សាលា​ឧទ្ធរណ៍​កោះហៅ​លោក ឌិន ពុទ្ធី តាម​បណ្ដឹង​សាទុក្ខ​សំណុំ​រឿង​ប៉ូលិស​សន្លប់​មុខ​ឡាន

ដោយ អាស៊ីសេរី
2020-01-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា (CIREA) លោក ម៉ង់ ពុទ្ធី ឬ​ហៅ ឌិន ពុទ្ធី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា (CIREA) លោក ម៉ង់ ពុទ្ធី ឬ​ហៅ ឌិន ពុទ្ធី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
RFA

សាលាឧទ្ធរណ៍​កោះហៅ​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធី ឱ្យ​ចូល​បំភ្លឺ នៅ​ថ្ងៃ​ទី​១៦ មករា​ខាងមុខ​។ ដីកាកោះ​នេះ បន្ទាប់ពី​ដើមបណ្ដឹង​បាន​ប្ដឹង​ទាស់​នឹង​សាលក្រម​របស់​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ដែល​បាន​ផ្ដន្ទាទោស​ដាក់គុក​លោក ១​ឆ្នាំ ក្នុង​សំណុំរឿង​មន្ត្រី​ប៉ូលិស​ម្នាក់ ដួល​សន្លប់​មុខ​ឡាន​លោក​នៅ​ច្រកទ្វា​អន្តរជាតិ​ប៉ោយប៉ែត ថា ជា​រឿង​អយុត្តិធម៌។

ព្រះរាជអាជ្ញា​នៃ​មហាអយ្យកា​អម​សាលាឧទ្ធរណ៍​លោក តាន់ សេណារ៉ុង បង្គាប់​ឱ្យ​លោក ឌិន ពុទ្ធី ចូល​បំភ្លឺ​តុលាការ​នៅ​បន្ទប់​ពិភាក្សា​ដេញដោល​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មករា។

ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធី ត្រូវ​បាន​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ ពី​បទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស តាំងពី​ខែ​មករា ឆ្នាំ​២០១៧។

លោក ឌិន ពុទ្ធី ប្រាប់​អាស៊ីសេរី​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មករា​ថា មូលហេតុ​ដែល​លោក​ប្ដឹង​ឧទ្ធរណ៍​ដោយសារ​លោក​មិន​ពេញ​ចិត្តនឹង​សាលក្រម​របស់​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ដែល​បាន​សម្រេច​​ឱ្យ​លោក​ចាញ់ក្ដី​។ លោក​រំពឹង​ថា តុលាការ​ឧទ្ធរណ៍​នឹង​អាច​ជួយ​រក​យុត្តិធម៌​ជូន​លោក​បាន​។ លោក​បញ្ជាក់​ថា សាលាដំបូង​ខេត្ត​បាន​ចោទប្រកាន់​លោក​ដោយ​អយុត្តិធម៌ ពីព្រោះ​លោក​ថា កាល​ពី​ឆ្នាំ​២០១៦ នោះ អតីត​នាយរង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ គឺ​លោក ឈាន ពិសិដ្ឋ បាន​ធ្វើ​ពុត​ជា​ដួល​ដោយ​ខ្លួនឯង៖ «កាលណា​គេ​កាត់​ឱ្យ​ខ្ញុំ​បាន​ទោស​អីចឹង​ទោះបី​ខ្ញុំ​រួចខ្លួន​ក៏ដោយ ក៏​នៅ​​ក្នុង​បញ្ជី​ខ្មៅ​របស់​តុលាការ​ដែរ ហើយ​មួយទៀត​វា​ធ្វើ​យើង​ខូច​កិត្តិយស ចង់​និយាយ​ថា​យើង​អត់​បាន​ធ្វើ​អី​សោះ ស្រាប់តែ​យើង​មាន​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​របស់​គេ។ វា​អយុត្តិធម៌​ហួសហេតុ​មិន​អាច​ទទួល​យក​បានទេ។ អីចឹង​សុំ​ឱ្យ​សាលាឧទ្ធរណ៍​ហ្នឹង​មេត្តា​ពិនិត្យ​ឡើងវិញ ហើយ​នឹង​ផ្ដល់​ភាព​យុត្តិធម៌​ឱ្យ​ខ្ញុំ​វិញ​។​មួយទៀត​ខ្ញុំ​សង្ឃឹមថា តុលាការ​នឹង​លើកលែង​ការចោទប្រកាន់ ឬ​ទម្លាក់​ចោល​ការចោទប្រកាន់​ទាំងស្រុង ពីព្រោះ​សាលាឧទ្ធរណ៍​ធ្លាប់​ធ្វើ​ការ​ដោះលែង​ខ្ញុំ​ឱ្យ​នៅ​ក្រៅ​ឃុំ​កាល​ពី​ដើម​ឆ្នាំ​២០១៧»

កាលពី​ធ្នូ​ឆ្នាំ​២០១៨ សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​បាន​ផ្ដន្ទាទោស​លោក ឌិន ពុទ្ធី ដាក់​ពន្ធនាគារ ១​ឆ្នាំ តែ​អនុវត្ត​ទោស​តែ ២១​ថ្ងៃ ដោយ​ចោទ​ប្រកាន់​ថា បាន​បើកឡាន​បុក​នាយរង​ប៉ុស្តិ៍​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត គឺ​លោក ឈាន ពិសិដ្ឋ កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៦។

លោក ឌិន ពុទ្ធី ត្រូវ​បាន​តុលាការ​ដោះលែង​ពី​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៧​។ ប៉ុន្តែ​លោក​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការពិនិត្យ​តាម​ដាន​របស់​តុលាការ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើកឡើង​ថា ការ​ប្ដឹង​ទាស់​លើ​សំណុំ​រឿង​នេះ ជា​រឿង​ត្រឹមត្រូវ ដើម្បី​ឱ្យ​តុលាការ​ជួយ​រក​យុត្តិធម៌ និង​ដើម្បី​ស្ដារ​ភាព​ស្អាតស្អំ​របស់​ជន​ត្រូវ​ចោទ​។ លោក​បញ្ជាក់​ថា សាលាដំបូង​ខេត្ត​ផ្ដន្ទាទោស​លោក ឌិន ពុទ្ធី ដោយ​អយុត្តិធម៌ ពីព្រោះ​ក្នុង​វីដេអូ​ឃ្លី​ប និង​សាក្សី​ស្ថិតនៅ​កន្លែង​កើត​ហេតុ​​ជា​ច្រើន​​នាក់ បាន​អះអាង​ថា មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​មិន​បាន​បើកឡាន​បុក​​ប៉ូលិស​​ដូច​ការ​​ចោទ​ប្រកាន់​​ឡើយ៖ «ហ្នឹង​វីដេអូ​បញ្ជាក់​ផង​ចុះបើ​សិន​អត់​មាន​វីដេអូ​បញ្ជា​ក់​ទៀត គឺ​សមត្ថកិច្ច​អះអាង​តាមតែ​ចិត្ត​ហ្នឹង។ ហើយ​ដាក់ទោស​ទៅលើ​មនុស្ស​ដែល​មិនបាន​ប្រព្រឹត្ត​អីចឹង​អយុត្តិធម៌​សង្គម​ណាស់​ដែល​នៅ​ក្នុង​ការ​មិន​ចាត់ការ ចាត់ការ​ដែរ ប៉ុន្តែ​ទៅជា​ដាក់ទោស​ទៅតាម​អ្វី​ដែល​ខ្លួន​នឹកឃើញ​តាម​ដែល​ខ្លួន​រៀបចំ​ធ្វើការ​ចោទប្រកាន់​នោះ»

ក្រោយពី​មាន​ក្ដី​ក្ដាំង​នេះ​លោក ឈាន ពិសិដ្ឋ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ បន្ទាប់​ពី​មាន​ជម្លោះ​ជាមួយ​មិត្ត​រួមការ​ងារ​នៅ​ក្រុង​ប៉ោយប៉ែត​កាល​ពី​ឆ្នាំ​២០១៧។

អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក ឈាន ពិសិដ្ឋ ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​ពី​ការ​ប្ដឹង​ទាស់​របស់​លោក ឌិន ពុទ្ធី នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១៤ មករា។

លោក ឌិន ពុទ្ធី ថ្លែង​ថា ប្រសិន​បើ​សាលាឧទ្ធរណ៍​មិន​អាច​ផ្ដល់​យុត្តិធម៌​ជូន​លោក​បានទេ លោក​នឹង​ប្ដឹង​រក​យុត្តិធម៌​ទៅ​តុលាការ​កំពូល​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល