លោក ជូង ជូងី មេធាវី​ដែល​កម្រ​ឈ្នះ​ក្ដី

ដោយ សុ ជីវី
2017-07-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មេធាវី​ការពារ​ក្ដី​ឲ្យ​លោក គឹម សុខ គឺ​លោក ជូង ជូងី ថ្លែងក្រោយ​ពី​សាលាឧទ្ធរណ៍​ចេញ​សាលដីកា​បដិសេធ នៅ​ថ្ងៃ​ទី២២ ខែ​មីនា ឆ្នាំ​២០១៧។
មេធាវី​ការពារ​ក្ដី​ឲ្យ​លោក គឹម សុខ គឺ​លោក ជូង ជូងី ថ្លែងក្រោយ​ពី​សាលាឧទ្ធរណ៍​ចេញ​សាលដីកា​បដិសេធ នៅ​ថ្ងៃ​ទី២២ ខែ​មីនា ឆ្នាំ​២០១៧។
Photo: RFA

លោក ជូង ជូងី បាន​ប្រកប​មុខ​របរ​ជា​មេធាវី​អស់​រយៈពេល​ជាង ១០​ឆ្នាំ​ហើយ។ រឿង​ក្ដី​ដែល​លោក​ការពារ ភាគច្រើន​ជា​រឿង​ទាក់ទង​នឹង​អ្នក​នយោបាយ ហើយ​កូន​ក្ដី​របស់​លោក​ទៀតសោត គឺ​ជា​អ្នក​នយោបាយ​មក​ពី​គណបក្ស​ប្រឆាំង សកម្មជន និង​អ្នក​តស៊ូ​មតិ ដែល​មាន​ទស្សនៈ​មិន​ស្រប​នឹង​រដ្ឋាភិបាល។

រឿង​ក្ដី​ថ្មី​ចុង​ក្រោយ​មួយ​ដែល​លោក​កំពុង​ការពារ គឺ​សំណុំ​រឿង​អ្នក​តាមដាន​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ។ ក្នុង​សំណុំ​រឿង​នេះ លោក​ត្រូវ​ប្រឈម​នឹង​ដើម​បណ្ដឹង​ដែល​ជា​អ្នក​មាន​អំណាច​ថ្នាក់​កំពូល គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

តើ​មេធាវី​រូប​នេះ​មាន​ជីវប្រវត្តិ​យ៉ាង​ណា? តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​លោក​ជ្រើសរើស​ការពារ​ក្ដី​ក្នុង​សំណុំ​រឿង​ដែល​ត្រូវ​ប្រឈម​មុខ​នឹង​អ្នក​មាន​អំណាច?

មេធាវី ជូង ជូងី ត្រូវ​អ្នក​ដែល​ស្គាល់ និង​ធ្លាប់​ពឹងព​ឲ្យ​ជួយ​ការពារ​ក្ដី ផ្ដល់​ឈ្មោះ​ថា​ជា​មេធាវី​ខ្សត់​ទ្រព្យ តែ​មាន​ទឹក​ចិត្ត និង​ជា​មេធាវី​ការពារ​ក្ដី​កម្រ​នឹង​ឈ្នះ​ក្នុង​សំណុំ​រឿង​ការពារ​អ្នក​តស៊ូ​មតិ អ្នក​នយោបាយ​បក្ស​ប្រឆាំង ទោះ​បី​ជា​លោក​ខិតខំ​ប្រើ​វិធីសាស្ត្រ និង​យក​ភស្តុតាង​មក​អំណះអំណាង​ដើម្បី​ដោះ​បន្ទុក​យ៉ាង​ណា​ក្ដី។

មនុស្ស​ជាទូទៅ​បាន​ស្គាល់​លោក​ជា​មេធាវី​ឥត​ខ្លាចរអា ទោះ​បី​ជា​សំណុំ​រឿង​លោក​ការពារ​កូន​ក្ដី​របស់​លោក តទល់​នឹង​អ្នក​មាន​អំណាច​កំពូល និង​អ្នក​មាន​លុយកាក់​ក្ដី។

ចំពោះ​លោក ជូង ជូងី ផ្ទាល់ លោក​អះអាង​ថា ក្នុង​នាម​ជា​មេធាវី លោក​ពុំ​ប្រាថ្នា​ទ្រព្យ​ធន​ឡើយ គឺ​ចង់​បាន​ត្រឹម​យុត្តិធម៌​ត្រឹមត្រូវ​សម្រាប់​អ្នក​ដែល​សកម្ម​ក្នុង​ការ​ជួយ​សង្គម ឬ​អ្នក​តស៊ូ​មតិ ដើម្បី​ជំរុញ​ដំណើរការ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ។

ក្នុង​វ័យ ៤៨​ឆ្នាំ លោក ជូង ជូងី ដែល​មាន​សក់​ស្កូវ​មួយៗ​មាន​សម្ដី​ច្បាស់ៗ ថ្លែង​ថា មាន​រឿង​ក្ដី​ជាច្រើន​ដែល​លោក​បាន​ការពារ ហើយ​ភាគច្រើន​ជា​សំណុំ​រឿង​ដែល​មាន​ចរិត​នយោបាយ ក្នុង​នោះ​មាន​ទាំង​មន្ត្រី​សង្គម​ស៊ីវិល សកម្មជន និង​មន្ត្រី​គណបក្ស​នយោបាយ និង​អ្នក​វិភាគ​រិះគន់​បញ្ហា​ក្នុង​សង្គម ជាដើម៖ «កូន​ក្ដី​ខ្ញុំ​ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ហ្នឹង គាត់​ជា​ជន​សកម្ម ដែល​គាត់​មាន​ឥទ្ធិពល​ក្នុង​សង្គម​ដោយ​ការ​តស៊ូ​មតិ និង​រក​យុត្តិធម៌​ក្នុង​សង្គម​ហ្នឹង គឺ​ធ្លាប់​មាន​ប្រសិទ្ធភាព អ៊ីចឹង​ធ្វើ​ឲ្យ​អ្នក​មាន​អំណាច​រក​រឿង​គាត់។ ខ្ញុំ​យល់​ឃើញ​ថា​គាត់​ទាំងអស់​គ្នា​ហ្នឹង គឺ​គាត់​គួរ​តែ​ទទួល​បាន​ការ​ការពារ​ល្អ​ពី​មេធាវី ហើយ​ខ្ញុំ​ចាប់​អារម្មណ៍​ថា មេធាវី​ជាច្រើន​អត់​ហ៊ាន​កាន់​រឿង​ក្ដី​អ៊ីចឹងៗ​ទេ»

លោក​បន្ត​ថា សំណុំ​រឿង​ប្រភេទ​នេះ លោក​ពិបាក​នឹង​រក​ចំណូល​ណាស់ ព្រោះ​ពួក​គេ​ភាគច្រើន​ជា​អ្នក​ខ្សត់​ខ្សោយ​ធនធាន។ លោក​ថា អ្វី​ដែល​ជំរុញ​ឲ្យ​រូប​លោក​ទទួល​យក​សំណុំ​រឿង​ប្រភេទ​នេះ គឺ​ទឹក​ចិត្ត​ស្រឡាញ់​យុត្តិធម៌ ចង់​ផ្ដល់​ឲ្យ​អ្នក​ទាំងនោះ​នូវ​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ ពោល​គឺ​ស្វែងរក​យុត្តិធម៌​ពិត និង​ត្រឹមត្រូវ៖ «ប៉ុន្តែ​សម្រាប់​ខ្ញុំ អត្ថន័យ​នៃ​ជីវិត​របស់​ខ្ញុំ គឺ​អាច​ចូលរួម​រក​យុត្តិធម៌​ក្នុង​សង្គម​បាន​ច្រើន​កម្រិត​ណា​នៅ គឺ​ជា​ក្ដី​ប្រាថ្នា​របស់​ខ្ញុំ ចំណែក​ប្រយោជន៍​ជា​ថវិកា​នេះ គឺ​ជា​រឿង​បន្ទាប់​ទេ»

លោក​មេធាវី ជូង ជូងី ថ្លែង​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៧។
លោក​មេធាវី ជូង ជូងី ថ្លែង​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA

រំឭក​ពី​រឿង​ក្ដី​ចម្បងៗ​ដែល​លោក ជូង ជូងី បាន​ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី​តាំង​ពី​ឆ្នាំ​២០០៤ គឺ​ក្នុង​រយៈពេល ១៣​ឆ្នាំ​មក​នេះ លោក​បាន​ការពារ​រឿង​ក្ដី​ជាច្រើន ក្នុង​នោះ​រួម​មាន​សំណុំ​រឿង​លោក ដាំ សិទ្ធិ និពន្ធ​នាយក​កាសែត​មនសិការ​ខ្មែរ ដែល​ត្រូវ​ប្ដឹង​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បរិហារ​កេរ្តិ៍​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។ សំណុំ​រឿង​រដ្ឋាភិបាល​ប្ដឹង​អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ក្នុង​សំណុំ​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​នៅ​ខេត្ត​ស្វាយរៀង កាល​ពី​ឆ្នាំ​២០០៩។ សំណុំ​រឿង​អ្នក​តំណាងរាស្ត្រ មន្ត្រី និង​សកម្មជន​គណបក្ស​ប្រឆាំង​ក្នុង​រឿង​អំពើ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ឆ្នាំ​២០១៣ និង​អូស​បន្លាយ​មក​ដល់​ពេល​នេះ។

សំណុំ​រឿង​អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី តំណាងរាស្ត្រ អ៊ុំ សំអាន និង​ព្រឹទ្ធសភា លោក ហុង សុខហួរ និង​រឿង​ផែនទី និង​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ដែល​ត្រូវ​រដ្ឋាភិបាល​ប្ដឹង​ចោទ​ប្រកាន់​ក្នុង​ឆ្នាំ​២០១៥។ សំណុំ​រឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​ត្រូវ​ប្ដឹង​ពី​ការ​មិន​ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​កាល​ពី​ឆ្នាំ​២០១៣ និង​សំណុំ​រឿង​អាស្រូវ​ស្នេហា​ដែល​ត្រូវ​ចោទ​ប្រកាន់​ជាមួយ​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ ដែល​កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៦ ជាដើម។ ក្នុង​ពេល​ថ្មីៗ​នេះ លោក ជូង ជូងី បាន​ទទួល​ការពារ​ក្ដី​ឲ្យ​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ ដែល​ប្ដឹង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សំណុំ​រឿង​ចៅ​សង្កាត់​ដែល​មាន​ដើម​កំណើត​ខ្មែរ​ក្រោម លោក ចៅ វាសនា និង​សំណុំ​រឿង​ព្រះសង្ឃ​លេង​កាំភ្លើង​ជ័រ ព្រះតេជព្រះគុណ ហន សុផាន្នី នៅ​ខេត្ត​បាត់​ដំបង។

ទោះ​បី​ជា​សាធារណជន​មើល​ឃើញ​ថា សំណុំ​រឿង​ទាំងនេះ​ជា​ការ​ប្រឈម​របស់​មេធាវី​រូប​នេះ​ក្ដី ក៏​សំណុំ​រឿង​ទាំងនោះ​ត្រូវ​លោក ជូង ជូងី ចាត់​ទុក​ថា​ជា​រឿង​ក្ដី​ធម្មតា​សម្រាប់​រូប​លោក ពោល​គឺ​សំណុំ​រឿង​ទាំងនេះ​មិន​បាន​ធ្វើ​ឲ្យ​លោក​ដិត​ជាប់​ក្នុង​អារម្មណ៍​ឡើយ។ លោក ជូង ជូងី ថ្លែង​ថា រឿង​ក្ដី​ដែល​លោក​ដក់​ក្នុង​ចិត្ត​ជាប់​ជានិច្ច គឺ​សំណុំ​រឿង​ដីធ្លី​នៅ​ក្នុង​ខេត្ត​កណ្ដាល កាល​ពី​ឆ្នាំ​២០១១ ដែល​កាល​នោះ លោក​ជួយ​ការពារ​ក្ដី​ឲ្យ​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​អ្នក​មាន​អំណាច​ម្នាក់។ ក្នុង​សំណុំ​រឿង​នេះ លោក​ត្រូវ​តុលាការ​ប្ដឹង​ចោទ​ប្រកាន់​ថា​បាន​ផ្ដល់​មធ្យោបាយ​ឲ្យ​អ្នក​ទោស​លួច​រត់​ពី​ពន្ធនាគារ។ លោក​ថា សំណុំ​រឿង​នេះ​នៅ​បន្ត​ដល់​ពេល​បច្ចុប្បន្ន ដោយ​តុលាការ​មិន​បាន​បិទ​បញ្ចប់​នៅ​ឡើយ​ទេ គឺ​លោក​នៅ​តែ​ឋិត​ក្រោម​ឥទ្ធិពល​នៃ​រឿង​ក្ដី​នេះ​នៅ​ឡើយ៖ «តុលាការ​ខេត្ត​កណ្ដាល បាន​កាត់​ក្ដី​កំបាំង​មុខ ហើយ​ដាក់​ទោស​ខ្ញុំ ២​ឆ្នាំ ពិន័យ ៣​លាន ហើយ​ខ្ញុំ​ក៏​ប្ដឹង​ទាស់​ក្នុង​ន័យ​ថា​ប្ដឹង​ឲ្យ​គេ​កាត់​ឡើង​វិញ ប៉ុន្តែ​រហូត​មក​ដល់​ពេល​ហ្នឹង គឺ​តុលាការ​ខេត្ត​កណ្ដាល មិន​ទាន់​យក​រឿង​ហ្នឹង​មក​កាត់​ឡើង​វិញ​ទេ។ គឺ​ខ្ញុំ​ឋិត​ក្រោម​សម្ពាធ​របស់​តុលាការ។ ហ្នឹង​គឺ​ជា​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​លំបាក​ក្នុង​ការ​ប្រកប​មុខ​វិជ្ជាជីវៈ ប្រសិន​បើ​ខ្ញុំ​ធ្វើ​សកម្មភាព​ក្ដៅ ឬ​ធ្វើ​សកម្មភាព​ខ្លាំង ឬ​ខ្ញុំ​និយាយ​ខ្លាំង ខ្ញុំ​ឋិត​នៅ​ក្រោម​គំនាប​ហ្នឹង​ឯង»

លោក ជូង ជូងី មាន​ស្រុក​កំណើត​នៅ​ភូមិ​ព្រះប្រសប់ ឃុំ​ព្រះប្រសប់ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ដែល​មាន​ឪពុក​ម្ដាយ​ជា​កសិករ។ លោក​ជា​កូន​ពៅ​ក្នុង​ចំណោម​បង​ប្អូន​ចំនួន ៦​នាក់។ មុន​នឹង​ចាប់​មុខ​របរ​ជា​មេធាវី លោក ជូង ជូងី បាន​ធ្វើ​ជា​គ្រូបង្រៀន បន្ទាប់​ពី​លោក​បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​រូបវិទ្យា​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ បន្ទាប់​ពី​បាន​ធ្វើ​គ្រូបង្រៀន ២​ឆ្នាំ លោក ជូង ជូងី បាន​បន្ត​ទៅ​រៀន​ច្បាប់ និង​ទទួល​បាន​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​រដ្ឋបាល​សាធារណៈ និង​បាន​បំពេញ​វិជ្ជាជីវៈ​មេធាវី​កាល​ពី​ឆ្នាំ​២០០៤ ដោយ​មាន​ការិយាល័យ​ឈ្មោះ​សីលា។

នៅ​ពេល​និយាយ​ដល់​រឿង​ក្ដី​ដែល​លោក​បាន​ការពារ​នៅ​ក្នុង​ពេល​ដែល​លោក​បាន​បំពេញ​ការងារ​ជា​មេធាវី​មក លោក​ទទួល​ស្គាល់​ថា សំណុំ​រឿង​ទាក់ទង​នឹង​នយោបាយ​ដែល​លោក​បាន​ការពារ គឺ​លោក​កម្រ​នឹង​ឈ្នះ ប៉ុន្តែ​លោក​បាន​ឈ្នះ​នៅ​ក្នុង​សំណុំ​រឿង​ធម្មតា៖ «ក្នុង​សំណុំ​រឿង​នយោបាយ​ជា​ទូទៅ និយាយ​ជា​ទម្រង់ ខ្ញុំ​អត់​ដែល​ឈ្នះ​ក្ដី​ទេ ប៉ុន្តែ​បើ​និយាយ​ពី​ស្មារតី គឺ​ខ្ញុំ​ឈ្នះ​ច្រើន ពីព្រោះ​អត្ថន័យ​នៃ​ការ​ឈ្នះ​ក្ដី​របស់​ខ្ញុំ មិន​មែន​ចង់​សំដៅ​ទៅ​លើ​ថា​តុលាការ​បាន​ប្រកាស​ឲ្យ​កូន​ក្ដី​ខ្ញុំ​ឈ្នះ គឺ​មិន​មែន​អ៊ីចឹង​ទេ។ អត្ថន័យ​នៃ​ការ​ឈ្នះ​ក្ដី​របស់​ខ្ញុំ គឺ​ការ​វិនិច្ឆ័យ​ពី​មហាជន។ នៅ​ពេល​ដែល​មហាជន​គេ​មើល​ឃើញ​ថា ខ្ញុំ​ការពារ​សិទ្ធិ​កូន​ក្ដី​បាន​ល្អ អា​ហ្នឹង​ហើយ​គឺ​ខ្ញុំ​ឈ្នះ​ក្ដី។ បាន​ន័យ​ថា​ខ្ញុំ​ឈ្នះ​ទៅ​លើ​ចិត្ត​មហាជន​គេ​គាំទ្រ។ អ៊ីចឹង​នៅ​ពេល​ដែល​ខ្ញុំ​ធ្វើ​អំពើ​ល្អ ឬ​ក៏​ខ្ញុំ​ខិតខំ​ការពារ​បំពេញ​វិជ្ជាជីវៈ​បាន​ល្អ មហាជន​ច្រើន​ទៅ​ឃើញ​ខ្ញុំ​ធ្វើ​អំពើ​ល្អ អា​ហ្នឹង​ហើយ​ខ្ញុំ​ឈ្នះ​ក្ដី»

ទាក់ទិន​ការ​អះអាង​ថា អនុវត្ត​វិជ្ជាជីវៈ​ដោយ​មិន​ប្រាថ្នា​តែ​លាភសក្ការៈ​នេះ ទាំង​មិត្ត​រួម​អាជីព និង​អ្នក​ដែល​បាន​ទៅ​រក​លោក ជូង ជូងី ឲ្យ​ការពារ​ក្ដី បាន​លើក​ឡើង​ថា គឺ​ជា​រឿង​ពិត។

មេធាវី ហែម សុជាតិ ដែល​សហការី​មួយ​រូប​របស់​លោក ជូង ជូងី លើក​ឡើង​ថា មេធាវី​រូប​នេះ​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​ក្នុង​ការ​ជួយ​កូន​ក្ដី បើ​ទោះ​បី​ជា​ខ្សត់​ខ្សោយ​ថវិកា៖ «កាលណា​គាត់​ដាក់​ចិត្ត​ជួយ​សកម្មជន ឬ​ក៏​ជួយ​សកម្មជន​នយោបាយ សិទ្ធិ​មនុស្ស ខាង​ប្រជាធិបតេយ្យ គឺ​គាត់​ព្យាយាម​ជួយ​តែ​ម្ដង គាត់​ជា​មនុស្ស​មាន​ទឹក​ចិត្ត​ល្អ ជា​អ្នក​មាន​ឧត្ដមគតិ»

ចំពោះ​ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បាន​ទៅ​រក​មេធាវី ជូង ជូងី ឲ្យ​ជួយ​ក្នុង​សំណុំ​រឿង​ចំនួន​ពីរ​ដែរ គឺ​សំណុំ​រឿង​របស់​អ្នក​តាមដាន​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ និង​ព្រះសង្ឃ​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​លេង​កាំភ្លើង​ជ័រ ហន សុផាន្នី។ ព្រះអង្គ​មាន​ថេរ​ដីកា​ថា លោក ជូង ជូងី ពិត​ជា​បាន​ស្ម័គ្រ​ចិត្ត​ជួយ​ការពារ បើ​ទោះ​បី​កូន​ក្ដី​ទាំង​ពីរ​ពុំ​មាន​ថវិកា​ផ្ដល់​ឲ្យ​ក្ដី៖ «បើ​សិន​យើង​សិក្សា​មើល​នៅ​គណៈ​មេធាវី គឺ​មាន​មេធាវី​តិច​ណាស់​ដែល​ធ្វើ​កិច្ចការ​រឿង​ក្ដី​ផ្នែក​នយោបាយ ហើយ​អាត្មា​ក៏​បាន​សិក្សា​មើល​ដែរ​ថា ក្ដី​នយោបាយ​មិន​ដែល​ឈ្នះ​ទេ វា​មាន​ឈ្នះ​មួយ​ពីរ​នៅ​សាលា​ឧទ្ធរណ៍ ក៏ប៉ុន្តែ​យើង​សម្រេច​ចិត្ត​យក គឺ​ដោយសារ​ទី​១ គាត់​ចំ​ជំនាញ។ ទី​២ គាត់​ហ៊ាន​ការពារ​ក្ដី​ឲ្យ​យើង។ ទី​៣ គាត់​មិន​បាន​សួរ​រក​លុយ​រក​កាក់។ អា​ហ្នឹង​ហើយ​ដែល​យើង​ជា​ជម្រើស ព្រោះ​អ្នក​ដែល​ជាប់​ឃុំឃាំង ឬ​អ្នក​ដែល​រង​ការ​ចោទ​ប្រកាន់​ពី​អ្នក​មាន​អំណាច​ខ្លះ ឬ​ពី​ស្ថាប័ន​រដ្ឋ​ខ្លះ ជាទូទៅ​ពួក​អ្នក​ក្រ គឺ​ក្រ​ទាំង​លុយ​ក្រ​ទាំង​អំណាច»

បើ​ទោះ​ជា​យ៉ាង​ណា បើ​តាម​លោក ហែម សុជាតិ គឺ​លោក ជូង ជូងី ក៏​នៅ​មាន​ចំណុច​ខ្វះខាត​ដែល​គួរ​ឲ្យ​កែលំអ​ដែរ​នោះ គឺ​ចំណុច​អារ​កាត់​តែ​ម្នាក់​ឯង​ដោយ​មិន​រង់ចាំ​ការ​ពិភាក្សា​ជា​ក្រុម នៅ​ពេល​ដែល​សំណុំ​រឿង​នៅ​មាន​មេធាវី​ការពារ​ច្រើន​នាក់៖ «ជួនកាល​ពេល​ខ្លះ​ការងារ​ត្រូវ​ជំនុំ​គ្នា​សិន ជួនកាល​អត់ អត់​បាន​ជំនុំ​គ្នា គាត់​ធ្វើ​វឹង​ម៉ង តែ​ការ​ដែល​គាត់​សម្រេច​ធ្វើ​ហ្នឹង ដោយ​គាត់​គិត​ថា​បើ​ម្នាក់ៗ​រវល់ បើ​ចាំ​តែ​ជំនុំ​គ្នា ខ្លាច​វា​អត់​ទាន់ គាត់​ក៏​ធ្វើ​សិន​ទៅ»

ក្នុង​ជីវិត​គ្រួសារ​របស់​លោក ជូង ជូងី បាន​រៀបការ​ជាមួយ​មេធាវី​មួយ​រូប​ដែរ។ លោក និង​ភរិយា​ស្នាក់នៅ​ផ្ទះ​ជួល​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ពុំ​ទាន់​មាន​កូន​នៅ​ឡើយ។

និយាយ​ពី​គោលដៅ​ជីវិត​ទៅ​ថ្ងៃ​អនាគត លោក ជូង ជូងី ឆ្លើយ​ថា លោក​អាច​នឹង​ផ្លាស់ប្ដូរ​អាជីព​ដែរ ឲ្យ​តែ​អាច​ជួយ​រក​យុត្តិធម៌​ក្នុង​សង្គម៖ «ប្រសិន​បើ​មាន​កិច្ចការ​ផ្សេង​ទៀត​ដែល​អាច​ចូលរួម​ជួយ​រក​យុត្តិធម៌​ក្នុង​សង្គម ឬ​ក៏​រក​យុត្តិធម៌​បាន​កាន់​តែ​មាន​ប្រសិទ្ធភាព​ជាង​មេធាវី គឺ​ខ្ញុំ​អាច​ទៅ​ដែរ​ក្នុង​ករណី​ថា​មាន​ឱកាស (សំណួរ៖ អាច​នឹង​ប្រឡូក​ក្នុង​នយោបាយ​ទេ​ទៅ​ថ្ងៃ​មុខ?) មិន​ទៀង​ទេ។ អាច​ក៏​អាច​ដែរ»

ក្រៅ​ពី​នេះ លោក ជូង ជូងី ក៏​បាន​ផ្តល់​ដំបូន្មាន​សម្រាប់​អ្នក​ជំនាន់​ក្រោយ​ថា ប្រសិន​បើ​មាន​បំណង​ក្លាយ​ជា​មេធាវី ត្រូវ​គិត​ថា​ធ្វើ​មេធាវី​ដើម្បី​ជ្រោមជ្រែង​ស្វែងរក​យុត្តិធម៌៖ «បើ​គោលដៅ​ជីវិត​របស់​ខ្លួន​ចង់​ធ្វើ​មាន​បាន គួរ​តែ​កុំ​ធ្វើ​មេធាវី​អី គួរ​តែ​ទៅ​ធ្វើ​មុខ​របរ​ផ្សេង​ទៅ។ អ្នក​ដែល​ចង់​ធ្វើ​មេធាវី ទាល់​តែ​ដាក់​គោលដៅ​ចូលរួម​ជួយ​វិស័យ​ច្បាប់ ជួយ​វិស័យ​យុត្តិធម៌​សង្គម ចាំ​មក​ធ្វើ​មេធាវី។ ជា​មេធាវី​សំខាន់​គឺ​ឆន្ទៈ​ជា​ចម្បង ផ្អែក​ទៅ​លើ​ភាព​ស្អាតស្អំ។ បាន​ន័យ​ថា ក្នុង​វិជ្ជាជីវៈ​របស់​យើង កុំ​ឲ្យ​មាន​កំហុស កុំ​ទៅ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ មិន​ទៅ​ធ្វើ​អ្វី​ដែល​មិន​ស្មោះ​ត្រង់​នឹង​កូន​ក្ដី គឺ​ត្រូវ​ផ្អែក​លើ​ភាព​ស្មោះ​ត្រង់»

លោក​មេធាវី ជូង ជូងី ក៏​នៅ​មាន​ក្ដី​បំណង​មួយ​ទៀត​ដែរ គឺ​ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន លោក​ប្រាថ្នា​ចង់​ឲ្យ​មាន​យន្តការ​ដែល​អាច​ដាក់​ទោស​ចំពោះ​ចៅក្រម និង​ព្រះរាជអាជ្ញា ឬ​ឲ្យ​ពួក​គាត់​ទទួល​ខុស​ត្រូវ​ចំពោះ​ចំណាត់ការ​របស់​ពួក​គាត់​ទាំង​អម្បាលម៉ាន​ដែល​មិន​ត្រឹមត្រូវ ដ្បិត​លោក​សង្កេត​ឃើញ​ថា មាន​ចៅក្រម និង​ព្រះរាជអាជ្ញា​មួយ​ចំនួន​មាន​ចំណាត់ការ​មិន​ត្រឹមត្រូវ ប៉ុន្តែ​ពុំ​ឃើញ​មាន​ការ​តម្រូវ​ឲ្យ​ពួក​គាត់​ទទួល​ខុស​ត្រូវ បើ​ទោះ​ជា​មាន​បណ្ដឹង​ប្រឆាំង​ពួក​គាត់ ទៅ​ដល់​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ក្ដី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

I don't know about you, but in my heart, Chuong Chou Ngy has won already when ever he decides to take the case because he is very courage to defend poor and weak defendants.
This is very good heart to find ! May God, Bhuddah, Allah, Mme Kong Si Im,..... What ever gods on earth bless him.

Aug 03, 2017 10:29 AM

អ្នក​អាន​អនាមិក

ពី USA

no one sit on top of the law period.

Jul 28, 2017 03:12 AM

គេហទំព័រ​ទាំងមូល