អ្នក​ខេត្ត​ត្បូង​ឃ្មុំ និង​ស្វាយ​រៀង​ ស្នើសុំ​ក្រសួង​មហាផ្ទៃ​ និង​ក្រសួង​យុត្តិធម៌ ជួយ​ដោះស្រាយ​រឿង​ដីធ្លី​ និង​ដោះ​លែង​តំណាង​ពលរដ្ឋ ២នាក់

ដោយ សេក បណ្ឌិត
2020-01-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ខេត្ត​ត្បូង​ឃ្មុំ និង​ស្វាយ​រៀង នៅ​ថ្ងៃ​ទី៨ ខែ​មករា ឆ្នាំ២០២០ នាំ​គ្នា​មក​ដាក់​ញត្តិ​នៅ​ក្រសួង​យុត្តិធម៌ និង​ក្រសួង​មហាផ្ទៃ សុំ​ដោះ​ស្រាយ​រឿង​ដីធ្លី និង​ដោះ​លែង​តំណាង​ពួក​គាត់ ២នាក់ ដែល​កំពុង​ជាប់​ឃុំ។
អ្នក​ខេត្ត​ត្បូង​ឃ្មុំ និង​ស្វាយ​រៀង នៅ​ថ្ងៃ​ទី៨ ខែ​មករា ឆ្នាំ២០២០ នាំ​គ្នា​មក​ដាក់​ញត្តិ​នៅ​ក្រសួង​យុត្តិធម៌ និង​ក្រសួង​មហាផ្ទៃ សុំ​ដោះ​ស្រាយ​រឿង​ដីធ្លី និង​ដោះ​លែង​តំណាង​ពួក​គាត់ ២នាក់ ដែល​កំពុង​ជាប់​ឃុំ។
រូប៖ ពលរដ្ឋ​សហគមន៍

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ ក្នុង​ខេត្ត​ស្វាយរៀង និង​ខេត្ត​ត្បូងឃ្មុំ​ ប្រមាណ ១រយ​នាក់ នាំគ្នា​ដាក់​ញត្តិ​នៅ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​យុត្តិធម៌ នៅ​ថ្ងៃ​ទី​៨ ខែ​មករា ស្នើ​សុំ​រដ្ឋមន្ត្រី​ទាំង​ពីរ​រូប​ ឱ្យ​ជួយ​ដោះ​ស្រាយ​បញ្ហា​ឲ្យ​ពួកគាត់ និង​អន្តរាគមន៍​​ដោះលែង​សកម្មជន​ដីធ្លី​ ២នាក់ ​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ។

តំណាង​ប្រជា​ពលរដ្ឋ​ មក​ឃុំ​អំពិល​ ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង លោក​ស្រី ខៀវ សារ៉ុន ឲ្យ​ដឹង​ថា ​មូល​ហេតុ​ដែល​ពលរដ្ឋ​តែង​នាំ​មក​រក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ជាតិ​សំខាន់​ៗ មាន​ក្រសួង​មហាផ្ទៃ ក្រសួង​ដែនដី ក្រសួង​កសិកម្ម និង​ក្រសួង​យុត្តិធម៌ ដោយ​សារ​ពលរដ្ឋ​អស់​ជំនឿ​លើ​ចំណាត់​ការ​របស់​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ មិន​អាច​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​បាន ក្រៅ​តែ​ពី​ការ​សន្យា​ពី​មួយ​ពេល​ទៅ​មួយ​ពេល។

លោកស្រី​រៀបរាប់​ថា រយៈ​ពេល​ជិត​ ២០ឆ្នាំ​មក​នេះ កសិករ​ប្រមាណ ៤៤០​គ្រួសារ នៅ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​ក្នុង​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឥណ្ឌា ឈ្មោះ អិន.ខេ.វិនឈ័រ (NK Venture) នៅ​ឡើយ​ទេ គិត​ចាប់​តាំង​ពី​មាន​ទំនាស់​ក្នុង​ឆ្នាំ២០១០ មក។ លោក​ស្រី​បន្ត​ទៀត​ថា ខាង​អាជ្ញាធរ​មិន​ត្រឹម​តែ​មិន​អាច​ជួយ​ដោះស្រាយ​បញ្ហា​ឲ្យ​ពលរដ្ឋ​បាន​ទេ ប៉ុន្តែ​ថែម​ទាំង​គំរាម​កំហែង​ចាប់​ខ្លួន​ពលរដ្ឋ​ បើ​មាន​អ្នក​ណា​ហ៊ាន​ចូល​មើល​ដី​ស្រែ​ចម្ការ​នៅ​តំបន់​មាន​ជម្លោះ។

តំណាង​ពលរដ្ឋ​រូប​នេះ ស្នើ​ដល់​រដ្ឋមន្ត្រី​នៃ​ក្រសួង​ពាក់​ព័ន្ធ​ទាំង​អស់​ ជួយ​ពន្លឿន​ដំណោះស្រាយ​ដីធ្លី​ឲ្យ​ពលរដ្ឋ​ឲ្យ​បាន​ឆាប់៖ «ពួក​ខ្ញុំ​តែង​តែ​អំពាវនាវ​រក​យុត្តិធម៌​សម្រាប់​កសិករ គឺ​អត់​ដែល​មាន​យុត្តិធម៌​សម្រាប់​កសិករ​ទេ។ ក្រុមហ៊ុន​សាសន៍​គេ គឺ​អាជ្ញាធរ​ទៅ​ការពារ ទៅ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អ្វី​លើ​ដី​ពួក​ខ្ញុំ​ក៏​បាន​ដែរ ប៉ុន្តែ​ពួក​ខ្ញុំ​ជា​ម្ចាស់​អត់​មាន​សិទ្ធិ​ទៅ​ធ្វើ​អ្វី​នៅ​លើ​ដី​ទេ។ ពួក​យើង​ទៅ​ដឹង​តែ​ចាប់​ហើយ។ អ៊ីចឹង! ខ្ញុំ​អំពាវនាវ​ឲ្យ​សម្ដេច​ ស ខេង ជួយ​ធ្វើ​ការងារ​ហ្នឹង ឲ្យ​ប្រជាពលរដ្ឋ​ បាន​សុខ​ស្រួល​ផង។ ខ្ញុំ​យល់​ថា​កន្លែង​ណា ក៏​គេ​ចង់​បាន​ការ​អភិវឌ្ឍ​ដែរ ក៏​ប៉ុន្តែ​ការ​អភិវឌ្ឍ​ហ្នឹង ឲ្យ​មើល​ពី​ស្ថានភាព​របស់​ប្រជា​ពលរដ្ឋ​ផង។ បើ​អភិវឌ្ឍ​ទៅ​មាន​តែ​ទឹក​ភ្នែក​ដដែល​ ពួក​ខ្ញុំ​អត់​ត្រូវ​ការ​ទេ»

ផ្ទៃ​ដី​ជិត ៧រយ​ហិកតារ ដែល​អ្នក​ភូមិ​តវ៉ា​នោះ ជាប់​ពាក់ព័ន្ធ​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន ៥ភូមិ គឺ​ភូមិ​រមាសហែក ភូមិ​ស្រែ​ឫស្សី ភូមិ​អំពិល ភូមិ​ស្រែ​ពពេល ភូមិ​កំពង់ត្របែក ស្ថិត​ក្នុង​ឃុំ​គគីរ និង​ឃុំ​អំពិល ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង។

អ្នក​ស្រុក​រមាស​ហែក បញ្ជាក់​ថា ដី​នោះ ពួកគាត់​ធ្លាប់​បាន​ដាំ​ដុះ​អាស្រ័យ​ផល​ពី​ឆ្នាំ១៩៨០ ដល់​ឆ្នាំ​១៩៨៤ មុន​ពេល​អាជ្ញាធរ​យក​ដី​នោះ​ទៅ​រក្សា​ទុក​ក្រោម​ហេតុផល​ថា​ ជា​សម្បត្តិ​របស់​រដ្ឋ។ ក្រោយ​មក​ទៀត អ្នក​ភូមិ​បាន​នាំ​គ្នា​តវ៉ា​កាន់​កាប់​លើ​ដី​នោះ​វិញ​ជា​បន្ត​បន្ទាប់។

លុះ​ដល់​ចុង​ឆ្នាំ២០១០ អាជ្ញាធរ​បាន​ធ្វើ​សម្បទាន​ដី​នៅ​តំបន់​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន អិន.ខេ.វិនឈ័រ (NK Venture) ក្នុង​រូបភាព​ដាំ​អំពៅ ប៉ុន្តែ​ក្រោយ​មក​ពលរដ្ឋ​ឮ​ដំណឹង​ថា ម្ចាស់​ក្រុមហ៊ុន​នោះ បាន​ក្ស័យធន​បាត់​ខ្លួន​មួយ​រយៈ​ ហើយ​ឃើញ​មាន​សកម្មភាព​ឈូស​ឆាយ​ដី​​នោះ​ឡើង​វិញ។

ទន្ទឹម​គ្នា​នេះ​ដែរ ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​មួយ​ក្រុម​ទៀត ដែល​មក​ពី​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូង​ឃ្មុំ ក៏​ដាក់​ញត្តិ​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​និង​ក្រសួង​មហាផ្ទៃ ឲ្យ​ជួយ​ដោះ​លែង​តំណាង​ពលរដ្ឋ ២នាក់ ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ។

តំណាង​ពលរដ្ឋ គឺ​លោក សែម ចំណាន ស្នើ​សុំ​ក្រសួង​ទាំង​ពីរ​ បើក​ការ​ស៊ើប​អង្កេត​ និង​ពិនិត្យ​មើល​សំណុំ​រឿង​សកម្មជន​ដីធ្លី​ ២​នាក់​ឡើង​វិញ បន្ទាប់​ពី​សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​ខេត្ត​ត្បូង​ ដោយ​បន្ត​ឃុំ​ខ្លួន​លោក​ សែម សាង​ និង​លោក ផុន ឈឿន ដាក់​ក្នុង​ពន្ធនាគារ​ត​ទៅ​ទៀត។

តំណាង​ពលរដ្ឋ​រូប​នេះ ឲ្យដឹង​ថា លោក សែម សាង និង​លោក ផុន ឈឿន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ពួក​គេ​យក​ទៅ​​ឃុំ​ឃាំង​នៅ​ពន្ធនាគារ ដោយ​គ្មាន​ដីកា​ត្រឹម​ត្រូវ​ពី​តុលាការ ​អស់​រយៈ​ពេល​ជាង ​៣​ខែ​ហើយ​ ក្រោយ​ពី​ពួក​គាត់​សកម្ម​ក្នុង​ការ​តវ៉ា​ទាមទារ​ដី​ព្រៃ​សហគមន៍​ពី​ក្រុមហ៊ុន​មក​វិញ«ជា​ចុង​ក្រោយ​ ខ្ញុំ​សូម​សំណូមពរ​ទៅ​ក្រសួង​យុត្តិធម៌​ សូម​ឲ្យ​ដោះលែង​តំណាង​ពលរដ្ឋ​ទាំង​ពីរ​រូប​ហ្នឹង ហើយ​ទម្លាក់​រាល់​ការ​ចោទ​ប្រកាន់​មើល​តំណាង​ទាំង​ពីរ​រូប​ហ្នឹង​ ក៏​ដូច​ជា​សកម្មជន​ដីធ្លី​នៅ​គ្រប់​ខេត្ត​ទាំងអស់។ សម្រាប់​ពួក​ខ្ញុំ​នៅ​ខេត្ត​ត្បូងឃ្មុំ សូម​ឲ្យ​គាត់​ទម្លាក់​ចោលការ​ចោទ​ប្រកាន់​មក​លើ​តំណាង​សហគមន៍ ក៏​ដូច​ជា​រូប​ខ្ញុំ​ដែល​មាន​បទ​ចោទ​ដូច​គ្នា»

លោក សែម សាង និង​លោក ផុន ឈឿន ធ្លាប់​បាន​ចូល​ខ្លួន​បំភ្លឺ​នៅ​សាលា​ដំបូង​ខេត្ត​ត្បូង​ឃ្មុំ តាម​ដីកា​កោះ​ហៅ​របស់​តុលាការ ទាក់​នឹង​ការ​ចោទ​ប្រកាន់​អ្នក​ទាំង​ពីរ រឿង​ប្រើ​ហិង្សា​ និង​លាក់​ទុក​អាវុធ។ តំណាង​ពលរដ្ឋ​ទាំង​ពីរ​ រង​បណ្ដឹង​ជា​បន្តបន្ទាប់​ពី​ខាង​អាជ្ញាធរ និង​ក្រុមហ៊ុន​ចិន ឈ្មោះ ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment) ថា ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​តវ៉ា​រក​ដំណោះ​ស្រាយ​រឿង​ដីធ្លី​ នៅ​តំបន់​នោះ ក្រោយ​ពី​ពួក​គេ​នាំ​ពលរដ្ឋ​ទៅ​ឃាត់​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ព្រៃ​សហគមន៍។

លុះ​មក​ថ្ងៃ​ទី១៧ និង​ថ្ងៃ​ទី១៨​ ខែ​តុលា ឆ្នាំ២០១៩ សមត្ថកិច្ច​ស្រុក​តំបែរ​ បាន​ចាប់​ខ្លួន​តំណាង​ពលរដ្ឋ​ទាំង​ពីរ​នាក់ ដោយ​គ្មាន​មូល​ហេតុ​ច្បាស់​លាស់​ បន្ទាប់​ពី​ពួក​គេ​វិល​ត្រឡប់​មក​ពី​ចូល​រួម​សិក្ខាសាលា​ចិញ្ចឹម​មាន់​នៅ​ខេត្ត​កំពង់​ឆ្នាំង​វិញ។

ដី​ព្រៃ​សហគមន៍​នៅ​ស្រុក​តំបែរ មាន​ចំនួន ១៤​សហគមន៍ និង​មាន​ទំហំ​ជាង ៥ពាន់​ហិកតារ ស្ថិត​នៅ​ក្នុង​ឃុំ​មួយ​ចំនួន ដូចជា ​ឃុំ​ត្រពាំងព្រីង ដែល​មាន​ដី​ព្រៃ​សហគមន៍​ច្រើន​ជាង​គេ ឃុំ​គោក​ស្រុក និង​ឃុំ​សេដា។

ព្រៃ​សហគមន៍​ទាំង​នោះ ត្រូវ​បាន​ជន​ល្មើស​កាប់​រាន​អស់​ទាំង​ស្រុង ដើម្បី​​​ធ្វើ​ជា​សម្បត្តិ​ផ្ទាល់​ខ្លួន​ ភាគ​ច្រើន​នៅ​ចន្លោះ​ឆ្នាំ​២០០៨ និង ២០០៩។ ដោយ​ឡែក ព្រៃ​សហគមន៍​ត្រពាំង​ព្រីង ត្រូវ​បាន​ជន​ល្មើស​ឈូស​ឆាយ​អស់​ទាំង​ស្រុង កាល​ពី​ឆ្នាំ​២០១៣។ បច្ចុប្បន្ន ដី​ព្រៃ​សហគមន៍​ភាគ​ច្រើន ត្រូវ​បាន​អ្នក​មាន​ប្រាក់ និង​មាន​អំណាច​គ្រប់គ្រង ហើយ​ពួក​គេ​ដាំ​កៅស៊ូ ស្វាយចន្ទី និង​ដំឡូង​ជា​ដើម។

កាល​ពី​ឆ្នាំ២០១៥ ប្រជា​សហគមន៍ និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ដាក់​ពាក្យ​ប្ដឹង​បុគ្គល​មួយ​ចំនួន​ អំពី​ការ​កាប់​រាន និង​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​អស់​រាប់ពាន់​ហិកតារ ទៅ​សាលា​ដំបូង​ខេត្ត​កំពង់ចាម ព្រោះ​ពេល​នោះ ខេត្ត​ត្បូងឃ្មុំ នៅ​មិន​ទាន់​មាន​ស្ថាប័ន​តុលាការ​នៅ​ឡើយ។ បុគ្គល​ទាំង​នោះ ដូច​ជា​លោក ជី វិន ដែល​មាន​ងារ​ជា​ឯកឧត្ដម លោក ឆាយ ជ្រាយ មាន​ងារ​ជា​ឧកញ៉ា។ លោក ផេង ប៉េងគី បច្ចុប្បន្ន​ជា​អធិការ​រង​ស្រុក​តំបែរ លោក លី ភាព ជា​មេបញ្ជាការ​សឹក​រង​ស្រុក​តំបែរ និង​លោក ឃុត ភ័ណ្ឌ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា ការ​គំរាម​កំហែង​ពលរដ្ឋ​មិន​ឲ្យ​ចូល​កាន់​កាប់​ដីធ្លី​របស់​ពួក​គេ និង​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ ដើម្បី​បំបិទ​សិទ្ធិ​ពលរដ្ឋ​ឲ្យ​ឈប់​តវ៉ា​រឿង​ដីធ្លី មិន​មែន​ជា​យន្តការ​ដោះស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​ឡើយ ហើយ​រឹតតែ​ធ្វើ​ឲ្យ​បញ្ហា​បន្ត​អូស​បន្លាយ​ត​ទៅ​ទៀត មិន​ចេះ​ចប់។ លោក​យល់​ថា អាជ្ញាធរ​គួរ​ប្រើ​យន្ត​ការ​ដោះស្រាយ​ ដោយ​អហិង្សា​ តម្លាភាព និង​យុត្តិធម៌ ដើម្បី​បញ្ចប់​វិបត្តិ​បញ្ហា​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ«គួរ​ណាស់​តែ​ក្រសួង​ដែល​ពាក់ព័ន្ធ ឬក៏​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ហ្នឹង​ សម្រាប់​ពួក​គាត់​ទៅ ដើម្បី​បញ្ចប់​វិបត្តិ​ហ្នឹង ពីព្រោះ​បើ​គាត់​នៅ​តែ​ឡើង​មក​តវ៉ា​បែប​នេះ គឺ​ជា​ស្ថានភាព​មិន​ល្អ​ទេ។ គេ​មើល​ឃើញ​ថា​ ទិដ្ឋភាព​បញ្ហា​ដីធ្លី​នេះ នៅ​តែ​កើត​មាន​ជា​បន្ត​ទៅ​ទៀត។ មួយ​ទៀត​ នៅ​ត្បូង​ឃ្មុំ​ គួរ​ណាស់​តែ​ពិចារណា ក្នុង​ការ​ឲ្យ​តំណាង​ពលរដ្ឋ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ មាន​លោក​ សែម សាង និង​ ផុន ឈឿន ហើយ​ពន្លឿន​នៃ​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​ក្នុង​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​ និង​ស្វាយរៀង​ឲ្យ​បាន​ឆាប់»

លោក​ អំ សំអាត​ ស្នើ​ដល់​ប្រមុខ​រដ្ឋាភិបាល ឱ្យ​ដាក់​ចេញ​វិធានការ​ដែល​មាន​ប្រសិទ្ធភាព ដើម្បី​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​គ្រប់​បណ្ដា ខេត្ត​ក្រុង​ទាំង​អស់ ​ឲ្យ​បាន​ឆាប់​ តាម​តែ​អាច​ធ្វើ​ទៅ​បាន ដើម្បី​រក្សា​បាន​ការ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប។ បញ្ហា​ដីធ្លី​នេះ ក៏​ជា​ចំណុច​មួយ​ក្នុង​ចំណោម​ចំណុច​ផ្សេង​ទៀត សម្រាប់​សហភាព​អឺរ៉ុប ក្នុង​ការ​វាយតម្លៃ​អំពី​ស្ថានការណ៍​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា៕

(អ្នក​ខេត្ត​ត្បូង​ឃ្មុំ និង​ស្វាយ​រៀង កាន់​រូបថត​តំណាង​ពួក​គាត់ ដែល​កំពុង​ជាប់​ឃុំ ពេល​នាំ​គ្នា​មក​ដាក់​ញត្តិ​នៅ​ក្រសួង​យុត្តិធម៌ និង​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី៨ ខែ​មករា ឆ្នាំ២០២០ សុំ​ដោះ​ស្រាយ​រឿង​ដីធ្លី និង​ដោះ​លែង​តំណាង ២នាក់។ រូប៖ ពលរដ្ឋ​សហគមន៍)


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល