សហគមន៍​មាន​ជម្លោះ​ដីធ្លី​ ខេត្ត​ត្បូង​ឃ្មុំ នាំគ្នា​រក​កិច្ច​អន្តរាគមន៍​ជា​ថ្មី​ពី​ក្រសួង​ដែនដី

ដោយ ម៉ៅ សុធានី
2019-07-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ត្បូង​ឃ្មុំ ​ប្រមាណ ១៤០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​ជិត ៧រយ​គ្រួសារ​ ក្នុង​ឃុំ​ត្រពាំង​ព្រីង​ ស្រុក​តំបែរ ប្រមូល​គ្នា​រក​អន្តរាគមន៍​​នៅ​មុខ​ក្រសួង​ដែនដី នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ២០១៩។
ពលរដ្ឋ​​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ត្បូង​ឃ្មុំ ​ប្រមាណ ១៤០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​ជិត ៧រយ​គ្រួសារ​ ក្នុង​ឃុំ​ត្រពាំង​ព្រីង​ ស្រុក​តំបែរ ប្រមូល​គ្នា​រក​អន្តរាគមន៍​​នៅ​មុខ​ក្រសួង​ដែនដី នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុកសហគមន៍

អ្នក​ត្បូង​ឃ្មុំ ​ប្រមាណ ១៤០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​ជិត ៧រយ​គ្រួសារ​ ក្នុង​ឃុំ​ត្រពាំង​ព្រីង​ ស្រុក​តំបែរ ប្រមូល​គ្នា​នៅ​មុខ​ក្រសួង​ដែនដី នៅ​ថ្ងៃ​ទី​២៩ កក្កដា ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ជាថ្មី​ ក្រោយ​ពី​ក្រសួង​ច្រានចោល​សំណើ​ពួកគាត់​ កាល​ពី​សប្ដាហ៍​មុន រឿង​ទាមទារ​ដី​ព្រៃ​សហគមន៍​ពី​ក្រុមហ៊ុន​ចិន ​មក​វិញ។

តំណាង​ពលរដ្ឋ លោក សែម ចំណាន ស្នើ​ដល់​ក្រសួង​ដែនដី​ និង​ក្រសួង​កសិកម្ម​ បង្កើត​គណៈកម្មការ​​មួយ​ដោយ​​ឯករាជ ដើម្បី​ចុះ​ស៊ើប​អង្កេត​ស្វែង​រក​ឲ្យ​ឃើញការ​ពិត​ថា តើ​ជន​ណា​ ឬ​ក្រុម​ណា​ ដែល​ឃុបឃិត​គ្នា​លក់​ដី​ព្រៃ​សហគមន៍​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន។ លោក សែម ចំណាន ក៏​ស្នើ​ដល់​អាជ្ញាធរ​បញ្ឈប់​ការ​តាម​ដាន​ពួក​គាត់​ ពីព្រោះ​គ្មាន​អ្នក​ណា​ញុះញង់​ឲ្យ​ពួកគាត់ឲ្យ​​ចេញ​តវ៉ា​ឡើយ។ តំណាង​ពលរដ្ឋ​រូប​នេះ​យល់​ថា បើក្រសួង​មាន​ដំណោះស្រាយ​ត្រឹម​ត្រូវ​ក្នុង​រឿង​នេះ​ ការ​តវ៉ា​ក៏​គ្មាន​ដែរ។

កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ក្រសួង​ដែនដី សម្រេច​មិន​ទទួល​ដោះស្រាយ​បណ្ដឹង​ពលរដ្ឋ ​ដែល​ស្នើ​សុំ​ទាមទារ​ដី​ព្រៃ​សហគមន៍ ទំហំ​សរុប​ .៧១៨​ហិកតារ យក​មក​កាន់​កាប់​វិញ ស្ថិត​នៅ​​ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ។ ក្រសួង​អះអាង ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​​ថា ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ព្រមព្រៀងគ្នា​លក់​ដី​ឱ្យ​ក្រុមហ៊ុន​ឈ្មោះ ហា​មី​នី​វី​ង​ អ៊ី​ន​វេស​មេន ខូ​អិ​ល​ធី​ឌី តាំង​ពី​ឆ្នាំ២០១១ មក ហើយ​ក្រុមហ៊ុន​ក៏​បាន​ចុះបញ្ជី​រួចរាល់​ដែរ។ ក្រសួង​ដែនដី ក៏​ស្នើ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្រាវជ្រាវ​រក​មេខ្លោង ដែល​ញុះញង់​ឲ្យ​ពលរដ្ឋ​ចេញ​តវ៉ា។

ពលរដ្ឋ​បដិសេធ​ការ​លើក​ឡើង​នេះ។ ពួកគាត់​ស្នើ​ឲ្យ​ក្រសួង​ចុះ​ស៊ើបអង្កេត​ករណី​នេះ​ឲ្យបាន​ច្បាស់លាស់ ​ដោយ​មិន​គួរ​ផ្អែក​តែ​លើ​របាយការណ៍​ថ្នាក់​ឃុំ ស្រុក និង​ខេត្ត​នោះ​ឡើយ។

អ្នក​ស្រុក​តំបែរ ​សម្រេច​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្រោយ​ពី​មន្ត្រី​តំណាង​ក្រសួង​ដែនដី និង​ក្រសួង​កសិកម្ម​ ទទួល​ញត្តិ​ពួក​គាត់ ដោយ​សន្យា​ថា​នឹង​បញ្ជូន​សំណើ​នោះ ​ដាក់​ជូន​រដ្ឋ​មន្ត្រី ​ពិនិត្យ​និង​សម្រេច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល