដាក់​ខោអាវ​របស់​ស្ត្រី​ជនជាតិ​វៀតណាម​សញ្ជាតិ​អូស្ត្រាលី​រូប​នេះ កាលពី​ថ្ងៃ​ទី​៦ មករា។

ស្ត្រី​ជន​ត្រូវ​ចោទ​បាន​សារភាព​ថា គ្រឿងញៀន ដែល​សមត្ថកិច្ច​ចាប់​បាន​នោះ គឺ​បុរស​ជនជាតិ​វៀតណាម ២​នាក់ នៅ​រាជធានី​ភ្នំពេញ បាន​រៀបចំ​ឱ្យ​នា​ង​យក​ទៅ​ឱ្យ​ឈ្មោះ ចាង ដែល​រង់ចាំ​ទទួល​នៅ​ប្រទេស​អូស្ត្រាលី។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ បានទេ នៅ​ថ្ងៃ​ទី​២៦ មេសា ដោយសារ​មិន​ទទួល​ទូរស័ព្ទ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល