អ្នក​ឃ្លាំ​មើល៖ ទំនាស់​ដីធ្លី​និង​ព្រៃ​ឈើ​នឹង​បន្ត​កើត​មាន​នៅ​ឆ្នាំ​២០១៤

ឆ្នាំ​២០១៣ ជា​ឆ្នាំ​ដែល​កើត​មាន​បញ្ហា​ជាច្រើន រួម​មាន បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និទ្ទណ្ឌភាព និង​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន ក្រោម​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល និង​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជាដើម។ ឆ្នាំ​២០១៤ បាន​មក​ដល់ ហើយ​អ្វី​ដែល​ប្រជាពលរដ្ឋ​គ្រប់​រូប​ចង់​បាន​នោះ គឺ​ការ​ចង់​បាន​សេចក្ដី​សុខសាន្ដ​នៅ​ក្នុង​សង្គម ដូច​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ គឺ​ពលរដ្ឋ​គ្រប់​រូប​ត្រូវ​បាន​ធានា​ដោយ​ច្បាប់។
ដោយ ទីន ហ្សាការីយ៉ា
2013-12-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​កម្លាំង​ប្រដាប់​អាវុធ​ចុះ​រុះ​រើ​និង​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​នៅ​លើ​ដី​ដែល​មាន​ជម្លោះ​មួយ​កន្លែង​ក្នុង​ក្រុង​ព្រះសីហនុ។
ទិដ្ឋភាព​កម្លាំង​ប្រដាប់​អាវុធ​ចុះ​រុះ​រើ​និង​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​នៅ​លើ​ដី​ដែល​មាន​ជម្លោះ​មួយ​កន្លែង​ក្នុង​ក្រុង​ព្រះសីហនុ។
Photo courtesy of licadho.org

ក៏ប៉ុន្តែ អ្នក​ច្បាប់ និង​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស បាន​លើក​ឡើង​ថា ប្រសិន​បើ​រដ្ឋាភិបាល​មិន​ធ្វើ​កែប្រែ ឬ​មិន​អនុវត្ត​ការ​គោរព​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ទេ​នោះ បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស ការ​បណ្ដេញ​ចេញ និង​ករណី​ផ្សេងៗ​ទៀត នឹង​កើត​មាន​មិន​ខុស​ពី​ឆ្នាំ​២០១៣ កន្លង​មក​នេះ​ទេ។

សេចក្ដី​សុខ និង​ភាព​សុខ​សប្បាយ​នៅ​ក្នុង​សង្គម ជា​តម្រូវ​ការ​ចាំបាច់​របស់​មនុស្ស​គ្រប់​គ្នា​ក្រៅ​ពី​តម្រូវ​ការ​សេដ្ឋកិច្ច​ប្រចាំ​ថ្ងៃ។ ភាព​សុខសាន្ដ​ក្នុង​សង្គម ដោយ​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​ធំ​នេះ ត្រូវ​បាន​ធានា​ក្នុង​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ។

ឆ្នាំ​២០១៣ មាន​រឿងរ៉ាវ​ជាច្រើន​បាន​កើត​មាន ប៉ុន្តែ​ឆ្នាំ​២០១៤ បាន​មក​ដល់​នេះ ក្រុម​អ្នក​ច្បាប់ និង​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស បាន​លើក​ឡើង​ថា នឹង​មាន​បញ្ហា​កើត​មាន​ទៀត​មិន​ខុស​ពី​ឆ្នាំ​២០១៣ នោះ​ទេ ដោយសារ​តែ​ភាព​ធូររលុង​នៃ​ការ​អនុវត្ត​ច្បាប់។ ហើយ​បើ​រដ្ឋាភិបាល​មាន​យន្តការ​ច្បាស់​លាស់​ក្នុង​ការ​អនុវត្ត​ច្បាប់ នឹង​ធ្វើ​ឲ្យ​កាត់​បន្ថយ​នូវ​បញ្ហា​ទាំង​នេះ។

បញ្ហា​ដែល​នឹង​បន្ត​កើត​មាន​នៅ​ឆ្នាំ​២០១៤ នោះ រួម​មាន ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ការ​បណ្ដេញ​ចេញ​យក​ដី បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និទ្ទណ្ឌភាព និង​បញ្ហា​ផ្សេងៗ​ទៀត។

មន្ត្រី​ច្បាប់​នៃ​លេខាធិការដ្ឋាន​ពិសេស​នៃ​សិទ្ធិ​លំនៅឋាន លោក អាំ អូនី មាន​ប្រសាសន៍​ថា នៅ​ឆ្នាំ​២០១៤ ខាង​មុខ នឹង​មាន​បញ្ហា​កើត​មាន​មិន​ខុស​ពី​ឆ្នាំ​២០១៣ ឡើយ ដោយសារ​តែ​មាន​បញ្ហា​ជាច្រើន​បាន​កើត​មាន​នៅ​ឆ្នាំ​២០១៣ ហើយ​រដ្ឋាភិបាល​មិន​ទាន់​ដោះស្រាយ​បញ្ចប់​នៅ​ឡើយ។ លោក​បញ្ជាក់​ថា បញ្ហា​នឹង​កើត​មាន​នោះ រួម​មាន​សហគមន៍​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ នឹង​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​បន្ថែម​ទៀត​ក្រោម​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល ដែល​មាន​ចំនួន ៧៩​សហគមន៍។

«សំឡេង»

ក្រុម​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស និង​ក្រុម​អ្នក​ច្បាប់​បាន​លើក​ឡើង​ថា កម្ពុជា នៅ​មាន​បញ្ហា​ជាច្រើន​ទៀត​ដែល​រដ្ឋាភិបាល​នឹង​ដោះស្រាយ​មិន​ទាន់​បាន​នៅ​ឆ្នាំ​២០១៤ រួម​មាន ការ​បោស​សម្អាត​អំពើ​ពុក​រលួយ ការ​ទប់ស្កាត់​កាប់​ព្រៃ​ឈើ ការ​អនុវត្ត​ច្បាប់ ឬ​បញ្ចប់​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍ ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​អំពី​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន ដែល​ជា​ដើម​ចម​ធ្វើ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស។ល។

អង្គការ​សង្គម​ស៊ីវិល បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា ក្នុង​រយៈពេល​បី​ទសវត្ស​កន្លង​ទៅ បាន​រួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់ និង​ពង្រឹង​សមត្ថភាព​បុគ្គល និង​សហគមន៍ ការ​ជំរុញ​ឲ្យ​មាន​គោល​នយោបាយ​ក្នុង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​សមធម៌ ការពារ​សិទ្ធិ​របស់​អ្នក​ទន់​ខ្សោយ និង​ការ​បំពេញ​ការងារ​ឆ្ពោះ​ទៅ​កាន់​សាមគ្គី​សង្គម។

នាយិកា​ប្រតិបត្តិ​អង្គការ​សិទ្ធិ​មនុស្ស​ដើម្បី​តម្លាភាព និង​សន្តិភាព អ្នកស្រី ម៉ម ស៊ីថា មាន​ប្រសាសន៍​ថា អំពើ​ពុក​រលួយ​បាន​ចាក់​គ្រឹះ​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គម​កម្ពុជា ទោះ​បី​ជា​រដ្ឋាភិបាល​បាន​បង្កើត​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​ក្ដី ប៉ុន្តែ​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​នេះ ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​អាច​បោះ​សម្អាត​បាន​នោះ​ឡើយ ដោយសារ​ថា​ការ​ចាប់​ខ្លួន​មន្ត្រី​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​មិន​ធ្វើ​ជា​ទូទៅ​នោះ​ទេ។

«សំឡេង»

អ្នកស្រី ម៉ម ស៊ីថា បញ្ជាក់​ថា ដើម្បី​ឲ្យ​រដ្ឋាភិបាល​សម្រេច​បាន​នូវ​គោលដៅ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​នោះ លុះត្រា​ណា​រដ្ឋាភិបាល​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឲ្យ​ស្មើ​ភាព​គ្នា មិន​រើស​អើង មិន​ប្រកាន់​បក្ខពួក ការ​អនុវត្ត​ច្បាប់​ត្រូវ​បម្រើ​សង្គម​ជាតិ​ជា​ទូទៅ ទោះ​បី​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ក្ដី។

«សំឡេង»

មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ពន្យល់​ថា រដ្ឋាភិបាល​មាន​ផែន​ការ​ក្នុង​ការ​អភិវឌ្ឍ​របស់​ខ្លួន​ត​ទៅ​មុខ​ទៀត ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព និង​គុណភាព ប៉ុន្តែ​ទន្ទឹម​នឹង​នេះ រដ្ឋាភិបាល​ត្រូវ​ការ​ពេល​វេលា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នៅ​សេសសល់ ដូច​ជា ករណី​សើរើ​ឡើង​វិញ​នូវ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​កន្លង​មក រដ្ឋាភិបាល​ធ្វើ​បាន​ខ្លះ​ហើយ។ ការ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ទាំងអស់​គ្នា​ជាដើម។

«សំឡេង»

ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក សួន ប៊ុនស័ក្ដិ បាន​លើក​ឡើង​ថា នៅ​ឆ្នាំ​២០១៤ នេះ នឹង​មាន​បញ្ហា​សិទ្ធិ​ក្នុង​ការ​កាន់​កាប់​ដីធ្លី និង​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង គ្មាន​ការ​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត និង​ការ​ខ្វះ​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ប្រព្រឹត្តិ​ខុស​ច្បាប់។

លោក សួន ប៊ុនស័ក្ដិ បាន​លើក​ជា​ឧទាហរណ៍​ដូច​ជា មាន​ករណី​មួយ​ចំនួន​ក្នុង​ឆ្នាំ​២០១៣ រដ្ឋាភិបាល​មិន​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព ដូច​ជា​ករណី លោក ឈូក បណ្ឌិត បាញ់​កម្មករ សមត្ថកិច្ច​បង្ក្រាប​បាតុករ​បាញ់​ស្លាប់​បុរស​ម្នាក់​នៅ​ស្ពាន​ក្បាល​ថ្នល់ និង​ករណី​បង្ក្រាប​បាតុករ​បាញ់​ស្លាប់​ស្ត្រី​លក់​បាយ​នៅ​ស្ទឹងមានជ័យ​ជាដើម។ លោក សួន ប៊ុនស័ក្ដិ បាន​លើក​ឡើង​ថា យុទ្ធសាស្ត្រ​កែ​ទម្រង់​របស់​រដ្ឋាភិបាល​នីតិកាល​ទី​៥​នេះ នឹង​មិន​មាន​ប្រសិទ្ធភាព​នោះ​ឡើយ។

«សំឡេង»

លោក សួន ប៊ុនស័ក្ដិ បាន​បន្ថែម​ថា មូលហេតុ​ចម្បង​ដែល​កើត​មាន​នៅ​ឆ្នាំ​២០១៣ នោះ គឺ​ការ​អនុវត្ត​ច្បាប់​មិន​មាន​ប្រសិទ្ធភាព​នេះ​ហើយ ដែល​ជា​កត្តា​ជំរុញ​ឲ្យ​មាន​បញ្ហា​ផ្សេងៗ​កើត​មាន​នៅ​ឆ្នាំ​២០១៣ រួម​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​បណ្ដេញ​ចេញ​ពី​ដីធ្លី​ជាដើម។

«សំឡេង»

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​រក​ឃើញ​ថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​ហេតុផល​ចម្បង បណ្ដាល​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ទាំង​នៅ​ទីក្រុង និង​នៅ​ទី​ជនបទ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាពលរដ្ឋ។ ហើយ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ដែល​កើត​មក​ពី​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ នឹង​បន្ត​កើត​មាន​ទៀត​នៅ​ឆ្នាំ​២០១៤។

ម្យ៉ាង​វិញ​ទៀត ប្រជាពលរដ្ឋ​មួយ​ចំនួន​នឹង​ខ្វះ​ខាត​ដី និង​គ្មាន​ដី​កសិកម្ម បន្ទាប់​ពី​ក្រុមហ៊ុន​បណ្ដេញ​ចេញ។ ដូច្នេះ រដ្ឋាភិបាល​ត្រូវ​មាន​យន្តការ​ច្បាស់​លាស់ ដើម្បី​បង្កើន​សមធម៌​ក្នុង​ការ​បែង​ចែក​ដី។ ក្រសួង​ពាក់ព័ន្ធ ក្រសួង​មហាផ្ទៃ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រូវ​រួម​បញ្ចូល​ក្នុង​ការ​ដំណើរ​ការ​សម្បទាន​ដី​សង្គមកិច្ច និង​ករណី​ផ្សេងៗ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

នរំស៊ីនក

បើអ្នកដឹកនាំប្រទេសនៅគ្រប់គ្រងដដែលនោះ ប្រៀបបានដូចស្រមោលអន្ទោលតាមប្រាណ
ទោះដល់ឆ្នាំ៣០០០ក៏នៅតែរបៀបហ្នឹងដដែល.......។

Dec 31, 2013 06:36 AM

គេហទំព័រ​ទាំងមូល