សង្គម​ស៊ីវិល​ព្រមាន​ថា​នឹង​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​បើ​មិន​មាន​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង

ដោយ យ៉ង ចាន់តារា
2015-12-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង (ឆ្វេង) ក្នុង​កិច្ច​ពិភាក្សា​ដើម្បី​ស្វែង​យល់ និង​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​នៃ​គ្រឿង​ស្រវឹង នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៥។
ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង (ឆ្វេង) ក្នុង​កិច្ច​ពិភាក្សា​ដើម្បី​ស្វែង​យល់ និង​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​នៃ​គ្រឿង​ស្រវឹង នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Yang Chandara

ក្រុម​យុវជន ព្រះសង្ឃ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ព្រម​ទាំង​សមាជិក​សភា​សរុប​ជាង ១០០​អង្គ និង​នាក់ ជួប​ជុំ​គ្នា​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ធ្នូ ដើម្បី​ស្វែង​យល់ និង​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​នៃ​គ្រឿង​ស្រវឹង។

ពួក​គេ​យល់​ឃើញ​ដូច​គ្នា​ថា គ្រឿង​ស្រវឹង​កំពុង​បំពុល និង​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍ​សង្គម តាម​រយៈ​ឥទ្ធិពល​អវិជ្ជមាន​របស់​វា ដែល​ប្រការ​នេះ​ទាមទារ​ឲ្យ​ភាគី​ពាក់ព័ន្ធ ពិសេស​រដ្ឋាភិបាល យក​ចិត្ត​ទុក​ដាក់​បន្ថែម​លើ​ការ​បង្កើត​ច្បាប់​ដើម្បី​គ្រប់គ្រង។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង លើក​ឡើង​ថា ផល​វិបាក​ធ្ងន់ធ្ងរ​នឹង​កើត​ឡើង​ចំពោះ​អ្នក​នយោបាយ ព្រម​ទាំង​ប្រជាពលរដ្ឋ​កម្ពុជា ទូទៅ បើ​សិន​ជា​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ផលិតផល​គ្រឿង​ស្រវឹង មិន​ត្រូវ​បាន​រដ្ឋាភិបាល​ពន្លឿន​ការ​ប្រជុំ​ត្រួត​ពិនិត្យ និង​បញ្ជូន​ទៅ​រដ្ឋសភា​ដើម្បី​អនុម័ត​ទេ​នោះ៖ «អ្នក​នយោបាយ​ត្រូវ​តែ​ពិចារណា​ដែរ​ថា ប្រជាពលរដ្ឋ​គេ​ត្រូវ​ការ។ ចុះ​បើ​គាត់​អត់​ឲ្យ បើ​គាត់​ប្រឆាំង បើ​គាត់​នៅ​តែ​មិន​ចាត់​ទុក​បញ្ហា​នេះ​ជា​អាទិភាព​ទៀត តើ​ប្រជាពលរដ្ឋ​គេ​នៅ​តែ​បោះ​ឆ្នោត​ឲ្យ​ពួក​គាត់​ទៀត​ឬ? នេះ​ជា​សំណួរ​ដែល​អ្នក​នយោបាយ​ត្រូវ​ឆ្លើយ​ខ្លួន​ឯង»

ការ​សម្ដែង​ពី​ក្ដី​ព្រួយ​បារម្ភ​របស់​ប្រធាន​អង្គការ​រូប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ផលិតផល​គ្រឿង​ស្រវឹង ហាក់​នៅ​ទ្រឹង​ស្ងៀម មិន​ឃើញ​រដ្ឋាភិបាល​ធ្វើ​ការ​ប្រជុំ​ត្រួត​ពិនិត្យ ខណៈ​ដែល​គ្រឿង​ស្រវឹង ត្រូវ​បាន​រក​ឃើញ​ថា ជា​មូលហេតុ​នៃ​បញ្ហា​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា។

របាយការណ៍​ស្រាវជ្រាវ​ថ្នាក់​ជាតិ​របស់​សម្ព័ន្ធ​យុវជន​ដើម្បី​ឯកភាព និង​ការ​អភិវឌ្ឍ​ឆ្នាំ​២០១៥ បង្ហាញ​ថា គ្រឿង​ស្រវឹង និង​គ្រឿង​ញៀន គឺ​ជា​បញ្ហា​ដ៏​ធំ​របស់​យុវជន ហើយ​ពួក​គេ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​នេះ។ ចំណែក​ឯ​មូលនិធិ​អាស៊ី​វិញ រក​ឃើញ​ថា គ្រឿង​ស្រវឹង គឺ​ជា​កត្តា​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​អំពើ​ហិង្សា​ប្ដី​ប្រពន្ធ ឬ​ដៃគូ​ស្និទ្ធស្នាល ហើយ​ស្រដៀង​គ្នា​នេះ អង្គការ​សុខភាព​ពិភពលោក (WHO) ចាត់​ទុក​គ្រឿង​ស្រវឹង​ជា​ទំនិញ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព និង​សង្គម។

ដោយឡែក​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ចេញ​ផ្សាយ​កាល​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ នេះ​វិញ ក៏​បង្ហាញ​ដែរ​ថា ក្នុង​ចំណោម​គ្រោះថ្នាក់​ចរាចរណ៍​ជិត ៥​ពាន់​ករណី (៤.៥៩៥​ករណី) មាន ១១​ភាគរយ បង្ក​ឡើង​ដោយ​អ្នក​បើកបរ​ស្រវឹង។

ដោយ​មើល​ឃើញ​ពី​ផល​អវិជ្ជមាន​ដ៏​ច្រើន យុវជន​មួយ​ចំនួន​សំណូមពរ​យ៉ាង​ទទូច​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បង្កើត​យន្តការ​ផ្សេងៗ ពិសេស​គឺ​បង្កើត​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ផលិតផល​គ្រឿង​ស្រវឹង ដើម្បី​ដោះស្រាយ​បញ្ហា​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ៖ «មិន​ចង់​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​នៅ​តាម​ទូរទស្សន៍​អ៊ីចឹង​ទេ ព្រោះ​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​នៅ​តាម​កញ្ចក់​ទូរទស្សន៍ គឺ​វា​ជះ​ឥទ្ធិពល​ខ្លាំង​មែន​ទែន។ ចង់​ឲ្យ​រដ្ឋាភិបាល​រឹត​បន្តឹង​ទៅ​លើ​ក្រុមហ៊ុន​ផលិត​គ្រឿង​ស្រវឹង ទាក់ទង​នឹង​ការ​ផ្សព្វផ្សាយ យើង​មិន​អាច​ផ្សព្វផ្សាយ។ កន្លង​មក ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​មាន​ភាព​ទូលំទូលាយ​មែន​នៅ​គ្រប់​កម្មវិធី​ទូរទស្សន៍​ទាំងអស់។ កុំ​ឲ្យ​នាំ​ចូល​កាន់​តែ​ច្រើន ជាពិសេស​ការ​ផ្សព្វផ្សាយ​នេះ​តែ​ម្តង។ ទាំង​វិទ្យុ ទាំង​ទូរទស្សន៍ គឺ​មាន​គ្រប់​បែប​យ៉ាង​ទាំងអស់ ដែល​ពាក់ព័ន្ធ​នឹង​គ្រឿង​ស្រវឹង»

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៨ ធ្នូ។

សមាជិក​ព្រឹទ្ធសភា និង​ជា​លេខាធិការ​គណៈកម្មការ​ទី​៨ នៃ​ព្រឹទ្ធសភា មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក អាំ សំអាត បញ្ជាក់​ថា ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ផលិតផល​គ្រឿង​ស្រវឹង​នេះ មាន​សារសំខាន់​សម្រាប់​សង្គម​កម្ពុជា ហើយ​ក្នុង​នាម​លោក​ជា​សមាជិក​ព្រឹទ្ធសភា​មួយ​រូប ក៏​ចង់​ឲ្យ​ច្បាប់​នេះ​ចេញ​ឲ្យ​បាន​ឆាប់​ដែរ៖ «ចំពោះ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ផលិតផល​គ្រឿង​ស្រវឹង ខ្ញុំ​យល់​ថា​ជា​ការ​ចាំបាច់​ក្នុង​ពេល​នេះ។ ចាប់​ពី​ពេល​នេះ​ទៅ ពិត​មែន​ថា​សង្គម​យើង​រីក​ចម្រើន ក៏ប៉ុន្តែ​ច្បាប់​នេះ​ក៏​ចាំបាច់​ត្រូវ​មាន​ដែរ»

សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង មាន ១១​ជំពូក និង ៣៩​មាត្រា មាន​គោល​បំណង​ការពារ​សុខភាព​សាធារណៈ បរិស្ថាន និង​កាត់​បន្ថយ​ផល​ប៉ះពាល់​ទៅ​លើ​សេដ្ឋកិច្ច និង​សង្គម។ បន្ថែម​ពី​លើ​នេះ ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ផលិតផល​គ្រឿង​ស្រវឹង ក៏​មាន​គោល​បំណង​ចាត់​វិធានការ​ក្នុង​ការ​គ្រប់គ្រង និង​ត្រួត​ពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង លើក​កម្ពស់​ការ​យល់​ដឹង និង​ការ​ចូលរួម​របស់​សាធារណជន​អំពី​គ្រោះថ្នាក់ នៃ​ការ​ប្រើប្រាស់​ផលិតផល​គ្រឿង​ស្រវឹង ព្រម​ទាំង​ហាម​មិន​ឲ្យ​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​យុវជន​អាយុ​ក្រោម ២១​ឆ្នាំ ទិញ​ស្រា​ផឹក​នោះ​ឡើយ។

អង្គការ​សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​ដែល​ធ្វើ​ការ​ទាក់ទង​នឹង​ការ​បង្កើត​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​គ្រឿង​ស្រវឹង អះអាង​ថា បើ​សិន​ជា​មាន​ច្បាប់​នេះ​មែន កម្ពុជា នឹង​អាច​កាត់​បន្ថយ​ហានិភ័យ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿង​ស្រវឹង ដូចជា អំពើ​ហិង្សា និង​គ្រោះថ្នាក់​ចរាចរណ៍ ជាដើម។ លើស​ពី​នេះ ច្បាប់​នេះ​នឹង​ក្លាយ​ជា​យន្តការ​ដ៏​សំខាន់​មួយ​ក្នុង​ការ​លើក​កម្ពស់​សុខភាព​សាធារណៈ សុខុមាលភាព​សង្គម សីលធម៌​សង្គម ព្រម​ទាំង​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ពលរដ្ឋ និង​បង្កើត​ភាព​ជា​ដៃគូ​ពិត​ប្រាកដ​រវាង​បុរស និង​ស្ត្រី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល