ពលរដ្ឋ​ដែល​ព្រម​ទទួល​សំណង​ក្រុមហ៊ុន​នៅ​សេសាន​ថា អាជ្ញាធរ​ដាក់​លក្ខខណ្ឌ​នយោបាយ

ដោយ សន ចាន់រដ្ឋា
2018-07-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦។
មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦។
RFA

ពលរដ្ឋ​មួយ​ចំនួន​ដែល​ឯកភាព​ទទួល​សំណង​ពី​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង សម្ដែង​ការ​មិន​ពេញចិត្ត​នឹង​អាជ្ញាធរ​បក្ស​កាន់​អំណាច ដាក់​លក្ខខណ្ឌ​នយោបាយ​ជា​ថ្នូរ​នឹង​ការ​ដោះស្រាយ​សំណង​ផ្ដល់​ដី​កសិកម្ម​ជូន​ពួកគាត់ អំឡុង​ពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត។ ពួកគេ​ត្អូញ​ថា រយៈពេល ៣​ឆ្នាំ​មក​ហើយ ដែល​អាជ្ញាធរ និង​ក្រុមហ៊ុន​នៅ​មិនទាន់​ផ្ដល់​ដី​កសិកម្ម​ជា​គោល​នយោបាយ​សំណង ជូន​ពលរដ្ឋ​បំបែក​គ្រួសារ​ជាង ៥០​គ្រួសារ​នៅ​ឡើយ​ទេ រហូត​ទល់​ពេល​នេះ។

ពលរដ្ឋ​បំបែក​គ្រួសារ​ដែល​ព្រម​ទទួល​សំណង ពី​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ រស់នៅ​ឃុំ​ស្រែគរ​ថ្មី ស្រុក​សេសាន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៤ កក្កដា ថា អាជ្ញាធរ​មូលដ្ឋាន​បក្ស​កាន់អំណាច​បាន​សន្យា​នៅ​ចំពោះ​មុខ​អ្នកភូមិ​ថា ទាល់តែ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ទើប​ពួកគេ​ទទួល​បាន​ដី​កសិកម្ម​មួយ​គ្រួសារ ២​ហិកតារ សម្រាប់​ពលរដ្ឋ​បំបែក​គ្រួសារ។

ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរថ្មី ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ប្រាប់​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​ដាក់​សម្ពាធ​នយោបាយ ភ្ជាប់​បញ្ហា​សំណង ក្នុង​បំណង​ស្វែងរក​សន្លឹកឆ្នោត​ពី​ពលរដ្ឋ និង​បង្ខំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត។ លោក​អង្កេត​ឃើញ​ថា ពលរដ្ឋ​ប្រមាណ ៥០០​រយ​គ្រួសារ មិនទាន់​អាច​ធ្វើ​កសិកម្ម និង​ខកខាន​មិនបាន​ធ្វើស្រែ​ចិញ្ចឹមជីវិត​រយៈពេល ៣​ឆ្នាំ​មក​ហើយ ដោយសារតែ​ក្រុមហ៊ុន​ពុំ​ទាន់​ភ្ជួរ​រាស់​ដី និង​ឈូស​ឆាយ​ព្រៃ​ឲ្យ​ក្លាយ​ជា​វាល​ទាំងស្រុង សម្រាប់​ពួកគេ​នៅឡើយ​ទេ។ លោក​ថា អាជ្ញាធរ និង​ក្រុមហ៊ុន អាច​នឹង​ខ្វះ​ដី​សម្រាប់​ផ្ដល់​សំណង​ជួន​ពលរដ្ឋ​បំបែក​គ្រួសារ​ជាង ៥០ គ្រួសារ ដោយសារតែ​អាជ្ញាធរ​បាន​កាត់​ឆ្វៀល​ដី​មួយ​ផ្នែក​ក្នុង​ឃុំ​ស្រែគរ ឲ្យ​ឋិត​ក្រោម​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ​ភ្លុក​វិញ៖ «គេ​ថា ឲ្យ​តែ​ជាប់​គេ​ដី​ចែក​ជូន​ពលរដ្ឋ​គ្រប់គ្នា​ទាំងអស់ បើ​ចំពោះ​យក​ពាក់​កុហក​ពលរដ្ឋ។ បើ​គ្មាន​ដី​កសិកម្ម​គ្នា​ស៊ី​អី ពិបាក​មែនទែន»

មេឃុំ​ស្រែគរ ដែល​ទើប​តែងតាំង​ថ្មី មកពី​បក្ស​កាន់​អំណាច លោក ហ្វឿង ជឿន បាន​បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី​ទេ នៅ​ថ្ងៃ​ទី២៤ កក្កដា ដោយ​លោក​បាន​ចុច​ផ្ដាច់​ទូរស័ព្ទ។

ដី​ព្រៃ​ស្រោង​ជាង ២​ពាន់​ហិកតារ​របស់​រដ្ឋ ឋិត​ក្នុងស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ត្រូវ​បាន​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ឈូស​ឆាយ​កំណត់​ជា​គោលនយោបាយ​សំណង និង​បែង​ចែក​ជូន​ពលរដ្ឋ​មួយ​គ្រួសារ ៥​ហិកតារ ស្មើៗ​គ្នា រីឯ​ពលរដ្ឋ​បំបែក​គ្រួសារ​ក្រុមហ៊ុន​សម្រេច​ផ្ដល់​ជូន ២​ហិកតារ​ផ្សេងទៀត។ ក៏ប៉ុន្តែ​មក​ទល់​ពេល​នេះ ដី​ទាំងនោះ​មួយ​ចំនួន​ជា​តំបន់​លិច​ទឹក មិន​អាច​ធ្វើ​កសិកម្ម​បាន និង​មាន​ផ្នែក​ខ្លះ​ជា​ដី​ព្រៃ​មិនទាន់​ឈូស​ឆាយ។

មេឃុំ​ស្រែគរ​ជាប់ឆ្នោត ដែល​របប​លោក ហ៊ុន សែន ដក​ពី​ដំណែង គឺ​លោក សៀក មេគង្គ កត់សម្គាល់​ថា កន្លង​ទៅ អាជ្ញាធរ​ស្រុក និង​ខេត្ត បាន​កាត់ផ្ដាច់​តំបន់​មួយ​ចំនួន​នៅ​ឃុំ​ស្រែគរ​នៅ​ចំណុច​អូរកន្ទួត និង​ព្រៃអ្នកតារកាកាន់ ឲ្យ​ឋិត​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​ឃុំ​ភ្លុក​វិញ។ បញ្ហា​នេះ​ធ្វើ​ឲ្យ​អ្នកភូមិ​ប្រតិកម្ម និង​មិន​ពេញចិត្ត ដោយ​អះអាង​ថា អាជ្ញាធរ​មិនបាន​ពិភាក្សា​ជាមួយ​សហគមន៍​នោះ​ទេ ដ្បិត​តំបន់​នោះ​មាន​ដី​កសិកម្ម​របស់​ពលរដ្ឋ​ជិត ១០​គ្រួសារ ជា​តំបន់​ព្រៃ​គោរព​បូជា និង​ដី​ព្រៃ​សហគមន៍​ដែល​អ្នកភូមិ​អាស្រ័យ​ផល​ច្រើន​ជំនាន់​មក​ហើយ៖ «ឃុំ​ស្រែគរ​ទាំងមូល គ្នា (ពលរដ្ឋ) រងគ្រោះ​ទាំងមូល រង​គ្រោះជា​ប្រវត្តិសាស្ត្រ ជម្លៀស​ដោយ​បង្ខំ ទាំង​ទឹកភ្នែក​គួរតែ​ទុក​ដី​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ។ ឥឡូវ​ដី​គេ​កាត់​ទៅ​ឃុំ​ភ្លុក​ទាំងស្រុង​ហើយ ដោយ​អត់​មាន​ប្រជារាស្ត្រ​ចូលរួម​ទេ»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់ថា ការ​ផ្តល់​សំណង​ភ្ជាប់​លក្ខខណ្ឌ​នយោបាយ គឺជា​រូបភាព​កេង​ចំណេញ​ប្រយោជន៍​របស់​ពលរដ្ឋ ដែល​ជា​មូលហេតុ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព និង​តម្រូវការ​ចាំបាច់​របស់​អ្នកភូមិ។ លោក​ពន្យល់​ថា ក្រុមហ៊ុន​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រយោជន៍​ពលរដ្ឋ គឺ​ក្រុមហ៊ុន​ត្រូវ​ទទួលខុសត្រូវ​ផ្ដល់​សំណង ហើយ​អាជ្ញា​ធរមាន​ភារកិច្ច​សម្របសម្រួល​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ មិន​ត្រូវ​យក​លក្ខខណ្ឌ​នយោបាយ​ដោះស្រាយ​បញ្ហា​នេះ៖ «ខ្ញុំ​យល់ថា ពលរដ្ឋ​បោះឆ្នោត​គណបក្ស​ណា​ក៏​ដោយ ជា​គោលការណ៍​គាត់​ត្រូវតែ​ទទួល​បាន​សំណង។ អាជ្ញាធរ​មិន​ត្រូវ​យក​សំណង​របស់​ក្រុមហ៊ុន​មក​ភ្ជាប់​លក្ខខណ្ឌ​នយោបាយ​ទេ វា​ខុស​តួនាទី និង រំលោភ​សិទ្ធិ​ពលរដ្ឋ​ដោយ​ប្រយោល​ដែរ»

មក​ទល់​ពេល​នេះ ពលរដ្ឋ​ដែល​យល់ព្រម​ទទួល​សំណង​ផល​ប៉ះពាល់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ឃុំ​ស្រែគរ និង​បាន​មក​តាំងទី​លំនៅ​ថ្មី​នៅ​តំបន់​នោះ​មាន​ចំនួន​ជាង ៥២០​គ្រួសារ​ក្នុង​ចំណោម​ពលរដ្ឋ ៥៧០​គ្រួសារ ហើយ​បច្ចុប្បន្ន​នៅ​សល់​ពលរដ្ឋ ៧០​គ្រួសារ​នៅ​ឃុំ​ស្រែគរ និង​ពលរដ្ឋ ៥៦​គ្រួសារ​នៅ​ឃុំ​ក្បាល​រមាស រាប់បញ្ចូល​ទាំង​ពលរដ្ឋ​បំបែក​គ្រួសារ​មិន​ព្រម​ទទួល​យក​គោល​នយោបាយ​សំណង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល