ពលរដ្ឋ​នៅ​បន្ទាយមានជ័យ​ជាង​១០០​គ្រួសារ​តវ៉ា​ឲ្យ​អាជ្ញាធរ​បញ្ឈប់​​ក្រុមហ៊ុន​ធ្វើ​ថ្មកំបោរ​លើ​ដី​អ្នក​ភូមិ

ដោយ ហ៊ុំ ចំរើន
2014-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជាពលរដ្ឋ​នៅ​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ តវ៉ា​នៅ​មុខ​សាលា​ខេត្ត​ដើម្បី​ឲ្យ​អាជ្ញាធរ​ខេត្ត​បញ្ឈប់​ក្រុមហ៊ុន​ផលិត​ថ្មកំបោរ ស៊ី.ហ្វាយ.អិល (C.Y.L) ចេញ​ពី​​ដី​របស់​អ្នក​ភូមិ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ ធ្នូ ២០១៤។
ប្រជាពលរដ្ឋ​នៅ​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ តវ៉ា​នៅ​មុខ​សាលា​ខេត្ត​ដើម្បី​ឲ្យ​អាជ្ញាធរ​ខេត្ត​បញ្ឈប់​ក្រុមហ៊ុន​ផលិត​ថ្មកំបោរ ស៊ី.ហ្វាយ.អិល (C.Y.L) ចេញ​ពី​​ដី​របស់​អ្នក​ភូមិ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ ធ្នូ ២០១៤។
Adhoc Photo

ប្រជាពលរដ្ឋ​នៅ​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ប្រមាណ​ជាង ១០០​នាក់ តំណាង​ឲ្យ​ជាង ១០០​គ្រួសារ បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​ដើម្បី​ឲ្យ​អាជ្ញាធរ​ខេត្ត​បញ្ឈប់​ក្រុមហ៊ុន​ផលិត​ថ្មកំបោរ ស៊ី.ហ្វាយ.អិល (C.Y.L) ចេញ​ពី​​ដី​របស់​អ្នក​ភូមិ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ធ្នូ។ អ្នក​ភូមិ​បញ្ជាក់​ថា​ ក្រុមហ៊ុន​នេះ​បាន​បោះ​បង្គោល​​លើ​ដី​របស់​ប្រជាពលរដ្ឋ​អស់​ជា​ច្រើន​ហិកតារ ​ដោយ​ពុំ​មាន​ការ​អនុញ្ញាត​នោះ​ទេ។

បន្ទាប់​ពី​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ប្រមាណ ១​ម៉ោង​មក​ មន្ត្រី​សាលា​ខេត្ត​បន្ទាយមានជ័យ​ អនុញ្ញាត​ឲ្យ​តំណាង​អ្នក​តវ៉ា​ចំនួន ៦​នាក់ ចូល​ជួប​ពិភាក្សា​រក​ដំណោះ​ស្រាយ​នៅ​ខាង​ក្នុង​សាលា​ខេត្ត។ ប៉ុន្តែ​ការ​ចរចា​នោះ​​ពុំ​ទទួល​បាន​លទ្ធផល​នៅ​ឡើយ​ទេ។

តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​ អ្នកស្រី ណែម ឈុន រស់​នៅ​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរីសោភ័ណ​ ខេត្ត​បន្ទាយមានជ័យ ថ្លែង​នៅ​ថ្ងៃ​ទី​២៩ ធ្នូ ថា ក្រុមហ៊ុន​ផលិត​ថ្មកំបោរ ឈ្មោះ ស៊ី.ហ្វាយ.អិល បោះ​បង្គោល​លើ​ផ្ទៃ​ដី​​​ប្រមាណ ៥០​ហិកតារ​ របស់​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ​ នៅ​ចំណុច​ភូមិពង្រ សង្កាត់​កំពង់ស្វាយ ​ក្រុង​សិរីសោភ័ណ។ អ្នក​ស្រី​បន្ត​ថា​ ក្រុម​ហ៊ុន​នេះ​បោះ​បង្គោល​​វាតទី​លើ​ដី​របស់​អ្នក​ភូមិ​ក្នុង​បំណង​យក​ដី​នៅ​តំបន់​ផលិត​ថ្មកំបោរ​ ធ្វើ​ឡើង​ដោយ​ពុំ​មាន​ការ​អនុញ្ញាត​ពី​ប្រជាពលរដ្ឋ​​នោះ​ទេ៖ «ដល់​ពេល​បោះ​បង្គោល​មិន​ប្រាប់​ប្រជាពលរដ្ឋ​អ៊ីចឹង​ ក៏​នាំ​គ្នា​ទៅ​សួរ​មេភូមិ​គាត់​ថា យក​ដី​ហ្នឹង​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ធ្វើ​ថ្មកំបោរ​ តែ​ពួក​ខ្ញុំ​មិន​ព្រម​ឲ្យ​ធ្វើ​ទេ​ ព្រោះ​អី​ដី​នោះ​ជា​ដី​កសិកម្ម​ដែល​ជា​ឆ្នាំង​បាយ​របស់​អ្នក​ភូមិ។ដូច្នេះ​ហើយ​បាន​ជា​ពួក​យើង​ខ្ញុំ​នាំ​គ្នា​មក​តវ៉ា​នេះ​ ដើម្បី​ឲ្យ​អាជ្ញាធរ​ដក​អាជ្ញាប័ណ្ណ​​ក្រុមហ៊ុន​ចេញ»

​​​​​​​វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់​ទង​មន្ត្រី​ក្រុមហ៊ុន​ផលិត​ថ្មកំបោរ ស៊ី.ហ្វាយ.អិល ដើម្បី​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៩ ធ្នូ។ ប៉ុន្តែ​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ ខេត្ត​បន្ទាយមានជ័យ លោក សុត វឌ្ឍនា មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​ហ៊ុន​ផលិត​ថ្មកំបោរ ស៊ី.ហ្វាយ.អិល មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​រ៉ែ​និង​ថាមពល​ ធ្វើ​អាជីវកម្ម​ថ្មកំបោរ​ដោយ​ស្រប​ច្បាប់។ លោក​បន្ត​ថា​ ក្រុមហ៊ុន​ពុំបាន​ទៅ​រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ​នោះ​ទេ​ គឺ​គ្រាន់​តែ​ទៅ​បោះ​បង្គោល​នៅ​លើ​ដី​នោះ​មួយ​រយៈ ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ ហើយ​ប្រសិន​ប៉ះពាល់​ដី​របស់​អ្នក​ភូមិ​ក្រុម​ហ៊ុន​នឹង​ពិភាក្សា​ជា​មួយ​ពួកគាត់​ពេល​ក្រោយ៖ «បើ​សិន​ជា​ការ​សិក្សា​ទៅ​ប៉ះ​ទៅ​លើ​ដី​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ណា​ នោះ​ក្រុមហ៊ុន​ហ្នឹង​ធ្វើ​អាជីវកម្ម​កន្លែង​ហ្នឹង​ ហើយ​ដោះស្រាយ​ជា​មួយ​ប្រជាពលរដ្ឋ​ម្ចាស់​ដី​នោះ ហើយ​ប្រសិន​បើ​ប្រជាពលរដ្ឋ​ណា​ដែល​រុករក​ហើយ​តែ​ពុំ​មាន​​ថ្មកំបោរ​ទេ​ គឺ​រក្សាទុក​ដី​នោះ​នៅ​ដដែល»

ទោះ​យ៉ាង​នេះ​ក្ដី​​ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ចាន់គា មាន​ប្រសាសន៍​ថា អាជ្ញាធរ​ពាក់​ព័ន្ធ​មិន​គួរ​អនុញ្ញាត​ឲ្យ​ក្រុម​ធ្វើ​អាជីវកម្ម​រុក​រក​ថ្មកំបោរ​នៅ​តំបន់​ក្រុង​សិរីសោភ័ណ នោះ​ទេ ពីព្រោះ​ថា ការ​រុក​រក​នេះ​គឺ​ពុំ​​បាន​ផ្ដល់​ផល​ចំណេញ​អ្វី​ដល់​ប្រជាពលរដ្ឋ​នោះ​ឡើយ៖ «សូម​កុំ​ឲ្យ​ទឹក​ភ្នែក​ប្រជាពលរដ្ឋ​មាន​បន្ត​ទៀត​ ទី​២ សូម​អំពាវនាវ​ឲ្យ​អ្នក​មាន​លុយ​មាន​អំណាច​ទាំង​អស់​សូម​បញ្ចប់​នៅ​ទង្វើ​ការ​ស្រមើស្រមៃ​ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទឹក​ភ្នែក​នោះ​ សុំ​ឲ្យ​បញ្ឈប់​សកម្មភាព​ហ្នឹង​ទៀត​ត​ទៅ ព្រោះ​ថា កន្លង​មក​សង្កេត​ឃើញ​ការ​វិនិយោគ​ទុន​ផ្សេងៗ​ ច្រើន​តែ​​ក្រុមហ៊ុន​រំលោភ​លើ​ដី​របស់​ប្រជាពលរដ្ឋ​ជានិច្ច»

តំណាង​ប្រជាពលរដ្ឋ​​ បន្ទាប់​ពី​​ចូល​ជួប​ពិភាក្សា​​ជា​មួយ​មន្ត្រី​​សាលា​ខេត្ត​បន្ទាយមានជ័យ ដោយ​សមត្ថកិច្ច​ខេត្ត​សម្រួល​ឲ្យ​អ្នក​តវ៉ា​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ហើយ​សន្យា​ថា នឹង​តាមដាន​លើ​ការងារ​នេះ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ក្រុម​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ប្រសិន​បើ​អាជ្ញាធរ​មិន​បញ្ឈប់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​នៅ​លើ​ដី​របស់​អ្នក​ភូមិ​ទេ​ ពួកគេ​នឹង​នាំ​គ្នា​មក​តវ៉ា​ជា​ថ្មី​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល