តុលាការ​កោះហៅ​អតីត​ប្រធាន​អង្គការ​សិទ្ធិ​លំនៅឋាន​ចូល​បំភ្លឺ​ជា​សាក្សី​សំណុំរឿង​លោក កឹម សុខា

ដោយ ខែ សុណង
2020-01-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​ប្រធាន​អង្គការ​ការពារ​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ការិយាល័យ​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក ក្នុង​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៧។
អតីត​ប្រធាន​អង្គការ​ការពារ​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ការិយាល័យ​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក ក្នុង​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៧។
RFA

សាលាដំបូង​រាជធានី​ភ្នំពេញ​កោះហៅ​អតីត​ប្រធាន​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្លាប់​សកម្មជន​ក្នុង​រឿង​ជួយ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី ឱ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ជា​សាក្សី ក្នុង​សំណុំរឿង​លោក កឹម សុខា ដែល​តុលាការ​ចោទប្រកាន់​ពី​បទ​សន្ទិដ្ឋភាព ឬ​ត្រូវរ៉ូវ​គ្នា​ជាមួយ​រដ្ឋ​បរទេស ដែល​គ្រោង​នឹង​បើកសវនាការ​ជំនុំជម្រះ​ក្តី នៅ​ថ្ងៃ​ទី​១៥ មករា សប្ដាហ៍​ក្រោយ។ សង្គម​ស៊ីវិល​យល់ថា ការណ៍​ដែល​តុលាការ​ចេះតែ​កោះហៅ​សាក្សី​មក​ចូលរួម​ក្នុង​សវនាការ​លោក កឹម សុខា ដូច្នេះ​គឺជា​រឿង​មិន​សម​ទំនង​មួយ។

អតីត​ប្រធាន​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​តស៊ូ​មតិ​ក្នុង​រឿង​សិទ្ធិ​លំនៅឋាន ដែល​បាន​បាត់ឈ្មោះ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គឺ​លោក សៀ ភារម្យ អះអាង​ថា លោក​នឹង​មិន​ចូលខ្លួន​ក្នុងនាម​ជា​សាក្សី​ឱ្យ​លោក កឹម សុខា តាម​ការ​កោះហៅ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទេ ដោយ​លោក​យល់ថា គឺជា​សវនាការ​បំពេញ​កិច្ច​ដែល​ធ្វើ​ឱ្យ​តែ​សម្រាប់​ល្អ​មើល​តែប៉ុណ្ណោះ។

លោក សៀ ភារម្យ ជា​អតីត​នាយក​លេខាធិការដ្ឋាន​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅឋាន (Housing Rights Task Force) ដែល​បច្ចុប្បន្ន​ភៀសខ្លួន​មក​រស់នៅ​សហរដ្ឋអាមេរិក មានប្រសាសន៍ថា លោក​មិន​ចាប់អារម្មណ៍​ចំពោះ​ការ​កោះ​ហៅ​លោក​ក្នុងនាម​ជា​សាក្សី​លោក កឹម សុខា នោះ​ទេ​។ លោក​ថា លោក​គ្មាន​ទំនាក់ទំនង​អ្វី​ជាមួយ​លោក កឹម សុខា នឹង​អាច​យល់ដឹង​ទាក់ទង​នឹង​បទ​ចោទ​ប្រកាន់​របស់​តុលាការ​ដែល​ថា លោក កឹម សុខា មាន​ភាព​ត្រូវរ៉ូវ​ជាមួយ​រដ្ឋ​បរទេស​នោះ​ឡើយ​។ លោក​យល់​ថា សវនាការ​នេះ គឺជា​សវនាការ​លេងសើច​មួយ​។ លោក​មាន​ជំនឿ​ថា លោក កឹម សុខា មិន​បាន​ពាក់ព័ន្ធ​ជាមួយ​រដ្ឋ​បរទេស​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ តាមពិត​ប្រជាពលរដ្ឋ​គឺជា​តុលាការ​មហាជន​ដែល​អាច​កាត់ទោស​តាមរយៈ​សន្លឹកឆ្នោត​ថា តើ​នរណា​ដែល​ជា​អ្នក​ទោស​​ក្បត់ជាតិ​ឱ្យ​ពិតប្រាកដ​នោះ៖ «វា​ជា​ដីកា​លែង​សើច​ដែល​គ្រាន់តែ​ជា​បាយឡុកបាយឡ​កំប្លែង​លេង ដើម្បី​ឱ្យ​អន្តរជាតិ​ថា តុលាការ​ហ្នឹង​ធ្វើតាម​ច្បាប់​នីតិរដ្ឋ តែ​តាម​ការពិត គឺ​ស្រុក​ខ្មែរ​ដឹកនាំ​រាល់​ថ្ងៃ​​គឺ ដឹកនាំ​តាមរយៈ​នីតិ​មាត់​ទេ​ហ្នឹង​ជា​ច្បាប់​ហើយ មាត់​ចង់​ចាប់​នរណា​ដាក់គុក ចង់​បាញ់​លោក កែម ឡី ចោល​ចង់​ចាប់​លោក កឹម សុខា ដាក់គុក​ហ្នឹង​គឺថា ស្រេច​តែ​នឹង​មាត់​គេ​ថា គេ​ចោទ​​ទេ ដូច្នេះ​គឺ​វា​អត់​ចាំបាច់​អី​ដែល​ខ្ញុំ​ត្រូវ​ទៅ​បំភ្លឺ​ទេ ហើយ​ខ្ញុំ​ក៏​អត់​មានបាន​ដឹង​លឺ​អី​ពាក់ព័ន្ធ​រឿង​លោក កឹម សុខា ដែរ ព្រោះ​ខ្ញុំ​អតីត​ជា​ប្រធាន​អង្គការ​សង្គម​ស៊ីវិល​មួយ​ដែល​ចូលរួម​ចំណែក ក្នុង​ការ​ជួយ​ទៅដល់​ជន​ក្រីក្រ​ដែល​រងគ្រោះ​ពី​ការរំលោភ​ដីធ្លី សិទ្ធិ​លំនៅឋាន​របស់​គាត់​តាមរយៈ​អ្នក​មាន​អំណាច​អ្នកមាន​លុយ​ដែល​តែងតែ​រឹបអូស​យក​ផ្ទះសម្បែង​របស់​ពួកគាត់​ដោយ​អយុត្តិធម៌»

នៅ​ក្នុង​ដីកា ព្រះរាជអាជ្ញា​រង​អម​តុលាការ​ក្រុង​ភ្នំពេញ លោក វង្ស ប៊ុនវិសុទ្ធ បាន​តម្រូវ​ឱ្យ​លោក សៀ ភារម្យ ចូលខ្លួន​ឆ្លើយ​បំភ្លឺ​ក្នុង​សវនាការ​សួរដេញដោល​សំណុំរឿង​លោក កឹម សុខា ក្នុង​ដំណើររឿង​សន្ទិដ្ឋិភាព ឬ​ការ​ត្រូវរ៉ូវ​ជាមួយ​បរទេស ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល ដែល​ប្រព្រឹត្ត​នៅ​កម្ពុជា និង​ទីកន្លែង​ផ្សេងទៀត​កាលពី​អំឡុង​ឆ្នាំ​១៩៩៣ រហូត​ដល់ ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។

លោក សៀ ភារម្យ មិនមែន​ជា​មនុស្ស​ទី​មួយ​ទេ ដែល​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​កោះហៅ​ទៅ​ឆ្លើយ​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​រឿងក្ដី​របស់​លោក កឹម សុខា​។ កន្លង​មក ក្នុង​ពេល​ស៊ើបអង្កេត​ក្ដី ចៅក្រម​បាន​កោះហៅ​អ្នក​ធ្លាប់​ធ្វើ​ការងារ​ជាមួយ​លោក កឹម សុខា មក​សាកសួរ​ជា​បន្តបន្ទាប់ ដូចជា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ មន្ត្រី​សង្គម​ស៊ីវិល យុវជន​ដែល​ឈឺ​ឆ្អាល​​ការងារ​សង្គម​ចំនួន ២​នាក់ និង​កាន់តែ​កៀក​ពេល​សវនាការ​ជំនុំជម្រះ​ក្ដី​នេះ តុលាការ​ក៏បាន​ចេញ​ដីកា​ជា​បន្តបន្ទាប់​កោះហៅ​សកម្មជន និង​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​ចូលខ្លួន​ក្នុងនាម​សាក្សី​ដូចគ្នា​ដែរ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត មាន​មតិ​ថា តុលាការ​គួរ​ពិចារណា​ថា តើ​ភាគី​ណា​ដែល​ពាក់ព័ន្ធ​ជាជាង​ការ​កោះ​ហៅ​សាក្សី​ដែល​​គ្មាន​តម្រុយ​និង​មាន​សកម្មភាព​ទាក់ទង​លោក កឹម សុខា ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ពេល​វេលា​ដំណើរការ​សវនាការ៖ «ពីព្រោះ​សវនាការ​យើង​អ៊ីចឹង​រក​ភាព​យុត្តិធម៌​សម្រាប់​គូ​ភាគី​ទាំង​អស់ គួរណា​ពិនិត្យ​មើល​ទៅ​លើ​សាក្សី​ណា​ដែល​ពាក់ព័ន្ធ​ពិតប្រាកដ​នៅ​ក្នុង​ដំណើរ​រឿងក្ដី​ហ្នឹង ហើយ​បើសិនជា​កោះហៅ​សាក្សី​មិន​ពាក់ព័ន្ធ​ហ្នឹង​ទី​១ វា​ធ្វើ​ឱ្យ​មានការ​ភ័យខ្លាច​ចំពោះ​សាក្សី​ដែល​មិន​ពាក់ព័ន្ធ​ ជាពិសេស​ខាង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​គាត់​គិត​ថា មិន​មាន​ពាក់ព័ន្ធ​អី​សោះ អ៊ីចឹង​នាំ​ឱ្យ​មាន​ចម្ងល់​និង​ការភ័យខ្លាច​។ ប៉ុន្តែ​គ្រាន់តែ​ជា​សាក្សី​វា​គ្មាន​អ្វី​ត្រូវ​ខ្លាច​ទេ តែ​ការ​កោះ​ហៅ​បើសិនជា​អត់​មានការ​ពាក់ព័ន្ធ​វា​បង្កើត​ជា​ចម្ងល់​ទៅវិញ ហើយ​អាច​នឹង​មាន​ការ​ភិតភ័យ​ខ្លះ​ដែរ»

សហមេធាវី​លោក កឹម សុខា លោក ចាន់ ចេង ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា ក្រុម​មេធាវី​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ជួយ​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា ក្នុង​ពេល​បើក​សវនាការ។ លោក​ថា ក្រុម​មេធាវី និង​លោក កឹម សុខា ផ្ទាល់ នៅតែ​សំណូមពរ ទៅ​តុលាការ​ឱ្យ​ទម្លាក់​ចោល​ការចោទប្រកាន់​នេះ​។​

ទាំង​សហគមន៍​ជាតិ និង​អន្តរជាតិ ចាត់​ទុក​វិធានការ​ច្បាប់​របស់​របប​ក្រុងភ្នំពេញ​លើ​លោក កឹម សុខា ថា ជា​រឿង​នយោបាយ និង​ទាមទារ​ឱ្យ​តុលាការ​ក្រុងភ្នំពេញ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ និង​ផ្ដល់​សិទ្ធិ​សេរីភាព​ពេញលេញ​ដល់​មេ​បក្ស​ប្រឆាំង​រូប​នេះ បាន​ចូលរួម​ប្រឡូក​ក្នុង​កិច្ចការ​នយោបាយ ឬ​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ដោយ​ស្មើភាព​គ្នា​នៅ​អាណត្តិ​ក្រោយ។

ប្រជាពលរដ្ឋ ពលករ​ចំណាកស្រុក និង​សហគមន៍​ខ្មែរ​ក្រៅ​ប្រទេស​តែង​ជួបជុំ​ធ្វើបាតុកម្ម​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ ដោះលែង លោក កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង ដើម្បី​គោរព​សិទ្ធិមនុស្ស និង​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល