អាជ្ញាធរ​ព្រមាន​រុះរើ​ផ្ទះ​ពលរដ្ឋ ៧គ្រួសារ​នៅ​ជ្រោយ​ចង្វា បើ​មិន​ព្រម​ទទួល​សំណង​តាម​គោលការណ៍​របស់​សាលា​រាជធានី​ភ្នំពេញ

ដោយ ខែ សុណង
2019-12-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​មាន​ជម្លោះ​ដីធ្លី​ជួប​ប្រជុំ​គ្នា​ជ្រើស​រើស​តំណាង​តស៊ូ​មតិ​ជាមួយ​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) នា​ភូមិ​ដើមគ សង្កាត់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។
អ្នក​មាន​ជម្លោះ​ដីធ្លី​ជួប​ប្រជុំ​គ្នា​ជ្រើស​រើស​តំណាង​តស៊ូ​មតិ​ជាមួយ​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) នា​ភូមិ​ដើមគ សង្កាត់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA/Sek Bandith

អាជ្ញាធរ​ខណ្ឌ​ជ្រោយ​ចង្វា កំណត់​ទុក​ពេល ១សប្ដាហ៍ ដល់​ពលរដ្ឋ ៧គ្រួសារ ដែល​រស់​នៅ​ភូមិ​ដើម​គ ស្ថិត​ក្នុង​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន OCIC ឲ្យ​ប្រញាប់​រុះ​រើ​ផ្ទះ​សម្បែង​ចេញ​ពី​ទីតាំង​ពួក​គាត់​កំពុង​រស់​នៅ ដែល​ត្រូវ​បាន​អាជ្ញាធរ​អះអាង​ថា ជា​ដី​ឯកជន​របស់​រដ្ឋ។ អាជ្ញាធរ​ព្រមាន​ចុះ​រុះរើ​ផ្ទះ ពលរដ្ឋ​ទាំង​នោះ ក្រោយ​​ថ្ងៃ​កំណត់​ ដោយ​មិន​ទទួល​ខុស​ត្រូវ​ការ​ខូច​ខាត​ឡើយ បើ​ម្ចាស់​ផ្ទះ​មិន​ព្រម​រុះរើ។ អ្នក​ជ្រោយ​ចង្វា​ថា ពួក​គេ​សុខ​ចិត្ត​ស្លាប់​លើ​ដីធ្លី​របស់​ពួក​គេ​ ដោយ​មិន​ព្រម​ចាក​ចេញ​ទៅ​ណា​ឡើយ បើ​អាជ្ញាធរ​មិន​ផ្ដល់​ដំណោះស្រាយ​ណា​មួយ ដែល​អាច​ទទួល​យក​បាន​។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ ៧​គ្រួសារ ​ដែល​រង​ការ​បណ្ដេញ​ចេញ​ពី​ផ្ទះ​សម្បែង ​នៅ​តំបន់​ជ្រោយ​ចង្វា លោក ញឹម គឹម​ស៊្រុន ថ្លែង​ការ​ ពួក​គាត់​មិន​អាច​ទទួល​បាន​ទេ ចំពោះ​ចំណាត់​ការ​របស់​រដ្ឋបាល​ខណ្ឌ​ជ្រោយ​ចង្វា តម្រូវ​ឲ្យ​ពួក​គាត់​រុះរើ​ផ្ទះ​ចេញ​ពី​ដី​ធ្លី​របស់​ពួក​គាត់។

លោក​បន្ត ​វា​ជា​រឿង​ដ៏​សែន​អយុត្តិធម៌​ ដែល​សាលា​រាជធានី​ភ្នំពេញ​យក​ដីធ្លី​ពលរដ្ឋ បំប្លែង​ទៅ​ជា​ដី​កម្មសិទ្ធិ​ឯកជន​របស់​រដ្ឋ ហើយ​ផ្ទេរ​ទៅ​ហើយ​ក្រុមហ៊ុន​ OCIC របស់​ឧកញ៉ា ពុង ខៀវសែ ធ្វើ​ការ​អភិវឌ្ឍ ដោយ​គ្មាន​គិត​គូរ​ពី​ផល​ប៉ះពាល់​ជាមុន​ដល់​ប្រជាពលរដ្ឋ​នោះ​ឡើយ។

លោក​ឲ្យ​ដឹង​ថា សាលា​រាជធានី​ភ្នំពេញ​បាន​កោះហៅ​ពលរដ្ឋ​ទៅ​ពិភាក្សា​ជា​ច្រើន​ដង​ហើយ ដោយ​ដាក់​ចេញ​គោលការណ៍​ដដែល គឺ​​ដក​យក​ដី​ទាំង​អស់ ហើយ​ផ្ដល់​ដី​មក​វិញ ១០% នៃ​ទំហំ​ដីធ្លី​សរុប​ឲ្យ​ពលរដ្ឋ។ ប៉ុន្តែ ពួកគាត់​មិន​ទទួល​បាន​ដំណោះ​ស្រាយ​​បែប​នេះបាន​ឡើយ។

លោក​បញ្ជាក់​ថា ដំណោះស្រាយ​ដែល​ពលរដ្ឋ ចង់​ឲ្យ​សាលា​រាជធានី​ភ្នំពេញ និង​ភាគី​ក្រុមហ៊ុន​រួម​គ្នា​ដោះ​ស្រាយ​នោះ គឺ​ផ្អាក​រាល់​សកម្មភាព​របស់​ក្រុមហ៊ុន OCIC នៅ​លើ​ដី​ដែល​មិន​ទាន់​ដោះ​ស្រាយ​ កាត់​ឆ្វៀល​ដី​លំនៅឋាន​ទាំង​អស់​ចេញ​ពី​គម្រោង​អភិវឌ្ឍ​ និង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ (ប្លង់​រឹង) ដោយ​មិន​គិត​ប្រវែង​​គម្លាត​ ១០០ម៉ែត្រ ឬ​ក្រៅ​ ១០០​ម៉ែត្រ​ពី​ផ្លូច​ជាតិ​លេខ 6A និង​ពី​ច្រាំង​ទន្លេសាប។

ក្រៅ​ពី​នេះ ពលរដ្ឋ​សុខ​ចិត្ត​​ប្រគល់​ដី​ ៥០% ជូន​សាលា​ក្រុង​ភ្នំពេញ​ និង​ក្រុមហ៊ុន​អភិវឌ្ឍ ហើយ​ដី​៥០%​ ដែល​នៅ​សល់​ ស្នើ​សុំ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​ម្ចាស់​ដី ឬ​ក្រុមហ៊ុន​អាច​ទិញ​តាម​តម្លៃ​ទីផ្សារ​សម្រាប់​ដី​ទាំង​មូល​។

ពលរដ្ឋ​រូប​នេះ​ប្រកាន់​ជំហរ​ថា នឹង​មិន​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​របស់​លោក​ឡើយ បើ​ទោះ​បី​ជា​ត្រូវ​បាត់​បង់ជីវិត​ក្នុង​រឿង​នេះ​ក៏​ដោយ៖ «ក្រុមហ៊ុន​ខ្លះ​អី ដី​ម៉ា​គគោក​ហ្នឹង ប៉ុន្តែ​គាត់​អត់​ធ្វើ។ ខ្ញុំ​អត់​មាន​ចង់​បាន​ច្រើន​ទេ ឧទាហរណ៍​ដី​ខ្ញុំ​១០០​ម៉ែត្រ​ការ៉េ​​អ៊ីចឹង ទុក​ឲ្យ​ខ្ញុំ​១រយ​ការ៉េ​វិញ​ទៅ។ សំណង​តែ​ការ​រុះរើ​ដល់​ខ្ញុំ​ទៅ​បាន​ហើយ។ តិច​តួច​ទៅ​បានហើយ។ ខ្ញុំ​អត់​ទទួល​យក​បាន ១០%។ ដី​ខ្ញុំ​មាន ១០០​ម៉ែត្រ​ការ៉េ​អ៊ីចឹង ១០% បាន ១០ការ៉េ​អ៊ីចឹង យក​មក​ធ្វើ​អី​កើត។ ខ្ញុំ​ទទួល​យក​អត់​បាន​ទេ។ ខ្ញុំ​សុខ​ចិត្ត​នៅ​ទីនេះ​ក៏​បាន​ដែរ ព្រោះ​អី​ខ្ញុំ​ក៏​ជា​មន្ត្រី​មួយ​ដែរ ការ​ពារ​ជាតិ​មួយ​ដែរ ដល់​មក​ធ្វើ​អ៊ីចឹង​។ ការពារ​ដី​ខ្លួន​ឯង​មិន​បាន​ផង ​ទៅ​ការ​ពារ​ជាតិ​អាចម៍​អី​ទេ»

មន្ត្រី​នគរបាល​ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្រសួង​មហាផ្ទៃ​រូប​នេះ អំពាវនាវ​ដល់​ប្រមុខ​រដ្ឋាភិបាល​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយ​អន្តរាគមន៍​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​ជា​មួយ​ភាគី​ក្រុមហ៊ុន ឲ្យ​ពួក​គាត់​ ដែល​ភាគ​ច្រើន​ជា​មន្ត្រី​រាជការ​ផង៖ «ខ្ញុំ​សំណូមពរ​ដល់​សម្ដេច​នាយក​រដ្ឋមន្ត្រី ឲ្យ​ជួយ​មើល​កូន​ចៅ ជួយ​មើល​ប្រជាពលរដ្ឋ ហើយ​និង​សង្គម​ស៊ីវិល ឲ្យ​ជួយ​ឃ្លាំ​មើល​ថា​ ធ្វើ​ហ្នឹង យុត្តិធម៌ ឬ​អយុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ»

កាល​ពី​ថ្ងៃ​ទី​២៧ ធ្នូ ​រដ្ឋបាល​សាលា​ខណ្ឌ​ជ្រោយ​ចង្វា ចេញ​សេចក្ដី​ជូនដំណឹង​មួយ​ដល់​ពលរដ្ឋ​ ៧​គ្រួសារ​រស់​នៅ​ក្នុង​ក្រុម​ទី​៧ ភូមិ​ដើម​គ សង្កាត់​ជ្រោយ​ចង្វា បង្គាប់​ឲ្យ​រុះរើ​ផ្ទះ​សម្បែង ដោយ​សារ​ប៉ះពាល់​គម្រោង​ធ្វើ​ផ្លូវ ១រយ​ម៉ែត្រ​ពី​អ័ក្ស​ផ្លូវ​ទន្លេ​សាប និង​ប៉ះពាល់​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយ​ចង្វា។

អាជ្ញាធរ​ព្រមាន​ថា បើ​ពលរដ្ឋ​មិន​ព្រម​រុះរើ​ផ្ទះ​សម្បែង​ ក្នុង​រយៈពេល ១សប្ដាហ៍​ ដោយ​គិត​ចាប់​ថ្ងៃ​ជូន​ដំណឹង​នេះ​ទេ រដ្ឋបាល​ខណ្ឌ​ នឹង​ចាត់​វិធានការ​ចុះ​រុះរើ​សំណង់​ទាំង​នោះ​ចេញ​ ដោយ​មិន​ទទួល​ខុស​ត្រូវ​រាល់​ការ​ខូច​ខាត​ ឬ​បាត់​បង់​ផល​ប្រយោជន៍​របស់​ពលរដ្ឋ​ឡើយ។

អាស៊ី​សេរី​ មិន​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាល​ខណ្ឌ​ជ្រោយ​ចង្វា លោក ឃ្លាំង ហួត និង​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ទេ នៅ​ថ្ងៃ​ទី​២៨ ធ្នូ ដោយសារ​ហៅ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

កាល​ពី​ខែ​មេសា​ ឆ្នាំ​២០១៧ អាជ្ញាធរ​ខណ្ឌ​ជ្រោយ​ចង្វា និង​ភាគី​ក្រុមហ៊ុន​បាន​ឈូស​កម្ទេច​ចោល ផ្ទះ​ពលរដ្ឋ​៨​គ្រួសារ ស្ថិត​នៅ​ភូមិ​ដើម​គ ដោយ​គ្មាន​ផ្ដល់​សំណង​ឲ្យ​ពួក​គេ។

ទាក់​ទង​នឹង​វិវាទ​ដីធ្លី​នេះ មន្ត្រី​នៃ​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សូផាត ថ្លែង​ថា អាជ្ញាធរ​គួរ​គិតគូរ​ជាមួយ​ភាគី​ក្រុមហ៊ុន ​ផ្ដល់​សំណង​សមរម្យ​ណា​មួយ ​ដែល​ពលរដ្ឋ​អាច​ទទួល​យក​បាន ប្រសើរ​ជាង​ប្រើ​វិធានការ​ក្ដៅ ចុះ​រុះរើ​ផ្ទះ​ពលរដ្ឋ។ លោក​យល់ថា ប្រសិន​បើ​អាជ្ញាធរ​ឈាន​ដល់​ប្រើ​ហិង្សា​វាយ​កម្ទេច​ផ្ទះ​ពលរដ្ឋ​ដូច្នោះ នោះ​គី​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ៖ «រដ្ឋាភិបាល​គួរ​តែ​ពិចារណា​មែនទែន​រឿង​ហ្នឹង។ វា​ធ្វើឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ​ ជាពិសេស​គឺ​សិទ្ធិ​មាន​ដីធ្លី និង​សិទ្ធិ​មាន​លំនៅឋាន​ហ្នឹង។ អ៊ីចឹង!​ សូម​ឲ្យ​ធ្វើ​ម៉េច​ ដោះស្រាយ​ដោយ​សន្តិវិធី​ កុំ​ឲ្យ​មាន​ប្រើ​អំពើ​ហិង្សា វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់ កិត្តិសព្ទ​របស់​រដ្ឋាភិបាល​យើង​ផង នៅ​ពេល​ណា​ដែល​មតិ​ជាតិ​និង​អន្តរជាតិ​ គេ​ឃើញ​។ អ៊ីចឹង​! គួរ​តែ​ពិចារណា​ម្ដង​ទៀត»

កាល​ពី​ឆ្នាំ​២០១២ ក្រុម​ហ៊ុន​ OCIC​ របស់​លោក​ឧកញ៉ា ពុង ខៀវសែ ទទួល​បាន​សិទ្ធិ​វិនិយោគ ៩៩ឆ្នាំ ​អភិវឌ្ឍ​ក្រុង​រណប​ជ្រោយ​ចង្វា ក្នុង​ទឹក​ប្រាក់​ប្រមាណ ១ពាន់ ៦រយ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក លើ​ទំហំ​ដី ៣៨៧​ហិកតារ។ គម្រោង​អភិវឌ្ឍន៍​នេះ​ស្ថិត​នៅ​ភាគ​ខាង​កើត​ទីក្រុង​ភ្នំពេញ​ ជាប់​ច្រាំង​ទន្លេ​សាប​​ខាង​កើត​ឆៀង​ខាង​ឆ្វេង​ ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន​ និង​ស្ពាន​មិត្ត​ភាព​កម្ពុជា​ចិន ឬ​ស្ពាន​ជ្រោយ​ចង្វា។

អ្នក​ជ្រោយ​ចង្វា អះអាង​ថា ភាគី​​ក្រុមហ៊ុន ​នៅ​តែ​បន្ត​ការ​ឈូស​ឆាយ​ដីធ្លី​ពលរដ្ឋ និង​សាង​សង់ ផ្ទះ​ល្វែង ​ភោជនីយដ្ឋាន ​រហូត​មក​ដល់​ពេល​នេះ ​ដោយ​គ្មាន​ការ​ផ្អាក​មួយ​ថ្ងៃ​ណា​ឡើយ។ ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​ជ្រោយ​ចង្វា ទទូច​ស្នើសុំ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​ឲ្យ​ពួក​គាត់ ដែល​ភាគ​ច្រើន​ជា​មន្ត្រី​រាជការ​ធ្វើ​ការ​ មាន​នគរបាល ទាហាន និង​គ្រូ​បង្រៀន​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល