ពលរដ្ឋ​រស់នៅ​លើ​ដី​មាត់​ទន្លេ​ខេត្ត​កំពង់ឆ្នាំង​បារម្ភ​គ្មាន​ទីលំនៅ​ពិត​ប្រាកដ

ដោយ ជិន ជេដ្ឋា
2016-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​ពលរដ្ឋ​រស់នៅ​លើ​ដី​មាត់​ទន្លេ​ផ្សារ​ក្រោម ក្នុង​ភូមិ​ចុងកោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Chin Chetha
ទិដ្ឋភាព​ពលរដ្ឋ​រស់នៅ​លើ​ដី​មាត់​ទន្លេ​ផ្សារ​ក្រោម ក្នុង​ភូមិ​ចុងកោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Chin Chetha
RFA/Chin Chetha

អ្នក​ភូមិ​ចុងកោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែល​មាន​ផ្ទះ​ជាប់​មាត់​ទន្លេ កំពុង​ខ្វល់​ចិត្ត​រឿង​អាជ្ញាធរ​តម្រូវ​ឲ្យ​ពួក​គេ​រុះរើ​ផ្ទះ​សម្បែង ទៅ​តាំង​ទីលំនៅ​កន្លែង​ថ្មី ដើម្បី​យក​ដី​ទៅ​អភិវឌ្ឍ​ច្រាំង​ទន្លេ និង​សួនច្បារ។ អាជ្ញាធរ​បញ្ជាក់​ថា ការ​រុះរើ​ផ្ទះ​ទៅ​កន្លែង​ថ្មី គឺ​ធ្វើ​ឡើង​ដោយ​ស្ម័គ្រ​ចិត្ត គ្មាន​ការ​បង្ខិត​បង្ខំ និង​ចង់​ឲ្យ​ពលរដ្ឋ​រស់នៅ​មាន​សណ្ដាប់ធ្នាប់ និង​ជីវភាព​គ្រាន់​បើ​ជាង​នេះ។

ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ចំណោម​អ្នក​ភូមិ​ចុងកោះ ប្រមាណ ២១០​គ្រួសារ ដែល​ត្រូវ​រុះរើ​ផ្ទះ​ចេញ​ពី​លើ​ដី​ចំណី​មាត់​ទន្លេ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ថា បើ​អាជ្ញាធរ​បង្ខំ​ឲ្យ​ពួក​គេ​រុះរើ​ផ្ទះ ហើយ​តម្រូវ​ឲ្យ​ទិញ​ដី​សង់​ផ្ទះ​កន្លែង​ថ្មី​ក្នុង​តម្លៃ ៣.៤០០​ដុល្លារ​ក្នុង​មួយ​ប្លង់​នោះ គឺ​ពួក​គេ​ភាគច្រើន​ពុំ​មាន​លទ្ធភាព​ឡើយ។ ក្រុម​ពលរដ្ឋ​បារម្ភ​ពី​បញ្ហា​នេះ​កាន់​តែ​ខ្លាំង បន្ទាប់​ពី​ទទួល​ដំណឹង​ថា គេ​តម្រូវ​ឲ្យ​រុះរើ​ក្នុង​ខែ​មករា ឆ្នាំ​២០១៧។

ពលរដ្ឋ​ម្នាក់ លោក ម៉ៅ ណេន មាន​ប្រសាសន៍​ថា អ្នក​ភូមិ​ដែល​រង​ផល​ប៉ះពាល់ បាន​និយាយ​តៗ​គ្នា​ពី​ពេលវេលា​រុះរើ​ផ្ទះ​ចេញ ដោយ​អ្នក​ខ្លះ​ថា​ត្រូវ​រុះ​ឲ្យ​អស់​នៅ​ដំណាច់​ខែ​ធ្នូ ឆ្នាំ​២០១៦ និង​ខ្លះ​ទៀត​ថា នឹង​ចាប់​ផ្ដើម​ឲ្យ​រុះរើ​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៧។ ប៉ុន្តែ​ពេលវេលា​ជាក់លាក់​ពុំ​ទាន់​មាន​អ្នក​ភូមិ​ណា​ម្នាក់​បាន​ដឹង​ច្បាស់​នៅ​ឡើយ ដោយ​គ្រាន់​តែ​បាន​ដេក​ព្រួយ​ខ្លាច​អត់​កន្លែង​រស់នៅ​ប៉ុណ្ណោះ៖ «ប្រជាពលរដ្ឋ​នៅ​ចុងកោះ ដូច​ខ្ញុំ​អី​នេះ អត់​មាន​លុយ! អ្ហឺស! រក​លុយ​បាន​មួយ​ម៉ឺន​ចង់​ប្រឹង​ផង​រាល់​ថ្ងៃ​នោះ មុខ​របរ​នេសាទ សែង​ត្រី​នៅ​ផែ​បន្តិចបន្តួច ណា​មួយ​កូន​រៀន​ផង ណា​មួយ​ជំពាក់​គេ​ផង មិន​ធម្មតា​ណា។ ជួនកាល​បាន​ល្ងាច​ខ្វះ​ព្រឹក។ ខ្ញុំ​នៅ​នេះ​ជិត ២០​ឆ្នាំ​ហើយ បង្ខំ​ក៏​ខ្ញុំ​មិន​ទាន់​ទៅ​ដែរ ណោះ​រក​ដី​ឲ្យ​ខ្ញុំ​អត់​ទាន់​បាន​ផង​ហ្នឹង»

ចំណែក​ស្ត្រី​វ័យ ៦៤​ឆ្នាំ កំពុង​ឈរ​ជជែក​ជាមួយ​ពលរដ្ឋ​ប្រមាណ ១០​នាក់​ផ្សេង​ទៀត​នៅ​ក្បែរ​កាំ​ជណ្ដើរ​ផ្ទះ​របស់​ខ្លួន គឺ​លោកស្រី អ៊ុន ញ៉ ត្អូញ​ថា រយៈពេល​ជាង ២០​ឆ្នាំ​ដែល​លោកស្រី​រស់នៅ​មាត់​ទន្លេ​នេះ គឺ​វា​លំបាក​ណាស់​ទៅ​ហើយ តែ​បើ​ឲ្យ​គាត់​ទៅ​នៅ​កន្លែង​ថ្មី​ដោយ​ទិញ​ដី​រស់នៅ​ខ្លួន​ឯង​នោះ ប្រហែល​ពីរ​ជីវិត​គាត់​ទៀត ក៏​មិន​អាច​រក​លុយ​បាន​ជាង ៣​ពាន់​ដុល្លារ ដើម្បី​ទិញ​ដី​នោះ​រស់នៅ​ដែរ៖ «មាន​លុយ​ណា​ទិញ​ដី​ចៅ​ហើយ! សុំ​តែ​ដី​នៅ​មួយ​ផ្ទះ​មក! មួយ​បន្លោះ​ផ្ទះ​ក៏​យក​ដែរ ឲ្យ​យាយ​ទិញ​ដី យាយ​គ្មាន​លុយ​ទិញ​ទេ។ ដើរ​តែ​បោក​ខោ​អាវ​តិចតួច កោស​ខ្យល់​អី​ហ្នឹង។ មើល​ផ្ទះ​បាក់​កន្ទោក​អស់​ហើយ អត់​កូន ហើយ​ចិញ្ចឹម​ចៅ​ទៀត​នេះ ប្អូន​ឆ្កួត​ណោះ​ដើរ​បាត់​ហើយ»

ឆ្លើយតប​នឹង​ក្ដី​បារម្ភ​នេះ អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង និង​ជា​ប្រធាន​ក្រុម​ការងារ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ និង​អភិវឌ្ឍន៍​ច្រាំង​ទន្លេ​ផ្សារ​ក្រោម លោក ស៊ុន សុវណ្ណារិទ្ធិ បញ្ជាក់​ថា ជំហាន​ទី​១ មាន​ម្ចាស់​ផ្ទះ​ចំនួន ៣៤​ខ្នង បាន​ព្រមព្រៀង​រុះរើ​ផ្ទះ​ទៅ​កន្លែង​ថ្មី​ឲ្យ​បាន​មុន​ថ្ងៃ​ទី​១៦ ខែ​មករា។ រីឯ​ជាង ១០០​ខ្នង​ទៀត នឹង​ត្រូវ​រុះរើ​ចេញ​ដែរ​នៅ​ក្នុង​ខែ​មករា ឆ្នាំ​២០១៧ តែ​គេ​ត្រូវ​រង់ចាំ​ប្រព័ន្ធ​ទឹក និង​ភ្លើង​រៀបចំ​រួច៖ «យើង​មិន​ចេះ​តែ​យក​គាត់​ទៅ​ទេ។ យើង​រៀបចំ​ឲ្យ​ស្អាត​ទាំងអស់ ហើយ​បាន​យើង​ឲ្យ​គាត់​ចេញ​ទៅ។ ក្នុង​ករណី​អ្នក​ដែល​អត់​មាន​លទ្ធភាព ដូច​ថា​ក្រីក្រ យើង​អាច​ឲ្យ​គាត់​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​ហ្នឹង​ទៅ ហើយ​យើង​ឲ្យ​គាត់​ជួយ​គាត់​បង់​រំលស់។ អ៊ីចឹង​ប្រាក់​ពី​មុន​ថា​បង់​នេះ​ហ្នឹង ឥឡូវ​សល់​តែ​បន្តិច​ហ្នឹង មាន​ន័យ​ថា ដូច​យើង​ជួយ​ចេញ​ចាក់​ដី​ខ្លួន​ឯង​អ៊ីចឹង​ទៅ​ណា ព្រោះ​ចាក់​ជម្រៅ ៥​ម៉ែត្រ​ណោះ​ហ្នឹង»

លោក​បន្ថែម​ថា ចំពោះ​ពលរដ្ឋ​ដែល​មិន​ទទួល​យក​សំណង ហើយ​ចង់​បាន​ដី​ដោះដូរ​នៅ​កន្លែង​ថ្មី​ទំហំ​ទទឹង ៥​ម៉ែត្រ និង​បណ្ដោយ ២០​ម៉ែត្រ ត្រូវ​ចំណាយ​ប្រាក់​ក្នុង​មួយ​ខ្នង​ផ្ទះ ១​ពាន់​ដុល្លារ ដើម្បី​ចំណាយ​លើ​ការ​ចាក់​ដី។ លោក​ថា ការ​បង់​ផ្ដាច់ ឬ​បង់​រំលស់​នេះ គឺ​ទាប​ជាង​មុន​ឆ្ងាយ ដោយ​ពី​មុន ក្រុមហ៊ុន​តម្រូវ​ឲ្យ​បង់​ជាង ៣​ពាន់​ដុល្លារ ប៉ុន្តែ​ដោយ​ឃើញ​ពលរដ្ឋ​ខ្វះខាត ទើប​អាជ្ញាធរ​សម្រួល​លើ​បញ្ហា​នេះ។

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង កំពុង​រៀបចំ​សណ្ដាប់ធ្នាប់ និង​អភិវឌ្ឍ​ច្រាំង​ទន្លេ​ផ្សារ​ក្រោម​ប្រវែង​ជិត ៣​គីឡូម៉ែត្រ​ចេញ​ពី​មុខ​វត្ត​យាយទេព រហូត​ដល់​អាង​ទឹក​អានកូ ឋិត​នៅ​សង្កាត់​ខ្សាម ក្រុង​កំពង់ឆ្នាំង។ អាជ្ញាធរ​ចាប់​ដៃ​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ ដើម្បី​បង្កើត​ផ្សារ និង​ផ្ទះ​ថ្មី​នៅ​ក្នុង​សង្កាត់​ខ្សាម ដើម្បី​ឲ្យ​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ចំនួន ២១០​ខ្នង​ផ្ទះ និង​ម្ចាស់​តូប​លក់​ដូរ ២០៣​តូប បាន​រស់នៅ និង​លក់​ដូរ​កន្លែង​ថ្មី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល