មេធាវី​ដាក់​ភស្តុតាង​បន្ថែម​ដើម្បី​ប្ដឹង​អ្នក​សម​គំនិត​និង​មេ​បាតុកម្ម​ហិង្សា​នៅ​មុខ​រដ្ឋសភា

ដោយ ម៉ម មុនីរតន៍
2015-12-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​មេធាវី ជូង ជូងី ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ខាង​ក្រៅ​បរិវេណ​តុលាការ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Morm Moniroth
លោក​មេធាវី ជូង ជូងី ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ខាង​ក្រៅ​បរិវេណ​តុលាការ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Morm Moniroth
RFA/Morm Moniroth

មេធាវី​ការពារ​ក្ដី​របស់​តំណាង​រាស្ត្រ​បក្ស​ជំទាស់ បាន​ដាក់​ពាក្យ​បណ្ដឹង​បន្ថែម​ទៀត​ចូល​ទៅ​តុលាការ​ក្រុង​ភ្នំពេញ ពាក់ព័ន្ធ​សំណុំ​រឿង​ហិង្សា​នៅ​ខាង​មុខ​វិមាន​រដ្ឋសភា។ ឆ្លើយ​នៅ​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក ជូង ជូងី អះអាង​ថា ពាក្យ​បណ្ដឹង​ជា​ថ្មី​នេះ គឺ​ស្នើ​ឲ្យ​តុលាការ​ស្វែងរក​បន្ថែម​ទៀត​ចំពោះ​ជន​សម​គំនិត និង​មេ​បាតុកម្ម ដែល​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​កាល​ពី​ខែ​តុលា កន្លង​ទៅ។

មេធាវី​ការពារ​ក្ដី​ឲ្យ​អ្នក​តំណាង​រាស្ត្រ​ទាំង​ពីរ​រូប បញ្ជាក់​ថា ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​យក​ការ​ដាក់​បន្ទុក​ថ្មី​បន្ថែម​ទៀត​របស់​ដើម​បណ្ដឹង ដែល​តំណាង​ដោយ​មេធាវី​ក្នុង​សំណុំ​រឿង​ហិង្សា​នៅ​មុខ​វិមាន​រដ្ឋសភា​ហើយ ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​បន្ត​ទៀត។

បើ​ទោះ​ជា​បែប​ណា អង្គការ​មិន​មែន​រដ្ឋាភិបាល​ផ្នែក​ការពារ​សិទ្ធិ​មនុស្ស រិះគន់​ថា ចំណាត់​ការ​របស់​តុលាការ​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​មួយ​នេះ ដំណើរ​ការ​ទៅ​ដ៏​យឺតយ៉ាវ។

លោក ជូង ជូងី មេធាវី​ការពារ​ក្ដី​របស់ លោក ញ៉យ ចំរើន និង​លោក គង់ សភា ដែល​ក្រុម​បាតុករ​វាយ​ឲ្យ​រង​របួស​ធ្ងន់​នោះ ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ខាង​ក្រៅ​បរិវេណ​តុលាការ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ធ្នូ ថា អ្វី​ដែល​លោក​ចំណាយ​អស់​ពេល​ជាច្រើន​ម៉ោង​នេះ គឺ​ក្នុង​នាម​ជា​មេធាវី​តំណាង​ឲ្យ​ជន​រងគ្រោះ បាន​ដាក់​បណ្ដឹង​បន្ថែម​ទៀត ប្រយោជន៍​ដើម្បី​បើក​ផ្លូវ​ឲ្យ​ចៅក្រម​ស៊ើបសួរ អាច​ស្វែងរក​ចាប់​ខ្លួន​អ្នក​ផ្ដើម​គំនិត​នាំ​ឲ្យ​មាន​អំពើ​ហិង្សា ដែល​មិន​ត្រឹម​តែ​អ្នក​ប្រព្រឹត្តិ​បទល្មើស​ក្នុង​រឿង​ព្រហ្មទណ្ឌ​នេះ​ប៉ុណ្ណោះ​ទេ។ ឆ្លើយ​នៅ​ចំពោះ​មុខ​ចៅក្រម លោក អ៊ី ថាវរៈ លោក ជូង ជូងី និយាយ​ថា បណ្ដឹង​បន្ថែម​ទៀត​នៅ​ពេល​នេះ គឺ​ប្ដឹង​អ្នក​សម​គំនិត និង​មេ​បាតុកម្ម ដែល​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​តែ​ម្ដង។ លោក​បន្ត​ថា «បណ្ដឹង​ទី​១ យើង​ប្ដឹង​ទៅ​លើ​បាតុករ​ដែល​ធ្វើ​បាតុកម្ម​ឈាន​ទៅ​ប្រើ​ហិង្សា យើង​ចោទ​ប្រកាន់​ប៉ុនប៉ង​មនុស្ស​ឃាត ហើយ​និង​ហិង្សា​ដោយ​ចេតនា។ ប៉ុន្តែ​នៅ​ក្នុង​បណ្ដឹង​បន្ថែម យើង​ប្ដឹង​បន្ថែម​ទៅ​លើ​ប្លន់ ពីព្រោះ​ក្រោយ​ពី​អំពើ​ហិង្សា​កើត​ឡើង មាន​ការ​បាត់បង់​ទ្រព្យ​សម្បត្តិ»

មេ​ដឹក​នាំ​ធ្វើ​បាតុកម្ម​ប្រឆាំង លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី​២៦ តុលា នៅ​មុខ​រដ្ឋសភា គឺ​លោក ប៉ាន់ខែម ប៊ុនថន ជា​ជំនួយការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ឋានៈ​ជា​អគ្គនាយក​រង។

មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស ចាត់​ទុក​ថា តុលាការ​ហាក់​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​អនុវត្ត​នីតិវិធី​របស់​ខ្លួន ដែល​នៅ​តែ​ពុំ​ទាន់​អាច​កំណត់​មុខ​សញ្ញា​ជន​សង្ស័យ​បន្ថែម​ក្នុង​សំណុំ​រឿង​នេះ​បាន។ ជាង​នេះ​ទៀត ភាព​ខុស​គ្នា​ក្នុង​ការ​អនុវត្ត​ច្បាប់​នេះ ត្រូវ​បាន​អង្គការ​មិន​មែន​រដ្ឋាភិបាល មើល​ឃើញ​ថា សំណុំ​រឿង​ហិង្សា​ចំពោះ​អ្នក​តំណាង​រាស្ត្រ​ទាំង ២​រូប​នេះ សម​ល្មម​តុលាការ​អាច​ដំណើរ​ការ​ទៅ​បាន ដោយ​ហេតុ​ថា មាន​ឯកសារ​ដាក់​បន្ទុក​គ្រប់គ្រាន់ បូក​រួម​ទាំង​ខ្សែ​វីដេអូ​ដែល​បែក​ធ្លាយ​ពី​រដ្ឋសភា និង​រូបភាព​តាម​បណ្ដាញ​សង្គម​ផង ជាពិសេស​បទល្មើស​ជាក់ស្តែង។ ផ្ទុយ​ពី​នេះ​វិញ ករណី លោក ហុង សុខហួរ មាន​ត្រឹម​ឯកសារ​នៅ​តាម​បណ្ដាញ​សង្គម ក៏ប៉ុន្តែ​ត្រូវ​បាន​តុលាការ​ចាត់​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព។

មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត យល់​ឃើញ​ថា នេះ​ជា​បញ្ហា​ដែល​តុលាការ​នៅ​កម្ពុជា នៅ​តែ​មាន​ភាព​អល់អែក​អំពី​ចំណាត់​ការ​របស់​ខ្លួន ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ក្នុង​ក្របខ័ណ្ឌ​នៃ​ប្រព័ន្ធ​យុត្តិធម៌​បាន។ ម្យ៉ាង​វិញ​ទៀត ការ​អនុវត្ត​ច្បាប់​នៅ​តែ​រក​ឃើញ​ថា មាន​ភាព​មិន​ស្មើ​គ្នា​នៅ​ឡើយ​រវាង​មនុស្ស ២​ក្រុម ពោល​គឺ​តុលាការ​នៅ​តែ​បន្ត​អនុវត្ត​ស្តង់ដារ​ពីរ នៃ​ការ​ផ្ដល់​ភាព​យុត្តិធម៌។ បន្ថែម​ពី​លើ​នេះ លោក អំ សំអាត ចាត់​ទុក​ថា មាន​អង្គ​ហេតុ​ល្មម​គ្រប់គ្រាន់​ដែល​អាច​កំណត់​មុខ​សញ្ញា​នៃ​ជន​សង្ស័យ​បាន ក៏ប៉ុន្តែ​នៅ​ចំពោះ​មុខ​នេះ គេ​ពុំ​បាន​ឃើញ​តុលាការ​អាច​បំពេញ​ទៅ​តាម​កាតព្វកិច្ច​បាន​នៅ​ឡើយ។ លោក​បន្ត​ថា «វីដេអូ​ឃ្លិប​ផ្សេងៗ​ទៀត​ក៏​បាន​បង្ហាញ​យ៉ាង​ច្បាស់​ផង​ដែរ។ ទាំង​នេះ​ក៏​ជា​ភស្តុតាង​មួយ​ដែល​ជា​មូលដ្ឋាន សម្រាប់​តុលាការ​ក្នុង​ការ​ឈោង​ទៅ​រក​ការ​ចាប់​ខ្លួន ពីព្រោះ​ទាំងអស់​នេះ​ហាក់​ដូចជា​គ្មាន​ភស្តុតាង​ណា​មួយ​ដែល​ជា​រឿង​ប្រឌិត​ឡើង​ទេ។ វា​ជា​ការ​ថត​ចេញ​ដោយ​ពិត​ប្រាកដ។ ខ្ញុំ​គិត​ថា បើ​សិន​ជា​តំណាង​ទាំង​ពីរ​នាក់​នេះ​ជា​តំណាង​រាស្ត្រ​របស់​គណបក្ស​កាន់​អំណាច​វិញ។ អ៊ីចឹង​ជន​ដែល​ពាក់ព័ន្ធ និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ហ្នឹង នឹង​អាច​ចាប់​ខ្លួន​ភ្លាមៗ និង​ចាប់​ខ្លួន​បន្តបន្ទាប់​មិន​ខាន​ទេ​បាទ»

តំណាង​រាស្ត្រ​បក្ស​ជំទាស់ ២​រូប គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា ត្រូវ​បាន​បាតុករ​ដែល​ទាមទារ​ទម្លាក់ លោក កឹម សុខា ពី​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា ប្រើ​ហិង្សា​បណ្ដាល​ឲ្យ​មាន​របួស​ធ្ងន់ធ្ងរ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា នៅ​ខាង​មុខ​វិមាន​រដ្ឋសភា។ រយៈពេល ៩​ថ្ងៃ​ក្រោយ ពោល​គឺ​កាល​ពី​ថ្ងៃ​ទី​៣ វិច្ឆិកា មនុស្ស ៣​នាក់​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​ទៀត​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា បាន​ចេញ​មុខ​សារភាព។ ការ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ភ្លាមៗ​នេះ បន្ទាប់​ពី លោក ហ៊ុន សែន អន្តរាគមន៍ និង​អំពាវនាវ​ឲ្យ​អ្នក​ប្រព្រឹត្តិ​បទល្មើស ចេញ​មុខ​ទទួល​ខុស​ត្រូវ​ចំពោះ​ហេតុការណ៍ រហូត​បង្ក​ឲ្យ​តំណាង​រាស្ត្រ ២​រូប​របស់​បក្ស​ជំទាស់ ត្រូវ​រង​របួស​ធ្ងន់ធ្ងរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

If you want to find the real criminals (the masterminds) behind the brutally attacked on the two opposition Party members of parliament infront of Natioal Assembly in kingdom of Cambodia in the broad daylight, you have to ask Hun Mani and Hun SEN himself. The victims' lawyer should also widen the accuse and sue to all police officers on duty at the NATIONAL ASSEMBLY on that day including police chief in charge and Interior Minister, because in the morning of October 26th 2015 opposition party members that was in the National Assembly building did sense something really wrong and fear for personally security, then Mr. Yim Sovann did contact Interior Minister (Mr. Sar Kheng) requesting help. Mr. Sar Kheng also re assure Mr. Sovann that every thing is OK, nothing will happen instead Mr. Sar Kheng didn't give order to all police chiefs to increase security at the site. So is this just a co incidents Or IS IT A SET UP FROM THE TOP?

Dec 29, 2015 01:13 AM

អ្នក​អាន​អនាមិក

បើ លោក ហ៊ុន សែន ជាមនុស្ស ល្អ ត្រូវចាប់អ្នកប្រព្រឹត្ត អំពើ ហឹង្សា ( លើតំណាងរាស្ត្រ ២ នាក់ ) ទាំងអស់ និងអ្នកបញ្ជា នៅពីក្រោយ យកមកកាត់ទោស ភ្លាម !

Dec 28, 2015 07:53 AM

គេហទំព័រ​ទាំងមូល