ពលរដ្ឋ​ថា ឧញ៉ា តាន់ តាត់ ធ្វើ​របង​ព័ទ្ធ​យក​ដី​ពលរដ្ឋ​ជាង ៨០ហិកតារ​នៅ​ខេត្ត​ព្រះសីហនុ

ដោយ យន់ សាមៀន
2019-12-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ នៅ​ព្រះសីហនុ អះអាង​ថា ឧកញ៉ា តាន់ តាត់ ធ្វើ​របង​ព័ទ្ធ​យក​ដី​ពលរដ្ឋ​ជាង ៨០​ហិកតារ។
ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ នៅ​ព្រះសីហនុ អះអាង​ថា ឧកញ៉ា តាន់ តាត់ ធ្វើ​របង​ព័ទ្ធ​យក​ដី​ពលរដ្ឋ​ជាង ៨០​ហិកតារ។
រូប៖ ពលរដ្ឋផ្ដល់​ឱ្យ

ពលរដ្ឋ​រស់នៅ​សហគមន៍​អូរ​ខ្សាច់ ខេត្ត​ព្រះ​សីហនុ ចោទ​ប្រកាន់​ថា ឧកញ៉ា​ឈ្មួញ​ដី​ម្នាក់ កំពុង​ធ្វើ​របង​ព័ទ្ធ​យក​ដី​ពលរដ្ឋ​ជាង ៨០ហិកតារ។ មន្ត្រី​សង្គម​ស៊ីវិល ដែល​ឃ្លាំមើល​ករណី​នេះ​យល់​ថា តុលាការ​អាច​នឹង​កំណត់​ម្ចាស់​កម្មសិទ្ធិ​ដី​ពិត​ប្រាកដ​បាន។

ពលរដ្ឋ​រស់​នៅ​សហគមន៍​អូរ​ខ្សាច់ ខេត្ត​ព្រះសីហនុ លោក ហ៊ី រ៉ា ដែល​មាន​ជម្លោះ​ដីធ្លី​នឹង​ឧកញ៉ា តាន់ តាត់ ឲ្យ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី២៨ ខែ​ធ្នូ​ថា ឧកញ៉ា​នេះ បាន​ប្រើ​កម្មករ​ធ្វើ​របង​ព័ទ្ធ​លើ​ដី​ពលរដ្ឋ ក្នុង​សហគមន៍​ជាង ៥០គ្រួសារលើដីទំហំ ៨៤ហិកតារ ស្ថិត​ក្នុង​ភូមិ៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ជិត​ពីរ​ខែ​មក​ហើយ។ លោក​បន្ត​ថា ក្រុម​ពលរដ្ឋ​បាន​ប្តឹង​ទៅ​អាជ្ញាធរ​ស្រុក និង​សាលាខេត្ត ប៉ុន្តែ​គ្មាន​មន្ត្រី​រូប​ណា​ចុះ​មក​អន្តរាគមន៍ ឬ​ធ្វើ​ការ​ហាមឃាត់​នោះ​ទេ៖ «យើង​បាន​ពាក្យ​បណ្ដឹង​ទៅ​សាលា​ស្រុក និង​សាលា​ខេត្ត​សុំ​ឲ្យ​គេ​អន្តរាគមន៍​ហាម​ឃាត់​ការ​ធ្វើ​របង ចាំ​យើង​រក​ដំណោះ​ស្រាយ​ច្បាស់លាស់​ចាំ​ឲ្យ​គេ​ធ្វើ ប៉ុន្តែ​អត់​ឃើញ​មាន​មន្ត្រី​ធ្វើ​ការងារ​ឲ្យ​ប្រជាពលរដ្ឋ​ទេ»

លោក​បន្ត​ថា ពលរដ្ឋ​មិន​ហ៊ាន​ហាម​ឃាត់​នោះ​ទេ ព្រោះ​ខ្លាច​ត្រូវ​ឧកញ៉ា​រូប​នេះ​ប្តឹង​ទៅ​តុលាការ ព្រោះ​កន្លង​មក​តុលាការ បាន​ចោទ​ប្រកាន់ និង​ចាប់​ពលរដ្ឋ​ជា​ច្រើន​នាក់​ដាក់​ពន្ធនាគារ​ម្តង​រួច​ហើយ។

ក្រុម​ពលរដ្ឋ​សហគមន៍​អូរ​ខ្សាច់​អះអាង​ថា ពួក​គេ​បាន​ចូល​ទៅ​រស់នៅ​លើ​ដី​នេះ​តាំងពី​ឆ្នាំ១៩៩២ មក​ម្ល៉េះ ដែល​កាល​នោះ​ដី​នេះ សមរភូមិ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​រដ្ឋ​កម្ពុជា និង​ក្រុម​ខ្មែរក្រហម។ ពលរដ្ឋ​ថា ទើប​កាល​ពី​ឆ្នាំ​២០០៧មាន​ក្រុម​ឈ្មួញ​អ្នកមាន និង​ឧកញ៉ា តាន់ តាត់ ចេញ​មុខ​មក​ចោទ​ប្រកាន់​ថា ​ក្រុម​ពលរដ្ឋ​បាន​ចូល​ទៅ​រស់នៅ​លើ​ដី​កម្មសិទ្ធិ​របស់​ពួកគេ​ ដោយ​សំអាង​ថា ពួកគេ​មាន​ប្លង់​កម្មសិទ្ធិ។ ពលរដ្ឋ​ថា អាជ្ញាធរ​ខេត្ត​កន្លង​ទៅ​មិន​បាន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​ពលរដ្ឋ​នោះ​ទេ ដោយ​លើក​ឡើង​ថា ជា​តំបន់​គម្រប​ព្រៃ​ឈើ តែ​ប៉ុន្តែ អាជ្ញាធរ​មូលដ្ឋាន បាន​ចេញ​លិខិត​ទទួល​ស្គាល់​ដី​របស់​ពលរដ្ឋ។

អ្នក​សម្របសម្រួល​សមាគម អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជាប សុធារី សង្កេត​ឃើញ​ថា ករណី​ជម្លោះ​ដីធ្លី​នេះ​មាន​ភាព​ស្មុគស្មាញ​ច្រើន​ទាក់ទង​នឹង​ផ្លូវ​ច្បាប់។ អ្នកស្រី​បន្ត​ទៀត​ថា បើ​ទោះ​ភាគី​ឧកញ៉ា តាន់ តាត់ មាន​ប័ណ្ណ​កម្មសិទ្ធិ​លើ​ដី​មាន​ជម្លោះ​ក្តី ប៉ុន្តែ​ការ​ទទួល​បាន​ប័ណ្ណ​នេះ​មាន​ករណី​សង្ស័យ​ជា​ច្រើន​ចំណុច ព្រោះ​ដី​ជម្លោះ​នេះ​ស្ថិត​ក្នុង​តំបន់​គម្រប​ព្រៃ​ឈើ ដែល​អាជ្ញាធរ​មិន​អាច​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ទៅ​អ្នក​ណា​ម្នាក់​នោះ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​យល់​ថា ពលរដ្ឋ​គួរ​ប្ដឹង​ទៅ​តុលាការ ដើម្បី​បញ្ជាក់​ថា ការ​ទទួល​បាន​ប័ណ្ណ​របស់​ឧកញ៉ា តាន់ តាត់ ស្រប​ច្បាប់​ឬ​ទេ?«ជា​សមត្ថកិច្ច​របស់​តុលាការ​អ៊ីចឹង​ភាគី​ទាំង​សង្ខាង​មាន​សិទ្ធិ​ដាក់​បណ្ដឹង​ទៅ​តុលាការ​ដូច​គ្នា ហើយ​រៀបចំ​ឯកសារ​ទៅ​យើង​ហៅ​ថា បណ្ដឹង​អង្គ​សេចក្ដី​ដើម្បី​រក​ឲ្យ​ឃើញ​ថា អ្នក​ណា​ជា​ម្ចាស់​ដី​ពិត​ប្រាកដ»

អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ឧកញ៉ា តាន់ តាត់ កាលថ្ងៃទី២៨ ខែ​ធ្នូ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​តែ​គ្មាន​អ្នក​ទទួល​នោះ​ទេ។ ចំណែក​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ ក៏​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ពន្យល់​ករណី​ជម្លោះ​ដីធ្លី​នេះ​បាន​ដែរ។

ទោះ​យ៉ាង​នេះ​ក្តី អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន ធ្លាប់​បាន​បញ្ជាក់​ថា ខេត្ត​នឹង​ទុក​ករណី​ជម្លោះ​ដីធ្លី​ឲ្យ​តុលាការ​ជា​អ្នក​សម្រេច៕

(របង​សង់​ថ្មី​​ដែល​ពលរដ្ឋ​រស់នៅ​សហគមន៍​អូរ​ខ្សាច់ ខេត្ត​ព្រះ​សីហនុ ចោទ​ប្រកាន់​ថា ឧកញ៉ា​ឈ្មួញដី​ឈ្មោះ តាន់ តាត់ កំពុង​ធ្វើ​របង​ព័ទ្ធ​យក​ដី​ពលរដ្ឋ​ជាង ៨០ហិកតារ។ រូប៖ ពលរដ្ឋ​ផ្ដល់ឱ្យ)


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល